អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ
ថ្ងៃទី ៦
អង្គុយនៅទីស្ងប់ស្ងៀម៖ លះចោលជោគវាសនា
នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ យើងមើលឃើញថា សូល ប្រឹងធ្វើអ្វីតាមតែការគិតនឹកឃើញរបស់គាត់ បន្ទាប់ពីហោរា សាំយូអែល លែងមកជួបគាត់ នៅក្នុងរយៈកាលដែលគាត់គួរទទួលបាន។ ជំនួសឱ្យការរង់ចាំព្រះ នោះសូល បែរជាមិនស្ដាប់បង្គាប់ព្រះ ហើយលះចោលអាណាចក្រទាំងមូលរបស់គាត់ ទៅវិញ។
ការណែនាំផ្លូវរបស់ព្រះ អាចនាំឱ្យយើងពិបាកយល់ ដោយសារតែពេលខ្លះ វាហាក់បីដូចជាព្រះបានទុកឱ្យយើងធ្វើអ្វីមួយដោយខ្លួនឯង។ តែទោះបីជាយ៉ាងនេះក្ដី ជាធម្មតា ពេលវេលាទាំងនោះ គឺជាគ្រាដែលព្រះកំពុងតែល្បងលមើលពីការស្ដាប់បង្គាប់ និងភាពស្មោះត្រង់របស់យើង។ ក្នុងខណៈពេលយើងស្វែងរក និងរង់ចាំស្ដាប់ពីព្រះសូរសៀងនៃព្រះ នោះយើងគួរតែរៀនអង្គុយនៅស្ងៀម នៅត្រង់ទីផ្លូវបំបែកនៃជីវិតរបស់យើង ទាំងកុំគិតថាត្រូវបែរទៅឆ្វេង ឬស្ដាំ រហូតដល់ព្រះថ្លែងប្រាប់យើងពីទិសដៅដែលយើងត្រូវដើរ។ ដូចដែលយើងមើលឃើញពីរឿង សូល គ្រាអស់ទាំងនោះ សុទ្ធតែសំខាន់! ការធ្វើចលនានិងការបង្កើតសកម្មភាព ដោយគ្មានការដឹកនាំពីព្រះ នោះអាចនាំឱ្យខាតបង់ចំពោះព្រះបន្ទូលសន្យា ដែលមានចែងសម្រាប់យើង។ វាអាចបង្កឱ្យយើងខាតបង់ចំពោះឆ្នាំទាំងឡាយនៃជីវិតរបស់យើង ដោយសារតែការដើរតែលតោល ចេញក្រៅពីគោលបំណងជីវិតរបស់យើង។
សូល គឺជាអ្នកដឹកនាំមួយរូប ដែលគាត់មានមនុស្សជាច្រើន ត្រូវពឹងផ្អែកលើការដឹកនាំផ្លូវរបស់គាត់។ កំហុសឆ្គងរបស់គាត់នឹងនាំឱ្យមនុស្សជាច្រើនវង្វេងផ្លូវ។ ក្រោមសម្ពាធពីមិត្តនិងមនុស្សនៅជុំវិញ ដែលគេតែងនិយាយមកកាន់ជីវិតរបស់យើង នោះក៏វាអាចបង្កឱ្យយើងវង្វេងផ្លូវបានដែរ។ រឿងទាំងនេះក៏បង្កឱ្យយើងមើលរំលងព្រះ ប្រសិនបើយើងប្រឹងធ្វើអ្វីមួយ ដោយពុំទាន់បានឮព្រះសូរសៀងពីព្រះទេនោះ។
ខ្ញុំជឿថាព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងរស់នៅក្នុងជីវិតដ៏ល្អប្រសើរបំផុត ហើយព្រះអង្គបញ្ជូនព្រះបន្ទូលសន្យាមកកាន់ជីវិតរបស់យើង ដើម្បីធានាឱ្យយើងរស់នៅក្នុងជីវិត ដូចដែលព្រះអង្គមានបំណងចង់ផ្ដល់ឱ្យ ដែលជីវិតនោះ គឺជាជីវិតដែលទទួលបាននូវការប៉ះពាល់ និងនាំឱ្យយើងបានព្រះពរ។ ប៉ុន្តែនៅពេលដែលយើងដើរតាមទិសដៅផ្ទាល់របស់ខ្លួន ឬការណែនាំផ្លូវពីអ្នកដទៃ នោះយើងលះចោលអ្វីដែលព្រះមានគម្រោងផែនការសម្រាប់យើង។
ពិតមែន នឹងមានគ្រាមួយចំនួននៅពេលដែលយើងមិនអាចឮពីព្រះ ឬទទួលបានចម្លើយភ្លាមពីព្រះ ប៉ុន្តែចូរកុំលះចោលជោគវាសនារបស់អ្នក ដោយទៅខំប្រឹងដើរតាមទិសដៅផ្ទាល់ខ្លួន ឬដោយការណែនាំផ្លូវពីអ្នកដទៃ នោះអី។ ចូរបង្ហាញឱ្យឃើញពីភាពស្មោះត្រង់របស់អ្នក គឺប្រៀបបានដូចជាចៀម ដែលនឹងដើរតាមតែសំឡេងរបស់អ្នកគង្វាលវិញ។ ប្រសិនបើអ្នកកំពុងតែរង់ចាំព្រះបន្ទូលសន្យារបស់ព្រះ ហើយសំឡេងដែលមាននៅជុំវិញអ្នក វាលាន់ឮខ្លាំងពេក ចូរស្វែងរក "ទីស្ងប់ស្ងៀម" ដើម្បីធ្វើការរង់ចាំ។ នៅទីនោះ ព្រះនឹងមានបន្ទូល ស្របតាមពេលវេលារបស់ព្រះអង្គ។ ចូរសន្យាចំពោះព្រះនៅថ្ងៃនេះ ថាអ្នកនឹងមិនធ្វើការ ឬមានចលនាអ្វីឡើយ រហូតដល់អ្នកបានឮពីព្រះសូរសៀងរបស់ព្រះជាមុនសិន។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។
More