ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 1 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងអត្តសញ្ញាណ

ពេលស្មឹងស្មាធិ៍

មានមិត្តភក្តិពីរនាក់បានស្វែងរកការងារធ្វើអស់រយៈពេលជាយូរ ទាំងពួកគាត់មានពេញដោយសម្ពាធដ៏ធ្ងន់ក្រៃ ដោយសារតែពួកគេម្នាក់ៗសុទ្ធតែមានគ្រួសារត្រូវមើលថែនិងផ្គត់ផ្គង់។ ពួកគេបានចូលរួមថ្នាក់សិក្សាលើប្រធានបទ៖ "ជំនឿគ្រីស្ទបរិស័ទនិងរឿងការងារ" ដែលជាវគ្គសិក្សាខ្ញុំបានបង្រៀននៅឯក្រុមជំនុំ។ នៅក្នុងអំឡុងពេលសិក្សា ពួកគេធ្វើការឆ្លុះបញ្ចាំងយ៉ាងបើកចំហចំពោះរឿងគ្មានការងារធ្វើរបស់ពួកគាត់។ តាមការចែកចាយនោះ ពួកគាត់មានភាពថប់បារម្ភយ៉ាងខ្លាំងចំពោះអត្តសញ្ញាណរបស់ខ្លួន។ តើគុណតម្លៃរបស់ខ្ញុំវាផ្អែកទៅលើរឿងដែលខ្ញុំមានការងារធ្វើនៅលើផែនដីនេះ ដែរឬយ៉ាងណា? តើឱ្យខ្ញុំសម្គាល់ពីខ្លួនឯងជាមួយនឹងការងារដែលខ្ញុំមាននោះប៉ុណ្ណា? តើឥទ្ធិពលនៃការគ្មានការងាររបស់ខ្ញុំ វាមានទំហំប៉ះពាល់យ៉ាងណាមកលើរូបខ្ញុំ?

ពួកយើងចាប់អារម្មណ៍ណាស់ចំពោះទីបន្ទាល់របស់ពួកគាត់ ហើយយើងការចាប់ដឹងថាការងាររបស់យើង មានន័យធំប៉ុណ្ណាចំពោះអត្តសញ្ញាណរបស់យើងដែរ។ ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យឱ្យមានការសម្រាកមួយថ្ងៃ ក្នុងមួយសប្ដាហ៍ – ដែលនោះគឺជាថ្ងៃសប្ប័ទ – ដើម្បីរំឭកដល់យើង ថាអត្តសញ្ញាណរបស់យើង នោះមិនកំណត់ដោយការងាររបស់យើងនោះទេ។

ជនជាតិយូដាបានរងនូវការលួចប្លន់ពីការសម្រាកនៃថ្ងៃសប្ប័ទនេះ។ ក្នុងនាមជាទាសករ ពួកគេត្រូវប្រឹងប្រែងធ្វើការឥតឈប់ឈរក្រោមអំណាចបញ្ជារបស់ ស្ដេច ផារ៉ោន។ ពួកគេបានជាប់ក្នុងអន្ទាក់នៃប្រព័ន្ធមួយ ដែលកេងប្រវ័ញ្ចទៅលើពួកគេ ហើយពួកគេត្រូវបានប្រជាជាតិមួយទៀតគ្រប់គ្រងយ៉ាងដាច់អហង្ការ ទោះបីពួកគេជាមនុស្សដែលព្រះបានបង្កើតមកក្ដី។ តែទោះជាដូច្នេះ ព្រះជាម្ចាស់ពុំយល់ស្របនឹងស្ថានភាពនិងឋានៈបែបនេះឡើយ។ ព្រះអង្គបានរំដោះប្រជារាស្រ្តរបស់ទ្រង់ឱ្យមានសេរីភាព។ នៅទីរហោស្ថានក្រៅស្រុកអេស៊ីព្ទ ជនជាតិយូដាអាចអបអរសប្បាយចំពោះថ្ងៃសប្ប័ទសាជាថ្មីម្ដងទៀត។ ក្នុងខណៈពេលពួកគេកំពុងតែថ្វាយបង្គំព្រះ នោះពួកគេបានទទួលការរំឭកអំពីអត្តសញ្ញាណដ៏ពិត និងយ៉ាងជ្រាលជ្រៅរបស់ពួកគេ៖ ពួកគេគឺជាប្រជារាស្ត្រ ដែលព្រះបានជ្រើសរើស និងជាទីស្រឡាញ់ចំពោះព្រះជាម្ចាស់។

