តើ ព្រះយេស៊ូ(វ) ជានរណា?គំរូ

Who Is Jesus?

ថ្ងៃទី 2 ក្នុងចំណោម 5 ថ្ងៃ

ព្រះយេស៊ូ(វ) ជាមិត្តនៃមនុស្សមានបាប

ទីកន្លែងទទួលទានអាហារនាពេលថ្ងៃត្រង់ នោះមិនមែនសុទ្ធតែជាកន្លែងរាក់ទាក់មានមនុស្សរួសរាយរហូតទេ។ 

ម៉ោងបាយអាចជាឱកាសសម្រាប់ការរាប់អានមនុស្ស ឬនៅតែឯកឯង ដោយមិនចង់ឱ្យមានអ្នកមករំខាន។ ម៉ោងបាយអាចបង្កើតជារនាំង ឬអាចជាចលករដើម្បីបំបែករនាំងទាំងឡាយ។ មនុស្សដែលអ្នកអង្គុយទទួលទានអាហារជាមួយ តែងផ្ដល់ជាគំនិតឱ្យអ្នកនៅជុំវិញដឹង ថាអ្នករាប់រកនរណា និងចូលចិត្តមនុស្សបែបណា។ 

ម៉ោងបាយនាសម័យព្រះយេស៊ូ(វ) បានប្រាប់ដល់យើងពីរឿងស្រដៀងនេះដែរ។ 

ពួកអ្នកដឹកនាំសាសនាតែងរិះគន់ដល់ព្រះយេស៊ូ(វ) ចំពោះក្រុមមនុស្សដែលព្រះអង្គបានទៅទទួលទានអាហារជាមួយ ដោយសារតែនៅក្នុងសង្គមនោះ ពេលម៉ោងអាហារ នោះគឺជានិមិត្តសញ្ញានៃមិត្តភាពហើយនិងការរាប់អានគ្នា។ ហើយអ្វីដែលនាំឱ្យមនុស្សមានការភ្ញាក់ផ្អើល នោះគឺថាព្រះយេស៊ូ(វ) បានទទួលទានអាហារជាមួយពួកមនុស្ស ដែលសង្គមគេរាប់ចាត់ទុកថាប្រព្រឹត្តខុស មិនគួររាប់រក មានបាប ហើយមើលទៅដូចជានៅឃ្លាតសែនឆ្ងាយពីព្រះ។ 

"នៅពេលដែលក្រុមគ្រូនៃក្រឹត្យវិន័យ ដែលជាពួកខាងខណៈផារិស៊ី បានឃើញព្រះអង្គកំពុងតែទទួលទានអាហារជាមួយ "មនុស្សមានបាប" ហើយនិងពួកអ្នកទារពន្ធ នោះពួកគេចោទសួរទៅពួកសាវ័កថា៖ «តើហេតុអ្វីបានជាព្រះអង្គទទួលទានចំណីអាហារជាមួយនឹងពួកអ្នកទារពន្ធ ហើយនិងពួកមនុស្សមានបាប យ៉ាងដូច្នេះ?» (ខទី ១៦)។

ប៉ុន្តែព្រះយេស៊ូ(វ) បានឆ្លើយតបទៅពួកគេវិញថា៖ «ខ្ញុំមិនបានមក សម្រាប់មនុស្សសុចរិតនោះទេ គឺខ្ញុំមក ដើម្បីអ្នកមានបាប» (ខទី ១៧)។

ផ្នែកមួយនៃព្រះកិត្តិនាមរបស់ព្រះយេស៊ូ(វ) នោះគឺថា ព្រះអង្គត្រូវបានគេស្គាល់ថាជា "មិត្តនៃមនុស្សមានបាប"។ 

ប្រសិនបើអ្នកនឹកស្រមៃដល់នគរនៃព្រះ ថាប្រៀបដូចជាពិធីជប់លៀង នោះពួកខាងខណៈផារិស៊ី នឹងអញ្ជើញតែមនុស្សដែលសង្គមគេឱ្យតម្លៃ មនុស្សដែលល្បីល្បាញ មនុស្សដែលសង្គមគេស្គាល់ ដោយព្រោះតែគេជាអ្នកមានមុខមាត់ យសស័ក្តិ សមត្ថភាព និងដើរតាមគន្លងនៃការរៀបចំរបស់ពួកគេតែប៉ុណ្ណោះ។ 

ចំណែកឯព្រះយេស៊ូ(វ) វិញ ព្រះអង្គអញ្ជើញដល់មនុស្សគ្រប់រូប។ មិនថាជាអ្នកធ្លាប់បានប្រព្រឹត្តអ្វី ឬបានខុសឆ្គងប៉ុណ្ណាក៏ដោយ – ព្រះអង្គបានអញ្ជើញអ្នក ឱ្យមកចូលរួមពិធីជប់លៀងរបស់ព្រះជាម្ចាស់ ដោយឱ្យមកមានទំនាក់ទំនងជាមួយនឹងព្រះអង្គ។ ព្រះអង្គនៅតែមានទីកន្លែង សម្រាប់អស់អ្នកដែលធ្លាប់បានប្រព្រឹត្តខុស និងជាមនុស្សដែលធ្លាប់តែបះបោរ។

