សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ
សូមសម្ដែងបង្ហាញការភ័យខ្លាចរបស់ទូលបង្គំ
តើមានអ្វី ដែលធ្វើឱ្យអ្នកមានចិត្ដអន្ទះអន្ទែង ព្រួយបារម្ភ? រសាប់រសល់? នៅមិនសុខ? ភិតភ័យ?
ខ្ញុំមិនមែនចង់និយាយអំពី ការភ័យខ្លាចធម្មតា ដែលយើងអាចមើលឃើញពីសំបកខាងក្រៅ ដូចពេលអ្នកឃើញ ពស់ ពីងពាង ឬការភ័យខ្លាច នៅពេលអ្នកហោះហើរនោះទេ។ ខ្ញុំកំពុងងឿងឆ្ងល់អំពីអ្វី ដែលនាំឱ្យអ្នកគេងមិនលក់ ជាអារម្មណ៍ដែលលោតទៅលោតមកនៅក្នុងគំនិតរបស់អ្នក ហើយវាមិនព្រមនៅស្ងប់ស្ងៀម ឱ្យអ្នករសាយចិត្ដនោះ។ វាដូចជាការដែលអ្នកអាចត្រូវបាត់បង់ការងារ។ មិនអាចរៀបការបាន។ ឬក៏ជាប់នៅក្នុងចំណងអាពាហ៍ពិពាហ៍មួយដ៏អាក្រក់។ សុខភាពរបស់អ្នកកំពុងចាប់ផ្ដើមធ្លាក់ដុនដាបទៅៗ។ ការប្រឹងសន្សំសំចៃ តែកុងធនាគារចេះតែរិលទៅៗ បានត្រឹមតែមួយរស់ៗ។
យើងមិនដឹងថាមានក្ដីភ័យខ្លាចពិតប្រាកដណាមួយ ដែលកំពុងរត់នៅក្នុងគំនិតរបស់ ដាវីឌនោះទេ ប៉ុន្តែ យើងអាចយល់ច្បាស់ថា គាត់បានធ្លាក់ក្នុងទុក្ខលំបាកខ្វល់ខ្វាយ សម្រាប់សុខសុវត្ថិភាពរបស់គាត់ ឬប្រហែលជាគាត់បារម្ភអំពីរឿងអនាគតរបស់គាត់។ ដោយព្រោះថា បន្ទាប់ពីគាត់បានទូលសូមព្រះជាម្ចាស់ឱ្យទតពិនិត្យមើលដួងចិត្ដរបស់គាត់ហើយ ដាវីឌបានអធិស្ឋានយ៉ាងដូច្នេះថា៖ «សូមទ្រង់មើលនូវដួងចិត្ដអន្ទះអន្ទែង ចិត្ដព្រួយខ្វល់ក្នុងគំនិតរបស់ទូលបង្គំ» (ទំនុកតម្កើង ១៣៩៖២៣)។ គាត់ចង់ចែករំលែកអំពី ក្ដីភ័យខ្លាចយ៉ាងអាក្រក់មួយរបស់គាត់ ជាមួយនឹងព្រះជាម្ចាស់។ ដើម្បីឱ្យគាត់អាចប្រឈម ហើយអាចដាក់ឈ្មោះឱ្យវាមួយបាន។ ដើម្បីឱ្យគាត់អាចទុកចិត្ដ ថាព្រះជាម្ចាស់ ពិតជាធំជាង ក្ដីភ័យខ្លាចនានា ដែលគាត់អាចនឹកស្រមៃមើលឃើញ ទៅទៀត។
តើអ្នកត្រៀមអធិស្ឋានពាក្យពេចន៍អធិស្ឋានបែបដូច្នេះ ហើយឬនៅ? «ព្រះអង្គអើយ សូមព្រះអង្គបើកសម្ដែង សូមទ្រង់បង្ហាញនូវអ្វីដែលកំពុងយកគំនិតរបស់ទូលបង្គំ ធ្វើជាឈ្លើយរបស់វា។ សូមបង្ហាញដល់ទូលបង្គំ នូវអ្វីដែលទូលបង្គំភ័យខ្លាចមែនទែន។ សូមធ្វើទៅព្រះអង្គ សូមជួយដល់ទូលបង្គំ ដើម្បីឱ្យទូលបង្គំអាចប្រឈម ចំពោះអ្វីដែលនាំឱ្យទូលបង្គំរន្ធត់ញាប់ញ័រនោះ»។
អ្វីដែលយើងភ័យខ្លាចនោះពិតជាសំខាន់មែន។
