ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ
ថ្ងៃសប្ប័ទនិងក្ដីមេត្តាករុណា
ពេលស្មឹងស្មាធិ៍
ព្រះជាម្ចាស់ពុំបានប្រទានថ្ងៃសប្ប័ទជាច្បាប់ទាស់ប្រឆាំងនឹងយើងទេ ប៉ុន្តែជាសកម្មភាពនៃក្ដីមេត្តាករុណាសម្រាប់យើងទៅវិញ។ ហេតុនេះហើយបានជាពួកសាវ័កបានទទួលការអនុញ្ញាតឱ្យទទួលទានគួរស្រូវ ដើម្បីចម្អែតភាពស្រេកឃ្លានរបស់ពួកគេ នៅថ្ងៃសប្ប័ទ (ម៉ាថាយ ១២៖១-៨)។ ហេតុនេះហើយបានជាបុរសដែលស្វិតដៃ ត្រូវបានទទួលការព្យាបាលនៅថ្ងៃសប្ប័ទ (ម៉ាថាយ ១២៖៩-១៣)។ ព្រះយេស៊ូវទតឃើញពីភាពស្រេកឃ្លានរបស់ពួកសាវ័ក និងពីទុក្ខសោកសង្រេងរបស់មនុស្ស រួចព្រះអង្គមានព្រះទ័យក្ដួលអាណិត។ ថ្ងៃសប្ប័ទ នោះគឺជាថ្ងៃសម្រាប់ការបំប៉ន ផ្ដល់ចំណីអាហារ និងការព្យាបាល។ មិនមែនជាសកម្មភាពហាមឃាត់ ("មិនត្រូវធ្វើអ្វីទាំងអស់") ឬក៏ជាសកម្មភាពដែលតម្រូវឱ្យប្រព្រឹត្ត ("ថ្វាយតង្វាយ") ដែលជាស្នូលនៃថ្ងៃសប្ប័ទនោះទេ។ គោលដៅចម្បងនៃថ្ងៃសប្ប័ទ នោះគឺបង្ហាញឱ្យយើងមើលឃើញពីក្ដីមេត្តាករុណារបស់ព្រះទេតើ។
នៅក្នុងសម្ព័ន្ធមេត្រីចាស់ ថ្ងៃសប្ប័ទគឺជាការសម្ដែងបង្ហាញនៃសម្ព័ន្ធមេត្រីរវាងព្រះជាម្ចាស់ ជាមួយនឹងប្រជារាស្រ្តរបស់ព្រះអង្គ ដូចគ្នានឹងពិធីកាត់ស្បែកដែរ។ ថ្ងៃសប្ប័ទបម្រើបានជាថ្ងៃឈប់សម្រាក ជាប្រយោជន៍ក្នុងការសម្លឹងមើលទៅព្រះ និងស្ញប់ស្ញែងពីក្ដីមេត្តាករុណានិងភាពបរិសុទ្ធរបស់ព្រះអង្គ។ «អ្នករាល់គ្នាត្រូវគោរពថ្ងៃសប្ប័ទរបស់យើងកុំខាន ដ្បិតនេះជាទីសម្គាល់រវាងយើងនឹងអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ដើម្បីឲ្យបានដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ» (និក្ខមនំ ៣១៖១៣)។ ប្រជារាស្រ្តនៃព្រះទទួលបានក្ដីមេត្តាករុណាពីព្រះ។ ពួកគេ "បានឆ្លង" ក្ដីមេត្តាករុណានោះ រួចហើយគេបន្តចម្លងក្ដីមេត្តានេះ ជាព្រះពរទៅដល់មនុស្សទូទាំងពិភពលោក។
