សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ
សូមបញ្ជូនទូលបង្គំ
ក្នុងនាមជាគ្រូគង្វាលម្នាក់ និងបានបម្រើអស់រយៈពេលជាច្រើនទសវត្សរ៍ ខ្ញំុបានឃើញផ្ទាល់នូវរបៀបអធិស្ឋានយ៉ាងស្និទ្ធស្នាល ទៅលើសំណូមពរ សម្រាប់មនុស្សរាប់ពាន់នាក់។ ជារៀងរាល់សប្ដាហ៍ មានតម្រូវការរាប់រយ បានហៀរហូរចូលមកក្នុងក្រុមជំនុំ រួមមានទាំងកាតអធិស្ឋាននៅក្នុងវេនប្រជុំម្ដងៗ រហូតដល់ ការតេហៅតាមទូរស័ព្ទ នៅក្នុងសប្ដាហ៍នីមួយៗ ឬក៏តាម សំណូមពរ នៅលើប្រព័ន្ធព័ត៌មានលើអនឡាញ និងតាមបណ្ដាញសង្គម ឬតាមកម្មវិធីប្រើប្រាស់ក្នុងទូរស័ព្ទ ផងក្ដី។ ដូច្នេះ អ្នកមិនចាំបាច់ភ្ញាក់ផ្អើលទេ ប្រសិនបើអ្នកឮហើយឮទៀត ដូចអ្វីដែលខ្ញុំបានទទួលជារៀងរាល់សប្ដាហ៍ ថា៖ «លោកគ្រូ/អ្នកគ្រូ អើយ សូមជួយអធិស្ឋានឱ្យខ្ញុំ សម្រាប់នេះ សម្រាប់នោះ»។
ចំពោះខ្ញុំ ខ្ញុំរាប់ថាជាអភ័យឯកសិទ្ធិ ជាកត្តិយស និងជាទំនួលខុសត្រូវដ៏ពេញដោយអំណរ ដែលខ្ញុំអាចនៅស្ងៀម ហើយលើកឡើងនូវតម្រូវការណាមួយ ទៅចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ ទាំងទូលសូមព្រះអង្គ សម្រាប់ក្ដីមេត្តាករុណា សម្រាប់ការធ្វើចលនា សម្រាប់ការដឹកនាំ សម្រាប់ការអស្ចារ្យ សម្រាប់អន្តរាគមន៍ សម្រាប់ឫទ្ធិអំណាចចេស្ដា ដល់អស់ពួកជំនុំ ដែលខ្ញុំស្គាល់ ហើយស្រឡាញ់នោះ។ ជារៀងរាល់សប្ដាហ៍ តែងតែមាននរណាម្នាក់មកសុំខ្ញុំ សូមឱ្យព្រះជាម្ចាស់ ព្យាបាលមនុស្សជាទីស្រឡាញ់របស់គាត់ ពីជំងឺមហារីក សូមព្រះជួយដល់អ្នកជិតខាងស្វែងរកឃើញការងារបានធ្វើ ឬក៏ជួយស្ដារនូវចំណងអាពាហ៍ពិពាហ៍ ដែលកំពុងតែមានការឈឺចាប់នោះ។ មានសិស្សរៀនចប់វិទ្យាល័យខ្លះ ស្នើសូមឱ្យព្រះជាម្ចាស់ឆ្លើយតប ឱ្យសកលវិទ្យាល័យដែលគាត់ពេញចិត្ដ ទទួលគាត់ចូលរៀន ឬខ្លះទៀត សុំឱ្យព្រះជាម្ចាស់ជួយដល់ពួកគាត់ អាចទ្រាំទ្រចំពោះភាពឈឺចាប់នៃការលែងលះគ្នារបស់ឪពុកម្ដាយរបស់គាត់។ មានអ្នកខ្លះទៀត សូមការអធិស្ឋានឱ្យគាត់បានជួបដៃគូសម្រាប់ជីវិត។ ហើយអ្នកខ្លះទៀត សូមការអធិស្ឋាន សម្រាប់ជំនួយ ដើម្បីឱ្យគាត់អាចអត់ឱនទោស ដល់អ្នកដែលបានធ្វើឱ្យគាត់ឈឺចាប់។
