អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះគំរូ
ថ្ងៃទី ១
អង្គុយនៅទីស្ងប់ស្ងៀម៖ នៅទីស្ងប់ស្ងៀមទាំងឡាយ
ក្នុងខណៈពេលយើងចាប់ផ្ដើម យើងនឹងសម្លឹងមើលពីនរណាម្នាក់ ដែលគាត់បានទទួលព្រះបន្ទូលសន្យាពីព្រះ តែទម្រាំគាត់បានរីករាយជាមួយនឹងព្រះបន្ទូលនោះ គាត់ត្រូវចំណាយពេលយ៉ាងយូរដែរ។ រឿងរបស់ សារ៉ា និងអ័ប្រាហាំ តែងតែផ្ដល់ឱ្យខ្ញុំនូវក្ដីអំណត់ស៊ូទ្រាំ ដើម្បីបន្តជំរុញដើរទៅមុខ នៅពេលដែលព្រះបន្ទូលសន្យាទាំងនោះ ហាក់បីដូចជានៅសែនឆ្ងាយ។
ជារឿយៗ ព្រះជាម្ចាស់តែងប្រទានព្រះបន្ទូលសន្យាមកដល់យើង មុននឹងព្រះអង្គប្រទានឱ្យយើងដឹង ឬយល់ពីដំណើរការទាំងនោះ។ ព្រះជាម្ចាស់បានប្រាប់ដល់ សារ៉ា ថាគាត់នឹងមានផ្ទៃពោះ នៅគ្រាដែលគាត់មានវ័យចំណាស់ ប៉ុន្តែព្រះមិនដែលប្រាប់ដល់គាត់ថា អាយុចំណាស់នោះ ស្ថិតនៅខ្ទង់លេខប៉ុន្មាននោះទេ។ ព្រះជាម្ចាស់ក៏ពុំបានសុំឱ្យ សារ៉ា ជួយព្រះអង្គ ដើម្បីមកសម្រេចព្រះបន្ទូលសន្យានោះដែរ។ ក្នុងខណៈពេលវេលាកន្លងទៅមុខ សារ៉ា និងអ័ប្រាហាំ មិនបានឃើញ ឬឮពីអ្វីមួយពីព្រះ ទាក់ទងនឹងព្រះបន្ទូលសន្យាដែលព្រះអង្គបានប្រទានទៅដល់ពួកគេនោះដែរ។ ពួកគាត់ក៏ចាប់ផ្ដើមគិតថាព្រះជាម្ចាស់ត្រូវការជំនួយពីពួកគាត់ ដើម្បីសម្រេចព្រះបន្ទូលសន្យាសម្រាប់ពួកគាត់។ តើយើងមិនធ្លាប់ដែលគិត និងប្រព្រឹត្តខុស បែបយ៉ាងដូច្នេះទេ ឬយ៉ាងណា?
