ដំណើរស្វែងរុករកគំរូ
ព្រះជាម្ចាស់ជ្រាបពីដួងចិត្ដអ្នកស្រាប់ហើយ។ ទ្រង់អាចយល់ចិត្ដគំនិតរបស់អ្នករួចស្រេចទៅហើយ។ ហើយនៅពេលដែលអ្នកបានបញ្ចប់នូវមេរៀននេះ អ្នកអាចកាត់វា ជាកំណាត់ៗ លុបចោល ឬដុតនូវអ្វីៗដែលអ្នកបានកត់ត្រានោះឱ្យទៅជាផេះក៏បានដែរ ប៉ុន្តែនៅក្នុងអំឡុងពេលពីនេះតទៅ អ្នកត្រូវសម្រួលខ្លួនទៅជាមនុស្សពិត មានភាពទៀងត្រង់ជាមួយនឹងព្រះនៃសកលលោកដ៏ពិតនោះដែរ។ មានអ្វីៗមួយចំនួនដែលអ្នកចង់បានជាជាងចម្លើយទៅទៀត។ អ្នកចង់បាននូវការបើកសម្ដែង។ អ្នកបានបង្កើតមកសម្រាប់កិច្ចការនេះ។ នេះដូចជាអ្វីខ្ញុំគិតនោះដែរ។
តើដោយព្រោះហេតុអ្វី បានជាព្រះជាម្ចាស់សួរមនុស្សនូវសំណួរ នៅពេលដែលទ្រង់ជ្រាបនូវចម្លើយរួចស្រេចទៅហើយនោះ? ប្រហែលជានឹងមាននូវថ្ងៃមួយ ដែលទ្រង់នឹងផ្ដល់ចម្លើយជាច្រើន ដើម្បីពន្យល់ ប៉ុន្តែជារឿយៗ នៅក្នុងអត្ថបទគម្ពីរ ព្រះបន្ទូលបានផ្ដល់យោបល់ឱ្យយើងយល់យ៉ាងដូច្នេះថា៖ ព្រះជាម្ចាស់ ដែលជាព្រះបង្កើតយើង ជាព្រះរំដោះយើង និងជាព្រះមហាក្សត្រយើង ទ្រង់សព្វព្រះទ័យចង់មាននូវទំនាក់ទំនង ជាមួយនឹងយើង ដែលជាទ្រព្យដ៏មានតម្លៃរបស់ទ្រង់ ទោះប្រសិនបើយើងជាមនុស្ស ងាយរងការបាក់បែក ពេញដោយការសង្ស័យ និងងាយនឹងធ្លាក់ចុះ ពេញដោយភាពបរាជ័យក៏ដោយ។ ហើយទ្រង់មិនគ្រាន់តែចង់មានទំនាក់ទំនងប៉ុណ្ណោះនោះទេ។ ទ្រង់ចង់មានការផ្ដោះផ្ដងសន្ទនា។ ហើយក៏មិនត្រឹមតែការផ្ដោះផ្ដងដែរ។ គឺទ្រង់ចង់មានភាពជិតសិទ្ធរួមជាមួយនឹងយើងផង។
រួមជាមួយនឹងអ្នក។ មិនមែនជាមនុស្សដែលអ្នកប្រាថ្នាចង់ក្លាយខ្លួន ឬចង់ប្រព្រឹត្ដឱ្យដូច នៅចំពោះមុខមនុស្សកំពុងទស្សនាលើរូបអ្នកនោះទេ។ គឺត្រឹមតែជារូបអ្នកផ្ទាល់ហ្នឹងហើយ។
ចូរអាន លោកុប្បត្តិ ១៖២៦-២៖១៧ និង ៣៖១-៩ ចូរកត់ត្រាទុក-រាល់ខគម្ពីរនីមួយៗ ដែលមានពាក្យ ដែលព្រះជាម្ចាស់ មានបន្ទូលទៅកាន់ លោក អ័ដាម។ តើមានសំណួរអ្វីដែលព្រះជាម្ចាស់បានសួរ នៅក្នុង លោកុប្បត្តិ ៣៖៩ នោះ?
