សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ
សូមបំបែកទូលបង្គំ
វាមិនអីនោះទេ ដែលយើងអធិស្ឋានសម្រាប់សុខសុវត្ថិភាព និងព្រះពរនោះ ប៉ុន្តែចុះប្រសិនបើអ្នកត្រូវការអ្វីបន្ថែមទៀតនោះ? ចុះប្រសិនបើអ្នកប្រាថ្នាចង់បាននូវអំណាចចេស្ដាពី ព្រះវិញ្ញាណបរិសុទ្ធ កម្លាំងចេស្ដាពីស្ថានសួគ៌ ជំនឿដែលមិនចេះរង្គោះរង្គើ ភាពស្និទ្ធស្នាលដែលឥតក្លែងក្លាយជាមួយនឹងព្រះបិតារបស់អ្នកនោះ?
ជំនួសឱ្យការគ្រាន់តែទូលសូមព្រះជាម្ចាស់ ឱ្យរក្សាអ្នកមានសុវត្ថិភាព ប្រទានពរដល់អ្នកបន្ថែមទៀត ហើយការពារអាយុជីវិតរបស់អ្នក ប្រហែលជាអ្នកអាចស្នើសូមព្រះអង្គឱ្យបំបែករូបអ្នកផងនោះដែរ។
នៅពេលដែលខ្ញុំគិតអំពីសេចក្ដីអធិស្ឋាន នៅលើពាក្យថា៖ «ព្រះអង្គអើយ សូមបំបែកទូលបង្គំ» ខ្ញុំបានគិតដល់បទពិសោធន៍ ដែលខ្ញុំធ្លាប់មានជាមួយ អេមី ហើយនិងពេលដែលខ្ញុំមានក្រុមតូចមួយ។ នៅរាត្រីយប់ថ្ងៃពុធ ពេលអាកាសធាតុត្រជាក់ ខ្យល់បក់បោកផង នៅក្នុងខែ មករា យើងបានអង្គុយនៅក្នុងបន្ទប់កក់ក្ដៅមួយ រួមជាមួយនឹងក្រុមគូស្រករចំនួន ៧ ឬ ៨ គូ ហើយយើងកំពុងតែអង្គុយពិភាក្សាគ្នា អំពីការចេះរៀនអធិស្ឋានដ៏គ្រោះថ្នាក់ នេះ។
យើងទាំងអស់គ្នាបានយល់ព្រម ថាយើង ចង់ អធិស្ឋានបែបដូច្នេះ—ហើយមិនមែនចេះតែថានោះដែរ—ប៉ុន្តែ យើងក៏មិនអាចបដិសេធដែរ ថាយើងមានអារម្មណ៍ភិតភ័យ ចំពោះអ្វីដែលយើងទូលសូមនោះ។ ស្រ្ដីទីមួយ ដែលបានថ្លែង គាត់បានឆក់យកឱកាសនោះ ដោយម៉ឺងម៉ាត់ ប៉ុន្តែគាត់ក៏បានទទួលស្គាល់នូវភាពលំបាក ដែលដក់ក្នុងចិត្ដរបស់គាត់ដែរ។ មានស្ដ្រីម្នាក់នេះ គាត់គឺជាម្ដាយជាទីស្រឡាញ់ ដល់កូនៗចំនួន ៤ នាក់។ គាត់បានដើរតាមព្រះយេស៊ូវ យ៉ាងស្មោះទៀងត្រង់ តាំងពីពេលគាត់នៅរៀនឯវិទ្យាល័យ នៅឡើយ។ គាត់បានបម្រើនៅក្នុងព័ន្ធកិច្ចកុមារ នៅក្នុងក្រុមជំនុំរបស់គាត់។ គាត់បានដាក់តង្វាយ យ៉ាងស្មោះទៀងទាត់។ គាត់បានជួយមើលថែចិញ្ចឹមបីបាច់កុមារកំព្រា។ គាត់បានចូលរួមក្រុមសិក្សាព្រះគម្ពីររៀងរាល់សប្ដាហ៍ ហើយជារឿយៗតែងស្ម័គ្រចិត្ដអធិស្ឋានឮៗនៅក្នុងក្រុមថែមទៀត។
