សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ

Dangerous Prayers

ថ្ងៃទី 2 ក្នុងចំណោម 7 ថ្ងៃ

សូមព្រះហឫទ័យទ្រង់បានសម្រេច 

ជំនួសឱ្យការអធិស្ឋាន ដ៏វែងអន្លាយ ឮៗ ហើយបែបឡូយៗនោះ ការអធិស្ឋានដែលនាំឱ្យព្រះជាម្ចាស់មានចលនា នោះគឺ មានលក្ខណៈ សាមញ្ញ ស្មោះទៀងត្រង់ និងចេញពីចិត្ដពិតៗ។ ប៉ុន្តែ ពាក្យថាសាមញ្ញ នោះមិនដូចគ្នានឹងពាក្យថា សុខសុវត្ថិភាព នោះទេ។ ហើយដោយហេតុផលនេះ បានជាខ្ញុំមានការប៉ះពាល់ចិត្ដ និងទទួលការជំរុញទឹកចិត្ដឱ្យសរសេរសេចក្ដីទាំងនេះឡើង។ កំហុសខុសឆ្គងមួយដ៏ធំ ដែលខ្ញុំបានធ្លាប់ធ្វើនៅក្នុងទម្លាប់អធិស្ឋានរបស់ខ្ញុំ ហើយក៏ជាហេតុផលដែលនាំឱ្យការអធិស្ឋានរបស់ខ្ញុំ បែរទៅជា ខ្វះចន្លោះ និងមិនមានអំណាច នោះគឺដោយសារតែខ្ញុំបានអធិស្ឋាន តាមរបៀបមួយ ដែលស្រួលៗ ហើយបានតែម៉ាល្មមៗ តែប៉ុណ្ណឹង។ ខ្ញុំធ្លាប់ស្ថិតនៅក្នុងទីសុវត្ថិភាពជាមួយនឹងព្រះជាម្ចាស់។ ខ្ញុំធ្លាប់មិនមានភាពឆេះឆួល ហើយក៏មិនត្រជាក់ពេកនោះដែរ។ ការអធិស្ឋានរបស់ខ្ញុំ ធ្លាប់តែក្ដៅឧណ្ហៗ។ ប៉ុន្តែម៉ាល្មមៗ ការអធិស្ឋានមានលក្ខណៈ មិនក្ដៅពេក ហើយក៏មិនត្រជាក់ពេក មិននាំយើងចូលទៅជិតព្រះជាម្ចាស់ ឱ្យបានកាន់តែជិតស្និទ្ធ ឬក៏ជួយបើកសម្ដែងបង្ហាញឱ្យពិភពលោកបានឃើញពីក្ដីស្រឡាញ់របស់ព្រះ នោះដែរ។

តាមពិតទៅ ការអធិស្ឋានមានភ្ជាប់មកជាមួយនឹងភាពឆេះឆួល (ដោយការអធិស្ឋាននាំមកនូវចលនា នាំឱ្យការអាក្រក់ភិតភ័យ)។​ គំនិតនេះ ចាប់រះឡើងនៅក្នុងរូបកាយខ្ញុំ ក្នុងខណៈពេលដែលខ្ញុំកំពុងអានអំពី ព្រះយេស៊ូវ ក្នុងគ្រាដែលព្រះអង្គកំពុងមានបន្ទូលទៅដល់ព្រះបិតារបស់ព្រះអង្គ នៅឯសួនកេតសេម៉ានី ដោយពេលនោះ ទ្រង់មានរយៈពេលខ្លី មុននឹងព្រះអង្គត្រូវថ្វាយជីវិតរបស់ព្រះអង្គនៅលើឈើឆ្កាង។ ទាំងដឹងថានឹងមានអ្វីកើតឡើងនៅចំពោះមុខ ព្រះយេស៊ូវបានទូលសូមទៅព្រះជាម្ចាស់ ថាតើមានផ្លូវមួយណាផ្សេង ដែរឬយ៉ាងណា។ បន្ទាប់មក ព្រះយេស៊ូវ ដែលមិនមែនជាសាវកធម្មតា ឬគ្រាន់ជាមនុស្សម្នាក់ នៅក្នុងព្រះគម្ពីរនោះ ប៉ុន្តែព្រះអង្គគឺជា ព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ នោះទ្រង់បានអធិស្ឋាននូវការអធិស្ឋានមួយ ដ៏ងាយរងគ្រោះ ក្នុងភាពចុះចូល ហើយពិតជាគ្រោះថ្នាក់ដល់ខ្លួនមែនទែន ថា៖ «ប៉ុន្តែ សូមឱ្យបានសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ កុំឱ្យតាមចិត្ដរបស់ទូលបង្គំ នោះឡើយ» (លូកា ២២៖៤២)។

