ថ្ងៃសប្ប័ទ - រស់នៅស្របតាមចង្វាក់ជីវិតរបស់ព្រះគំរូ

Sabbath - Living According to God's Rhythm

ថ្ងៃទី 3 ក្នុងចំណោម 8 ថ្ងៃ

ថ្ងៃសប្ប័ទនិងការសម្រាក

ពេលស្មឹងស្មាធិ៍

កាលខ្ញុំនៅក្មេង រាល់ថ្ងៃអាទិត្យ ខ្ញុំតែងតែមានរ៉ូបសម្រាប់ថ្ងៃនោះ។ នៅយប់ថ្ងៃសៅរ៍ ខ្ញុំលាតរ៉ូបនោះត្រៀមទុក ដោយខ្ញុំដឹងថានៅថ្ងៃបន្ទាប់គឺជាថ្ងៃអាទិត្យ។ ហើយនេះមានន័យថា ខ្ញុំបានសម្រាកដែរ។ នៅពេលព្រឹក ខ្ញុំបានចូលរួមថ្នាក់ថ្ងៃអាទិត្យ ជាមួយបងប្អូនរបស់ខ្ញុំ។ ហើយនៅពេលរសៀល នោះឪពុកម្ដាយខ្ញុំ គាត់ចំណាយពេលជាមួយនឹងពួកយើង។ យើងលេងអ្វីៗជាមួយគ្នា មានទាំងលេងភ្លេង ឬដើរឡើងភ្នំ ជាដើម។ សព្វថ្ងៃនេះ ខ្ញុំគឺជាអ្នកដឹកនាំម្នាក់ នៅក្នុងក្រុមជំនុំ ហើយខ្ញុំនៅតែមានរ៉ូបពិសេសមួយ សម្រាប់ថ្ងៃអាទិត្យដដែល។

អស់រយៈពេលជាងរាប់ពាន់ឆ្នាំមកហើយ ជនជាតិយូដា និងគ្រីស្ទបរិស័ទតាំងពីសម័យបុរាណ គេសុទ្ធតែដឹងពីគោលការណ៍នៃការឈប់សម្រាក ហើយគេបានផ្អាកពីភារៈកិច្ចនានានៅថ្ងៃសប្ប័ទ។ ទង្វើនេះ បានកើតមានឡើងចាប់តាំងពីគ្រាព្រះបានបង្កើតរាល់របស់សព្វសារពើ ហើយនៅថ្ងៃទី ៧ នោះព្រះជាម្ចាស់បានសម្រាក បន្ទាប់ពីព្រះអង្គបានបង្កើតរាល់អ្វីៗ អស់រយៈពេល ៦ ថ្ងៃមក។ ចាប់តាំងពីការរស់ឡើងវិញពីក្ដីស្លាប់របស់ព្រះយេស៊ូវ នោះថ្ងៃសប្ប័ទក៏ចាប់ផ្ដើមផ្ដល់អត្ថន័យទៅដល់សហគមន៍គ្រីស្ទបរិស័ទ ដែលលេចចេញឡើង ដោយសារតែជំនឿផងដែរ។ នៅថ្ងៃនោះ ពួកគេបានមករួបរួមគ្នា ដើម្បីថ្វាយបង្គំ និងរួមប្រកបជាមួយនឹងគ្នា។

ព្រះជាម្ចាស់ប្រទានមួយថ្ងៃឱ្យយើងបានឈប់សម្រាក–ដែលជាថ្ងៃអាទិត្យ–ដើម្បីបានជាការឈប់ផ្អាក ចំពោះជីវិតនិងវប្បធម៌ដ៏មមាញឹករបស់យើង។ ថ្ងៃសម្រាកមិនចងភ្ជាប់ទៅនឹងថ្ងៃពិតប្រាកដណាមួយ ក្នុងសប្ដាហ៍នោះទេ ប៉ុន្តែថ្ងៃនោះ គួរតែជាថ្ងៃពិសេសជាងថ្ងៃដទៃទៀត។ ថ្ងៃសប្ប័ទនោះគឺជាការរំឭកថាគុណតម្លៃក្នុងភាពជាមនុស្សរបស់យើង ពុំមែនផ្អែកទៅលើសមិទ្ធផលដែលយើងទទួលបាននោះឡើយ។ លោកវេជ្ជបណ្ឌិត និងជាទេវវិទូ អាល់ប៊ឺត ឆ្វេតសឺ (Albert Schweitzer) ថ្លែងយ៉ាងសមរម្យថាដូច្នេះ៖ «នៅពេលណាដែលព្រលឹងរបស់អ្នកខ្វះថ្ងៃអាទិត្យ នោះវានឹងស្វិតស្រពោន»។

