ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ
ថ្ងៃសប្ប័ទនិងការផ្គត់ផ្គង់នៃព្រះ
ពេលស្មឹងស្មាធិ៍
ចាប់តាំងពីពាក់កណ្ដាលឆ្នាំ ២០២០ មនុស្សនៅជុំវិញពិភពលោកបានចងចាំពីស្ថានភាពដ៏លំបាក ដែលបានបង្កឡើងដោយសារតែជំងឺរាតត្បាតជាសកល។ គ្រាអស់ទាំងនោះបានរំឭកដល់គ្រីស្ទបរិស័ទពីពេលវេលាដែលប្រជារាស្ត្ររបស់ព្រះ គឺជាតិសាសន៍អ៊ីស្រាអែល បានចំណាយពេលនៅក្នុងទីរហោស្ថាន នៅពេលដែលគេចង់វិលត្រឡប់ទៅរកភាពជាទាសករនៅឯស្រុកអេស៊ីព្ទវិញ ដោយសារតែពួកគេមានការស្រេកឃ្លាន៖ «…ស៊ូឲ្យយើងស្លាប់ដោយព្រះហស្តនៃព្រះយេហូវ៉ានៅស្រុកអេស៊ីព្ទ កាលដែលយើងអង្គុយនៅជិតឆ្នាំងមានសាច់ ហើយទទួលទានអាហារឆ្អែតជាជាង…» (និក្ខមនំ ១៦៖៣)។ ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទមក ជាកិច្ចចុងក្រោយនៃការបង្កបង្កើតរបស់សព្វសារពើ ជានិមិត្តសញ្ញាស្ដែងពីព្រះគុណ និងជាទំនុកបម្រុង ទៅដល់ប្រជារាស្ត្ររបស់ព្រះអង្គ។
នៅក្នុង និក្ខមនំ ២០៖៨ ព្រះជាម្ចាស់រំឭកដល់យើង ឱ្យយើងប្រកាន់ខ្ជាប់និងគោរពចំពោះថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាកសម្រាប់មនុស្សរាល់គ្នា។ ថ្ងៃនោះ គឺជាថ្ងៃដែលលុបបំបាត់រាល់ភាពមិនស្មើគ្នា នៅក្នុងគ្រប់ទាំងផ្នែកទាំងឡាយនៃជីវិត ជាពិសេសសម្រាប់ទៅដល់អស់អ្នកដែលសង្គមរាប់ថាទន់ទាបផងដែរ។ ព្រះជាម្ចាស់បញ្ចេញឱ្យឃើញពីក្ដីស្រឡាញ់របស់ព្រះអង្គសម្រាប់យើង ហើយព្រះអង្គប្រព្រឹត្តចំពោះអ្វីៗដែលព្រះអង្គបានបង្កើតដោយភាពស្មើគ្នា។ យើងរាល់គ្នាអាចត្រេកអរនិងរីករាយចំពោះការសម្រាកទាំងគោរពកោតខ្លាចព្រះ នៅថ្ងៃសប្ប័ទ។
នៅឯទីរហោស្ថាន ព្រះជាម្ចាស់បានប្រទានអាហារមួយប្រភេទថ្មី ដែលឈ្មោះអាហារនោះ បកប្រែមកចំៗមានន័យថា៖ «តើវាជាអ្វី?»។ អាហារនោះបានផ្ដល់មក ទាំងភ្ជាប់មកជាមួយនឹងសំណួរ ហើយពាក្យនេះ គឺបកប្រែមកពីភាសាហេព្រើរ "ម៉ាណហ៊ូ -- Mann-hou" និយាយស្រួលស្ដាប់ គឺ ម៉ាណា -- manna។ ជាមួយនឹងអាហារនេះ ព្រះជាម្ចាស់បានត្រៀមរៀបចំសម្រាប់ថ្ងៃសប្ប័ទ ហើយព្រះអង្គបានធ្វើការនេះឱ្យបានសម្រេច ទាំងផ្គត់ផ្គង់ដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឱ្យពួកគេបានដកថយ មានពេលសម្រាកពីអតីតកាលនៅឯស្រុកអេស៊ីព្ទរបស់ពួកគេ។
បន្ទាប់ពី និក្ខមនំ ១៦៖៤ ប្រជារាស្រ្តបានទទួលចំណែកនៃអាហារ ម៉ាណា ជារៀងរាល់ថ្ងៃ គឺមួយល្មមសម្រាប់មួយថ្ងៃៗ។ ចំណុចសំខាន់នោះគឺសម្រាប់ឱ្យប្រជារាស្ត្រចេះស្ដាប់បង្គាប់ពីការណែនាំ ហើយបន្តដើរទៅមុខ នៅក្នុងឥរិយាបថដែលចេះកាន់តាមវិន័យ។ យើង (ដែលជាមនុស្សនៅឯទីរហោស្ថាន ហើយនិងគ្រីស្ទបរិស័ទសព្វថ្ងៃ) ទទួលបានទាំងការឱ្យចេះស្ដាប់បង្គាប់និងការឱ្យប្រកាន់តាមវិន័យ តាមរយៈព្រះបន្ទូលរបស់ព្រះជាប្រចាំថ្ងៃ។ ព្រះបន្ទូលប្រទានឱ្យយើងនូវទំនុកចិត្តច្បាស់លាស់ចំពោះព្រះគុណនៃព្រះនៅក្នុងជីវិតរបស់យើង។
សំណួរសម្រាប់ឆ្លុះបញ្ចាំង
- តើយើងមានអាហារ "ពេញឆ្នាំង" រហូតដល់យើងមិនអាចមានកន្លែងដាក់អាហារថ្មី ពីស្ថានលើ ដែរឬយ៉ាងណា?