ព្រះយេស៊ូវមិនដែលស្នើសុំឱ្យយើងធ្វើអ្វីមួយ ដែលរូបព្រះអង្គផ្ទាល់ មិនចង់ធ្វើនោះឡើយ។ ព្រះអង្គបានត្រាស់ហៅយើង ទៅកាន់ជីវិតនៃសេចក្ដីជំនឿ មិនមែនជាជីវិតនៃភាពសុខស្រួល ទេ។ ជំនួសដោយការចូលមកចំពោះព្រះអង្គ ដោយរបៀបរស់នៅ ដែលមានសុវត្ថិភាព មានសភាពងាយស្រួលជាងមុន និងមិនតានតឹងខ្វល់ព្រួយ នោះព្រះបុត្រានៃព្រះ បានប្រឡងប្រជែងឱ្យយើងចេះប្រថុយ ដោយការចេះស្រឡាញ់ដល់អ្នកដទៃ ឱ្យបានច្រើនឡើងថែមទៀត ជាងការស្រឡាញ់តែខ្លួនឯង។ ជំនួសនឹងការប្រឹងបំពេញតែភាពត្រេកត្រអាល និងការកំសាន្តជាប្រចាំថ្ងៃរបស់យើង នោះព្រះអង្គបានត្រាស់ហៅយើង ឱ្យបដិសេធអ្វីទាំងប៉ុន្មាននោះ សម្រាប់អ្វីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ ជំនួសនឹងការប្រឹងរស់នៅ សម្រាប់អ្វីៗ ដែលយើងចង់បាន នោះព្រះអង្គមានបន្ទូលឱ្យយើង ចេះរើសយកឈើឆ្កាងផ្ទាល់របស់យើង ហើយលីវាជាប្រចាំថ្ងៃ ហើយប្រព្រឹត្ដតាមគំរូរបស់ព្រះអង្គ។

ខ្ញុំមានភាពខ្វល់ព្រួយ សម្រាប់មនុស្សជាច្រើន ដោយខ្លាចថា ការអធិស្ឋាន នឹងប្រៀបបានទៅដូចជាការទិញសំបុត្រឆ្នោត ឬការចាក់ឆ្នោត ដែលជាការផ្សងសំណាង សម្រាប់ឱកាសមួយ នៅក្នុងជីវិត ដែលពួកគាត់ នឹងគិតថា បើត្រូវ បើសម្រេច នោះពួកគាត់ នឹងទទួលបាននូវជីវិតមួយ ដែលគ្មានបញ្ហា គ្មានភាពតានតឹង គ្មានការឈឺចាប់ នៅក្នុងជីវិតរបស់គាត់មួយនេះ។ សម្រាប់មនុស្សដទៃផ្សេងទៀត ការអធិស្ឋានអាចជារបៀបដែលគេលួងលោមខ្លួន ឬក៏ជាទម្លាប់មនោសញ្ចេតនាមួយ ដូចការដែលគេលើកឡើងក្នុងពាក្យនៃចម្រៀង ដែលខ្លួនចូលចិត្ដស្ដាប់ ឬជាពាក្យពេចន៍កំណាព្យជួន ដែលគេធ្លាប់ឮ ក្នុងវ័យកុមារភាពរបស់ពួកគាត់។ តែមានអ្នកផ្សេងទៀត ដែលអាចនិយាយបានថា ការអធិស្ឋាននេះ គ្រាន់តែ ដោយសារ គាត់មានអារម្មណ៍ ថាមានកំហុស ជាប់ទោស ប្រសិនបើគាត់មិនបានអធិស្ឋាន ច្រើននោះ។ 