ឥឡូវ ចូរផ្លាស់ប្ដូរទីកន្លែងនៃឈ្មោះ អ័ដាមទាំងនោះ ហើយអនុញ្ញាតឱ្យរូបអ្នកបានធ្វើការស៊ើបអង្កេតសំណួរនោះ ហើយដាក់មកកាន់រូបអ្នកវិញ។ តើអ្នកនៅឯណា? អ្នកត្រូវការទៅនេះទៅនោះ ប៉ុន្តែតើអ្នកមាននូវទិសដៅពិតប្រាកដណាមួយ ដែលអ្នកកំពុងចាប់ផ្ដើមតម្រង់ទៅ នាពេលបច្ចុប្បន្ននេះ។ នៅក្នុង សៀវភៅកំណត់ហេតុរបស់អ្នក ចូរសរសេរចំៗ ទៅកាន់ព្រះជាម្ចាស់ រួចពិពណ៌នាអំពីទីកន្លែងដែលអ្នកកំពុងស្ថិតនៅ នៅក្នុងបច្ចុប្បន្នកាលនៃជីវិតរបស់អ្នក។ ប្រសិនបើអ្នកស្ថិតនៅទីកន្លែងដែលល្អប្រសើរ មិនសូវអីប៉ុន្មាន ចូរសរសេរពីទីនោះ ប្រាប់ដល់ព្រះអង្គចុះ។ ចូរកត់ត្រាយ៉ាងច្បាស់លាស់ ដូចជាអ្នកប្រាប់នរណាម្នាក់ ដែលជាមនុស្សយកចិត្ដទុកដាក់នឹងអ្នក ហើយមានចិត្ដចេះអបអររួបរួមជាមួយនឹងអ្នកនោះដែរ។ មួយផ្សេងវិញទៀត ប្រហែលជាអ្នកស្ថិតនៅក្នុងទីកន្លែងដែលមិនសូវមានអ្វីប្រែប្រួល ឬតាមតែកាលៈទេសៈ ឈឺចាប់ ឬឯកោ។
ចូរពិពណ៌នា ពីទីកន្លែងនោះរបស់អ្នក ជាមួយនឹងសេរីភាព ហើយបញ្ចេញពីអារម្មណ៍គំនិតត្រង់ៗរបស់អ្នក ទៅកាន់ព្រះជាម្ចាស់ចុះ។ ហើយបើតាមខ្ញុំយល់ អ្នកប្រាកដជាស្ថិតនៅក្នុងទីកន្លែង ដែលអ្នកអាចបរិយាយ ឱ្យយល់ដឹង លើសពីមួយម៉ាត់នៃពាក្យទៅទៀត។ ចូរប្រាប់ដល់ទ្រង់ ទោះអ្នកមានភាពតានតឹង ពិបាកពន្យល់យ៉ាងណាក៏ដោយ។
តាមភាពជាក់ស្ដែងពិតទៅ ប្រហែលជាអ្នកប្រាថ្នាថា នឹងសួរទៅកាន់ព្រះជាម្ចាស់ នូវសំណួរស្រដៀងនេះវិញ៖ «ព្រះអង្គអើយ តើទ្រង់គង់នៅឯណា? តើព្រះអង្គ ឃ្លាតទៅទីណា ក្នុងពេលឥឡូវៗ កន្លងទៅនេះ?» ឬក៏ថា «តើព្រះអង្គគង់នៅទីណា នៅពេលដែល...?» ប្រហែលជាអ្នកដឹងនូវចម្លើយ ដោយដឹងតាមរយៈអត្ថបទគម្ពីរ និងបានរៀនពីទេវវិទ្យា (មេរៀនស្គាល់ពីព្រះ)។ តាមគំនិត និងចំណេះដឹងរបស់អ្នក គឺអ្នកដឹង ពីសេចក្ដីសន្យាដែលមានចែងនៅក្នុងព្រះគម្ពីរ ទាំងអាចប្រាប់ថា ព្រះទ្រង់មិនបោះបង់ខ្ញុំ ក៏មិនទុករូបខ្ញុំចោលដែរ ប៉ុន្តែនៅក្នុងដួងចិត្ដរបស់អ្នក អ្នកមានអារម្មណ៍ថា អ្នករកព្រះមិនឃើញទាល់តែសោះ។ អ្នកពិតជាអាចសួរដល់ទ្រង់បានប្រាកដមែន ពីទីកន្លែងដែលព្រះអង្គគង់នៅ ឬប្រសិនបើទាក់ទងនឹងរដូវកាលនៃជីវិតអ្នក អ្នកអាចសួរទ្រង់ ថាទ្រង់បានគង់នៅទីណាដែរ នៅពេលដែលអ្នកកំពុងជួបស្ថានការណ៍ផ្សេងៗនោះ។