ប៉ុន្តែនៅពេលប្រឈមនឹងជម្រើសដែលត្រូវទូលសូមឱ្យព្រះជាម្ចាស់ បំបែកគាត់ នោះគាត់បែរជាបដិសេធទៅវិញ។ «សូមអភ័យទោសផង ប៉ុន្តែខ្ញុំអាចនិយាយដោយស្មោះត្រង់បានអត់?» គាត់ឆ្លើយតប៖ «ខ្ញុំមិនចង់សូមព្រះ ឱ្យបំបែករូបខ្ញុំនោះទេ។ ខ្ញុំភ័យខ្លាចចំពោះអ្វីដែលនឹងអាចកើតមានឡើង។ ខ្ញុំជាម្ដាយដល់កូនៗចំនួន ៤ នាក់ នៅតូចៗ នៅឡើយ។ ខ្ញុំស្រឡាញ់ពួកគាត់ជាខ្លាំងណាស់។ ដោយការទូលសូមឱ្យព្រះជាម្ចាស់បំបែកខ្ញុំ នេះគឺជាអ្វីដែលគួរឱ្យភ័យខ្លាចមែនទែន។ មិនបាច់អធិស្ឋានទេ គ្រាន់តែគិតក៏លំបាកដែរ។ ចុះប្រសិនបើខ្ញុំធ្លាក់ខ្លួនឈឺ ឬត្រូវធ្លាក់បាក់ទឹកចិត្ដ ឬត្រូវដកហូតចេញពីក្រុមគ្រួសាររបស់ខ្ញុំនោះ?»
មនុស្សជាច្រើនផ្សេងទៀត នៅក្នុងក្រុមតូច ពួកគាត់ក៏បានងក់ក្បាលយល់ស្របដូចគ្នា។
ប៉ុន្តែសំណួររបស់ខ្ញុំនៅតែមានដដែល ដូចអ្វីដែលខ្ញុំបានសួរនៅថ្ងៃនោះថា៖ តើយើងនឹងត្រូវបាត់បង់អ្វីខ្លះដែរ ប្រសិនបើយើងនៅតែតោងជាប់ ចំពោះភាពសុខងាយស្រួលរបស់យើងនោះ?
តើយើងនឹងមិនបានជួបការណ៍អ្វីខ្លះ និងមិនបានភ្លក់រសជាតិជីវិតណាខ្លះ ដោយហេតុថា យើងបានប្ដេជ្ញាចិត្ដ ព្យាយាមរត់គេចពី ការឈឺចាប់ និងភាពមិនសុខស្រួលនោះ?
ព្រះយេស៊ូវមានបន្ទូលថា៖ «ដ្បិតអ្នកណាដែលចង់រក្សាជីវិតខ្លួន នឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិតខ្លួន ដោយព្រោះខ្ញុំ នឹងបានជីវិតវិញ» (ម៉ាថាយ ១៦៖២៥)។ ព្រះយេស៊ូវមិនបានអញ្ជើញយើង ទៅកាន់ជីវិតនៃភាពសុខស្រួល និងធូរអារម្មណ៍នោះទេ ប៉ុន្តែ គឺទៅកាន់ជីវិតដែលចេះចុះចូល ហើយចេះលះបង់ នោះវិញ។ ក្ដីប៉ងប្រាថ្នាដ៏ធំធេងរបស់យើង មិនមែនថា សូមឱ្យបំណងចិត្ដ ក្ដីប្រាថ្នារបស់យើងបានសម្រេចនោះទេ ប៉ុន្តែ គឺថាសូមឱ្យបំណងព្រះហឫទ័យនៃព្រះបានសម្រេច ទៅវិញទេ។ ហើយព្រះយេស៊ូវកំពុងអញ្ជើញយើង ឱ្យយើងចេះស្លាប់ចំពោះរូបកាយខ្លួនឯង ដើម្បីឱ្យយើងអាចចេះរៀនរស់នៅ ពីមួយគ្រាទៅមួយគ្រា ពីមួយថ្ងៃទៅមួយថ្ងៃ—សម្រាប់ព្រះអង្គ។ ការចាកចេញពីទីសុខស្រួលនៃបន្ទប់រស់នៅ និងទីសុវត្ថិភាពនៃការអធិស្ឋានរបស់យើង គឺដើម្បីឱ្យយើងបានដឹងថា ការបាក់បែករបស់យើង មានន័យយ៉ាងណា ដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃនោះ។
ដោយការមិនហ៊ាន និងនៅតែឯទីសុខសុវត្ថិភាព នោះយើងប្រថុយបាត់បង់អ្វី ដែលមានតម្លៃថ្លៃថ្លាជាង សុខស្ថេរភាព និងភាពសុខស្រួល របស់យើងទៅទៀត។ យើងមិនដឹងថា មានព្រះពរអ្វីខ្លះ ដែលស្ថិតនៅឯត្រើយម្ខាងទៀត ដែលជាកន្លែងព្រះបំបែកយើងនោះ។
លោក លូកា បានថ្លែងថា៖ "បន្ទាប់មកព្រះយេស៊ូវយកនំប័ុងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»" (លូកា ២២៖១៩)។ សឹងតែគ្រប់អ្នកបណ្ឌិតសិក្សាខាងអត្ថបទព្រះគម្ពីរទាំងអស់ យល់ស្របទៅលើសេចក្ដីណែនាំរបស់ព្រះយេស៊ូវ ដែលថា "ចូរធ្វើពិធីនេះ" បានផ្ដល់ជារបៀបដល់អស់អ្នកជឿ ឱ្យចេះចងចាំ ចេះថ្វាយកត្តិយស និងចេះអបអរការសុគតនិងការរស់ឡើងវិញរបស់ព្រះអង្គ។ ប៉ុន្តែក៏មានអ្នកខ្លះ គាត់ជឿថា "ចូរធ្វើពិធីនេះ" ក៏មានន័យសំដៅទៅលើរបៀបដែលយើងត្រូវរស់នៅផងដែរ។ ចុះប្រសិនបើព្រះយេស៊ូវមិនគ្រាន់តែនិយាយអំពីពិធី ដែលយើងធ្វើម្ដងម្កាលនៅឯក្រុមជំនុំនោះ? ចុះប្រសិនបើទ្រង់កំពុងតែអញ្ជើញយើង ឱ្យចេះមានចិត្ដបាក់បែក (ក្ដួលអាណិត) ហើយបង្ហូរបង់ជាប្រចាំថ្ងៃ ផងដែរនោះ? ចុះប្រសិនបើយើងមានទឹកចិត្ដក្លាហាន ភាពក្លៀវក្លា មានជំនឿ ទាំងអធិស្ឋានថា៖ «ព្រះអម្ចាស់អើយ សូមបំបែកទូលបង្គំ»?