ព្រះជាម្ចាស់ប្រទានទិសដៅមកដល់យើង មុននឹងព្រះអង្គប្រទានផ្លូវដើរមកឱ្យយើង។ ប្រហែលជាដើម្បីឱ្យយើងមានក្ដីសង្ឃឹម ក្នុងខណៈពេលយើងកំពុងតែអង្គុយនៅទីកន្លែងស្ងប់ស្ងៀមទាំងឡាយ ដូចជាថាគ្មានរឿងអ្វីកំពុងតែកើតមានឡើង។ ទីស្ងប់ស្ងៀមនោះគឺសំខាន់ ដោយសារតែនៅទីនោះ វាជាកន្លែងដែលជំនឿរបស់យើង បើកបង្ហាញចេញមក និងបានទទួលការពង្រឹងបន្ថែម។ យើងរៀនបានពីមេរៀន រៀនបានពីការស្ដាប់បង្គាប់ រៀនបានពីការអត់ធ្មត់ និងការស៊ូទ្រាំនៅក្នុងទីស្ងប់ស្ងៀម។
វាជារឿងសំខាន់ដែលយើងនៅតែបន្តមានភាពស្មោះត្រង់ នៅក្នុងទីស្ងប់ស្ងៀម ជាជាងប្រឹងសាកពន្លឿនដំណើរការទាំងឡាយ ដោយគិតថាយើងកំពុងតែជួយដល់ព្រះ។ យើងក៏មិនត្រូវធ្វើការសម្រេចចិត្ត ដោយយោងតាមអារម្មណ៍ ឬសម្រេចធ្វើអ្វីមួយ ដោយគិតថា ព្រះចង់ឱ្យយើងធ្វើ (តាមតែគំនិតរបស់យើង) នោះដែរ។
នៅទីស្ងប់ស្ងៀម យើងរៀនសម្គាល់ពីសំឡេងរបស់ព្រះ និងពីភាពស្ងៀមស្ងាត់របស់ព្រះអង្គ។ ប្រសិនបើយើងធ្វើការអ្វីមួយខុស ដោយពុំបានឮពីព្រះ នោះយើងអាចនាំគ្រោះ ទៅលើព្រះបន្ទូលសន្យា ដែលព្រះអង្គប្រទានមកដល់យើង ឬពន្យារពេលលើព្រះបន្ទូលសន្យាទាំងនោះ។ សារ៉ា ហើយនិង អ័ប្រាហាំ បានសម្រេចចិត្តថាពួកគាត់ គួរតែធ្វើអ្វីមួយ ដោយមិនចាំបាច់ព្រះ ឬត្រូវការព្រះអង្គ។ ពួកគាត់មិនលុបចោលព្រះបន្ទូលសន្យារបស់ព្រះទេ ប៉ុន្តែពួកគាត់បានបន្ថែមភាពតានតឹងដែលមិនគួរកើតមាន ទៅក្នុងជីវិតរបស់ពួកគាត់ និងទៅលើជីវិតរបស់អ្នកដទៃ។
ជារឿយៗ នៅពេលយើងប្រញាប់ប្រញាល់ឱ្យបានទៅដល់ព្រះបន្ទូលសន្យា នោះយើងព្យាយាមបោះជំហាន និងគិតថាជួយព្រះ ដូចជាអ្វីដេល សារ៉ា ហើយនិង អ័ប្រាហាំ បានធ្វើ តែទង្វើនោះ គឺបន្ថែមភាពតានតឹងទៅក្នុងព្រះបន្ទូលសន្យា ដែលតាមពិតទៅ ពុំគួរមានភាពតានតឹងណាសោះ។ ចូរកុំកែខៃព្រះបន្ទូលសន្យាដែលមានសម្រាប់អ្នក ដោយបដិសេធមិនរង់ចាំព្រះ នៅទីស្ងប់ស្ងៀមរបស់អ្នក។ ចូរអនុញ្ញាតឱ្យព្រះបំពេញកិច្ចការរបស់ព្រះអង្គនៅក្នុង និងសម្រាប់អ្នក។ ទទួលរាល់អ្វីៗដែលព្រះមានសម្រាប់អ្នក ដោយគ្រាន់តែរីករាយនៅក្នុងទីស្ងប់ស្ងៀម ហើយថែមទាំងកាន់ព្រះបន្ទូលសន្យាទាំងនោះឱ្យជាប់។ ចូរកុំរើ។ ចូរកុំសង្ស័យ។ ចូរកុំរអ៊ូរទាំ ឬព្យាយាមដាក់យុទ្ធសាស្រ្តណាអី។ អ្នកគ្រាន់តែនៅស្ងៀម និងរង់ចាំតែប៉ុណ្ណោះ។ ព្រះជាម្ចាស់មានគម្រោងផែនការសម្រាប់ព្រះបន្ទូលសន្យារបស់ព្រះអង្គ និងសម្រាប់ជីវិតរបស់អ្នក។
អំពីគម្រោងអាននេះ
មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។
More