ជាច្រើនឆ្នាំកន្លង ខ្ញុំធ្លាប់ទទួលបាននូវការបើកសម្ដែងអំពីក្ដីពិតមួយនេះ ដែលបានប៉ះពាល់ដល់រូបខ្ញុំ នៅក្នុងរបៀបមួយ ដោយផ្ទាល់។ ព្រះជាម្ចាស់បានបង្ហាញដល់ខ្ញុំថា អ្វីដែលខ្ញុំបានភ័យខ្លាចមែនទែន នោះក៏ជាទីដែលខ្ញុំមិនបានទុកចិត្ដដល់ព្រះជាម្ចាស់ ឱ្យបានច្រើននោះដែរ។ បន្ទាប់ពីកូនស្រីទី ៣ ឈ្មោះ អានណា របស់ខ្ញុំ បានកើតមក នោះ អេមី ប្រពន្ធរបស់ខ្ញុំ ក៏ចាប់ផ្ដើមមានវិបត្តិខាងឯផ្នែកសុខភាពរូបកាយ។ មុនដំបូង យើងបានគិតថា វាគ្រាន់តែជាការហត់នឿយ អស់កម្លាំងប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមួយចំហៀងខ្លួនរបស់គាត់ចាប់ផ្ដើមទៅជាស្ពឹក យើងក៏មានការភិតភ័យ ថានឹងមានអ្វីដែលអាក្រក់ជាងនោះនឹងអាចកើតមានឡើង។ អស់ពីគ្រូពេទ្យមួយ ចូលគ្រូពេទ្យមួយទៀត ពួកគាត់មិនអាចផ្ដល់ចម្លើយលើអាការៈនោះ ថាដោយហេតុផលអ្វីឡើយ។ ក្នុងខណៈដែលអាការៈរោគសញ្ញារបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗ នោះការទុកចិត្ដរបស់ខ្ញុំ នៅក្នុងព្រះជាម្ចាស់ ក៏ចាប់ផ្ដើមខ្សោយទៅៗ នោះដែរ។
ក្ដីភ័យខ្លាចនេះ វាដឹកនាំឱ្យទៅប៉ះពាល់ផ្នែកដទៃផ្សេងទៀត ហើយនៅពេលយប់ម្ដងៗ គំនិតរបស់ខ្ញុំ ក៏ផ្ដើមដូចជាដុំថ្មរមៀល ទាំងមិនអាចគ្រប់គ្រងវាបាន។ ចុះប្រសិនបើអេមី ពិតជាឈឺធ្ងន់ទៅៗ មែននោះ? ចុះរឿងខ្ញុំនឹងទៅជាយ៉ាងណា ប្រសិនជាខ្ញុំត្រូវបាត់បង់គាត់មែននោះ? ខ្ញុំប្រាកដជាមិនអាចមើលថែចិញ្ចឹមបីបាច់កូនៗរបស់យើង ដោយគ្មានគាត់បាននោះទេ។ ខ្ញុំប្រាកដថាមិនអាចបន្តដឹកនាំក្រុមជំនុំបន្តទៀតដែរ។ ខ្ញុំប្រាកដជាមិនចង់រស់នៅ អាចបន្តដកដង្ហើមបានទៀតឡើយ។ បន្ទាប់មក ខ្ញុំក៏ភ្ញាក់ព្រឺត។ អ្វីៗដែលនាំឱ្យខ្ញុំសម្រាន្ដមិនលក់ នោះគឺជាអ្វីៗដែលខ្ញុំមិនបានទុកចិត្ដ អនុញ្ញាតឱ្យព្រះធ្វើអន្តរាគមន៍ នោះហើយ។ ខ្ញុំបានតោងការទាំងអំបាលម៉ាននោះ ខ្ញុំបានជញ្ជឹងគិត រិះរែងលើគ្រប់ផ្នែកទាំងប៉ុន្មាន ហើយក៏ព្យាយាមស្វែងរកវិធីមួយ ដើម្បីអាចគ្រប់គ្រងទៅលើវិបត្តិទាំងប៉ុន្មាននោះ។ ខ្ញុំចង់រកដំណោះស្រាយសម្រាប់រាល់គ្រប់ទាំងបញ្ហា ដើម្បីឱ្យខ្ញុំអាចរៀបផែនការសម្រាប់រាល់អ្វីៗដែលនឹងអាចកើតមានឡើង។ តែខ្ញុំពិតជាអរគុណមែន ចំពោះព្រះគុណនៃព្រះ ដោយ អេមី បានផ្ដើមមានកម្លាំងពេញលេញកាន់តែប្រសើរឡើងៗទៅ ប៉ុន្តែទុក្ខលំបាករបស់គាត់ បានស្ដែងបង្ហាញនូវភាពកម្សោយដ៏ជ្រៅមួយរបស់ខ្ញុំ។ ក្ដីភ័យខ្លាចបានលេបត្របាក់រូបខ្ញុំ។
ចុះចំពោះរូបអ្នកវិញ? តើមាននូវផ្នែកណាខ្លះ ដែលអ្នកកំពុងតែតោងជាប់ ទាំងនាំឱ្យអ្នកមានការរន្ធត់ភ័យ ផងថែមទៀតនោះ? តើមាននូវក្ដីភ័យខ្លាចអ្វីណាខ្លះ ដែលអ្នកកំពុងតែទុកតែឯង មិនអនុញ្ញាតនិងថ្វាយចំពោះព្រះជាម្ចាស់នោះ?
