អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ
ថ្ងៃទី ៧
អង្គុយនៅទីស្ងប់ស្ងៀម៖ ផ្ដល់ការអនុញ្ញាតឱ្យចាកចេញ
តើមានរឿងអ្វីកើតឡើង នៅពេលដែល "ទីស្ងប់ស្ងៀម" របស់អ្នក វាមិនមានភាពសុខសាន្ត? តើមានរឿងអ្វីកើតឡើង នៅពេលដែលអ្នកជាប់គាំងនៅទីកន្លែងដែលមិនគាប់គួរ? មិនថាជាស្ថិតនៅក្នុងចំណងអាពាហ៍ពិពាហ៍ដ៏អាក្រក់មួយ នៅទីកន្លែងការងារយ៉ាប់យ៉ឺន នៅក្នុងមិត្តភាពដែលមិនចង់បាន នៅក្នុងវិបត្តិបញ្ហាជាមួយកូនៗ ឬនៅជាប់ក្នុងរឿងរកាំរកូសនៃគ្រួសារក្រុមជំនុំនោះទេ វិបត្តិអស់ទាំងនោះ សុទ្ធសឹងតែជាបញ្ហាដែលយើងត្រូវដើរឆ្លងកាត់ ហើយក៏ជាវិបត្តិបញ្ហា ដែលព្រះសព្វព្រះទ័យចង់ឱ្យយើងស្ថិតនៅផងដែរ។
មនុស្សយើងភាគច្រើនរងឆ្លងកាត់វិបត្តិបញ្ហា ហើយយើងពិតជាចង់រត់ចេញពីរឿងអស់ទាំងនោះ ឱ្យបានឆាប់រហ័សភ្លាមៗណាស់។ មែន គឺថាព្រះមិនសព្វព្រះទ័យអនុញ្ញាតឱ្យយើងធ្វើយ៉ាងដូច្នេះរហូតឡើយ។ សូម្បីតែស្ថិតនៅក្នុងវិបត្តិបញ្ហា ក៏យើងពុំមានសិទ្ធិអំណាចក្នុងការចាកចេញបានដែរ។ យើងត្រូវតែអធិស្ឋាននិងរង់ចាំព្រះ ដើម្បីអនុញ្ញាតឱ្យព្រះអង្គឆ្លើយតប ដោយផ្ដល់ឱ្យយើងនូវទិសដៅដែលត្រូវដើរ។ នៅពេលដែលព្រះមិនឆ្លើយតប នោះវាមិនមែនជាសញ្ញាភ្លើងពណ៌បៃតង ដែលផ្ដល់សិទ្ធិឱ្យយើងចាកចេញនោះទេ។
យើងគ្រប់គ្នាសុទ្ធតែស្អប់ចំពោះរឿងដែលធ្វើឱ្យយើងនៅមិនសុខ ហើយយើងគិតថាព្រះគួរតែយាងមករំដោះរូបយើងសិន នៅគ្រាដែលយើងកំពុងតែនៅមិនសុខស្រួលទាំងនោះ។ ប៉ុន្តែតាមពិតទៅ នៅត្រង់ទីនោះហើយ ដែលជាកន្លែងដ៏ល្អបំផុត ដើម្បីឱ្យយើងអាចស្វែងរកព្រះអង្គឃើញ។ ខ្ញុំធ្លាប់មានគ្រាយ៉ាងអស្ចារ្យនិងនៅយ៉ាងជិតស្និទ្ធស្នាលជាមួយព្រះ នៅពេលដែលខ្ញុំនៅជាប់គាំង គឺនៅត្រង់ទីកន្លែងស្ងប់ស្ងៀមតែមិនសុខស្រួលអស់ទាំងនោះ។ នៅត្រង់ទីនោះ ខ្ញុំអាចស្វែងរកព្រះដោយអស់ពីចិត្ត។ មែន យើងអាចនិយាយបានថា យើងអាចចាកចេញពីក្រុមជំនុំ ដើម្បីបំភ្លេចចោលរឿងវិវាទ។ យើងអាចគិតថា គួរចាកចេញពីការងារ ដើម្បីកាត់បន្ថយចិត្តមិនស្រណុកសុខស្រួល។ ប៉ុន្តែប្រសិនបើយើងធ្វើយ៉ាងដូច្នោះ គឺវាប្រៀបបានដូចជា យើងភ្លេចយកឧបករណ៍ដែលយើងត្រូវការជាចាំបាច់ សម្រាប់គោលបំណងដែលយើងមាននៅគ្រាខាងមុខដែរ។
ប្រសិនបើព្រះជាម្ចាស់បានផ្ដល់ឱ្យអ្នកនូវព្រះបន្ទូលសន្យាមកក្នុងជីវិត ចូរចងចាំថាអ្នកនឹងត្រូវការឧបករណ៍ សម្រាប់បំពេញព្រះបន្ទូលសន្យាទាំងនោះ។ ប្រសិនបើអ្នកមានចិត្តអត់ធ្មត់នៅក្នុងវិបត្តិបញ្ហា និងការល្បងល នោះអ្នកនឹងបានទៅជាគ្រប់លក្ខណៈនៅទីម្ខាងទៀត។ ចូរអនុញ្ញាតឱ្យព្រះបំពាក់បំប៉នរូបអ្នកជាមួយនឹងឧបករណ៍ ដែលអ្នកត្រូវការសម្រាប់បំពេញព្រះបន្ទូលសន្យា ដែលមាននៅក្នុងជីវិតរបស់អ្នក។ ចូរស្ថិតនៅក្នុងទីស្ងប់ស្ងៀម រហូតដល់ព្រះណែនាំផ្លូវឱ្យអ្នកអាចចាកចេញបាន។ ប្រសិនបើអ្នកស្ថិតនៅក្នុងទីមិនសុខស្រួល ទាំងកំពុងរង់ចាំការណែនាំផ្លូវពីព្រះ ចូរបន្តអធិស្ឋាន និងនៅស្មោះត្រង់ចំពោះព្រះ។ ចូរទុកចិត្តថាព្រះអង្គនឹងរំដោះនិងជួយដល់រូបអ្នក ស្របតាមពេលវេលាកំណត់របស់ព្រះអង្គ។
ក្នុងខណៈពេលយើងសរុបសេចក្ដីបញ្ចប់ ចំពោះគម្រោងអានមួយនេះ មិនថាជាអ្នក "នៅក្នុងទីស្ងប់ស្ងៀម" ណាមួយ ដែលព្រះសព្វព្រះទ័យឱ្យអ្នកនៅទីកន្លែងនោះទេ ចូរសន្យាថាអ្នកនឹងអង្គុយនៅទីនោះ ទាំងរង់ចាំស្ដាប់ពីព្រះសូរសៀងរបស់ព្រះអង្គ។ ចូរកុំមានចិត្តភ័យព្រួយបារម្ភ។ ចូរកុំលង់ខ្លួនទៅក្នុងសំឡេងទាំងឡាយណា ដែលមិនមែនជាសំឡេងរបស់ព្រះ។ ហើយចូរកុំពឹងផ្អែកទៅលើចំណេះដឹងរបស់អ្នក ដ្បិតដល់ពេលវេលាកំណត់ នោះព្រះអង្គនឹងមានព្រះបន្ទូល។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។
More