តើ ព្រះយេស៊ូ(វ) ជានរណា?គំរូ
នំប៉័ងនិងត្រី
តើអ្នកធ្លាប់មើលរឿង ឌីសនី - Disney "រាជបុត្រនៃប្រទេសអេស៊ីព្ទ - Prince of Egypt ដែរឬទេ?"
ខ្ញុំប្រាប់ឱ្យត្រង់ទៅ ថានោះមិនមែនជារឿង បែបអាឡាដាំង ដែលជាអ្នករកឃើញចង្កៀងទិព្វ នោះទេ។
ហើយបើរឿង ស្ដេចតោ នោះក៏ប្រហែលជាល្អមើលគួរសមដែរ។
ប៉ុន្តែ មិនដូចជារឿង អាឡាដាំង ឬស្ដេចតោ នោះទេ ព្រោះរឿង រាជបុត្រនៃប្រទេសអេស៊ីព្ទ គឺជារឿងពិតដកស្រង់មកពីរឿងមួយ ដែលមានចែងនៅក្នុងព្រះគម្ពីរ — គឺនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ។
នៅក្នុងកណ្ឌគម្ពីរសញ្ញាចាស់ ឬសម្ពន្ធមេត្រីចាស់ ឈ្មោះ និក្ខមនំ ព្រះជាម្ចាស់បានប្រើ លោក ម៉ូសេ ឱ្យទៅរំដោះប្រជារាស្រ្តរបស់ព្រះ ចេញពីទាសភាពនៅឯស្រុកអេស៊ីព្ទ។ បន្ទាប់មក ប្រជារាស្រ្តអ៊ីស្រាអែល បានស្វែងរកឃើញ ថាខ្លួនពួកគេ ត្រូវធ្វើដំណើរយាត្រាចុះឡើង នៅក្នុងទីវាលរហោស្ថាន ទាំងហត់នឿយ ទាំងខ្លួនកខ្វក់ និងទាំងស្រេកឃ្លាន។ ពួកគេរអ៊ូ ត្អូញត្អែរ ដោយសារតែគ្មានចំណីអាហារ ដូច្នេះព្រះជាម្ចាស់ក៏ប្រទាននំ "ម៉ាណា" មកពីស្ថានសួគ៌ ដែលពាក្យនេះមានន័យថា៖ "ស្អីគេហ្នឹង?"។
រឿងដែលបានបរិយាយនេះ គឺជាផ្នែកមួយដ៏ធំនៃរឿងរ៉ាវរបស់ព្រះគម្ពីរ។
ប៉ុន្តែអ្នកប្រហែលជាចង់សួរនាំដែរថា៖ «តើរឿងនៅក្នុងគម្ពីរនិក្ខមនំនេះ មានន័យដូចគ្នានឹងរឿងដែលយើងទើបតែបានអាននៅក្នុងគម្ពីរដំណឹងល្អ ដែលមាននៅក្នុងថ្ងៃនេះ យ៉ាងដូចម្ដេចទៅ?»
ចម្លើយគឺស្ថិតទៅលើ ចំណី ដែលជានំ ដែលជានំប៉័ង នោះឯង។
នៅក្នុង គម្ពីរ យ៉ូហាន ជំពូកទី ៦ មនុស្សម្នាគេស្វែងរកឃើញថាខ្លួនគេកំពុងតែដែរនៅក្នុងទីរហោស្ថានដោយគ្មានចំណីអាហារ។ ព្រះយេស៊ូ(វ) បានទតសម្លឹងទៅឯស្ថានសួគ៌ រួចបន្លឺសំឡេងអធិស្ឋាន ហើយនំប៉័ងក៏បានផ្ដល់ឱ្យមកសម្រាប់បានជាការផ្គត់ផ្គង់យ៉ាងអស្ចារ្យ។
តើហេតុការណ៍នេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងរឿងនៅឯទីវាលរហោស្ថានមួយទៀតដែរឬនៅ?
ជាថ្មីម្ដងទៀត យើងបានមើលឃើញពីរឿងមានចំណីអាហារ ដែលបានផ្គត់ផ្គង់យ៉ាងអស្ចារ្យទៅដល់ប្រជារាស្រ្តនៃព្រះ នៅឯទីរហោស្ថាន។
ដូច្នេះ តើហេតុការណ៍នេះ ប្រាប់ដល់យើងយ៉ាងណាអំពីអត្តសញ្ញាណរបស់ព្រះយេស៊ូ(វ) នៅក្នុងបរិបទនៃការលាតត្រដាងចំពោះគម្រោងផែនការរបស់ព្រះ នៅក្នុងប្រវត្តិសាស្រ្តនោះ?