នៅពេលដែលយើងមករួមគ្នា ដើម្បីថ្វាយបង្គំនិងប្រកបគ្នា នៅពេលដែលយើងស្ដាប់ពីព្រះសូរសៀងនៃព្រះ និងនិយាយទៅព្រះអង្គ នោះយើងបំពេញជីវិតរស់នៅជាប្រចាំថ្ងៃរបស់យើង ហើយយើងអបអរសាទរពីក្ដីមេត្តាករុណារបស់ព្រះអង្គ។ នៅឯក្រុមជំនុំ ការគិតបែបសេដ្ឋកិច្ច ដោយយោងតាមការប្រព្រឹត្ត ព្រមទាំងការគិតបែបកម្សាន្តអារម្មណ៍ នោះនាំឱ្យមនុស្សបែកខ្ញែក។ ហេតុដូច្នេះ វេនថ្វាយបង្គំ មិនមែនជាការធ្វើពាណិជ្ជកម្ម ឬការសម្ដែងទេ។ វាក៏មិនមែនជាការខិតខំប្រឹងប្រែងបែបខាងសាសនា ឬបែបការលក់ដូរខាងឯសាសនាដែរ។ អ្វីៗកើតឡើងនៅក្នុងក្រុមជំនុំ នោះគឺមានន័យធំធេងជាងនេះទៅទៀត។ ក្រុមជំនុំគឺជាកន្លែងដែលព្រលឹងរបស់យើងអាចទទួលបានការសម្រាក និងជាកន្លែងដែលយើងអាចទទួលបាននូវក្ដីមេត្តាករុណារបស់ព្រះ។ នៅឯក្រុមជំនុំ ព្រះជាម្ចាស់ប៉ះពាល់រូបយើងជាមួយនឹងក្ដីមេត្តាករុណារបស់ព្រះអង្គ។ អស់អ្នកណាដែលទទួលបានក្ដីមេត្តាពីព្រះ នោះនឹងក្លាយទៅជាអ្នកដែលឱ្យនូវក្ដីមេត្តា។ «ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ» (លូកា ៦៖៣៦)។
តាមរយៈអំណោយទាននៃក្ដីមេត្តា នោះព្រះរៀបចំយើងឱ្យចេះរស់នៅ និងប្រព្រឹត្តដោយក្ដីមេត្តា ដើម្បីឱ្យយើងចេះប្រព្រឹត្តការល្អដល់គ្នាទៅវិញទៅមក។ ខគម្ពីរនៅថ្ងៃនេះ ជួយលើកទឹកចិត្តយើងឱ្យធ្វើជាមនុស្សដែលគិតពីព្រះយេស៊ូវ នៅក្នុងពិភពលោកនេះ។
សំណួរសម្រាប់ឆ្លុះបញ្ចាំង
- ចូរស្មឹងស្មាធិ៍ចំពោះគំនិតទាំងនេះ៖ ព្រះជាម្ចាស់ពុំបានប្រទានថ្ងៃសប្ប័ទ ជាច្បាប់ទាស់ប្រឆាំងនឹងយើងទេ ប៉ុន្តែជាសកម្មភាពនៃក្ដីមេត្តាករុណាសម្រាប់យើងទៅវិញ។
- តើឱ្យខ្ញុំអាចទទួលបានពីក្ដីមេត្តាករុណានៃព្រះ ដែលសម្ដែងបង្ហាញនៅក្នុងថ្ងៃសប្ប័ទ ដោយគិតពីព្រះនិងគិតពីមនុស្សដែលនៅជុំវិញរូបខ្ញុំ ដោយរបៀបណា?
- តើមានទង្វើផ្លាស់ប្រែតិចតួចណាដែលខ្ញុំអាចធ្វើទៅបាន ដើម្បីយកក្ដីមេត្តាករុណានៃព្រះ ដាក់ជាអាទិភាព នៅថ្ងៃសប្ប័ទ––ក្នុងនាមជាបុគ្គល ជាសមាជិកក្នុងក្រុមគ្រួសារ និងជាម្នាក់ក្នុងក្រុមជំនុំ?
