ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរគំរូ
អស់ជាច្រើនសតវត្សមកហើយ មានមនុស្ស គេបានតាមរកនូវវត្ថុធាតុម្យ៉ាងដែលគេហៅថា អ័ដាម៉ាស-adamas។ ថ្មស្រអាប់នេះ គឺជាថ្មមានអំណាច ដូចដែកឆក់ មានពន្លឺ និងមិនអាចបំផ្លាញបាន។ មានអ្នកគ្រប់គ្រងប្រជាជាតិជាច្រើន បានគិតថា ប្រសិនបើគេអាចស្វែងរកវាឃើញ នោះគេនឹងយកវាទៅប្រើ ធ្វើជាគ្រឿងសព្វាវុធ និងជាអាវក្រោះ ដើម្បីកុំឱ្យនរណាយកឈ្នះលើគេបាន។ អស់រយៈពេលរាប់រយឆ្នាំ មានវីរៈជនជាច្រើននាក់ បានធ្វើដំណើរផ្សងព្រេង ដើម្បីទៅរកឱ្យឃើញនូវថ្មវេទមន្តនេះ។
ខ្ញុំចូលចិត្តគិតពីគំនិតយ៉ាងដូច្នេះ។ វាគឺជារឿងគួរឱ្យចាប់អារម្មណ៍ ពេលយើងប្រាប់ពីដំណើរផ្សងព្រេង រួមមានទាំងថ្ម ប្រកបដោយអំណាចចេស្ដា ប៉ុន្តែឥឡូវ ប្រហែលជាពុំមាននរណាទៅផ្សងព្រេង ដើម្បីឱ្យបានថ្មទេពនេះ ដូចពីមុនទេ។ ឥឡូវនេះ ការរុកស្វែងរក បានផ្លាស់ប្រែហើយ។ វាលែងក្លាយជាសារធាតុយ៉ាងមាំ ដែលពិភពលោកធ្លាប់ទៅស្វះស្វែងរកទៀតហើយ។ ឥឡូវ មនុស្សគេទៅផ្សងរកសេចក្ដីពិតដែលស្ថិតស្ថេរ ហើយនិងមិនចេះផ្លាស់ប្រែវិញ។
ក្នុងស្នូលកណ្ដាលនៃជីវិត នោះយើងចង់បានអ្វីមួយដែលរឹងមាំ និងជាអ្វីមួយដែលមិនប្រែប្រួល។ សូម្បីតែ លោក ប៉ុនទាស ពីឡាត ក៏បានសួរទៅព្រះយេស៊ូវដែរថា៖ «តើសេចក្ដីពិតគឺជាអ្វី?»។ សម្រាប់មនុស្សជាច្រើន សំណួរនេះពិតជាពិបាកនឹងឆ្លើយ—ហើយអស់រយៈពេលជាយូរមកហើយ យើងបានសុខចិត្តទុកវានៅមួយឡែក ដោយពុំបានផ្ដល់ចម្លើយអ្វីសោះ។
យើងរស់នៅក្នុងសម័យកាលមួយ ដែលយើងត្រូវការកិច្ចសន្ទនាដែលទំនង។ យើងត្រូវការទំនាក់ទំនងមានន័យ។ និងយើងត្រូវការការផ្សាភ្ជាប់មួយមានខ្លឹមសារ ជាមួយនឹងព្រះបន្ទូលព្រះ ដែលជាសេចក្ដីពិត។ យើងគឺជាជំនាន់មនុស្ស ដែលត្រូវបានគេសម្រាតពុំឱ្យយល់ពីអ្វីដែលគួរឱ្យស្ញប់ស្ញែង ហើយនិងជារឿយៗ ដោយហេតុដូច្នោះ យើងខ្វះចិត្តដេញតាមរកអ្វីដែលមានខ្លឹមសារ។ យើងរស់នៅបែបត្រឡប់ត្រឡិននៅក្នុងទន្លេ ដែលយើងខ្លួនឯងគិតថាជាសេចក្ដីពិត។
ប៉ុន្តែ សេចក្ដីពិតមិនមែនជាទន្លេទេ។ វាគឺជាថ្មដា។
នៅក្នុងកណ្ដាលចំណោមនៃភាពច្រួលច្របល់ និងការប្រៀបធៀបនេះ យើងត្រូវតែបែរទៅរកអង្គព្រះយេស៊ូវ។ ព្រះអង្គគឺជាថ្មដានៃយើង ដែលជាសារធាតុ អ័ដាម៉ាន-Adamant គឺជាថ្មតាន់របស់យើង៖ ដែលមិនផ្លាស់ប្ដូរនិងមិនរង្គើ។ យើងបានទទួលការអញ្ជើញឱ្យមកច្នៃជីវិតរបស់យើងនៅក្នុងព្រះអង្គ—មិនមែនគ្រាន់តែនៅលើព្រះអង្គ ប៉ុន្តែនៅក្នុងព្រះអង្គ—ដោយក្នុងនាមព្រះអង្គជាគ្រឹះដ៏មាំរបស់យើង។ ព្រះអង្គគឺជាទីឱ្យយើងឈរបានយ៉ាងនឹងនរ នៅក្នុងពិភពលោកដែលមានពេញដោយកម្ទេចថ្ម។
នៅពេលដែលយើងធ្វើដូច្នេះ នោះព្រះអង្គជួយឱ្យយើងបានរឹងមាំ គឺឱ្យបានដូចព្រះអង្គ។ ព្រះអង្គគឺជាថ្មឯក (សសរគោល) ប៉ុន្តែយើងក៏ជាថ្មដ៏រស់ ដែលបានសង់ឡើងរួមជាមួយនឹងព្រះអង្គ នៅក្នុងផ្ទះនៃវិញ្ញាណ ដែលជាប៉ុស្តិនិងជាទីជម្រក សម្រាប់បម្រើដល់អស់អ្នកដែលរង្គោះរង្គើ ព្រោះពិភពលោកមានពេញដោយការផ្លាស់ប្រែ។
នេះគឺជាផ្នែកមួយនៃការត្រាស់ហៅរបស់យើងក្នុងនាមជាគ្រីស្ទបរិស័ទ—ដើម្បីឱ្យយើងអាចឈរបានយ៉ាងមាំនៅក្នុងសេចក្ដីពិត មិនមែនគ្រាន់តែបានសម្រាប់ជាប្រយោជន៍របស់យើង ប៉ុន្តែសម្រាប់បានជាប្រយោជន៍ដល់អស់អ្នកណាដែលកំពុងតែស្វែងរកអ្វីមួយ ដើម្បីសាងសង់ជីវិតរបស់គេផងដែរ។
តើសេចក្ដីពិតដែលថាព្រះយេស៊ូវគឺជាថ្មដា នោះមានន័យយ៉ាងណាសម្រាប់អ្នក? តើមានផ្នែកណាខ្លះ ដែលសេចក្ដីពិតបានក្លាយទៅជាវត្ថុរាវ (មិនមែនជាថ្មរឹងមាំ) នៅក្នុងពិភពលោក (ជីវិត) របស់អ្នក?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោបល់ គម្រោងអាននេះនឹងជួយឱ្យអ្នកដាក់យុថ្កានៅក្នុងដួងព្រលឹងរបស់អ្នក—ទាំងឱ្យអ្នកដឹងយ៉ាងច្បាស់ពីទិសដៅនៅក្នុងការធ្វើដំណើរក្នុងពិភពលោកនេះ។
More