លោក ម៉ូសេ បានសរសេរអំពីព្យាការីដែលនឹងមានឋានៈធំធេងជាងលោកទៅទៀត ហើយអ្នកនោះ នឹងបានជាអ្នកដឹកនាំយ៉ាងប្រពៃ ហើយអ្នកនោះនឹងបានជាអ្នកតំណាងសម្រាប់ព្រះ ដែលព្រះអង្គនឹងយាងមកនាពេលអនាគត។ ព្រះយេស៊ូ(វ) កំពុងតែបំពេញព្រះបន្ទូលសន្យានោះ ហើយកំពុងតែនាំមកនូវការប្រោសលោះដ៏ធំសម្បើម ជាងគ្រាសម័យរបស់ លោក ម៉ូសេ ទៅទៀត។ ព្រះយេស៊ូ(វ) គឺប្រៀបបានទៅនឹង លោក ម៉ូសេ មួយថ្មី ដែលជាអ្នកដឹកនាំប្រជារាស្រ្តនៃព្រះ ឱ្យចេញពីទាសភាព គឺដើម្បីរំដោះឱ្យគេចេញពីអំពើបាប។ ហើយក្នុងនាមជាព្រះសង្គ្រោះរបស់ព្រះជាម្ចាស់ នោះព្រះអង្គនឹងដឹកនាំប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យទៅកាន់កាប់ទឹកដីសន្យាចុងក្រោយ ដែលទីនោះ គឺជាផែនដីនិងស្ថានសួគ៌ថ្មី ហើយព្រះអង្គនឹងផ្គត់ផ្គង់អាហារបំប៉ន ដើម្បីទ្រទ្រង់យើងរហូតដល់ថ្ងៃនោះ!
រឿងដែលយើងទើបតែបានអាន ក៏ផ្ដល់ជាគំរូឱ្យយើងដឹងថាព្រះកំពុងតែអញ្ជើញមនុស្សដូចជារូបយើងឱ្យទៅចូលរួមជាចំណែកនៅក្នុងគម្រោងផែនការរបស់ព្រះអង្គផងដែរ។
កុមារដែលយើងមិនបានស្គាល់ឈ្មោះ អាចត្របាក់លេបចំណីដែលគាត់មានតែឯកឯង។ គាត់អាចទុកចំណីអាហារនោះតែសម្រាប់ខ្លួនឯង។ ប៉ុន្តែគាត់មិនចង់បាត់បង់ឱកាសសម្រាប់ការអស្ចារ្យនៃព្រះ ដើម្បីធ្វើការតាមរយៈគាត់នោះឡើយ។ ហេតុដូច្នេះ គាត់បានបើកចំហដៃ ហើយមានចិត្តសប្បុរស ដែលទង្វើនោះ បានអនុញ្ញាតឱ្យគាត់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់ គឺធំហួសពីខ្លួន និងរឿងជីវិតរបស់គាត់ទៅទៀត!
ចូរកុំបោះបង់ ឬទាត់ចោលឱកាសដែលព្រះកំពុងតែធ្វើនៅក្នុងពិភពលោកនេះ ដោយសារតែដួងចិត្តនិងដៃរបស់អ្នក បានបិទនៅចំពោះព្រះអង្គ និងមនុស្សដទៃផ្សេងទៀត។ ចូរកុំដោះដូរការអស្ចារ្យ ដើម្បីឱ្យគ្រាន់តែបានអាហារដ៏ឆ្ងាញ់មួយពេល ឬដើម្បីបានស្ថេរភាព ជំនួសនឹងឥទ្ធិពលប៉ះពាល់យ៉ាងអស់កល្បសម្រាប់នគរនៃព្រះឱ្យសោះ។
ជួសវិញ ចូរសួរខ្លួនឯង តើអ្នកមានអ្វីនៅក្នុងដៃរបស់អ្នក? តើអ្នកមានអំណោយទាន ទេពកោសល្យ សមត្ថភាព និងធនធានអ្វីខ្លះ ដែលព្រះបានប្រទានទៅឱ្យរូបអ្នក? អ្វីទាំងអស់នោះ មើលទៅដូចជាមិនសូវច្រើននោះទេ ប៉ុន្តែព្រះនៃយើង ព្រះអង្គមិនត្រូវការច្រើនឡើយ ដើម្បីឱ្យទ្រង់អាចធ្វើការអស្ចារ្យបាន — ព្រះអង្គត្រូវការតែ នំប៉័ង ៥ ដុំ និងត្រី ២ កន្ទុយ តែប៉ុណ្ណោះ។
និយាយឱ្យស្រួលយល់ នោះគឺថា ព្រះអង្គត្រូវការតែអ្វីដែលមាននៅក្នុងដៃរបស់អ្នកតែប៉ុណ្ណោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។
More