ប្រធានបទសម្រាប់អធិស្ឋាន
- យើងសូមអធិស្ឋានសម្រាប់ពេលវេលាដើម្បីឱ្យយើងផ្ដោតចិត្តទៅព្រះ។ យើងបំបែករបៀបគិតបែបជាធម្មតារបស់យើង ដែលផ្ដោតតែទៅលើការប្រព្រឹត្ត និងដូចជាការទិញដូរចេញ។ យើងទូលសូមព្រះសម្រាប់ក្ដីមេត្តារបស់ព្រះអង្គ (ដូចក្នុងបទចម្រៀង ឃីរី អេលីសហ្សន - Kyrie eleison ៖ ព្រះអង្គអើយ សូមមេត្តាដល់យើង!)។
- យើងសូមអធិស្ឋានសម្រាប់ការអត់ឱនទោសសម្រាប់ពេលវេលាដែលវេនថ្វាយបង្គំធ្លាប់គ្រាន់តែជាពិធី និងសកម្មភាពបែបសាសនា ជាជាងកិច្ចជួបជាមួយនឹងព្រះជាម្ចាស់។
- យើងសូមអធិស្ឋានសម្រាប់មនុស្សគ្រប់រូបដែលបង្រៀនពីព្រះបន្ទូលព្រះ និងពីសារនៃក្ដីមេត្តារបស់ព្រះ សូមឱ្យព្រះបន្ទូលនោះបានឱ្យគេស្ដាប់និងទៅដល់ចិត្តមនុស្ស។
- យើងអធិស្ឋានសូមឱ្យព្រះបើកភ្នែកយើង ដើម្បីឱ្យយើងមានចិត្តមេត្តាទៅកាន់អ្នកជិតខាងរបស់យើង ដូចដែលព្រះបានមានក្ដីមេត្តាជាមួយនឹងយើងដែរ។
- យើងសូមអធិស្ឋានសម្រាប់ព្រះវិញ្ញាណបរិសុទ្ធ សូមព្រះអង្គបង្ហាញដល់យើងពីរបៀបដែលយើងអាចយកព្រះអង្គជាទីមួយ ជាចំណុចកណ្ដាលនៃជីវិតយើង ហើយសូមឱ្យយើងចេះថែទាំរាល់អ្វីៗដែលព្រះបានបង្កើត។
លំនាំអធិស្ឋាន
ឱ ព្រះជាម្ចាស់ ដែលពេញដោយក្ដីមេត្តា យើងខ្ញុំលើកតម្កើងនិងអបអរសាទរចំពោះព្រះអង្គ! យើងថ្វាយបង្គំព្រះអង្គ។ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ ព្រះជាអម្ចាស់ ពេញដោយព្រះចេស្ដា!» យើងសូមអធិស្ឋានជាមួយនឹងទ័ពនៃពួកទេវតា។
សូមអត់ឱនទោសដល់យើងខ្ញុំ ដែលយើងខ្ញុំធ្លាប់គិតតែអំពីខ្លួនឯង ហើយផ្ដោតតែទៅលើសកម្មភាពផ្ទាល់ខ្លួន នៅគ្រាដែលយើងខ្ញុំគួរផ្ដោតចិត្តទៅលើព្រះអង្គ។ សូមព្រះអង្គប្រោសវេនថ្វាយបង្គំរបស់យើងខ្ញុំសាជាថ្មី ឱ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីឱ្យយើងខ្ញុំបានជួបជាមួយនឹងព្រះអង្គសាជាថ្មី និងដើម្បីឱ្យដួងចិត្តនៃយើងខ្ញុំបានផ្លាស់ប្រែ ដោយក្ដីមេត្តាករុណារបស់ព្រះអង្គ។ សូមប្រទានពរដល់អស់អ្នកដែលប្រកាសព្រះបន្ទូលរបស់ព្រះអង្គ។ សូមបើកភ្នែកនិងដួងចិត្តរបស់យើងខ្ញុំ ឱ្យយើងខ្ញុំបានយល់ពីតម្រូវការរបស់អ្នកជិតខាង និងសង្គមរបស់យើងខ្ញុំ។ សូមប្រទានគំនិត និងចិត្តក្លាហានដល់យើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចដាក់ទុន ដោយក្ដីមេត្តា ទៅក្នុងក្រុមជំនុំរបស់ព្រះអង្គ និងមនុស្សក្នុងពិភពលោក។ អាមែន។
ដោយ៖ លា ឆ្វេយឺ (Lea Schweyer) ប្រធាននៃប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ នៅប៉ែក រ៉ីហិន បេធីងហ្គិន (Riehen-Bettingen) នៃប្រទេសស្វីស។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!
More