ដែកសំលៀងដែក៖ ជីវិតមួយទល់នឹងមួយ ក្នុងការបង្រៀនណែនាំផ្លូវ តាមរយៈរឿងក្នុងសម្ព័ន្ធមេត្រីចាស់គំរូ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

ថ្ងៃទី 1 ក្នុងចំណោម 5 ថ្ងៃ

ថ្ងៃទី ១៖ លោក អ័ប្រាហាំ ហើយនិង លោក ឡុត

ជីវិតលោក អ័ប្រាហាំ បានផ្ដល់ដល់យើងនូវគំរូមួយដំបូងគេបង្អស់ ពីការធ្វើជាអ្នកផ្ដល់ឱវាទ ជាអ្នកបង្រៀនណែនាំផ្លូវ ដែលមានចែងនៅក្នុងសម្ព័ន្ធមេត្រីចាស់។ គាត់បានធ្វើដំណើរអែបក្បែរក្មួយរបស់គាត់ គឺលោក ឡុត ដែលគាត់បានចាកចេញពីភូមិកំណើត ឈ្មោះ អ៊ើរ របស់គាត់ មកតាមលោកអ័ប្រាហាំ ទៅកាន់ទឹកដីមួយថ្មី ដែលព្រះបានសន្យា។ 

តាំងពីដើមដំបូង លោក អ័ប្រាហាំ បានធ្វើជាអ្នកបង្រៀនណែនាំផ្លូវ តាមរយៈគំរូទាំងឡាយ។ លោក ឡុត បានសម្លឹងមើល លោក អ័ប្រាហាំ ក្នុងខណៈពេល ដែលគាត់បានជួប បានស្ដាប់ឮ និងបានសន្ទនាជាមួយនឹងព្រះ។ គាត់បានសម្លឹងមើលឃើញពីរបៀបដែល អ័ប្រាហាំ សាងសង់អាសនៈថ្វាយដល់ព្រះអម្ចាស់ ដែលព្រះអង្គបានសម្ដែងអង្គទ្រង់មកឱ្យគាត់បានឃើញ។ លោក ឡុត បានសង្កេតមើលពីរបៀបដែល លោក អ័ប្រាហាំ បានពឹងផ្អែកលើព្រះជាម្ចាស់អស់ពីក្ដីសង្ឃឹមរបស់គាត់ ហើយគាត់ក៏បានដាក់ទំនុកចិត្តលើព្រះដូចគ្នាផងដែរ។

ក្នុងខណៈពេលដែលព្រះប្រទានពរ និងចម្រុងចម្រើនដល់ពួកគាត់ទាំងពីរ នោះមានពេលមួយ ដែលទឹកដីដែលគាត់រស់នៅ លែងអាចទ្រទ្រង់ដល់ហ្វូងសត្វ និងតង់ជំុរុំរបស់ពួកគាត់ ទាំងប៉ុន្មានតទៅទៀត។ ដូច្នេះ ពួកគាត់ត្រូវការញែកចេញពីគ្នា។ ដោយក្ដីមេត្តាសប្បុរស នោះលោក អ័ប្រាហាំ បានអញ្ជើញឱ្យ លោក ឡុត ជ្រើសយកទីកន្លែងណាដែលគាត់ចង់ទៅស្នាក់អាស្រ័យមុន ហើយគាត់ទៅជ្រកកោននិងបោះតង់នៅទីកន្លែងមួយផ្សេង។

ចូរកត់សម្គាល់មើល ថាលោក អ័ប្រាហាំ បាននៅបន្តមើលថែចំពោះក្មួយរបស់គាត់។ គាត់បានទៅជួយរំដោះ លោក ឡុត នៅពេលដែលគាត់កំពុងតែជាប់នៅក្នុងវិបត្តិ ហើយលោក អ័ប្រាហាំ បានទូលអង្វរជំនួសគាត់និងក្រុមគ្រួសាររបស់គាត់ នៅចំពោះព្រះ នៅពេលដែលវិបត្តិនោះ បានកើនឡើង។  

