ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ
ព្រះយេស៊ូនិងមនុស្សពុករលួយ
មន្ត្រីពុករលួយក្នុងជួររាជរដ្ឋាភិបាល គឺជាក្រុមមនុស្សដែលគេស្អប់ និងទទួលការភ័យខ្លាចពីមនុស្ស ដែលពួកគេជិះជាន់។ ប៉ុន្តែ ព្រះយេស៊ូឈោងចាប់ទាំងអ្នកជិះជាន់គេ និងអ្នកដែលត្រូវបានគេជិះជាន់ដូចគ្នា។
ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក យោងលើកំណត់ត្រាអនុវត្តក្រោមចំណងជើងថា "ការណាត់ជួបដែលផ្លាស់ប្រែជីវិត"៖
សាខេ មានចិត្តចង់ឃើញ ថាព្រះយេស៊ូជានរណា។ គាត់ប្រឹងប្រែងយ៉ាងខ្លាំង រហូតដល់គាត់ខំរត់ទៅមុខគេ ហើយឡើងដើមឈើមួយ ដើម្បីឱ្យគាត់គ្រាន់តែបានមើលឃើញព្រះយេស៊ូបានច្បាស់។ បើត្រឹមតែបានមើលឃើញព្រះយេស៊ូ នោះសាខេ គាត់ស្កប់ចិត្តណាស់ហើយ។ តែទោះជាយ៉ាងនេះក្ដី ព្រះយេស៊ូបានប្រទានឱកាសឱ្យសាខេនូវបទពិសោធន៍ដ៏មានន័យជាងនេះទៅទៀត។
បន្ទាប់ពី សាខេបានជួបព្រះយេស៊ូផ្ទាល់ហើយ នោះគាត់លែងបម្រើការងារ ខាងធ្វើជាអ្នកទារពន្ធ របស់គាត់តទៅទៀតដែរ។ គាត់ធ្លាប់បានបោកប្រាស់មនុស្សទាំងឡាយ ប៉ុន្តែគាត់បានដឹងថាគាត់ត្រូវតែឈប់បោកបញ្ឆោតគេតទៅទៀត ហើយសងថ្លៃទៅគេវិញ រាល់អ្វីៗ ដែលគាត់ធ្លាប់បានលួចពីគេ។ សាខេបានទទួលស្គាល់ថាទង្វើមិនទៀងត្រង់របស់គាត់ បានបង្កឱ្យមានភាពក្រីក្រនៅជុំវិញរូបគាត់។ គាត់បានទទួលនូវអារម្មណ៍ថាគាត់មានទំនួលខុសត្រូវថ្មី ចំពោះសហគមន៍របស់គាត់។
សាខេ គឺជាមនុស្សគំរូម្នាក់ ដែលគាត់ពិតជាចង់ស្គាល់ព្រះយេស៊ូ។ ជាហេតុ នោះព្រះយេស៊ូបានបង្ហាញដល់គាត់នូវរបៀបរស់នៅថ្មី សម្រាប់ជីវិត។ សាខេបានឱបក្រសោបចំពោះរបៀបរស់នៅនោះយ៉ាងពេញលេញ ដោយគាត់បានផ្លាស់ប្រែគុណតម្លៃ និងអត្តចរិតរបស់គាត់។ ប្រសិនបើយើងបែរទៅរកព្រះយេស៊ូ នោះជីវិតរបស់យើងនឹងបានផ្លាស់ប្រែ។
សារសំខាន់ពីរឿងរបស់សាខេ នោះគឺថាដំណឹងល្អ អាចទៅប៉ះពាល់មនុស្សគ្រប់រូប បើទោះបីជាមនុស្សនោះធ្លាប់ពុករលួយ និងធ្លាប់បានបំពានលើអ្នកដទៃក្ដី។ មិនថាអ្នកធ្លាប់ជាមនុស្សគេស្អប់ខ្ពើមខ្លាំងយ៉ាងណាក្នុងសង្គម ជាអ្នកជាប់ទោស ជាអ្នកជួញដូរគ្រឿងញៀន ឬអាក្រក់ជាងនេះក្ដី កាដូនៃសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូ និងរបៀបរស់នៅថ្មីសម្រាប់ជីវិត គឺនៅតែមានសម្រាប់អ្នកជានិច្ច។
ឆ្លុះបញ្ចាំង ឬពិភាក្សា
ព្រះយេស៊ូបានជ្រើសរើសធ្វើជាភ្ញៀវរបស់សាខេ ទោះបីជាមនុស្សទាំងឡាយគេថា ព្រះអង្គមិនគួរធ្វើដូច្នេះក្ដី។ តើហេតុអ្វីបានជាព្រះយេស៊ូយាងទៅផ្ទះមនុស្សមានបាបដ៏សែនល្បីយ៉ាងដូច្នេះ?
តើអ្នកគិតថា ហេតុអ្វីបានជា សាខេ ដោយឡែកពីទង្វើពុករលួយទាំងប៉ុន្មានរបស់គាត់ ក៏គាត់នៅតែមានចិត្តចង់ទៅឃើញព្រះយេស៊ូយ៉ាងនេះ?
តើមានលទ្ធផលអ្វីកើតឡើង នៅក្នុងជីវិតរបស់ សាខេ ហើយនិងសហគមន៍របស់គាត់ នៅពេលដែលព្រះយេស៊ូបានទៅលេងគាត់?
តើព្រះយេស៊ូបានប៉ះពាល់ជីវិតរបស់អ្នកដែរឬទេ? ប្រសិនបើដូច្នេះមែន តើការប៉ះពាល់ទាំងនោះ បានទៅដល់សហគមន៍របស់អ្នកយ៉ាងណាខ្លះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់ – តើមនុស្សអស់ទាំងនេះ ដែលកំពុងស្ថិតនៅឯជាយនៃក្ដីសង្ឃឹម គេអាចមកទាក់ទងព្រះដ៏វិសុទ្ធបានដោយរបៀបណា? ដោយយោងលើគំហើញគំនិតនៃកណ្ឌគម្ពីរលូកា ដកស្រង់ពីកម្មវិធីសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក ចូរអ្នកដើរតាមព្រះយេស៊ូ ក្នុងខណៈពេលព្រះអង្គ ធ្វើជាស្ពាន ក្នុងទីចន្លោះរវាងព្រះជាម្ចាស់ ហើយនិងមនុស្ស ដែលគេរាប់ចាត់ទុកថាជាមនុស្សបាតសង្គម។
More