យើងរាល់គ្នាជាអ្នកសម្រេច ថានៅពេលណាដែលយើងត្រូវរក្សាទុកនូវថ្ងៃសម្រាកនោះ។ វាតម្រូវឱ្យយើងចេះចំណាយពេល ដើម្បីឱ្យយើងចេះនៅស្ងៀម។ ប្រសិនបើខ្ញុំចាក់ទឹកកខ្វក់ ចូលទៅក្នុងកែវ នោះលម្អង វានឹងធ្លាក់ទៅក្រោម ក្នុងរយៈពេលមួយ រួចហើយទឹកវានឹងបានថ្លា។ ព្រោះវាបានទទួលភាពស្ងប់ស្ងៀម។ នៅពេលណាដែលយើងស្វែងរកការសម្រាកក្នុងភាពស្ងប់ស្ងៀម នោះព្រលឹងរបស់យើងនឹងស្វែងរកឃើញនូវភាពស្ងប់ស្ងាត់ផងដែរ។ រាល់គំនិតក្នុងទីជ្រៅទាំងឡាយរបស់យើង វានឹងអណ្ដែតមកផ្ទៃខាងលើ ហើយគំនិតអស់ទាំងនោះ គឺជាអ្វីដែលយើងអាចនាំវាទៅថ្វាយដល់ព្រះដូចគ្នា។

ជារៀងរាល់ថ្ងៃ ខ្ញុំតាំងស្មារតី នឹងញែកពេលកន្លះម៉ោង។ ខ្ញុំទៅកាន់ទីកន្លែងមួយដែលគ្មានអ្វីអាចមករំខានដល់ខ្ញុំ។ ខ្ញុំចូលទៅចំពោះព្រះ ចំពោះព្រះយេស៊ូវ ក្នុងនាមជារូបខ្ញុំតែម្ដង។ នៅទីនោះព្រះទ្រង់ទន្ទឹងចាំខ្ញុំ។ ខ្ញុំផ្ដោតគំនិតចូលទៅក្នុងចិត្តរបស់ខ្ញុំ ទាំងគិតពីការដកដង្ហើម រួចហើយខ្ញុំផ្ដោតចិត្តទៅកាន់គំនិតនិងអារម្មណ៍របស់ខ្ញុំ។ មិនថាជាមានអ្វីមករុញច្រានខ្ញុំទេ នោះខ្ញុំថ្វាយការអស់ទៅនោះទៅចំពោះព្រះ នៅរាល់ពេលដែលខ្ញុំបន្ធូរដង្ហើមនីមួយៗរបស់ខ្ញុំ។ ខ្ញុំស្រាយវាចេញ ហើយខ្ញុំអនុញ្ញាតឱ្យព្រះធ្វើការ។ ខ្ញុំចំណាយពេល ដោយមិនបង្ខំ រួចខ្ញុំបញ្ចប់ពេលនោះ ដោយសេចក្ដីអធិស្ឋានទាំងអរព្រះគុណព្រះ។

ព្រះយេស៊ូវបានអញ្ជើញដល់ពួកសាវ័ករបស់ព្រះអង្គ៖ «ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក ហើយ​សម្រាក​បន្តិច​សិន» (ម៉ាកុស ៦៖៣១)។ ឥឡូវនេះ ព្រះអង្គកំពុងតែអញ្ជើញយើងឱ្យធ្វើអញ្ចឹងដូចគ្នា។

សំណួរសម្រាប់ឆ្លុះបញ្ចាំង

  • តើមានរឿងអ្វីដែលកំពុងរារាំងខ្ញុំមិនឱ្យទៅរកភាពស្ងប់ស្ងៀមនិងការសម្រាក?
  • តើខ្ញុំហ៊ានតាំងស្មារតី ចេះចំណាយពេល ដោយមិនទៅចង់ដឹងរឿងរ៉ាវផ្សេងៗ ឬកាន់ទូរស័ព្ទរបស់ខ្ញុំដែរឬទេ?
  • ព្រះជាម្ចាស់បានប្រទានពរ និងប្រោសឱ្យថ្ងៃទី ៧ បានទៅជាបរិសុទ្ធ។ តើរូបខ្ញុំនៅតែចាត់ទុកថាថ្ងៃអាទិត្យគឺជាថ្ងៃបរិសុទ្ធដែរឬទេ? តើខ្ញុំមានអារម្មណ៍ថាព្រះប្រទានពរដល់ថ្ងៃអាទិត្យរបស់ខ្ញុំដែរឬទេ?

