អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ
ថ្ងៃទី ២
អង្គុយនៅទីស្ងប់ស្ងៀម៖ អ្វីត្រូវធ្វើ នៅពេលព្រះពុំមានបន្ទូលអ្វីសោះ។
មានពេលវេលាមួយចំនួន ដែលខ្ញុំធ្លាប់បានឮព្រះមានបន្ទូល ខ្ញុំបានត្រៀមនឹងធ្វើការដោយនៅរង់ចាំការណែនាំតទៅមុខ ហើយនិងខ្ញុំពុំបានឮអ្វីទាល់តែសោះ អស់រយៈពេលយ៉ាងយូរ។ ក៏មានគ្រាខ្លះទៀត នៅពេលព្រះបានប្រទានព្រះបន្ទូលសន្យាមក ដែលកាលនោះ ខ្ញុំទាំងពុំមានពេលគ្រប់គ្រាន់សម្រាប់ចម្រាញ់វាទាល់តែសោះ។ ព្រះមានគោលបំណងសម្រាប់ពេលវេលាអស់ទាំងនោះ ហើយព្រះអង្គក៏មានគោលបំណង សម្រាប់ពេលវេលាដែលខ្ញុំត្រូវដើរក្នុងព្រះបន្ទូលសន្យា ដែលព្រះមាននៅលើជីវិតខ្ញុំ អស់ជាច្រើនឆ្នាំ នោះផងដែរ។
ខ្ញុំនឹកចាំនៅពេលដែលខ្ញុំនៅក្មេង ហើយនៅលីវ គឺនៅក្នុងរដូវកាល ចង់បានជាខ្លាំងមួយនៃជីវិតរបស់ខ្ញុំ។ ខ្ញុំធ្លាប់នៅលីវ គឺនៅលីវបែបគ្មាននរណាម្នាក់សក្ដិសមទាល់តែសោះសម្រាប់រូបខ្ញុំ ហើយក៏គ្មាននរណាម្នាក់ ដែលខ្ញុំអាចសម្លឹងមើលឃើញថាជាគូនោះដែរ។ ខ្ញុំដឹងថាមានព្រះបន្ទូលសន្យាមួយ សម្រាប់ខ្ញុំ អស់ជាច្រើនឆ្នាំមុន ស្ដីពីការដែលខ្ញុំនឹងបានរៀបការ... ហេតុដូច្នេះ ខ្ញុំបានកាន់ព្រះបន្ទូលសន្យានោះយ៉ាប់ជាប់ជារៀងរហូតមក។ ខ្ញុំមិនដែលសង្ស័យពីគម្រោងផែនការរបស់ព្រះ ដែលមានសម្រាប់ជីវិតរបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំបានស្វែងរកមើលគ្រប់ច្រកល្ហក។ ពេលខ្លះខ្ញុំធ្លាប់មានចិត្តភ័យខ្លាច ដោយថាខ្ញុំនឹងមើលរំលងពីការរៀបចំនៃព្រះ ប្រសិនបើខ្ញុំពុំមានការចែចង់ពីនរណាម្នាក់នោះទេ។ ខ្ញុំក៏ធ្លាប់ព្រួយបារម្ភដែរ ប្រសិនបើខ្ញុំផ្ដាច់ទំនាក់ទំនងជាមួយនរណាម្នាក់លឿនពេក បើទោះថាអ្នកនោះ មិនមែនជាមនុស្សត្រឹមត្រូវក៏ដោយ។ ខ្ញុំមិនចង់មើលរំលងព្រះ ដូច្នេះខ្ញុំក៏បន្តស្វែងរក នៅក្នុងភាពស្ងប់ស្ងាត់របស់ព្រះអង្គ។
ខ្ញុំជឿជាក់ច្បាស់ណាស់ថាមានជម្រើសជាច្រើន នៅក្នុងអំឡុងពេលស្ងប់ស្ងៀមដែលខ្ញុំបានប្រឹងព្យាយាម "ធ្វើជាជំនួយដល់ព្រះ" ហើយទង្វើនោះ បានប្រែជាការពន្យារពេលចំពោះព្រះបន្ទូលសន្យារបស់ព្រះ សម្រាប់ជីវិតរបស់ខ្ញុំទៅវិញ។ ខ្ញុំបានធ្វើការសម្រេចចិត្ត ដែលបង្កឱ្យខ្ញុំទទួលរងរឿងឈឺក្បាល ច្រើនជាងអ្វីដែលព្រះមានគម្រោងផែនការសម្រាប់ខ្ញុំនៅក្នុងដំណើរជីវិតនេះទៅទៀត។ ដូច សារ៉ា ខ្ញុំធ្លាប់គិតថាព្រះត្រូវការជំនួយពីរូបខ្ញុំ។ ជំនួសឱ្យការទទួលបានបទពិសោធន៍ពេញលេញ "នៅទីស្ងប់ស្ងៀម" ដែលព្រះបានរៀបចំសម្រាប់ខ្ញុំ នោះខ្ញុំបានប្រឹងព្យាយាមជួយព្រះ ហើយពន្លឿនដំណើរការនោះឱ្យដើរទៅមុខ។
ក្រឡេកមើលទៅក្រោយវិញ ខ្ញុំឃើញថារាល់ "ទីស្ងប់ស្ងៀម" ទាំងនោះ បានរៀបចំខ្ញុំ ដើម្បីឱ្យខ្ញុំអាចមកដល់គ្រាឥឡូវនេះបាន។ ខ្ញុំបានរៀបការអស់រយៈពេល ៧ ឆ្នាំហើយ ហើយនៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំដឹងថា ទីនេះហើយ ដែលព្រះបានរៀបចំទុកសម្រាប់ខ្ញុំ។
តើអ្នកនឹងធ្វើយ៉ាងណា នៅគ្រាដែលព្រះបានដាក់ព្រះបន្ទូលសន្យានៅក្នុងដួងចិត្តរបស់អ្នក ឬបានថ្លែងពីព្រះបន្ទូលនោះ នៅលើជីវិតរបស់អ្នក ហើយនិងនៅក្នុងគ្រាដែលអ្នកកំពុងតែដើរនៅក្នុងព្រះបន្ទូលសន្យានោះ? អ្នកអាចផ្អាកបង្អង់សិន។ អ្នកអាចត្រៀមរៀបចំខ្លួន។ អ្នកអាចរង់ចាំ។ អ្នកអាចអនុញ្ញាតឱ្យព្រះធ្វើការនៅខាងក្នុង និងតាមរយៈអ្នក។ ព្រះជ្រាបថាអ្នកនឹងត្រូវការអ្វីសម្រាប់គោលដៅដែលអ្នកមាននៅចំពោះមុខ។ ហើយខ្ញុំជឿថាព្រះអង្គរៀបចំអ្នកនៅក្នុង "ទីស្ងប់ស្ងៀម" ទាំងនោះ។ នៅក្នុងខណៈពេលដែលយើងគិតថាព្រះជាម្ចាស់បំភ្លេចរូបយើង តាមពិតទៅ ព្រះអង្គកំពុងតែធ្វើការយ៉ាងសំខាន់បំផុត នៅក្នុងទីស្ងប់ស្ងាត់ទាំងនោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។
More