ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ
ថ្ងៃសប្ប័ទនិងការរំឭកនឹកចាំ
ពេលស្មឹងស្មាធិ៍
អត្ថបទខគម្ពីរនេះ គឺជាការប្រកាសពីក្រឹត្យវិន័យទី ៤។ ព្រះអម្ចាស់បានបង្គាប់ដល់យើង ឱ្យប្រកាន់ខ្ជាប់នូវថ្ងៃសប្ប័ទ ដែលជាថ្ងៃសម្រាក បន្ទាប់ពី ៦ ថ្ងៃនៃការប្រឹងប្រែងធ្វើការ – គឺមួយថ្ងៃសម្រាប់ឱ្យយើងបានស្រស់ស្រាយ។ នៅចំចំណុចកណ្ដាលនៃថ្ងៃសម្រាក នោះគឺជាការដាស់តឿនឱ្យនឹកចាំ៖ "ហើយចូរនឹកចាំ" (ចោទិយកថា ៥៖១៥)។ ថ្ងៃសប្ប័ទ និងការនឹកចាំ នោះមានភាពទាក់ទងគ្នាយ៉ាងជ្រៅ ប៉ុន្តែ តើលក្ខណៈនេះ មានន័យយ៉ាងណា ហើយដោយព្រោះហេតុអ្វី?
ចូរឱ្យយើងនឹកចាំថាប្រព័ន្ធការងារនិងការសម្រាកជារៀងរាល់សប្ដាហ៍សម្រាប់យើងរាល់គ្នា នោះពុំមានលក្ខណៈស្របទៅនឹងរបត់នៃសង្គមវប្បធម៌បុរាណនោះទេ។ ពួកសាសន៍ក្រិកបានគិតថាពួកសាសន៍យូដាខ្ជិលច្រអូស ដោយសារតែគេទាមទារឱ្យមានថ្ងៃឈប់សម្រាកមួយថ្ងៃ ជារៀងរាល់សប្ដាហ៍។ តែនេះគឺជាអំណោយទានដ៏ថ្លៃថ្លាដែលព្រះជាម្ចាស់បានប្រទានមក ក្នុងទម្លាប់ជាថ្ងៃសប្ប័ទ!
«អ្នកត្រូវតែនឹកចាំ!» មានសណ្ឋានពីរ។ ទីមួយគឺថា៖ «អ្នកធ្លាប់ជាទាសករនៅស្រុកអេស៊ីព្ទ»។ ហើយទីពីរគឺថា៖ «ព្រះអម្ចាស់ ដែលជាព្រះនៃអ្នក បាននាំអ្នកចេញពីស្រុកអេស៊ីព្ទ»។ តាមភាសានិយាយមួយទៀត នោះគឺថា អ្នកធ្លាប់ត្រូវបានគេលួចប្លន់នូវសេរីភាពរបស់អ្នក ហើយឥឡូវនេះ ព្រះជាម្ចាស់បានរំដោះឱ្យអ្នកមានសេរីភាព។ ថ្ងៃសប្ប័ទរំឭកដល់យើងពីរបៀបរស់នៅ ដោយសារតែព្រះ នោះយើងអាចរស់ដោយមានសេរីភាពចេញពីភាពជាទាសករ។ ថ្ងៃសប្ប័ទនិយាយសំដៅទៅកាន់ប្រធានបទនៃសេរីភាព ដោយជាអាទិ៍ នោះគឺជាសេរីភាពចេញពីភាពជាទាសករនៃការងារផ្ទាល់របស់យើង។
ជារៀងរាល់ឆ្នាំ ខ្ញុំនឹកចាំពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៩៤៥។ ឪពុករបស់ខ្ញុំ គាត់ត្រូវបានក្រុមរបបសង្គម ណាតហ្ស៊ី កេណ្ឌយកទៅធ្វើជាទាហាន ហើយគាត់ត្រូវធ្វើការងារយ៉ាងហត់នឿយ ទាំងថ្ងៃទាំងយប់។ នៅពេលដែលគាត់លួចស្ដាប់វិទ្យុពីប៉ុស្ដិ៍ ប៊ីប៊ីស៊ី ហើយបានឮពីដំណើររំកិលទៅមុខនៃទ័ពទាហានអាមេរិក នោះគាត់ក៏បានរត់គេចខ្លួន ហើយបានមកដល់ភូមិកំណើតវិញ នៅឯប្រទេស