ប៉ុន្តែការអធិស្ឋានបែបទាំងប៉ុន្មានខាងលើ មិនឆ្លុះបង្ហាញពីជីវិត ដែលព្រះយេស៊ូវ បានយាងមក ដើម្បីផ្ដល់ឱ្យយើងនោះទេ។ 

ជួសវិញ គឺព្រះអង្គបានត្រាស់ហៅយើង ឱ្យយើងលះបង់រាល់អ្វីៗទាំងអស់ ហើយដើរតាមព្រះអង្គ។

ព្រះយេស៊ូវមិនគ្រាន់តែប្រជែងឱ្យអ្នកដទៃ ឱ្យពួកគេលះបង់នូវបំណងចិត្ដប្រាថ្នារបស់ពួកគេ រួចហើយទុកអ្វីៗទាំងនោះ ឱ្យនៅមួយឡែក នោះឡើយ។ ព្រះអង្គផ្ទាល់ ទ្រង់បានរស់នៅតាមបែបជំនឿឆេះឆួល ហើយអធិស្ឋានដោយមិនគិតតែអំពីព្រះអង្គផ្ទាល់ដែរ។ ព្រះអង្គបានពាល់មនុស្សមានជំងឺឃ្លង់។ ព្រះអង្គបានបង្ហាញនូវព្រះគុណដល់ស្រ្ដីពេស្យា។ ហើយព្រះអង្គបានឈរយ៉ាងអង់អាចក្លាហាន នៅចំពោះមុខគ្រោះថ្នាក់ទាំងឡាយផង។ បន្ទាប់មក ព្រះអង្គបានមានបន្ទូលប្រាប់យើងថា យើងអាចធ្វើទាំងអស់នោះបាន ដូចអ្វីដែលទ្រង់បានធ្វើ—ហើយលើសពីនោះទៅទៀត។

ហើយហេតុដូច្នេះហើយ បានជាយើង មិនអាចគ្រាន់តែមានភាពសុខស្រួល ដោយត្រឹមអធិស្ឋាន សូមឱ្យព្រះគ្រាន់តែប្រទានពរដល់អាហារ ឬ "គង់នៅជាមួយនឹងយើងថ្ងៃនេះ" តែប៉ុណ្ណោះ នោះទេ។

ព្រះបន្ទូលក្នុងព្រះគម្ពីរ បានប្រាប់ដល់យើង ថាយើងអាចចូលទៅឯបល្ល័ង្កនៃព្រះដ៏ពេញដោយព្រះគុណរបស់យើង យ៉ាងក្លាហានអង់អាចបាន (ហេព្រើរ ៤៖១៦)។ យើងមិនចាំបាច់មានអារម្មណ៍ថា គួរឱ្យខ្លាច ឬមានអារម្មណ៍ថា ឆ្គងៗ នៅចំពោះព្រះអង្គ—យើងពិតជាអាចចូលមកចំពោះព្រះអង្គ ដោយទំនុកចិត្ដ ពេញដោយភាពជឿជាក់ និងភាពអង់អាចក្លាហានបាន។ នៅពេលដែលយើងអធិស្ឋានតាមរបៀបនេះ នោះយើងនឹងទទួលបានក្ដីមេត្តារបស់ព្រះអង្គ ហើយយើងនឹងស្វែងរកឃើញនូវព្រះគុណ ដើម្បីជួយយើង នៅពេលដែលយើងត្រូវការជំនួយនោះ ជាចាំបាច់ (ហេព្រើរ ៤៖១៦)។

ការអធិស្ឋានរបស់អ្នក ពិតជាសំខាន់។

របៀបដែលអ្នកអធិស្ឋាន ពិតជាសំខាន់។

អ្វីដែលអ្នកអធិស្ឋាន ពិតជាសំខាន់។

សេចក្ដីអធិស្ឋាន របស់អ្នក នាំឱ្យព្រះជាម្ចាស់ មានចលនា

ថ្ងៃ 1ថ្ងៃ 3

អំពី​គម្រោងអាន​នេះ

Dangerous Prayers

តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល និង Life.Church ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.craiggroeschel.com/