ទោះបីជាសំណួមពរអធិស្ឋានមានលក្ខណៈផ្សេងៗពីគ្នា មានមនុស្សដែលគាត់បានទូលសូមព្រះជាម្ចាស់ឱ្យធ្វើអ្វីមួយសម្រាប់ពួកគាត់ ឬសម្រាប់នរណាម្នាក់ទៀត ដែលពួកគាត់ស្រឡាញ់។ ព្រះជាម្ចាស់អើយ សូមជួយទូលបង្គំផង។ ព្រះអម្ចាស់អើយ សូមជួយអ្នកដែលទូលបង្គំស្រឡាញ់ផង។ ព្រះអង្គអើយ ទូលបង្គំត្រូវការ... លោកឪពុកអើយ សូមព្រះអង្គជួយ ... ។
ព្រះជាម្ចាស់អើយ សូមទ្រង់ធ្វើការអ្វីមួយសម្រាប់ រូបខ្ញុំ។
សូមបងប្អូនស្ដាប់ខ្ញុំ... យើងគួរតែអធិស្ឋានបែបយ៉ាងដូច្នេះ ជាប្រាកដទៅវិញ។ យើងគួរតែងតែអញ្ជើញនូវវត្ដមានរបស់ព្រះជាម្ចាស់ អញ្ជើញភាពសុខសាន្ដរបស់ព្រះអង្គ ដើម្បីធ្វើអន្តរាគមន៍ នៅក្នុងជីវិតរបស់យើង។ យើងគួរតែទូលសូមព្រះជាម្ចាស់ សូមព្រះអង្គធ្វើការអស្ចារ្យជំនួសរូបយើង។ យើងគួរតែលើកមនុស្សជាទីស្រឡាញ់របស់យើងឡើង ហើយរំឭកដល់ខ្លួនឯង ពីរបៀបដែលព្រះជាម្ចាស់អាចមានចលនានៅក្នុងជីវិតរបស់ពួកគាត់។ យើងគួរតែស្វែងរកព្រះអម្ចាស់ សម្រាប់រាល់តម្រូវការទាំងឡាយរបស់យើង។
ប៉ុន្តែ យើងមិនគួរបញ្ឈប់តែត្រឹមហ្នឹងនោះទេ។
ចុះប្រសិនបើយើងគ្រាន់តែ ទូលសូមព្រះជាម្ចាស់ ដើម្បីធ្វើអ្វីមួយ សម្រាប់យើង ហើយយើងអធិស្ឋាន យ៉ាងឆេះឆួល ទាំងមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង ហើយថាយើងនឹងបើកចិត្ដចំហ សម្រាប់ការត្រាស់ហៅ ឱ្យព្រះបិតា ទ្រង់ធ្វើអ្វីមួយ តាមរយៈរូបយើងម្នាក់ៗនោះវិញ តើនោះយ៉ាងម៉េចដែរ?
ចុះបើយើងអធិស្ឋាន នៅក្នុងសេចក្ដីអធិស្ឋានមួយដ៏គ្រោះថ្នាក់ទៅវិញនោះ?
«ព្រះអង្គអើយ សូមបញ្ជូនទូលបង្គំ ។ សូមប្រើទូលបង្គំ។»
លោកព្យាការី អេសាយ បានអធិស្ឋាននូវសេចក្ដីអធិស្ឋានយ៉ាងដូច្នេះ ដែលជាពាក្យពេចន៍ មិនសំចៃធនធាន និងអ្វីៗដែលគាត់មាន ចំពោះព្រះវត្ដមានរបស់ព្រះជាម្ចាស់។ ព្យាការីនៅក្នុងសម្ព័ន្ធមេត្រីចាស់រូបនេះ ថ្លែងសាជាថ្មី ពីកិច្ចជួបរបស់គាត់ជាមួយនឹងព្រះដ៏វិសុទ្ធ នៅពេលដែលព្រះអង្គមានបន្ទូលថា៖ «តើយើងគួរតែបញ្ជូននរណា? ហើយតើនរណានឹងត្រូវទៅជំនួសរូបយើង?» (អេសាយ ៦៖៨)។ ហើយដោយគ្មានការស្ទាក់ស្ទើរ ទាំងមិនដឹងនូវតម្រូវការជាក់លាក់ ទាំងមិនដឹងថានៅពេលណា ឬនៅទីកន្លែងណា លោក អេសាយ អធិស្ឋានពាក្យពេចន៍ដ៏ស្រឡាំងកាំង ហើយនិងបំផ្លាស់បំប្រែជីវិតរបស់គាត់ផងថា៖ «ទូលបង្គំនៅទីនេះ។ ព្រះអង្គអើយ បញ្ជូនទូលបង្គំទៅ!» (អេសាយ ៦៖៨)។
