ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschelគំរូ
ចូរបន្តនៅក្នុងភាពស្អាតស្អំបរិសុទ្ធ
មនុស្សគេបានចំណាយពេលជាច្រើនខែ ត្រៀមរៀបចំសម្រាប់ថ្ងៃមង្គលការរបស់ខ្លួន ប៉ុន្តែពេលខ្លះ គេភ្លេចរៀបចំផែនការ ទុកជាអាទិភាពមួយ សម្រាប់រយៈពេលបន្ទាប់ពីគេបានរៀបការហើយ។ យើងប្រហែលជាបានចូលរួមនូវថ្នាក់ត្រៀមខ្លួនសម្រាប់ជីវិតរៀបការហើយ ឬមានកិច្ចសន្ទនាជាមួយនឹងគ្រូគង្វាល អ្នកដឹកនាំក្រុមជំនុំ ដែលគាត់ជាក្រុមនៃអ្នកចាត់ចែងពិធីមង្គលការរបស់ខ្លួន ប៉ុន្តែជារឿយៗ យើងមិនបានបើកចំហ និយាយឱ្យចំៗ អំពីបញ្ហានានា ដែលយើងអាចនឹងយកមកចូល ទៅក្នុងចំណងទំនាក់ទំនងរបស់យើង នោះទេ។ យើងប្រហែលជាមិនដឹងសោះ ថារបៀប និងទម្លាប់នៃការគិត ហើយអត្តចរិតរបស់យើង អាចគំរាមដល់ភាពដែលយើងចង់រួបរួមសាមគ្គី ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន នោះដែរ។
ដោយសារតែដំណេកនៃដៃគូ (ការរួមមេត្រីក្នុងចំណងអាពាហ៍ពិពាហ៍) គឺជាស្តង់ដារ ដែលព្រះជាម្ចាស់ប្រទានសម្រាប់ទំនាក់ទំនងដ៏ជិតស្និទ្ធផ្នែកផ្លូវភេទរវាងដៃគូ មួយគូៗ វាក៏ជាទីដែលមនុស្សខ្លះ គាត់រងទុក្ខនោះដែរ នៅពេលដែលដៃគូណាមានវិបត្តិ មានវិប្បដិសារី ក្នុងជីវិតផ្នែកផ្លូវភេទ ហើយគាត់បាននាំវាមកចូលនៅក្នុងចំណងទំនាក់ទំនងនៃជីវិតរៀបការរបស់គាត់នោះ។ ទោះបើវាមានប្រភពមកពីការធ្លាប់រស់នៅភ្លើតភ្លើន ការយោលយោគនឹងតន្ត្រីដាស់ផ្លូវភេទ រឿងប្រលោមលោកក្ដៅសាច់ ដំបៅដោយសារការរំលោភបំពាន ឬការធ្លាក់ទៅក្នុងរូបភាពនិងរឿងអាសអាភាសក្ដី — រាល់គ្រប់ប្រភពនៃការដាស់នូវអារម្មណ៍ និងញាណនៃផ្លូវភេទ ដែលនៅក្រៅ ក្រមសីលធម៌នៃចំណងអាពាហ៍ពិពាហ៍ទាំងនេះ វាសុទ្ធតែជាប្រភព និងទង្វើឈ្លានពាន គំរាមកំហែងដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកហើយ។ មិនថាឡើយអ្នកគិតថា៖ "វាមិនអីទេ" "វាមិនគ្រោះថ្នាក់អីទេ" "ខ្ញុំចេះគិតគូរ" "ខ្ញុំចេះទប់ស្កាត់វាបានហើយ" យ៉ាងណាក៏ដោយ ប្រសិនបើអ្នកទុកទង្វើទាំងនោះក្នុងភាពលាក់លៀមពីដៃគូរបស់អ្នក នោះអ្នកកំពុងបិទទ្វារទៅកាន់ភាពស្និទ្ធស្នាលរវាងដៃគូអ្នក ហើយកំពុងបើកចំហនូវទ្វារនៃទង្វើផិតក្បត់ចំពោះដៃគូរបស់អ្នក ទៅវិញ។
តើអ្នកមានបំណងចិត្ដនឹងកសាងនូវរនាំង រួមជាមួយគ្នានិងដៃគូរបស់អ្នក ដើម្បីទប់ស្កាត់ ប្រឆាំងរាល់ការឈ្លានពាននិងការគំរាមកំហែងនៃទង្វើទាំងអស់នោះ ហើយឬនៅ? តើអ្នកមានបំណងចិត្ដនឹងខណ្ឌនូវទំនាក់ទំនង ការផ្ដោះផ្ដង ឬទំនាក់ទំនងដែលអ្នកមាននៅក្នុងបណ្ដាញសង្គម ដែរឬទេ? ចូរគិតគូរ ចាត់ចែងលើរឿងទាំងនេះ នៅពេលដែលអ្នកនៅខ្លាំងរឹងមាំចុះ ដើម្បីការពារដល់អ្នក នៅក្នុងគ្រាដែលអ្នកធ្លាក់ទន់ខ្សោយ។ ចូរទូលសូមព្រះជាម្ចាស់ សូមទ្រង់បង្ហាញនូវភាពទន់ខ្សោយទាំងប៉ុន្មានរបស់អ្នក — បន្ទាប់មក ដាក់ចន្ទល់វាទៅ។
តើអ្នកនឹងមានការប្រកាន់ខឹងនឹងគ្នា ដែរឬទេ? តើនឹងមានការចាញ់ល្បួងម្ដងម្កាល ដែរឬយ៉ាងណា? ពិតប្រាកដមែនហើយ។ ចូរតទល់ជាមួយនឹងបញ្ហាទាំងនោះ នៅគ្រាដែលវាកើតមានឡើង។ ចូរទូលសូមដល់ព្រះជាម្ចាស់ សូមទ្រង់អត់ឱនទោស ដល់រូបអ្នក។ ចូរទូលសូមដៃគូរបស់អ្នកបានអត់ឱនទោសដល់អ្នកផងដែរ។ ប៉ុន្តែ ចូរបន្តតយុទ្ធ ដើម្បីភាពស្អាតស្អំបរិសុទ្ធ។ ភាពបរិសុទ្ធ ស្អាតស្អំ ពិតជាសំខាន់ណាស់។
ចូរឱ្យយើងអធិស្ឋានរួមជាមួយនឹងគ្នា៖ ឱ ព្រះយេស៊ូវអើយ ទ្រង់បានបង់ថ្លៃដ៏មហិមា ដើម្បីឱ្យយើងអាចទទួលបាននូវការលាងជម្រះ បានស្អាត ហើយក្លាយទៅជាមនុស្សថ្មី។ មានតែទ្រង់មួយប៉ុណ្ណោះ ដែលអាចធ្វើឱ្យយើងទៅជាវិសុទ្ធស្អាត នៅក្នុងព្រះនេត្រនៃទ្រង់។ សូមជួយដល់យើង ឱ្យយើងមាននូវសេចក្ដីក្លាហាន ក្នុងការរស់នៅ ក្នុងជីវិតដែលស្អាតស្អំបរិសុទ្ធ។ សូមប្រទានដល់យើងនូវកម្លាំង សម្រាប់ការអត់ទោស និងការពារចិត្ដរបស់យើងពីការបំផ្លិចបំផ្លាញនៃអំពើបាប។ យើងខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាម ព្រះយេស៊ូ។ អាមែន។
អំពីគម្រោងអាននេះ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។
More