ហេតុនេះហើយ ថ្ងៃសប្ប័ទ នោះគឺជារឿងចាំបាច់និងសំខាន់សម្រាប់យើងរាល់គ្នា។ នៅពេលយើងថ្វាយបង្គំព្រះ ហើយមានការរួមប្រកបជាមួយគ្នាទៅវិញទៅមក នោះយើងទទួលបាននូវបទពិសោធន៍ ថាដោយការយើងចេះឱ្យ នោះយើងក៏នឹងទទួលបានមកវិញផងដែរ។ យើងរាល់គ្នាមានតម្លៃធំធេងជាងអ្វីដែលយើងធ្វើ និងអ្វីដែលយើងសម្រេចបានទៅទៀត។ នៅគ្រាចុងបញ្ចប់ អត្តសញ្ញាណនិងភាពថ្លៃថ្នូររបស់យើង គឺយើងអាចរកឃើញនៅក្នុងការដែលយើងចេះទទួលស្គាល់ថាយើងជានរណា – ទោះបើយើងមិនសក្តិសមទទួលក្ដី – នោះគឺថា យើងជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។

ការងារជួយឱ្យយើងចេះកសាងនូវចរិតលក្ខណៈរបស់យើង ប៉ុន្តែគុណតម្លៃរបស់យើងក្នុងនាមជាមនុស្ស នោះមិនកំណត់ដោយអ្វីដែលយើងធ្វើនោះទេ។ នៅចំថ្ងៃដែលយើងត្រូវឈប់សម្រាក នោះយើងទទួលបានសិទ្ធិ ដោយមិនចាំបាច់គិតពីការងារ ហើយមកទទួលបទពិសោធន៍នៃភាពជិតស្និទ្ធនឹងព្រះជាម្ចាស់សាជាថ្មី។ ដោយមានជំនួយពីថ្ងៃសប្ប័ទ ដែលជាថ្ងៃឈប់សម្រាក ផ្ដល់ដោយក្រឹត្យវិន័យរបស់ព្រះ នោះយើងអាចទទួលបាននូវភាពសុខសាន្ត។ គុណតម្លៃនិងភាពសក្តិសមរបស់យើង នោះផ្អែកទៅលើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់។

មិត្តភក្តិទាំងពីរដែលបានមកទទួលនូវវគ្គសិក្សា ពួកគេឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់ទៅលើអត្តសញ្ញាណរបស់ខ្លួន។ នៅក្នុងអំឡុងពេលដ៏លំបាករបស់ពួកគេ ពួកគេបានរៀនយល់ថាព្រះជាម្ចាស់ស្រឡាញ់ដល់ពួកគេ ដោយមិនគិតពីការងារ ឬសមិទ្ធផលរបស់ពួកគេឡើយ។ ជាលទ្ធផល ពួកគេបានស្វែងរកឃើញនូវទស្សនៈដែលទ្រទ្រង់ និងនាំឱ្យមានការលើកទឹកចិត្តសម្រាប់ជីវិតរបស់ពួកគេ។

សំណួរសម្រាប់ឆ្លុះបញ្ចាំង

  • តើសង្គម គេវាស់ស្ទង់នូវគុណតម្លៃរបស់ខ្ញុំ ដោយរបៀបណា? ចុះចំណែកព្រះជាម្ចាស់វិញ តើព្រះអង្គវាស់យ៉ាងដូចម្ដេច?
  • តើឱ្យខ្ញុំកំណត់អត្តសញ្ញាណរបស់ខ្ញុំ ដោយសមិទ្ធផលទាំងឡាយដែលខ្ញុំត្រូវតែងតែមាន ឬក៏គ្រាន់តែឱ្យខ្ញុំអាច "ក្លាយជា" ជាជាង "អ្វីដែលខ្ញុំធ្វើ" នៅថ្ងៃអាទិត្យ តែប៉ុណ្ណោះក៏បាន?
  • តើឱ្យខ្ញុំអាចទទួលបាននូវគុណតម្លៃរបស់ខ្ញុំនៅក្នុងព្រះជាប្រចាំថ្ងៃ ក្នុងជីវិតរបស់ខ្ញុំ ហើយបង្ហាញពីតម្លៃនេះដល់អ្នកដទៃបានដោយរបៀបណា?