ឡាក់ហ្សិនបឺក គឺចំថ្ងៃដែលគេប្រកាសពីការបញ្ចប់នៃសង្គ្រាម។ ចេញពីទាសភាពនៃរបបពួកណាតហ្ស៊ី មកកាន់សេរីភាព នោះឪពុកខ្ញុំពិតជាដឹងគុណយ៉ាងអនេកចំពោះអ្នករំដោះពួកគាត់ឱ្យមានសេរីភាព។ រាល់គ្រប់បទពិសោធន៍នៃការដោះឱ្យមានសេរីភាព នោះបានក្លាយទៅជាផ្នែកមួយនៃអត្តសញ្ញាណ ហើយនិងទីបន្ទាល់របស់យើង។
មុននឹងព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ឱ្យខ្ញុំបានស្គាល់ នោះខ្ញុំធ្លាប់រស់នៅក្នុងភាពភ័យខ្លាចជារៀងរាល់ថ្ងៃ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមករស់នៅក្នុងដួងចិត្តរបស់ខ្ញុំ នោះព្រះអង្គបានចែកឱ្យខ្ញុំនូវភាពសុខសាន្តរបស់ព្រះគ្រីស្ទ ទៅកាន់ទីជម្រៅនៃរូបអង្គទាំងមូលរបស់ខ្ញុំ។ ភាពសុខសាន្តនេះបន្តស្ថិតនៅជារៀងរហូត។ ខ្ញុំបានទទួលការរំដោះឱ្យចេញពីភាពភ័យខ្លាចដ៏សែនលំបាករបស់ខ្ញុំ។ ខ្ញុំដឹងហើយនិងនឹកចាំពីអត្តសញ្ញាណរបស់ខ្ញុំនៅក្នុងព្រះគ្រីស្ទ ហើយខ្ញុំបន្តចែករំលែកពីទីបន្ទាល់នេះ ជាមួយអ្នកដទៃផ្សេងទៀត។
ចូរនឹកចាំពីការនេះ ប៉ុន្តែមិនមែនគ្រាន់តែសម្រាប់រូបខ្ញុំប៉ុណ្ណោះទេ។ នៅថ្ងៃសប្ប័ទ ទាំងអ្នកបម្រើ ទាសករ និងសូម្បីតែជនចម្លែក ត្រូវតែបានសម្រាករួមជាមួយគ្នានឹងយើង (ចោទិយកថា ៥៖១៤)។ ចូរឱ្យយើងនឹកចាំអស់អ្នកដែលបន្តនៅជាប់ជា "ទាសករ" ហើយមិនទាន់បានទទួលបានការរំដោះឱ្យមានសេរីភាពនៅឡើយ។
សំណួរសម្រាប់ឆ្លុះបញ្ចាំង
- ព្រះជាម្ចាស់ ជាព្រះវរបិតានៃយើង ពុំដែលទតរកមើលអ្នកធ្វើការ មុនគេឡើយ ប៉ុន្តែគឺព្រះអង្គទតសម្លឹងមើលបុត្រធីតារបស់ព្រះអង្គជាមុនវិញ។ តើអ្នកគិតយ៉ាងណាចំពោះសេចក្ដីថ្លែងនេះ? តើថ្ងៃសប្ប័ទជួយឱ្យអ្នកនឹកចាំពីការនេះបានដោយរបៀបណា?
- តើអ្នកមានទីបន្ទាល់នៃការរំដោះឱ្យមានសេរីភាពណាខ្លះ ដែលអ្នករីករាយនឹងនឹកចាំ ហើយសប្បាយចិត្តនឹងចែករំលែក?
- ដើម្បីបានទទួលនូវសេរីភាព អ្នកត្រូវតែនឹកចាំ។ តើនេះជាការពិតដែរឬទេ? តើអ្នកអាចយល់ពីការនេះបានដោយរបៀបណា?
- តើនរណាខ្លះ ជា "ទាសករនៃស្រុកអេស៊ីព្ទ" នាពេលសព្វថ្ងៃនេះ? តើគេនោះ ជាមនុស្សដែលអ្នកមិនចង់បំភ្លេចបាន? តើគេនោះ ជាមនុស្សដែលអ្នកចង់ដាក់ទុននៅក្នុងជីវិតរបស់គេ?