ចូរសង្កេតមើល លោក អេសាយ មិនបានសួរពីព័ត៌មានលម្អិតអីបន្តិច។ គាត់មិនបានសួរព្រះជាម្ចាស់ ថានៅទីកន្លែងណាទេ។ ឬក៏អំពី ពេលណា។ ឬថាតើនឹងមានអ្វីកើតឡើងនោះដែរ។ ហេតុដូច្នេះហើយ បានជាពាក្យអធិស្ឋាននេះ ស្ដាប់ទៅ ដូចជាគួរឱ្យគ្រោះថ្នាក់សម្រាប់គាត់មែនទែន។ «ព្រះជាម្ចាស់អើយ សូមបញ្ជូនទូលបង្គំ។ សូមប្រើប្រាស់ទូលបង្គំ។ ទូលបង្គំអត់សួរពីព័ត៌មានលម្អិតអីទេ។ ទូលបង្គំក៏មិនចង់ដឹងថា ទូលបង្គំនឹងត្រូវទទួលបានផលប្រយោជន៍អ្វីនោះដែរ។ ឬក៏អំពី ភាពងាយស្រួល ឬក៏អត់នោះទេ។ ឬក៏ថា ប្រសិនបើទូលបង្គំសម្រេចធ្វើ តើការនោះនឹងនាំឱ្យទូលបង្គំសប្បាយរីករាយ ដែរឬយ៉ាងណា នោះដែរ។ ពីព្រោះអី ទូលបង្គំដឹងថាព្រះអង្គទ្រង់ជានរណា—ទ្រង់គឺជាព្រះនៃទូលបង្គំ ជាស្ដេចនៃទូលបង្គំ និងជាព្រះសង្គ្រោះរបស់ទូលបង្គំ—ទូលបង្គំទុកចិត្ដលើព្រះអង្គ។ ដោយព្រោះព្រះអង្គ មានអធិបតីភាព ទ្រង់សោយរាជ្យនៅលើគ្រប់សកលលោកទាំងមូល។ ទូលបង្គំសូមនាំបំណងចិត្ដរបស់ទូលបង្គំ ឱ្យចុះចូលចំពោះព្រះអង្គ គឺគ្រប់ផ្នែកទាំងឡាយរបស់ទូលបង្គំ។ សូមព្រះអង្គទទួលយកនូវគំនិតរបស់ទូលបង្គំ ភ្នែករបស់ទូលបង្គំ មាត់របស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំ ដួងចិត្ដរបស់ទូលបង្គំ ដៃរបស់ទូលបង្គំ និងជើងរបស់ទូលបង្គំ ហើយដឹកនាំទូលបង្គំ ឱ្យឆ្ពោះទៅរកព្រះហឫទ័យរបស់ព្រះអង្គ។ ទូលបង្គំទុកចិត្ដព្រះអង្គ។ ព្រះជាម្ចាស់អើយ ចម្លើយរបស់ទូលបង្គំ គឺថា យល់ព្រម។ ឥឡូវនេះ តើព្រះអង្គចង់មានបន្ទូល ចង់មានសំណួរអ្វីមកដល់ទូលបង្គំ?»
ចូរនឹកស្រមៃលមើល ប្រសិនបើអ្នកអធិស្ឋានយ៉ាងដូច្នេះមែននោះ? តើអ្នកហត់នឿយចំពោះការអធិស្ឋានបែបស្រួលៗ គិតតែពីសុវត្ថិភាព ហើយដែរឬយ៉ាងណា? តើអ្នកខ្សោះ ចំពោះការរស់នៅ សម្រាប់តែអ្វី ដែលមិនសំខាន់ មិនមានន័យ ហើយដែរឬនៅ? តើអ្នកស្អប់ខ្ពើមចំពោះ ការដើរតាមព្រះ ក្នុងរបៀប តែពាក់កណ្ដាលចិត្ដ នៅតែក្ដៅឧណ្ហៗ ហើយដែរឬយ៉ាងម៉េច? អញ្ចឹង ចូរអធិស្ឋានសេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់នេះទៅអ៊ីចឹង។
ព្រះអម្ចាស់អើយ ទូលបង្គំនៅទីនេះ។
សូមបញ្ជូនទូលបង្គំ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។
More