ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់គំរូ
ថ្ងៃទី ៥៖ លោក ម៉ាដេកាយ និងព្រះនាង អេសធើរ
នៅគ្រាមុន យើងបានមើលទៅកាន់រឿងរបស់ ណាអូមី ហើយនិងនាងរស់ ហើយយើងបានឃើញពីរបៀបដែលម្ដាយក្មេក ដើរតួយ៉ាងសំខាន់ នៅក្នុងការបង្រៀនណែនាំផ្លូវ ដល់កូនស្រីប្រសារបស់គាត់។ នៅត្រង់នេះ យើងនឹងឃើញពីរបៀបដែលព្រះជាម្ចាស់ អាចប្រើរូបយើង ឱ្យទៅជះឥទ្ធិពលទៅដល់ជីវិតសមាជិកក្រុមគ្រួសារ ដែលនឹងបាននៅស្ថិតស្ថេរអស់កល្ប មិនថាអ្នកនោះ ជាបងប្អូនជីដូនមួយ មានភេទផ្ទុយពីគ្នា នោះក៏ដោយ។
លោក ម៉ាដេកាយ បានរស់នៅស្រុក ស៊ូសាន នៃចក្រភពពើរស៊ី នៅក្នុងអំឡុងពេលដែលប្រជារាស្រ្តនៃព្រះ ត្រូវបានគេជម្លៀសជាឈ្លើយ ឱ្យរស់នៅទីនោះ។ គាត់បានចាប់ផ្ដើមបង្រៀនណែនាំផ្លូវ ដល់ប្អូនជីដូនមួយរបស់គាត់ ឈ្មោះ អេសធើរ ដែលគាត់បានក្លាយទៅដូចជាកូនស្រីរបស់គាត់អញ្ចឹង។ នៅតាមដំណើរព្រឹត្តិការណ៍នាពេលនោះ យើងមើលឃើញពីរបៀបដែលគាត់ គឺជាមនុស្សដ៏ត្រឹមត្រូវ និងចំពេល ដើម្បីឱ្យមកដើរអែបក្បែរ អេសធើរ។ ហើយនាងគឺជាមនុស្សត្រូវម៉ាច់ ដើម្បីនឹងឈរទៅត្រង់ចន្លោះរវាងប្រជារាស្រ្តនៃព្រះ ហើយនិងមារសត្រូវ គឺពិតជាល្អ "សម្រាប់ពេលវេលាដ៏សែនអាក្រក់នោះ!"
នៅក្នុងជំពូកទី ១០ នៃកណ្ឌគម្ពីរ អេសធើរ យើងមើលឃើញពីរបៀបដែលស្ត្រីវ័យក្មេងមិនទំនងម្នាក់ បានរីកលូតលាស់ធំដឹងក្ដី ក្លាយទៅជាអគ្គមហេសី។ ដោយសារតែភាពនៅវ័យក្មេង និងគ្មានបទពិសោធន៍ ហើយជាជនជាតិហេព្រើរ នៅជាប់ជាឈ្លើយ នោះព្រះនាង អេសធើរ ត្រូវការការណែនាំផ្លូវ ដែលរឿងនេះ មានតែមនុស្សវ័យចំណាស់ ធ្លាប់ឆ្លងកាត់សព្វគ្រប់ហើយ អាចបង្រៀនដល់គាត់បានតែប៉ុណ្ណោះ។
បងជីដូនមួយរបស់ ព្រះនាងអេសធើរ ដែលជាលោក ម៉ាដេកាយ បានណែនាំផ្លូវព្រះនាង នៅគ្រប់ជំហានដែលព្រះនាងត្រូវដើរ ក្នុងខណៈពេលដែលព្រះនាងប្រឹងស្ដាប់តាមគាត់។ ព្រះនាងក៏ជាទីពេញចិត្តចំពោះអស់អ្នកដែលនៅជុំវិញផងដែរ។ នៅពេលដែលមានផែនការអាក្រក់មួយ ប៉ងនឹងបំផ្លាញរាល់អស់សាសន៍យូដាទាំងប៉ុន្មាននៅក្នុងស្រុកទេស នោះលោក ម៉ាដេកាយ បានដឹកនាំ ព្រះនាងអេសធើរ គ្រប់ជំហាន ដើម្បីឱ្យគាត់ទុកចិត្តលើព្រះ ហើយធ្វើការទូលអង្វរជំនួស ដើម្បីបានជាប្រយោជន៍ដល់ប្រជារាស្ត្រនៃព្រះ។
ព្រះជាម្ចាស់បានអន្តរាគមន៍! មិនគ្រាន់តែការបង្រៀនណែនាំផ្លូវរបស់ លោក ម៉ាដេកាយ បានផ្លាស់ប្រែជីវិត ព្រះនាងអេសធើរ តែប៉ុណ្ណោះនោះទេ ប៉ុន្តែគាត់បានបំផ្លាស់បំប្រែប្រជាជាតិទាំងមូល។ ព្រះជាម្ចាស់មិនគ្រាន់តែរក្សាការពារប្រជារាស្រ្តរបស់ព្រះអង្គតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ព្រះអង្គក៏ការពារអស់អ្នកដែលមករកព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ!
