ដំណើរស្វែងរុករកគំរូ
រូបលក្ខណៈដែលអ្នកចាប់កាន់ជឿ ថាព្រះជាម្ចាស់ មានលក្ខណៈយ៉ាងណា ហើយនៅក្នុងពន្លឺរបស់ទ្រង់ អ្នកចាប់ផ្ដើមជឿថាខ្លួនអ្នកជានរណា ការនេះមិនគ្រាន់តែអាចក្លាយជាមូលដ្ឋាន ដើម្បីឱ្យអ្នកអាចចូលទៅកាន់ភាពស្និទ្ធស្នាលរបស់អ្នក ជាមួយនឹងទ្រង់ តែប៉ុណ្ណោះនោះទេ ប៉ុន្តែទង្វើនេះ នឹងជាមូលដ្ឋានសម្រាប់ឱ្យអ្នកអាចចូលទៅដល់ភាពជោគជ័យផងដែរ។ ចូរអាននូវ ទុតិយកថា ៣៣៖២៩ សាជាថ្មី ហើយអ្នកនឹងមើលឃើញនូវខ្សែនៃជ័យជំម្នះ និងអត្ដសញ្ញាណ នៅចង់ជាប់រួមជាមួយនឹងគ្នា។ នេះគឺដោយសារតែ ខែលនិងដាវ នៃព្រះជាម្ចាស់របស់ប្រជារាស្រ្ដទ្រង់ បាននាំឱ្យពួកគេ អាចវាយបំបាក់នូវខ្នងសត្រូវ របស់ពួកគេបាន។
ភាពស្រដៀងគ្នាសម្រាប់អស់អ្នកដែលជឿលើទ្រង់ នៅក្នុងសម្ព័ន្ធមេត្រីថ្មី ដែលមានចែងនៅក្នុង អេភេសូរ ៦៖១០-១៧ នោះគឺពិតជាស្រស់ត្រកាលណាស់។
ចូរភ្ជាប់សេចក្ដីពិតទាំងនេះរួមជាមួយគ្នានៅទីនេះ៖
រាល់បរាជ័យដែលបុត្រធីតារបស់ព្រះជាម្ចាស់ទទួលរង នោះអាចដោយហេតុផលទាំងពីរនេះ៖
១) ដោយសារតែយើងមិនទាន់រៀនបានពីទ្រង់នៅឡើយ ឬ ២) ដោយសារតែយើងត្រូវរងការបោកបញ្ឆោត។ រាល់ជ័យជម្នះ និងបរាជ័យរបស់យើង សុទ្ធតែមានដំណើរកើតហេតុ ព្រោះតែ ការមិនជឿរបស់យើង។ ហើយនេះក៏ស្ថិតនៅលើ ទំនាក់ទំនងជិតស្និទ្ធ របស់យើងជាមួយនឹងព្រះជាម្ចាស់ ផងនោះដែរ។
ជារៀងរាល់វេលា ដែលយើងជ្រើសរើសប្រព្រឹត្ដអំពើបាប យើងកំពុងតែភ្ជាប់នូវសេចក្ដីកុហក ដែលមានដំណើរលក្ខណៈយ៉ាងដូច្នេះ៖ គឺយើងគិតថា លោកិយជាអ្នកផ្ដល់ឱ្យ ហើយព្រះជាម្ចាស់គឺជាអ្នកដែលដកយក។ ព្រះគម្ពីរគឺជាប្រភពនាំឱ្យយើងអាចឈរមាំ និងដឹងច្បាស់ថាព្រះជាម្ចាស់ មានលក្ខណៈពិតប្រាកដយ៉ាងណា ហើយព្រះបន្ទូលនោះ ក៏អាចប្រាប់ថាយើងជានរណា អតីតកាលយើងយ៉ាងដូចម្ដេច ព្រះបន្ទូលប្រាប់ពីមនុស្សជុំវិញ ប្រាប់អំពីសត្រូវរបស់យើង ថ្លែងឱ្យដឹងអំពីលោកិយ និងអ្វីៗដែលត្រូវកើតមានឡើងបន្តបន្ទាប់ផងនោះដែរ។ ដើម្បីឱ្យយើងអាចដើរនៅក្នុងសេចក្ដីពិត ក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយឱ្យយើងអាចចេះដឹង និងអាចស្គាល់អ្វីដែលជាសេចក្ដីកុហក ដែលមានសភាពដូចជាពស់ នោះចូរឱ្យយើងចាប់ផ្ដើមធ្វើតេស្ដចំពោះជំនឿរបស់យើងជាមួយនឹងសំណួរទាំងនេះ៖ តើនរណាប្រាប់អ្នកថាដូច្នេះ? គ្រូគង្វាល