ដើរតាមព្រះយេស៊ូ ដែលជាអ្នកផ្សះផ្សារបស់យើងគំរូ

Following Jesus Our Mediator

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

ព្រះយេស៊ូនិងអ្នកមានបាប

ព្រះយេស៊ូមិនដែលចាត់ទុកនរណាម្នាក់ ដែលមានបាបធ្ងន់ពេក រហូតដល់គេមិនអាចទទួលបានការអត់ឱនទោសនោះឡើយ។ ព្រះអង្គស្វាគមន៍ដល់អស់អ្នកដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមទាំងមូល។

ដកស្រង់ពី វគ្គសិក្សាព្រះគម្ពីរនៅប៉ែកអាហ្រ្វិក យោងលើកំណត់ត្រាអនុវត្តក្រោមចំណងជើងថា "ក្លិនក្រអូបនៃការអត់ឱនទោស"៖

យើងគ្រប់គ្នាសុទ្ធតែធ្វើមិនបានដល់ស្តង់ដារដែលព្រះបានបង្គាប់ឱ្យយើងរស់នៅ។ អំពើបាបរបស់យើងធ្វើឱ្យមនុស្សដទៃឈឺចាប់ ហើយមានពេលខ្លះ គឺឈឺចាប់យ៉ាងជ្រៅទៀត។ អ្នកជឿដ៏ពិតប្រាកដ គាត់តែងប្រាថ្នាចង់បានការអត់ឱនទោស ទាំងមកពីព្រះ ហើយនិងមនុស្ស ដែលខ្លួនបានធ្វើឱ្យឈឺចាប់។ 

នៅក្នុងរឿងនេះ ស្ត្រីដែលបានប្រព្រឹត្តបាប នាងពិតជាអន្ទះអន្ទែងចង់បានការអត់ឱនទោសណាស់ រហូតដល់នាងហ៊ានឈានជើងចូលទៅក្នុងទីស្នាក់នៅរបស់មេដឹកនាំសាសនា។ នាងគ្មានការអញ្ជើញពីនរណាទេ។ នាងគ្មានសិទ្ធិ។ នាងមិនសក្ដិសម។ នាងគ្មាននរណា គេចង់ឱ្យមកជិតឡើយ។ នៅក្នុងភាពបន្ទាបខ្លួន នាងបានក្រាបចុះនៅចំពោះព្រះបាទារបស់ព្រះយេស៊ូ។ នាងបានទ្រហោយំ។ ទឹកភ្នែករបស់នាងបានធ្លាក់ទៅលើព្រះបាទារបស់ព្រះ។ ហើយនាងបានថើបព្រះបាទា ទាំងយកសក់របស់នាងទៅសម្ងួតទឹកភ្នែកទាំងនោះផង។ ក្នុងខណៈពេលដែលនាងចាក់បង្ហូរទឹកអប់ដ៏សែនថ្លៃនៅលើព្រះបាទា នោះក្លិនក្រអូបក៏បានជះក្លិនសព្វសាយពាសពេញបន្ទប់។

មនុស្សដទៃ ប្រហែលជាអាច ឬមិនប្រហែលជាអាច អត់ឱនទោសឱ្យយើង នៅពេលដែលយើងបានធ្វើទាស់ខុសចំពោះគាត់នោះទេ។ ប៉ុន្តែនៅពេលយើងក្រាបបន្ទាបខ្លួនយើងចុះចំពោះព្រះបាទារបស់ព្រះយេស៊ូ ទាំងដួងចិត្តយើងបាក់បែកខ្ទេចខ្ទាំ ដោយព្រោះតែអំពើបាបរបស់យើង នោះព្រះអង្គពុំរុញយើងឱ្យទៅម្ខាងទៀតឡើយ។ ព្រះអង្គមានបន្ទូលមកយើងថា៖ «បាបរបស់អ្នក ត្រូវបានអត់ឱនទោសឱ្យហើយ»។

ឆ្លុះបញ្ចាំង ឬពិភាក្សា

ស្រ្តីនៅក្នុងរឿងនេះ បានរស់នៅក្នុងជីវិតពេញដោយអំពើបាប ហើយបានប្រព្រឹត្តការអាក្រក់យ៉ាងខ្លាំងនៅចំពោះព្រះភក្ត្រនៃព្រះ។ តើអ្នកគិតថា ហេតុអ្វីបានជាព្រះយេស៊ូអត់ឱនទោសឱ្យនាង?

តើអ្នកមានអារម្មណ៍ថាខ្លួនមិនសក្ដិសម ឱ្យហៅថាជាបុត្រធីតានៃព្រះ ដែរឬទេ? តើហេតុអ្វីបានជាដូច្នេះ ឬហេតុអ្វីមិនដូច្នេះ?

ប្រសិនបើអ្នកសារភាពទោសកំហុសរបស់អ្នកទៅព្រះយេស៊ូ តើព្រះអង្គនឹងអត់ឱនទោសឱ្យអ្នក ដែរឬទេ? តើរឿងនេះបង្រៀនយើងដូចម្ដេចខ្លះ អំពីភាពត្រៀមនឹងអត់ឱនទោសនៃព្រះ ចំពោះរូបយើង?

តើយើងគួរឆ្លើយតបចំពោះការអត់ឱនទោសនោះយ៉ាងដូចម្ដេច?

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Following Jesus Our Mediator

អ្នកសុំទានជាជនពិការភ្នែក ស្រែកដង្ហោយទាំងអន្ទះអន្ទែង នៅក្បែរផ្លូវដើរ។ ស្រ្តីប្រព្រឹត្តទង្វើប្រាសចាកសីលធម៌ ដែលត្រូវបានគេស្អប់ខ្ពើម ដោយសង្គមមនុស្សថ្លៃថ្នូរ។ អ្នកបម្រើដ៏ពុករលួយក្នុងជួររដ្ឋាភិបាល ទាំងមានមនុស្សគ្រប់គ្នាគេស្អប់ – តើមនុស្សអស់ទាំងនេះ ដែលកំពុងស្ថិតនៅឯជាយនៃក្ដីសង្ឃឹម គេអាចមកទាក់ទងព្រះដ៏វិសុទ្ធបានដោយរបៀបណា? ដោយយោងលើគំហើញគំនិតនៃកណ្ឌគម្ពីរលូកា ដកស្រង់ពីកម្មវិធីសិក្សាព្រះគម្ពីរពីប៉ែកអាហ្រ្វិក ចូរអ្នកដើរតាមព្រះយេស៊ូ ក្នុងខណៈពេលព្រះអង្គ ធ្វើជាស្ពាន ក្នុងទីចន្លោះរវាងព្រះជាម្ចាស់ ហើយនិងមនុស្ស ដែលគេរាប់ចាត់ទុកថាជាមនុស្សបាតសង្គម។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះព័ន្ធកិច្ច អូអេស៊ីស អន្តរជាតិ (Oasis International Ltd) ដែលបានផ្តល់មេរៀននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ http://Oasisinternationalpublishing.com