រឿងហេតុនៃទង្វើនេះ បាននាំឱ្យពួកខាងខណៈផារិស៊ី ខឹងជាខ្លាំង ដោយសារតែគេធ្លាប់គិតថាភាពបរិសុទ្ធ ភាពស្អាតស្អំ ឬចរិតលក្ខណៈត្រឹមត្រូវ នឹងនាំឱ្យគេមានទំនាក់ទំនងជាមួយព្រះ។ ប៉ុន្តែ ព្រះយេស៊ូ(វ) ជ្រាបថាការរស់នៅបរិសុទ្ធ ឬការរស់នៅត្រឹមត្រូវ នោះគឺជាលទ្ធផលនៃការមានទំនាក់ទំនងជាមួយនឹងព្រះ។ 

បើនិយាយឱ្យស្រួលស្ដាប់មួយបែបទៀត នោះគឺថា៖ ជំនួសឱ្យ ការផ្លាស់ប្រែដើម្បីឱ្យព្រះស្រឡាញ់អ្នក នោះព្រះយេស៊ូ(វ) អញ្ជើញយើងឱ្យមកជឿថា ព្រះស្រឡាញ់រូបអ្នក ហើយក្ដីស្រឡាញ់របស់ព្រះអង្គ អាចបំផ្លាស់បំប្រែរូបអ្នក។ ព្រះយេស៊ូ(វ) មិនឱ្យយើងចាប់ផ្ដើមពីរបៀបរស់នៅទេ តែព្រះអង្គចាប់ផ្ដើមពីក្ដីស្រឡាញ់របស់ព្រះ ដោយជ្រាបថា ក្ដីស្រឡាញ់នៃព្រះនឹងបំផ្លាស់បំប្រែអត្តចរិតនិងជីវិតរបស់យើងពីអំណឹះតទៅ។ 

តាមរយៈអង្គព្រះយេស៊ូ(វ) ព្រះជាម្ចាស់អញ្ជើញយើងឱ្យមកចូលរួម និងបានជាបំណែកក្នុងព្រះ មុននឹងយើងដាក់ចិត្តជឿ ហើយនិងមុនយើងកែចរិតទៅទៀត។ នេះគឺដោយសារតែការអញ្ជើញរបស់យើងមកកាន់ពិធីជប់លៀងរបស់ព្រះ នោះមិនពឹងផ្អែកទៅលើសេចក្ដីល្អរបស់យើងនោះឡើយ គឺវាពឹងផ្អែកទៅលើព្រះគុណរបស់ព្រះអង្គ នោះវិញ។ 

នៅឯតុព្រះយេស៊ូ(វ) មានការប្រាប់ពីរឿងដែលព្រះទទួលរាប់រកមនុស្សពេញដោយព្រះគុណ គឺជាមនុស្សដែលបានមកពីប្រភពនិងស្ថានភាពជីវិតផ្សេងៗពីគ្នាជាច្រើន។ 

ខ្ញុំឆ្ងល់ដែរ ថាតើនៅតុរបស់យើង កំពុងតែមានរឿងអ្វីខ្លះ កំពុងតែបង្ហាញឱ្យអ្នកនៅជុំវិញ គេមើលឃើញ? 

អត្ថបទគម្ពីរ

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Who Is Jesus?

ព្រះយេស៊ូ(វ) គឺជាបុគ្គលនៃស្នូលកណ្ដាលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ហើយគម្រោងអានរយៈពេល ៥​ ថ្ងៃនេះ នឹងពិនិត្យមើលយ៉ាងជ្រៅទៅក្នុងរូបអង្គរបស់ទ្រង់ ថាព្រះអង្គជានរណា៖ ជាអ្នកអត់ឱនទោសដល់បាប ជាមិត្តនៃមនុស្សមានបាប ជាពន្លឺ ជាអ្នកធ្វើការដ៏អស្ចារ្យ និងជាព្រះអម្ចាស់ដែលបានរស់ឡើងវិញពីក្ដីស្លាប់។

More

គម្រោងអាននេះបាននាំមកជូនដល់លោកអ្នកដោយ ព័ន្ធកិច្ច អាល់ហ្វា ហើយនិង មេរៀនអាល់ហ្វាសម្រាប់យុវជន ដែលក្នុងនោះមាន ១៣ ផ្នែក សម្រាប់ការស្រាវជ្រាវរុករកទៅលើសំណួរដ៏ធំបំផុតទាំងឡាយនៃជីវិត។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://alpha.org/youth