តើ ព្រះយេស៊ូ(វ) ជានរណា?គំរូ
រឿងមនុស្សខ្វិន៖ ព្រះយេស៊ូ(វ) ជាព្រះអត់ឱនទោសដល់បាប
ប្រសិនបើអ្នកអាចក្លាយខ្លួនជាមនុស្សមានអំណាចអស្ចារ្យ (ប្រៀបដូច ស៊ូពើហៀរ៉ូ-superhero) តើអ្នកនឹងចង់មានអំណាចអស្ចារ្យអ្វីដែរ? នេះគឺជាសំណួរសំខាន់ ដូច្នេះចូរគិតឱ្យបានហ្មត់ចត់មុននឹងឆ្លើយ។
ចេះហោះ?
ចេះបំបាំងខ្លួន?
ចេះគ្រប់គ្រងគំនិត?
កាប់មិនមុតដុតមិនឆេះ?
ចុះប្រសិនបើមានជម្រើសថា "ចេះទាំងអស់" នោះ?
នៅត្រឹមចំណង់ចំណូលចិត្តប៉ុណ្ណឹង រឿងដែលយើងស្រឡាញ់ជាមួយក្រុមវីរៈមនុស្សមានអំណាចអស្ចារ្យ នោះគឺជាក្ដីប៉ងប្រាថ្នារបស់យើង ដើម្បីគេចផុតពីបញ្ហាជីវិត ដែលយើងត្រូវប្រឈមជាប្រចាំថ្ងៃ។ ប៉ុន្តែនៅក្នុងកម្រិតជ្រៅជាងនេះ នោះប្រហែលជាយើងជាប់នែបនិត្យជាមួយនឹងមនុស្សមានអំណាចអស្ចារ្យ ដោយសារតែសញ្ជាតិជាមនុស្សរបស់យើង កំពុងតែទន្ទឹងរង់ចាំការសង្គ្រោះ ហើយក្ដីប្រាថ្នាចង់បានយ៉ាងខ្លាំងរបស់យើងសម្រាប់អំណាចដែលលើសពីដែនសមត្ថភាពធម្មជាតិ នោះក៏ចង្អុលបង្ហាញពីដួងចិត្តជាប់ឃុំឃាំងរបស់យើងផងដែរ។
ពិតប្រាកដមែនថាព្រះយេស៊ូ(វ) មិនមែនជាវីរៈបុរសមានកម្លាំងស៊ូពើ ដូចនៅក្នុងរឿងរបស់ ម៉ាវេល-Marvel នោះទេ ប៉ុន្តែ នៅពេលយើងអានពីសាច់រឿង មានចែងក្នុងព្រះគម្ពីរដំណឹងល្អ នោះយើងអាចមើលឃើញ ថាព្រះយេស៊ូ(វ) មានអំណាចចេស្ដាដ៏អស្ចារ្យ ព្រមទាំងមានសមត្ថភាពលើសពីធម្មជាតិ ដូចជាការដែលទ្រង់អាចព្យាបាលអ្នកមានជំងឺ បណ្ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ហើយដោយហេតុនេះ នោះមានមហាជនយ៉ាងច្រើនកុះករ បានមករកព្រះអង្គ ទាំងមានពាក្យផ្ដាំតៗគ្នា ដូចភ្លើងឆេះព្រៃ អំពីអំណាចចេស្ដារបស់ព្រះអង្គថែមទៀត។
នៅក្នុងសាច់រឿងនេះ មានបុរសបួននាក់ ដែលគាត់បានឮពីដំណឹងនៃព្រះដែលធ្វើការអស្ចារ្យ ហើយពួកគេប្ដេជ្ញាចិត្ត ថាពួកគេនឹងទៅតាមរកព្រះអង្គឱ្យឃើញ។ ពួកគេខំប្រឹងធ្វើយ៉ាងម៉េចក៏ដោយ ដើម្បីឱ្យមិត្តដែលកំពុងរងទុក្ខរបស់ពួកគេបានទៅគាល់ព្រះយេស៊ូ(វ)។ ប៉ុន្តែពេលទៅដល់ ពួកគេបានជួបឧបសគ្គរារាំង ដោយព្រោះតែមានហ្វូងមនុស្សយ៉ាងច្រើន។
"ដោយព្រោះតែពួកគេមិនអាចយកមិត្តទៅគាល់ព្រះយេស៊ូ(វ) ដោយសារតែមានមនុស្សជាច្រើនកកកុញ នោះពួកគេក៏បានចោះដំបូល នៅចំពីលើព្រះយេស៊ូ(វ) ហើយបន្ទាប់ពីពួកគេបានជីកកាយដំបូលចេញហើយ នោះគេបានសម្រូតបុរសខ្វិននៅលើកន្ទេលចុះទៅក្រោម" (ខទី ៤)។
តោះ! ចូរយើងចុចប៊ូតុងផ្អាកគិតបន្តិចសិន នៅត្រង់គ្រានេះ។
ក្រុមបុរសទាំងនេះ ពួកគាត់កំពុងតែបំផ្លាញទ្រព្យសម្បត្តិឯកជនណ៎ា!