ប្រធានបទសម្រាប់អធិស្ឋាន

  • យើងសូមអធិស្ឋានសម្រាប់ព្រះគុណ ដើម្បីឱ្យយើងអាចយកឈ្នះលើភាពភ័យខ្លាចនៃការនៅស្ងប់ស្ងាត់ និងភាពដែលយើងមិនហ៊ាននៅស្ងៀម (អាចជាថាខាតពេល)។
  • យើងសូមអធិស្ឋានសម្រាប់ចិត្តប៉ងប្រាថ្នាដែលមាននៅក្នុងយើង ដើម្បីឱ្យយើងចង់បានព្រះវត្តមានព្រះ ជាប្រយោជន៍ឱ្យយើងបន្តរស់រាន និងបង្កើតពេលសម្រាប់ព្រះវត្តមានព្រះ ជារៀងរាល់ថ្ងៃរបស់យើង។
  • យើងសូមអធិស្ឋានសម្រាប់រាល់រឿងហេតុដែលយើងមិនអាចពន្យល់បាន ដែលវាអណ្ដែតចេញមកពីក្នុងជម្រៅចិត្តរបស់យើង នៅពេលដែលយើងនៅស្ងៀមស្ងាត់។ យើងសូមអធិស្ឋានថាយើងនឹងមិនព្រងើយកន្តើយនឹងវា ប៉ុន្តែហ៊ានទទួលស្គាល់ពីវា នៅចំពោះព្រះជាម្ចាស់។
  • យើងសូមអធិស្ឋានសម្រាប់ប្រាជ្ញានិងការការពារសម្រាប់រាល់គ្រាទាំងឡាយដែលយើងនៅស្ងាត់ស្ងៀម ជាពិសេសនៅពេលយើងទទួលបានការប៉ះពាល់ដោយព្រះបន្ទូលនៃព្រះ។
  • យើងសូមអធិស្ឋានសម្រាប់ក្រុមជំនុំនិងទីប្រជុំថ្វាយបង្គំ ដែលជាកន្លែងសម្រាក។ សូមឱ្យកន្លែងទាំងនោះ បានក្លាយទៅជាទីដែលមនុស្សទទួលបាននិងឮពីព្រះបន្ទូលព្រះ។
  • យើងសូមអធិស្ឋានសម្រាប់អស់អ្នកណាដែលមានសម្ពាធតានតឹង ដោយសារតែទម្ងន់ការងារ និងភារៈកិច្ច ហើយមិនអាចទម្លាក់បន្ទុកអស់ទាំងនោះចុះបានមួយរយៈ។

លំនាំអធិស្ឋាន

ឱ ព្រះអង្គអើយ ទូលបង្គំនៅទីនេះ នៅចំពោះព្រះភក្រ្តព្រះអង្គ។ គឺនៅក្នុងរូបទូលបង្គំផ្ទាល់៖ ដោយចិត្តសម្រាក ឬតានតឹង ខ្សោះនិងក្រៀមស្វិត ឬពេញដោយការអរព្រះគុណ ពេញដោយក្ដីប៉ងប្រាថ្នា ឬដោយគ្មានទស្សនៈអ្វីទាំងអស់។

ឱ ព្រះអង្គអើយ ទ្រង់គឺជាប្រភពនៃជីវិតរបស់ទូលបង្គំ។ សូមយាងមក ជាមួយនឹងព្រះចេស្ដានៃការប្រោសឱ្យទូលបង្គំបានទៅជាថ្មី។ សូមជម្រះសម្អាតទូលបង្គំ។ សូមព្យាបាលទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចក្លាយទៅជាមនុស្ស ដែលព្រះអង្គបានបង្កើតមក និងឱ្យបានសព្វតាមបំណងហឫទ័យរបស់ព្រះអង្គ។ អាមែន។


ដោយ៖ ដូនជី លីឌា ស្រ្កាន (Sister Lydia Schranz) អ្នកដឹកនាំគ្រប់គ្រងវិហារនិងជាអ្នកលើកទឹកចិត្តក្នុងក្រុមជំនុំ នៅប្រទេសស្វីស។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Sabbath - Living According to God's Rhythm

សប្ដាហ៍នៃការអធិស្ឋានពីក្រុមប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទ (Evangelical Alliance) ហៅកាត់ថា WOP គឺជាការផ្ដួចផ្ដើមពីជុំវិញពិភពលោក ទោះភាគច្រើនប្រតិបត្តិនៅអ៊ឺរ៉ុបក្ដី ក៏ពួកគាត់បានផ្ដល់មេរៀនសិក្សាពីប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (European Evangelical Alliance) ដែរ។ WOP នៅក្នុងឆ្នាំ ២០២២ បានប្រព្រឹត្តឡើងក្រោមប្រធានបទមួយមានចំណងជើងថា "ថ្ងៃសប្ប័ទ"។ ក្នុងរយៈពេល ៨ ថ្ងៃ នោះអ្នកអាននឹងទទួលបានការអញ្ជើញឱ្យមកផ្ដោតនិងផ្ចង់ចិត្តទៅលើចំណុចនីមួយៗពីថ្ងៃសប្ប័ទ ដោយថ្លែងពី៖ អត្តសញ្ញាណ ការផ្គត់ផ្គង់ ការសម្រាក ការរំឭក អំណរ ភាពសប្បុរស និងក្ដីសង្ឃឹម។ យើងខ្ញុំសង្ឃឹមថាមេរៀនអស់ទាំងនេះនឹងជួយដល់អ្នកឱ្យរុកស្វែងរកឃើញសាជាថ្មីនូវជីវិត ដែលស្របទៅនឹងចង្វាក់ដំណើរជីវិត ស្របតាមព្រះជាម្ចាស់!

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទអ៊ឺរ៉ុប (Europe Evangelical Alliance) ដែលបានជួយផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.europeanea.org