ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ
ជារឿយៗក្រុមជំនុំធ្លាប់ងាយកាត់ទោសចំពោះអ្នកមិនជឿព្រះ ដោយព្រោះតែទង្វើបាបនិងអត្តចរិតរបស់ពួកគេ ប៉ុន្តែតាមពិតទៅ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលថាអ្នកមិនស្គាល់ព្រះ គេប្រព្រឹត្តបែបដូចគេមិនស្គាល់ព្រះនោះ។ អ្វីដែលយើងគួរតែខ្វល់ខ្វាយ នោះគឺជាខ្លួនយើងទៅវិញ ដោយហេតុដំបូងថាតើយើងបានរស់នៅក្នុងជីវិតបរិសុទ្ធ និងបានផ្លាស់ប្រែ ដែរឬយ៉ាងណា។ ក្នុងខណៈពេលយើងរត់ដេញតាមព្រះ នោះយើងអាចទូលសូមព្រះសម្រាប់ប្រាជ្ញា ដើម្បីឱ្យព្រះអង្គបើកសម្ដែងពីសេចក្ដីល្អរបស់ព្រះអង្គ ទៅដល់មនុស្សលោក ដែលមាននៅជុំវិញខ្លួនយើង តាមរបៀបដែលអាចអញ្ជើញឱ្យពួកគេ មកស្វែងរកការផ្លាស់ប្រែ ដែលមាននៅក្នុងព្រះដោយខ្លួនគេផ្ទាល់ផង។
ក្នុងនាមជាបុត្រធីតានៃព្រះ នោះយើងត្រូវបានបង្កើតសាជាថ្មី នៅក្នុងអង្គព្រះគ្រីស្ទ គឺឱ្យយើងបានក្លាយដូចជាត្បូងពេជ្រដ៏រឹងមាំ តែទន់ភ្លន់ដូចជាផ្ការីកវិញ។
យើងរស់នៅក្នុងពិភពលោកមួយ ដែលសម្រេចនូវអ្វីដែល សាវ័ក ប៉ុល បានសរសេរនៅក្នុង កណ្ឌគម្ពីរ រ៉ូម ជំពូកទី ១។ ដូច្នេះ មានមនុស្សលោកជាច្រើនបានបោះបង់ចោលចំណេះដឹងនិងព្រះវត្តមាននៃព្រះ ហើយលែងស្គាល់ពីមូលដ្ឋានដើមនៃគម្រោងតាក់តែងរបស់ព្រះ សម្រាប់មនុស្សជាតិ។
ប៉ុន្តែ ចូរយើងសួរពីខ្លួនឯងលមើល ថាការយំសោកស្រណោះចំពោះរឿងដ៏អាក្រក់នាសម័យកាលយើងរស់នៅ នោះបានបំផ្លាស់អ្វីខ្លះ? ជាអកុសល យើងត្រូវបានគេទទួលស្គាល់ពីអ្វីៗដែលយើងឈរទាស់ប្រឆាំង ជាជាងស្គាល់ថាយើងជានរណានិងថ្វាយការគោរពចំពោះនរណា។ ភាពបរិសុទ្ធនិងការបំផ្លាស់បំប្រែដែលយើងស្វែងរកមើលនៅក្នុងវប្បធម៌របស់យើង នោះនឹងមិនបានមក ដោយការវិនិច្ឆ័យទោស និងការផ្ដន្ទាទោសរបស់យើងទេ ប៉ុន្តែវាបានមក នៅពេលណាដែលយើងនិយាយសំដៅទៅកាន់បញ្ហាផ្ទាល់ខ្លួនយើងជាមុនសិន នោះទើបក្ដីសប្បុរស ក្ដីមេត្តាករុណា និងក្ដីសង្ឃឹមនៃព្រះស្រាយបង្ហូរមកដល់អស់អ្នកណាដែលត្រូវការ។
ក្ដីសប្បុរសនៃព្រះតែងតែជាការអញ្ជើញឱ្យយើងវិលត្រឡប់មករកសេចក្ដីពិត ជាជាងការយល់ស្របនឹងយើង ដើម្បីឱ្យនរណាបន្តនៅជាប់ក្នុងអំពើបាប។ ហេតុដូច្នេះហើយបានជាយើងត្រូវការប្រាជ្ញា។ មានពេលជាច្រើន ដែលយើងប្រហែលជានិយាយថាអំពើបាប នោះមិនមែនជាអំពើបាបទេ ដោយព្រោះតែយើងមិនចង់ឱ្យនរណាមានអារម្មណ៍និងចិត្តអាម៉ាស់។ តែទោះបីជាយ៉ាងនេះក្ដី យើងត្រូវតែហ៊ានហៅអំពើបាប ថាជាអំពើបាប គ្រាន់តែយើងត្រូវចេះប្រាប់ និងបង្ហាញពីវា នៅក្នុងរបៀបដែលនាំឱ្យមនុស្សមានក្ដីសង្ឃឹម ជាជាងនាំឱ្យគេមានអារម្មណ៍ថាខ្លួនកំពុងតែធ្លាក់ទៅស្ថាននរក។
ភាពបរិសុទ្ធនៅក្នុងវប្បធម៌របស់យើង នោះត្រូវចាប់ផ្ដើមពីយើង ដោយការដែលយើងហ៊ានថ្វាយរូបកាយទាំងមូលរបស់យើងទៅចំពោះព្រះ។ សព្វថ្ងៃមានមនុស្សជំនាន់នេះកំពុងតែអន្ទះអន្ទែងចង់បាននូវការផ្លាស់ប្រែ ហើយពួកគេកំពុងតែរង់ចាំមើលពីការផ្លាស់ប្រែនេះនៅក្នុងយើងរាល់គ្នា។
ព្រះជាម្ចាស់មានបន្ទូលថាព្រះអង្គនឹងព្យាបាលប្រជាជាតិ នៅពេលណាដែលប្រជារាស្ត្រនោះ បន្ទាបខ្លួនរបស់ពួកគេហើយអធិស្ឋាន មិនមែននៅពេលដែលអ្វីៗក្នុងជួររដ្ឋាភិបាលនៃទឹកដីនោះដើរទៅបានយ៉ាងល្អឥតខ្ចោះនោះទេ។ តើសេចក្ដីនេះមានន័យយ៉ាងណាចំពោះអ្នក?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោបល់ គម្រោងអាននេះនឹងជួយឱ្យអ្នកដាក់យុថ្កានៅក្នុងដួងព្រលឹងរបស់អ្នក—ទាំងឱ្យអ្នកដឹងយ៉ាងច្បាស់ពីទិសដៅនៅក្នុងការធ្វើដំណើរក្នុងពិភពលោកនេះ។
More