ចូរសរុបសេចក្ដីនៅក្នុង សៀវភៅកំណត់ហេតុរបស់អ្នកនៅថ្ងៃនេះ ជាមួយនឹង ទំនុកតម្កើង ១៣៩៖៧-១០ អាចប្រើពាក្យពេចន៍ចំៗដែលមាននៅក្នុងខគម្ពីរនោះ ឬសរសេរចុះនូវខ្លឹមសារទាំងប៉ុន្មានចេញពីចិត្ដរបស់អ្នកក៏បាន។
អំពីគម្រោងអាននេះ
នៅក្នុង គម្រោងអាន រយៈពេល ៧ ថ្ងៃ នេះ អ្នកស្រី បេស ម៉រ (Beth Moore) បានប្រើនូវសំណួរមួយចំនួនចេញពី ព្រះគម្ពីរ ដើម្បីដឹកនាំអ្នកឱ្យចូលទៅកាន់ភាពជិតស្និទ្ធរបស់អ្នក ជាមួយនឹង ព្រះអង្គ ដែលស្គាល់រូបអ្នក ច្បាស់ជាងនរណាៗទាំងអស់។ រូបសញ្ញា វណ្ណយុត្ដិ ដែលមាននៅខាងចុងនៃល្បះចុងក្រោយ គឺថ្លែងអំពី ភាពចង់ដឹងចង់ឃើញ ចំណាប់អារម្មណ៍ និងប្រហែលពី ភាពសង្ស័យដែរ។ សំណួរនីមួយៗ គឺជាការអញ្ជើញ ទៅកាន់ភាពទៀងត្រង់នៃចិត្ដ និងទៅកាន់ភាពជិតស្និទ្ធ។ ព្រះគម្ពីរ មិនមើលរំលងចំពោះការអញ្ជើញរបៀបដូច្នេះ នោះឡើយ។ ជារឿយៗ ម្ដងហើយម្ដងទៀត យើងមើលឃើញប្រជារាស្រ្ដរបស់ព្រះជាម្ចាស់ តែងសួរសំណួរទៅកាន់ម្ចាស់ជីវិតរបស់ពួកគេ។ យើងក៏ឃើញផងដែរថា ព្រះជាម្ចាស់នៃសកលលោក ក៏សួរនូវសំណួរមួយចំនួនទៅកាន់អ្វីដែលទ្រង់បានបង្កើតផងនោះដែរ។ ដំណើរស្វែងរុករក គឺជាការប្រឡងប្រជែង ទៅកាន់ការទទួលស្គាល់នូវការអញ្ជើញទាំងឡាយ។ ចូររៀនជីកឱ្យកាន់តែជ្រៅចូលទៅក្នុងព្រះបន្ទូលរបស់ព្រះ ទាំងតបឆ្លើយនូវសំណួររបស់ព្រះជាម្ចាស់ ហើយនាំសំណួរទាំងឡាយរបស់អ្នក ចូលមកសួរនូវចំពោះព្រះភក្រ្ដរបស់ព្រះអង្គដែរ។ ចូរឱ្យភាពងឿងឆ្ងល់ចង់ដឹង ចង់ឃើញ របស់អ្នក ក្លាយជាផែនទីមួយ សម្រាប់តម្រង់ឱ្យអ្នកទៅកាន់ទីជិតស្និទ្ធ កាន់តែជ្រាលជ្រៅឡើងៗ នៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាចុះ។
More