អរគុណព្រះដែរ ដោយព្រះយេស៊ូ(វ) មើលរំលងចំពោះការបំផ្លាញអចលនទ្រព្យរបស់អ្នកទាំងនោះ ដោយព្រះអង្គបែរទៅមានបន្ទូលទៅកាន់បុរសខ្វិននោះថា៖ «កូនប្រុសអើយ បាបកូនបានអត់ទោសឱ្យហើយ» ហើយបន្ទាប់មក ព្រះអង្គបានព្យាបាលជើងពិការរបស់គាត់។ មហាជនមានការស្ញប់ស្ញែងយ៉ាងខ្លាំង ប៉ុន្តែពួកមេដឹកនាំសាសនា ចាប់ផ្ដើមមានគំនិតគិតឆ្ងល់ទាំងសួរនៅក្នុងចិត្តរបស់ពួកគេថា៖ «តើអ្នកនេះជានរណា បានជាហ៊ានអត់ឱនទោសឱ្យបាប? គឺមានតែព្រះទេតើ!»។
យើងប្រហែលជាមិនខ្វិន ឬពិការដូចបុរសនៅក្នុងរឿងនេះទេ។
ប៉ុន្តែ បើគិតត្រឹមកម្រិតនៃរូបផ្ទាល់ខ្លួនរបស់យើង នោះយើងបានប្រព្រឹត្តខុស ហើយមនុស្សយើងមួយចំនួនមានអារម្មណ៍ថាខ្លួនពិការ ឬខ្វិន ដោយសារតែភាពអាម៉ាស់ សេចក្ដីភ័យខ្លាច និងភាពមិនល្មមគ្រប់គ្រាន់របស់យើង។ ដៃជើងយើងប្រហែលជាគ្មានបញ្ហាអីទេ ប៉ុន្តែជីវិតរបស់យើង ប្រៀបដូចជាបាក់បែក ដោយព្រោះតែបញ្ហាយ៉ាងជ្រៅ ដែលមាននៅក្នុងព្រលឹងវិញ្ញាណ រួចវាបង្កឱ្យប៉ះពាល់ទៅដល់រូបកាយរបស់យើង។
តម្រូវការយ៉ាងជ្រាលជ្រៅរបស់យើង នោះគឺថាយើងត្រូវការការអត់ឱនទោស និងត្រូវការការជានាជាមួយនឹងព្រះដែលបានបង្កើតរូបយើង — ដើម្បីឱ្យយើងអាចទទួលបាននូវអំណាចនៃការព្យាបាលពីក្ដីស្រឡាញ់របស់ព្រះ ជាប្រយោជន៍ឱ្យក្ដីស្រឡាញ់នោះ បានហូរប៉ះពាល់ទៅរាល់គ្រប់ទាំងផ្នែកដែលអស្ថិរភាព និងនាំឱ្យយើងបានជា មានលក្ខណៈពេញលេញ នោះវិញ។
ព្រះយេស៊ូ(វ) មិនមែនជាវីរៈបុរសស៊ូពើ (superhero) ដូចក្នុងរឿងកុននោះទេ។
ព្រះយេស៊ូ(វ) ជាព្រះពិត ហើយរាល់អ្វីព្រះអង្គធ្វើ នោះកើតឡើងពិត។
ហើយមានរឿងដ៏ល្អអស្ចារ្យកើតឡើង នៅពេលណាដែលយើងទៅជិតព្រះយេស៊ូ(វ)៖ រាងកាយបានជាពីជំងឺ ដួងចិត្តបានទទួលការព្យាបាល ក្ដីភ័យខ្លាចបានស្ងប់ ក្ដីសង្ឃឹមបានកើតជាថ្មី ហើយក្ដីអាម៉ាស់បានដកហូតយកចេញ។
ហេតុដូច្នេះហើយ តើយើងមិនគួរយកបាបរបស់យើង យកមកដាក់នៅចំពោះព្រះយេស៊ូ(វ) ដើម្បីឱ្យព្រះអង្គអាចអត់ឱនទោស ហើយនិងដោះឱ្យយើងមានសេរីភាព ទេឬយ៉ាងណា? ប្រសើរជាងនេះទៅទៀត នោះតើយើងជឿទុកចិត្ត ឬអត់ ថា ព្រះយេស៊ូ(វ) អាចធ្វើការទាំងនេះ សម្រាប់មិត្តភក្តិរបស់យើង? ហើយប្រសិនបើអ្នកពិតជាជឿទុកចិត្តមែន តើអ្នកមិនហ៊ានទៅណែនាំ និងប្រាប់មិត្តរបស់អ្នកពីព្រះយេស៊ូ(វ) ទេឬយ៉ាងណា?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។
More