ចូរគិតពីការទាំងនោះលមើល។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រញាំនៃក្ដីភ័យខ្លាច សម្រាប់អនាគតរបស់អ្នក ដោយភ័យព្រួយលើ ចំណងអាពាហ៍ពិពាហ៍របស់អ្នក នេះជាចំណុចដៅបង្ហាញ ថាអ្នកមិនទុកចិត្ដដល់ព្រះជាម្ចាស់ពេញលេញ ជាមួយនឹងអនាគតនៃចំណងអាពាហ៍ពិពាហ៍របស់អ្នក នោះដែរ។ ប្រសិនបើអ្នកណែនណាន់ជាមួយនឹងក្ដីខ្វល់ព្រួយ អំពីរបៀបថាអ្នកនឹងត្រូវអាចបង់ថ្លៃប្រាក់ សម្រាប់ការចំណាយនៃជីវិតរស់នៅប្រចាំថ្ងៃ នេះមានន័យថា អ្នកប្រហែលជាមិនបានទុកចិត្ដព្រះជាម្ចាស់ ដែលជាព្រះផ្គត់ផ្គង់របស់អ្នក នោះដែរ។ ប្រសិនបើអ្នកនៅខ្វិន ជាប់ស្លន់ ដោយការភ័យព្រួយ អំពីសុខសុវត្ថិភាពនៃកូនៗរបស់អ្នក ដូច្នេះ នេះមានន័យថា អ្នកមិនបានទុកចិត្ដព្រះជាម្ចាស់ ថាព្រះអង្គនឹងថែរក្សាដល់ពួកគាត់ ដែរឬយ៉ាងណា?
ក្នុងខណៈដែលព្រះជាម្ចាស់ បើកសម្ដែងនូវការភ័យខ្លាចរបស់អ្នក ព្រះអង្គនឹងកសាងនូវជំនឿរបស់អ្នកផងដែរ។ អ្នកត្រូវការព្រះអង្គ។ អ្នកត្រូវការវត្ដមានរបស់ព្រះអង្គ។ អ្នកត្រូវការអំណាចចេស្ដារបស់ព្រះអង្គ។ អ្នកត្រូវការព្រះវិញ្ញាណរបស់ព្រះអង្គសម្រាប់ជួយដឹកនាំអ្នក។ អ្នកត្រូវការព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីពង្រឹងដល់រូបអ្នក។
អ្វីដែលអ្នកភ័យខ្លាចជាងគេ នោះបង្ហាញថា ផ្នែកនោះឯង ដែលអ្នកត្រូវការរីកចម្រើនជាមួយនឹងព្រះជាម្ចាស់។ តើអ្នកភ័យខ្លាចអ្វីដែរ? តើអ្វីខ្លះ ដែលជាចិត្ដអន្ទះអន្ទែង ចិត្ដរសាប់រសល់របស់អ្នកនោះ?
តើព្រះជាម្ចាស់ទ្រង់កំពុងបង្ហាញអ្វីខ្លះដល់អ្នក?
តើនៅត្រង់ទីកន្លែងណាដែរ ដែលអ្នកត្រូវការរីកចម្រើននៅក្នុងក្ដីជំនឿនោះ?
ចូរទុកចិត្ដដល់ព្រះអង្គ។
អំពីគម្រោងអាននេះ
តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។
More