ប្រធានបទសម្រាប់អធិស្ឋាន

  • យើងសូមអរគុណដល់ព្រះ សម្រាប់ពេលវេលាសម្រាកជារៀងរាល់សប្ដាហ៍ ដែលនៅគ្រានោះ យើងអាចទទួលបានបទពិសោធន៍ ទាំងដឹងថាយើងជាកូនដ៏ជាទីស្រឡាញ់របស់ព្រះ ដោយយើងមិនចាំបាច់ប្រឹងធ្វើ ឬសំអាងទៅលើសមិទ្ធផលអ្វីទាំងអស់។
  • យើងសូមអរគុណដល់ព្រះ សម្រាប់ការងាររបស់យើង ហើយដែលវាបានអភិវឌ្ឍដល់ចរិតលក្ខណៈរបស់យើង ហើយវាបានផ្គត់ផ្គង់ដល់យើង។
  • យើងសូមអធិស្ឋានសម្រាប់អស់អ្នកដែលធ្លាក់ខ្លួនដូចជាទាសករទៅក្នុងរបត់សង្គម ដែលរស់នៅនិងឱ្យតម្លៃតែលើការប្រព្រឹត្ត។ ព្រះអម្ចាស់អើយ សូមព្រះអង្គបានរំដោះដល់យើងខ្ញុំ ដូចដែលព្រះអង្គបានរំដោះប្រជារាស្រ្តរបស់ទ្រង់នៅឯស្រុកអេស៊ីព្ទផង។
  • យើងសូមកែប្រែចិត្តគំនិត ដោយព្រោះតែយើងធ្លាប់ពឹងផ្អែកខ្លាំងពេកទៅលើសមិទ្ធផលនិងការប្រព្រឹត្តរបស់យើង ជាជាងពឹងផ្អែកទៅលើអត្តសញ្ញាណរបស់យើងនៅក្នុងព្រះអង្គ។

លំនាំអធិស្ឋាន

ឱ ព្រះអម្ចាស់អើយ យើងខ្ញុំបានប្រឹងព្យាយាមយ៉ាងនឿយណាយ ដើម្បីស្វែងរកទីជម្រកនៅក្នុងព្រះអង្គ ប៉ុន្តែយើងខ្ញុំពុំដឹងថា ត្រូវធ្វើដោយរបៀបណាទេ។ ដោយសារតែមានការជះឥទ្ធិពលពីអ្វីៗនៅក្នុងជីវិតជាប្រចាំថ្ងៃ នោះយើងខ្ញុំបានផ្ដោតចិត្តគំនិតតែទៅលើសមិទ្ធផលរបស់ខ្លួន ទោះបើយើងខ្ញុំទន្ទឹងចង់បានការយល់ស្របនិងក្ដីស្រឡាញ់ក្ដី។

សូមអរគុណព្រះអង្គ ដែលបានស្រឡាញ់យើងខ្ញុំជាមុនរួចស្រេចទៅហើយ។ សូមអរគុណព្រះអង្គដែលបានប្រទានឱ្យយើងខ្ញុំនូវក្ដីស្រឡាញ់គ្មានលក្ខខណ្ឌ។ សូមអរគុណព្រះអង្គដែលបានបីបាច់មើលថែទាំយើង ទាំងរូបព្រលឹងនៃយើង ហើយផ្គត់ផ្គង់រាល់គ្រប់អ្វីៗដែលយើងខ្ញុំត្រូវការផង។ យើងខ្ញុំមិនត្រូវការ "វីតាមីន" ណាបន្ថែមផ្សេងទៀតទេ។

ព្រះអង្គអើយ សូមជួយយើងខ្ញុំឱ្យយល់ពីសេចក្ដីស្រេកឃ្លានដែលយើងខ្ញុំមាន។ សូមឱ្យការចង់បាននោះ គឺជាក្ដីប្រាថ្នាចង់បានចំពោះព្រះអង្គវិញ។ សូមជួយឱ្យយើងខ្ញុំទទួលបានការចិញ្ចឹមបំប៉នដោយក្ដីស្រឡាញ់របស់ព្រះអង្គ។ សូមបង្ហាញដល់យើងខ្ញុំពីរបៀបដែលយើងខ្ញុំអាចចូលទៅក្នុងព្រះវត្តមានរបស់ព្រះអង្គជារៀងរាល់ថ្ងៃ និងសូមជួយដឹកនាំយើងខ្ញុំជានិច្ច។ អាមែន។


ដោយ៖ ចេស៊ីឡា ខេស្លឺ-បឺសឺរ (Gisela Kessler-Berther) បណ្ឌិតផ្នែកទេវវិទ្យា និងមានតួនាទីជាអ្នកដឺកនាំក្នុងមុខងារផ្សេងៗនៃវិស័យសុខភាពនិងការអប់រំ នៅប្រទេសស្វីស។

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org