អ្នកដឹកនាំ និងគ្រូបង្រៀន សុទ្ធតែជាអំណោយដល់រូបយើង ហើយយើងរាល់គ្នា ត្រូវសមនឹងទទួលបានការរីកចម្រើនឡើង នៅក្រោមឱវាទ និងការណែនាំរបស់ពួកគាត់។ តែទោះបីជាយ៉ាងនេះក៏ដោយ ពួកគាត់ក៏ត្រូវមានសម្អាង និងពឹងផ្អែក អ្វីដែលគាត់មាននិងថ្លែង ដោយយោងតាមអ្វីដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលផងនោះដែរ។
ប្រាកដណាស់ យើងមិនអាចផ្អែកអត្ដសញ្ញាណរបស់យើងទាំងមូល ទៅលើអ្វីដែលគ្រូគង្វាល និងគ្រូបង្រៀនរបស់យើង បានប្រាប់តែមួយមុខ ប៉ុណ្ណោះនោះដែរ។
អត្ដសញ្ញាណរបស់យើង ត្រូវបានបត់បែនទៅតាម ឳពុកម្ដាយ បងប្អូន មិត្ដភក្ដិ គ្រូបង្វឹក ច្បាប់ស្រុកទេស សាលារៀន បទពិសោធន៍ បរិស្ថាន និងក្ដីភ័យខ្លាចទាំងឡាយ។ មាននូវបទសម្ភាសមួយ សម្រាប់ជួយឱ្យយើងអាចយល់និងឃើញកាន់តែច្បាស់ ទៅលើចំណុចនេះ៖
ចូរប្រាប់ខ្ញុំបន្តិចលមើល ថាអ្នកគិតអំពីខ្លួនអ្នក ថាជាមនុស្សយ៉ាងដូចម្ដេច។ ហ៊ឹម...ខ្ញុំរាងឆោតបន្តិច។ ខ្ញុំមិនសូវមានសំណាងទេ។ ធ្វើអី មិនបានយូរ អាឡិកអាឡក់។ មិនចេះគិតគូរច្រើន ចាយលុយមិនចេះប្រមាណ។ ឯកោ។ គ្មាននរណាចូលចិត្ដ។ ខ្ញុំមិនសូវយល់គេ ចូលសង្គមមិនសូវចុះ។ ខ្ញុំជាមនុស្សបរាជ័យ។
តើនរណាប្រាប់អ្នកថាដូច្នេះ? ម៉ាក់ខ្ញុំ។
ឬមួយក៏ជា សង្សារចាស់របស់អ្នក? មិត្ដរួមថ្នាក់របស់អ្នក? ជំងឺរបស់អ្នក? ការគិតផ្ទាល់របស់ខ្លួនអ្នក?
ដើម្បីអាចដើរនៅក្នុងសេចក្ដីពិត ក្នុងភាពមានសុខខាងព្រលឺងវិញ្ញាណ រាល់ចម្លើយឆ្លើយ ដោយ សំដៅដល់ "តើនរណាប្រាប់អ្នកថាដូច្នេះ?" ចូរឱ្យអ្នកចាប់ផ្ដើម បែរត្រឡប់ទៅកាន់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មានបន្ទូលក្នុងព្រះគម្ពីរ ហើយពិនិត្យមើល ថាតើសេចក្ដីទាំងនោះ ត្រឹមត្រូវ ដូចអ្វីដែលទ្រង់យល់អំពីអ្នកដែរឬយ៉ាងណា។ លោក អ័ដាម និងនាង អេវ៉ា ធ្លាក់ក្នុងសេចក្ដីកុហក ហើយរុំព័ទ្ធ មនុស្សជាតិទាំងមូល ឱ្យធ្លាក់ទៅក្នុងបាបរួមជាមួយនឹងគាត់។ ភាពបរាជ័យរបស់គាត់ ត្រូវរងវិបត្ដិភ្លាមៗ ហើយក៏មានទម្ងន់ធ្ងន់ធ្ងរ ហើយមិនតែប៉ុណ្ណោះ រាល់វិបត្ដិនៃអត្ដសញ្ញាណនេះ ក៏ធ្លាក់មកលើយើងរាល់គ្នា។ ការបោកបញ្ឆោត តែងតែលួចពីយើង ប្រៀបដូចជាចោរឆក់ប្លន់ អ៊ីចឹងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។
More