យើងមិនគ្រាន់តែចងចាំព្រះយេស៊ូវ រំឭកពីព្រះអង្គនាថ្ងៃធ្វើពីធីជប់លៀងព្រះអម្ចាស់ នៅឯក្រុមជំនុំប៉ុណ្ណោះនោះទេ។ យើងក៏ចងចាំព្រះអង្គ នៅក្នុងរបៀបដែលយើងរស់នៅ ក្នុងជីវិតជាប្រចាំថ្ងៃរបស់យើងនោះដែរ។ ដោយសារតែរូបកាយរបស់ព្រះយេស៊ូវត្រូវបានបាក់បែក ដោយសារតែព្រះលោហិតរបស់ទ្រង់បានបង្ហូរបង់ សម្រាប់រូបយើងរាល់គ្នា ពួកយើងដូចគ្នា ត្រូវចេះរស់នៅជាប្រចាំថ្ងៃ សម្រាប់ព្រះអង្គ ទាំងមានចិត្ដបាក់បែក (ខ្ទេចខ្ទាំ) និងបង្ហូរបង់ (ក្ដួលអាណិត) ផង។
ការនេះប្រហែលមើលទៅមិនគួរឱ្យដើរតាម ប្រព្រឹត្ដតាមនោះទេ ពេលយើងក្រឡេកទៅភ្លាម។ តើមាននរណា ដែលចង់ "បំបែក" និង "បង្ហូរបង់" ខ្លួនឯងនោះ? ស្ដាប់ទៅ គួរឱ្យឈឺចាប់ណាស់ ហើយក៏សោយសោក សង្វេគខ្លាំងណាស់ដែរ។ ប៉ុន្តែ នៅក្នុងការដែលយើងចេះថ្វាយជីវិតរបស់យើង នោះយើងក៏អាចស្វែងរកឃើញនូវអំណរដ៏ពិត នោះផងដែរ។ ជាជាងការខំប្រឹងរត់ដេញតាមបំណងចិត្ដ បំណងប្រាថ្នា របស់យើង យើងអាចចេះចុះចូលចំពោះព្រះហឫទ័យរបស់ព្រះអង្គ។ ជាជាងការបំពេញជីវិតរបស់យើង ជាមួយនឹងអ្វីៗ ដែលយើងចង់បាន យើងដាក់ជីវិតរបស់យើង ឱ្យនៅទទេ ដើម្បីឱ្យយើងអាចនាំការផ្លាស់ប្រែ ទៅក្នុងជីវិតរបស់មនុស្សដទៃផ្សេងទៀត។
ការបាក់បែកដ៏ពិតប្រាកដនៅចំពោះព្រះជាម្ចាស់ មិនមែនជាព្រឹត្ដិការណ៍កើតឡើងតែម្ដងនោះទេ។ វាជាការសម្រេចចិត្ដជាប្រចាំថ្ងៃ។ លោកសាវក ប៉ុល បានថ្លែងថា៖ «ខ្ញុំត្រូវស្លាប់ជាប្រចាំថ្ងៃ» (១ កូរិនថូស ១៥៖៣១)។ តើពាក្យនេះមានន័យយ៉ាងដូចម្ដេច? ជារៀងរាល់ថ្ងៃ គាត់បានជ្រើសរើស ដាក់បំណងប្រាថ្នារបស់គាត់ឱ្យនៅជាប់ឆ្កាង ដើម្បីឱ្យគាត់ អាចរស់នៅបានយ៉ាងពេញលេញ សម្រាប់បំណងព្រះហឫទ័យនៃព្រះ។ ប្រសិនបើអ្នកមានចិត្ដក្លាហាន ក្នុងការអធិស្ឋានសេចក្ដីអធិស្ឋាននេះ ចូរត្រៀមខ្លួនទៅ។ ចូរត្រៀមខ្លួនស្គាល់ព្រះជាម្ចាស់ ហើយក្លាយជាអ្នកជំនិតនៃព្រះ នៅក្នុងរបៀបដែលអ្នកមិនដែលធ្លាប់ទទួលបានបទពិសោធន៍ ពីពេលមុន។
អ្នកអាចប្រឹងនៅតែទីសុខសុវត្ថិភាព។ ប៉ុន្តែ ប្រផ្នូលចិត្ដរបស់ខ្ញុំប្រាប់ថា អ្នកពិតជាចង់បានជាងនេះទៅទៀត។ ខ្ញុំបានជ្រើសរើសជីវិតមួយផ្សេង។ ខ្ញុំបានបំពេញដោយជំនឿ ជាមនុស្សចេះហ៊ានប្រថុយជាងមុន។ ខ្ញុំមិនដែលប្រមាថព្រះជាម្ចាស់ ដោយការគិតតូចតាច ឬដោយការរស់នៅក្នុងទីសុខសុវត្ថិភាពនោះទេ។ ប្រសិនបើមានព្រះពរនៅឯត្រើយម្ខាងនៃទីដែលខ្ញុំត្រូវបាក់បែក នោះសូមព្រះអង្គបំបែករូបខ្ញុំផង។
អំពីគម្រោងអាននេះ
តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។
More