សេចក្ដីពិតនោះគឺថា យើងនឹងមិនដែលដឹងថាព្រះនឹងធ្វើការអ្វីខ្លះនោះទេ នៅពេលណាដែលព្រះអង្គដឹកនាំ និងប្រើប្រាស់ឱ្យយើងធ្វើជាអ្នកបង្រៀនណែនាំផ្លូវ ក្នុងជីវិតមួយទល់នឹងមួយ សម្រាប់នរណាម្នាក់ផ្សេងទៀត។ ពិតមែន ព្រះជាម្ចាស់ស្រឡាញ់មនុស្សគ្រប់រូប ហើយព្រះអង្គសព្វព្រះទ័យមើលឃើញថាគាត់នឹងរីកចម្រើនលូតលាស់កាន់តែប្រសើរ នៅក្នុងការគោរពកោតខ្លាចព្រះ។ នៅក្នុងពេលតែមួយ ក្នុងខណៈពេល ដែលយើងបានសម្លឹងមើលទៅរាល់ទំនាក់ទំនងនៃជីវិតមួយទល់នឹងមួយ ដែលយើងបានសិក្សាកន្លងមក នោះយើងបានដឹងច្បាស់ ថាព្រះជាម្ចាស់តែងតែធ្វើការ នៅក្នុងរបៀបដ៏អស្ចារ្យ ដើម្បីសម្រេចគោលបំណងរបស់ព្រះអង្គ នៅក្នុងពិភពលោកនេះ—ដោយប្រើប្រាស់មនុស្សដូចជារូបអ្នក ហើយនិងខ្ញុំ នៅក្នុងដំណើរប្រតិបត្តិការអស់ទាំងនេះ!
សូមឱ្យការរំឭកពីការបង្រៀនណែនាំផ្លូវក្នុងទំនាក់ទំនងជីវិតមួយទល់នឹងមួយ ពីក្នុងសម្ព័ន្ធមេត្រីចាស់ទាំងនេះ ជំរុញលើកទឹកចិត្តដល់អ្នក ដើម្បីឱ្យអ្នកអាចដាក់ទុន ទៅក្នុងជីវិតមនុស្សដែលនៅជុំវិញរូបអ្នក—គឺអស់អ្នកដែលនៅកន្លែងដែលអ្នករស់នៅ ទីកន្លែងធ្វើការ ហើយមនុស្សដែលអ្នកអធិស្ឋានឱ្យ!
_____
យើងខ្ញុំសូមថ្លែងអំណរគុណទៅដល់ លោក ឌីន រ៉ាយឌីង (Dean Ridings) ដែលជាកវីនិពន្ធនៃសៀវភៅ ការអធិស្ឋាន! កំណត់ត្រាសេចក្ដីអធិស្ឋាន (The Pray! Prayer Journal) ដើម្បីបានជាគម្រោងអាននេះ។ ចង់ស្វែងយល់បន្ថែម សូមចូលទៅមើល ក្រុមអ្នកគូសផ្លូវយាត្រា--The Navigators ផងដែរ។
អំពីគម្រោងអាននេះ
តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។
More