តើមានមេរៀនជាក់ស្ដែងណាខ្លះ ដែលអ្នកអាចរៀនបានតាមរយៈទំនាក់ទំនង ក្នុងជីវិតមួយទល់នឹងមួយ ក្នុងភាពជាអ្នកបង្រៀនណែនាំផ្លូវ នេះ? មុនដំបូង ចូរកុំមើលងាយចំពោះអំណាចនៃការធ្វើជាគំរូដោយផ្ទាល់របស់អ្នកឱ្យសោះ! ដោយតាមរយៈគំរូរបស់អ្នក នោះអ្នកនឹងបានក្លាយទៅជាអ្នកបង្រៀនណែនាំផ្លូវ ទៅដល់មនុស្សជាច្រើន។ តាមការជាក់ស្ដែង គំរូនោះ គឺនឹងបានទៅដល់អស់អ្នកដែលអ្នកដើរអែបនៅក្បែរ ហើយគេនៅជិតស្និទ្ធនឹងអ្នក។ 

បន្ទាប់មកទៀត យើងត្រូវអនុញ្ញាតឱ្យអ្នកដែលនៅក្រោមឱវាទរបស់យើង គេអាចដាក់គោលដៅនិងគូសផ្លូវដំណើរដោយខ្លួនគេផ្ទាល់ផងដែរ។ យើងមានពេលតែប៉ុន្មានប៉ុណ្ណោះជាមួយនឹងពួកគេ ហើយយើងត្រូវតែថ្វាយពួកគេទៅដល់ព្រះ ដើម្បីឱ្យព្រះអង្គនៅបន្តមើលថែទាំគេ នៅក្នុងផ្លូវដំណើរវែងឆ្ងាយរបស់ពួកគេ។ មានពេលខ្លះ ពួកគេនឹងជ្រើសរើសយកផ្លូវដែលមិនសូវមានប្រាជ្ញា ថែមទាំងបង្កឱ្យមានវិបត្តិដ៏ធ្ងន់ធ្ងរថែមទៀត (លោកុប្បត្តិ ១៩៖៨, ៣៣, ៣៤)។ នៅក្នុងពេលតែមួយ យើងមិនមែនលែងគេឱ្យទៅទាំងស្រុងនោះទេ។ យើងនៅបន្តត្រៀមខ្លួនរួចជាស្រេច ដើម្បីឱ្យព្រះប្រើយើង ក្នុងការនិយាយពីសេចក្ដីពិតទៅកាន់ជីវិតរបស់ពួកគេ ហើយយើងប្រឹងធ្វើអស់ពីលទ្ធភាព ដើម្បីឱ្យគេអាចរស់នៅបានយ៉ឺនយូរ និងបានពោរពេញដោយផលផ្លែនៅក្នុងព្រះអម្ចាស់។ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Iron Sharpens Iron: Life-to-Life® Mentoring in the Old Testament

តើអ្នកមានចិត្តប៉ងប្រាថ្នាចង់ "បង្កើតសិស្ស ដែលគេទៅបង្កើតសិស្សដទៃទៀត" ដើម្បីឱ្យដើរតាមបទបញ្ជារបស់ព្រះយេស៊ូវនៅក្នុងបេសកកម្មដ៏អស្ចារ្យបំផុត (ដូចមានចែងនៅក្នុង ម៉ាថាយ ២៨៖១៨-២០) ដែរឬទេ? ប្រសិនបើមែន អ្នកប្រហែលជាអាចរកឃើញថាវាពិតជាពិបាក ក្នុងការទៅស្វែងរកមើលមនុស្សជាគំរូ នៅក្នុងដំណើរការមួយនេះ។ តើអ្នកអាចដើរតាមគំរូរបស់នរណាម្នាក់បាន? តើការបង្កើតសិស្ស នោះមានរូបលក្ខណៈបែបណា នៅក្នុងរបៀបរស់នៅជាប្រចាំថ្ងៃ? តោះ! ចូរយើងមកមើលនៅក្នុងសម្ព័ន្ធមេត្រីចាស់ ដើម្បីឱ្យយើងអាចមើលឃើញពីរបៀប បុរសនិងស្ត្រីចំនួន ៥ នាក់ ដែលពួកគាត់បានដាក់ទុនទៅក្នុងជីវិតរបស់អ្នកដទៃ ដែលជាការបង្រៀនណែនាំផ្លូវ នៅក្នុងជីវិតមួយទល់នឹងមួយ ( Life-to-Life®)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច ក្រុមអ្នកគូសផ្លូវយាត្រា (The Navigators) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ https://www.navigators.org/youversion