- តើព្រះជាម្ចាស់បានប្រទាន "អាហារថ្មី" ដល់អ្នក ដែលអ្នកមិនធ្លាប់ដែលបានដឹងពីមុន ដោយរបៀបណា?
- ការពឹងផ្អែកលើព្រះជាប្រចាំថ្ងៃ នោះគួរតែជាស្ថានភាពពិតជាក់ស្ដែងសម្រាប់យើងដែលជាគ្រីស្ទបរិស័ទ ប៉ុន្តែការណែនាំនិងការកាន់តាមវិន័យ នោះពុំបានក្លាយជាផ្នែកនៃជីវិតរស់នៅរបស់យើងរហូតទេ។ តើយើងគួរតែរុករកមើលសារធាតុទាំងនេះសាជាថ្មី? តើយើងរុករកមើលដោយរបៀបណា?
ប្រធានបទសម្រាប់អធិស្ឋាន
- យើងសូមអធិស្ឋានសម្រាប់គ្រីស្ទបរិស័ទដែលត្រូវបានគេបៀតបៀននៅក្នុងពិភពលោកនេះ។ សូមឱ្យគេបានទទួលអាហារ ម៉ាណា ដែលជាការផ្គត់ផ្គង់ជាប្រចាំថ្ងៃមកពីព្រះ។
- យើងសូមអធិស្ឋានសម្រាប់ជំនឿគ្រីស្ទបរិស័ទ ដែលគេមានប្រវត្តិជាជនភៀសខ្លួន ជាពិសេសសម្រាប់អស់អ្នកវ័យក្មេង ដែលជំនឿរបស់គេកំពុងតែរងការល្បងល។
- យើងអធិស្ឋានថាព្រះនឹងលើកឡើងហើយត្រាស់ហៅអ្នកដឹកនាំ ដែលដូចជា លោក ម៉ូសេ ម្ដងទៀត នៅក្នុងសហគមន៍គ្រីស្ទបរិស័ទ។
លំនាំអធិស្ឋាន
ឱ ព្រះអម្ចាស់អើយ ព្រះអង្គបានមើលថែប្រជារាស្រ្តរបស់ព្រះអង្គនៅឯទីរហោស្ថាន។ ព្រះអង្គបានចម្អែត បានការពារ និងបានលើកទឹកចិត្តដល់ពួកគេ។ សូមអរគុណទ្រង់សម្រាប់ព្រះគុណ ដែលព្រះអង្គបានប្រទានទៅដល់អស់អ្នកដែលព្រះអង្គបានរំដោះឱ្យគេមានសេរីភាពពីស្រុកអេស៊ីព្ទ (ទាសភាព)។/em>
សូមអរគុណទ្រង់សម្រាប់យើងរាល់គ្នាផងដែរ។ ព្រះអង្គបានរំដោះយើងឱ្យចេញពីការរស់នៅក្នុងចំណងទាសភាពរបស់អំពើបាប ហើយព្រះអង្គបានបញ្ចូលយើងខ្ញុំទៅក្នុងរាជ្យនគររបស់ព្រះអង្គ។ ព្រះអង្គបំប៉ននិងចម្រើនយើងខ្ញុំជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះអង្គការពារយើងខ្ញុំ ហើយលើកទឹកចិត្តដល់យើងខ្ញុំជារៀងរាល់ថ្ងៃ។
យើងខ្ញុំប្រកាសលែងទទួលនិងចង់វិលត្រឡប់ទៅរក "ស្រុកអេស៊ីព្ទ" (ទាសភាព) នៃអតីតកាលនោះ ហើយយើងខ្ញុំបែរត្រឡប់ឆ្ពោះទៅរកព្រះអង្គវិញ ឱ ព្រះអម្ចាស់យេស៊ូវ។ សូមជួយយើងខ្ញុំឱ្យរស់នៅ ដោយមានពេលចេះសម្រាកនៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ដែលជាទីព្រះអង្គប្រទានកម្លាំង និងភាពក្លាហាន ដែលយើងខ្ញុំត្រូវការ ជាប្រយោជន៍ឱ្យយើងខ្ញុំអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ អាមែន។
ដោយ៖ យ៉ូសែប កាបង់ហ្គូ (Joseph Kabongo) អតីតប្រធានអធិបតីនៃក្រុមជំនុំទ្វីបអាហ្រ្វិកប្រចាំប្រទេសស្វីស នៅប្រទេសស្វីស។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!
More