សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់គំរូ

Dangerous Prayers

ថ្ងៃទី 3 ក្នុងចំណោម 7 ថ្ងៃ

សូមពិនិត្យមើលទូលបង្គំ

តើអ្នកហ៊ានអធិស្ឋាននៅក្នុងរបៀបមួយដែលអ្នកមិនធ្លាប់អធិស្ឋានពីពេលមុនដែរឬទេ?

ដោយអស់ពីចិត្ដ ព្រលឹង គំនិត និងអស់ពីគ្រប់ទាំងអ្វីៗទាំងឡាយនៃអ្នក? តើនឹងមានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នក និងមនុស្សជុំវិញខ្លួនរបស់អ្នក ប្រសិនបើអ្នកបានចាប់ផ្ដើមអធិស្ឋាន នៅក្នុងរបៀបមួយដ៏ឆេះឆួល ហើយយ៉ាងគ្រោះថ្នាក់ បែបនេះនោះ?

តើអ្នកហ៊ានចង់ស្វែងយល់ និងចង់ដឹង ថាវាមានលក្ខណៈយ៉ាងណា ដែរឬទេ?

ស្ដេច សូល បានទម្លាក់កំហុស យ៉ាងខុសឆ្គង ទៅលើ ដាវីឌ ដោយចោទថាគាត់ គឺជាមនុស្សក្បត់ ហើយបានបញ្ជូនកងទ័ពទាំងប៉ុន្មានរបស់ស្ដេច ឱ្យទៅដេញតាមចាប់ ដាវីឌ អស់ជាច្រើនលើកច្រើនសា ដោយព្យាយាម ចង់សម្លាប់ដាវីឌ នោះ៉ទៀត។ ដោយអស់ពីដួងចិត្ដ ដាវីឌពិតជាចង់ធ្វើតាមបំណងព្រះទ័យរបស់ព្រះជាម្ចាស់ និងប្រព្រឹត្ដឱ្យបានជាទីសព្វព្រះទ័យដល់ព្រះ។ គាត់បានតយុទ្ធប្រឆាំងជាមួយនឹងកំហឹងរបស់ខ្លួនគាត់ ដើម្បីជាប្រយោជន៍ ឱ្យគាត់អាចការពារ និងបង្ហាញនូវការគោរព ផ្ដល់កិត្តិយស ទៅដល់ស្ដេច នោះវិញ។ ទោះជាដឹងថា បំណងចិត្ដរបស់គាត់មិនល្អឥតខ្ចោះរហូតក៏ដោយ ក៏ដាវីឌបានចុះចូល និងថ្វាយដួងចិត្ដរបស់គាត់ទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយបានអធិស្ឋាន នូវសេចក្ដីអធិស្ឋាន ដ៏ទោរទន់ ងាយរងគ្រោះ ចេញពីក្រអៅចិត្ដ ហើយក៏ជាការអធិស្ឋានមួយដ៏គ្រោះថ្នាក់មួយ ដែលយើងប្រហែលជាមិនធ្លាប់ឮ។ ទាំងចង់ថ្វាយកិត្តិយសដល់ព្រះជាម្ចាស់ នៅក្នុងគ្រប់ផ្នែកនៃរូបអង្គរបស់គាត់ ដាវីឌបានអធិស្ឋានថា៖ «ព្រះអង្គអើយ សូមពិនិត្យមើលទូលបង្គំ ហើយស្គាល់ចិត្ដទូលបង្គំ។ សូមព្រះអង្គល្បងមើលទូលបង្គំ ហើយជ្រាបពីចិត្ដគំនិតអន្ទះអន្ទែង របស់ទូលបង្គំ។ សូមទ្រង់ពិនិត្យមើល ថាតើ មានរបៀបណាក្នុងចិត្ដទូលបង្គំ ដែលទូលបង្គំបានធ្វើទាស់ប្រឆាំង​នឹងព្រះអង្គ ហើយសូមព្រះអង្គ ដឹកនាំទូលបង្គំ ទៅតាមផ្លូវដ៏អស់កល្បជានិច្ចវិញ» (ទំនុកតម្កើង ១៣៩៖២៣-២៤)។