ប្រធានបទសម្រាប់អធិស្ឋាន
- យើងសូមអធិស្ឋាន ថាព្រះ ដែលជាព្រះវរបិតានៃយើង ទ្រង់នឹងរំដោះយើងចេញពីភាពភ័យខ្លាច និងភាពជាទាសករ ដែលយើងជាប់ក្នុងចំណងនៃការអាក្រក់ ដែលមាននៅក្នុងជីវិតយើង ដោយអំណាចរបស់ព្រះយេស៊ូវគ្រីស្ទ។
- យើងអធិស្ឋាន សូមឱ្យយើងបានរស់នៅជាបុត្រធីតានៃព្រះ ដែលព្រះអង្គជាបិតានិងជាព្រះ បានរំដោះយើងឱ្យរស់នៅក្នុងអំណាចចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយនិងស្របតាមព្រះបន្ទូលរបស់ព្រះ។
- យើងអធិស្ឋានសូមឱ្យការដឹងគុណនិងអំណរ បន្តរីកលូតលាស់នៅក្នុងដួងចិត្ត ក្រុមគ្រួសារ និងក្រុមជំនុំរបស់យើង។
- យើងសូមអធិស្ឋានសម្រាប់ការរំដោះឱ្យមានសេរីភាពទៅដល់អស់អ្នកដែលជាទាសករនាសម័យទំនើបនេះ (ទាហាននៅមានវ័យក្មេងៗ ជនរងគ្រោះដោយការកេងប្រវ័ញ្ចនិងការជួញដូរមនុស្សនិងកុមារ ។ល។)។
- យើងសូមអធិស្ឋានសម្រាប់ការគាំទ្រនិងការរំដោះដល់អស់អ្នកដែលជាប់ក្នុងពន្ធធនាគារ ដោយសារតែសេចក្ដីជំនឿលើអង្គព្រះគ្រីស្ទ។
លំនាំអធិស្ឋាន
សូមអរគុណព្រះវរបិតា។ ព្រះអង្គពុំបានប្រទានដល់ទូលបង្គំនូវវិញ្ញាណនៃការជាប់ចំណង ដែលនាំឱ្យទូលបង្គំធ្លាក់ទៅក្នុងជីវិតពេញដោយភាពភ័យខ្លាចឡើយ។ តែជាការពិតវិញ នោះព្រះអង្គបាននាំឱ្យទូលបង្គំបានចូលមកក្នុងក្រុមគ្រួសាររបស់ព្រះអង្គ គឺឱ្យទូលបង្គំបានក្លាយទៅជាបុត្រធីតារបស់ព្រះអង្គ។ ហេតុដូច្នេះហើយបានជាទូលបង្គំ និយាយយ៉ាងឮៗនិងប្រកាសយ៉ាងច្បាស់ថា៖ «អ័បា! ព្រះវរបិតា!» នេះគឺជាការពិត ដោយសារតែព្រះវិញ្ញាណរបស់ព្រះអង្គបានធ្វើជាសក្ខីភាព ថាទូលបង្គំពិតជាបុត្ររបស់ព្រះអង្គមែន។ ព្រះយេស៊ូវអើយ ទូលបង្គំគឺជាអ្នកស្នងមរតក ចំពោះជីវិតនិងព្រះហឫទ័យរបស់ព្រះអង្គ។ នៅទីណាដែលព្រះអង្គបានរំដោះឱ្យទូលបង្គំបានមានសេរីភាព នោះសូមបញ្ជូនទូលបង្គំឱ្យទៅកាន់ទីនោះ ដើម្បីរំដោះមនុស្សដែលទ្រង់ស្រឡាញ់ ឱ្យបានវិលត្រឡប់ទៅរកព្រះអង្គ ដែលជាបិតារបស់យើងដែរ។ ហើយប្រសិនបើទូលបង្គំត្រូវរងទុក្ខសម្រាប់ព្រះអង្គ នោះសូមឱ្យទូលបង្គំស្វាគមន៍វាដោយភាពក្លាហាន ព្រោះនៅគ្រានោះ សិរីរុងរឿងនៃព្រះ នឹងបានបើកសម្ដែងឡើង ទាំងនៅគ្រានោះ និងសម្រាប់ពេលវេលាអស់កល្បជានិច្ចផង។ អាមែន។
ដោយ៖ ប៉ុល ហេម៉េស (Paul Hemes) សាស្រ្តាចារ្យ នៃសាលាទេវសាស្រ្ត HET pro នៅឯ St. Légier ប្រទេស ស្វីស។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!
More