មិនគ្រាន់តែថា សេចក្ដីអធិស្ឋាននេះ ជាពាក្យពេចន៍ដ៏លំបាកប៉ុណ្ណោះនោះទេ ប៉ុន្តែ ពាក្យអធិស្ឋាននេះ ក៏ជាការប្រឡងប្រជែង ឱ្យមានការប្រព្រឹត្ដតាម និងរស់នៅក្នុងរបៀបមួយ ដែលមិនងាយស្រួល ជាងការនិយាយទៅទៀត។ នេះគឺដោយសារតែ ប្រសិនបើអ្នកមានចិត្ដក្លាហានក្នុងការអធិស្ឋានពាក្យពេចន៍នេះ នោះអ្នកប្រាកដជាត្រូវការ ការអនុវត្ដ នូវចិត្ដក្លាហាន ដើម្បីឱ្យរូបអ្នកអាចរស់នៅ តាមអ្វីដែលព្រះជាម្ចាស់ទ្រង់នឹងបង្ហាញរូបអ្នក ទៅតាមការឆ្លើយតបរបស់ព្រះអង្គនោះដែរហើយ។ ដូច្នេះ ចូរកុំចេះតែអធិស្ឋាន ប្រសិនបើអ្នក មិនមែនន័យ ឬមានបំណងដូចអ្វីដែលអ្នកបានអធិស្ឋាន ទេនោះ។

ចូរឱ្យជ្រាបដឹងទុកជាមុនថា ការអធិស្ឋាននេះ អាចមានសក្ដានុពល នាំឱ្យដួងចិត្ដអ្នក ឆេះឆួល នាំឱ្យអ្នកភ្លឺភ្នែកខាងឯក្នុងក្រអៅចិត្ដរបស់អ្នក។ នោះគឺដើម្បីជាប្រយោជន៍ កែប្រែរូបអ្នក។ ដើម្បីដឹកនាំជីវិតអ្នកជាថ្មី។ ដើម្បីបំផ្លាស់បំប្រែ របៀបដែលអ្នកមើលឃើញរូបរបស់អ្នកផ្ទាល់។ ហើយដើម្បីផ្លាស់ប្រែរបៀបដែលអ្នកសម្លឹងឃើញមនុស្សដទៃផង។

ប្រហែលជាអ្នកកំពុងគិតថា ពាក្យអធិស្ឋាននេះ​ វាមិនប៉ុន្មាន អីនោះទេ។ ប្រហែលជាអ្នកកំពុងឆ្ងល់ថា ហេតុអ្វីបានជាអ្នកគួរតែ ទូលសូមព្រះជាម្ចាស់ ឱ្យពិនិត្យមើលដួងចិត្ដរបស់អ្នក នៅពេលដែលព្រះអង្គទ្រង់ជ្រាបគ្រប់ទាំងអស់ ដែលមាននៅក្នុងរូបអ្នកទៅហើយនោះ។ អ្នកផ្ទាល់ក៏ស្គាល់ថានៅក្នុងដួងចិត្ដនោះ មានអ្វីខ្លះ នោះដែរ។

ព្រះអង្គទ្រង់ជ្រាបថាមានអ្វីនៅក្នុងដួងចិត្ដនោះ។ ដូច្នេះ តើហេតុអ្វី បានជាទូលសូម អ្វីដែលយើងដឹងរួចទៅហើយនោះ?

នៅត្រង់ទីនេះឯង ដែលអ្វីៗ មើលទៅដូចជាការគិតឆោត។ នៅឯទីចំហ និងនៅចំពោះអ្វីៗ យើងគិតថាមើលឃើញ គឺរូបពីក្រៅ មើលទៅប្រៀបបីដូចជាយើងស្គាល់ពីដួងចិត្ដរបស់យើងអស់ទៅហើយ។ មែនអត់? ខ្ញុំស្គាល់អ្វីជាគោលបំណងរបស់ខ្ញុំ។ ខ្ញុំស្គាល់អ្វីដែលជាកិច្ចសំខាន់បំផុត។ ខ្ញុំដឹងថាហេតុអ្វីបានជាខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើ។ ជាងនេះទៅទៀត ប្រហែលជាអ្នកប្រាប់ដល់ខ្លួនឯងថា៖ «ខ្ញុំមានដួងចិត្ដល្អហើយ។ ខ្ញុំមិនបានព្យាយាមធ្វើឱ្យនរណាគេឈឺចាប់នោះទេ។ ខ្ញុំចង់ធ្វើតែអ្វីដែលល្អត្រឹមត្រូវប៉ុណ្ណោះ។ ដួងចិត្ដរបស់ខ្ញុំគឺល្អហើយ។ ខ្ញុំក៏កំពុងអធិស្ឋានអញ្ចឹងដែរ មិនចឹង?»

ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បង្ហាញផ្ទុយស្រឡះពីអ្វីដែលយើងបានគិត។ ប្រហែលអ្នកអាចជាភាំង នៅពេលដែលអ្នកឮព្រះបន្ទូលជាលើកដំបូង ប៉ុន្តែ លោកព្យាការី យេរេមា បានប្រាប់ដល់យើងនូវសេចក្ដីពិតត្រង់ៗមួយចំនួនដែរ។ លោក យេរេមា ដែលជាកូនប្រុស នៃសង្ឃក្នុងក្រុមកុលសម្ព័ន្ធ លេវី គាត់បានកើតនៅក្នុងអំឡុងឆ្នាំ ៦៥០ មុន គ.ស. ។ នៅក្នុងគ្រានៃការសោយរាជ្យរបស់ ស្ដេច យ៉ូសៀស ព្រះជាម្ចាស់បានត្រាស់ហៅ ព្យាការីវ័យក្មេងម្នាក់នេះ ដើម្បីឱ្យគាត់បាននាំនូវព្រះបន្ទូលព្រះ ទៅដល់ប្រជាជាតិអ៊ីស្រាអែល និងបណ្ដាប្រជាជាតិទាំងឡាយ។ លោក យេរេមា ដាក់ចំៗ ទៅដល់រូបអ្នក—រួមជាមួយនឹងរូបខ្ញុំ និងមនុស្សដទៃផ្សេងទៀតផងដែរថា—គ្មាននូវដួងចិត្ដល្អនោះទេ។ និយាយឱ្យពិតទៅ មិនត្រឹមថា ដួងចិត្ដរបស់អ្នកមិនល្អនោះឡើយ ប៉ុន្តែ ដួងចិត្ដរបស់អ្នក គឺអាក្រក់ និងពេញដោយបាប នៅក្នុងគ្រប់បែបនិងរបត់របស់វាផង។ លោកព្យាការីថ្លែងថា៖ «ដួងចិត្ដរបស់មនុស្ស គឺជាគ្រឿងបញ្ឆោតលើសជាងអ្វីៗទាំងអស់ ហើយក៏អាក្រក់ ហួសល្បត់ផង។ តើនរណាអាចស្គាល់ថាវាអាក្រក់ប៉ុណ្ណា?» (យេរេមា ១៧៖៩)។

ប្រសិនបើគ្មានព្រះគ្រីស្ទនោះទេ ដួងចិត្ដរបស់អ្នក ប្រាកដណាស់ថា ពេញដោយការបញ្ឆោត។ ប្រសិនបើយើងបានចូលទៅជិត អង្គព្រះគ្រីស្ទឱ្យកាន់តែជិត នោះយើងប្រាកដណាស់ ថានឹងត្រូវប្រឈមជាមួយនឹងភាពកម្សោយនានារបស់យើងកាន់តែខ្លាំង នោះដែរ។ ចិត្ដនោះមានទាំង អំណួត ភាពអាត្មានិយម តណ្ហា ភាពញៀន វិញ្ញាណពេញដោយការរិះគន់។ 

ការអធិស្ឋាននូវពាក្យពេចន៍អធិស្ឋានដ៏គ្រោះថ្នាក់ ដ៏ឆេះឆួលនេះ អាចបើកចំហចរន្តនៃទំនាក់ទំនងមួយ ទៅដល់ព្រះជាម្ចាស់។​ ជំនួសដោយការគ្រាន់តែ ទូលសូមព្រះជាម្ចាស់ ឱ្យធ្វើអ្វីមួយ សម្រាប់ រូបអ្នក ចូរទូលសូមព្រះអង្គ ឱ្យបើកសម្ដែងបង្ហាញអ្វីមួយ នៅក្នុង រូបអ្នក។ គ្រានៃការពិតមួយ នៅរួមជាមួយនឹងព្រះជាម្ចាស់ ប្រហែលជាមិនអាចបំផ្លាស់បំប្រែអ្នកភ្លាមៗ​ បាននោះទេ ប៉ុន្តែ គ្រានោះនឹងជួយឱ្យអ្នកអាចសម្គាល់នូវតម្រូវការខាងឯវិញ្ញាណរបស់អ្នក ហើយអាចតម្រង់ជីវិតរបស់អ្នកសាជាថ្មី វិញ។

ហេតុដូច្នេះហើយបានជាសេចក្ដីអធិស្ឋានរបស់ ស្ដេច ដាវីឌ ពិតជាគ្រោះថ្នាក់ ហើយឆេះឆួល មែនទែន។

«ព្រះអង្គអើយ សូមពិនិត្យមើលដួងចិត្ដរបស់ទូលបង្គំ ។»

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Dangerous Prayers

តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូគង្វាល ហ្គ្រេក ហ្គ្រូឆែល និង Life.Church ដែលបានផ្ដល់គម្រោងអានមួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.craiggroeschel.com/