កិច្ចការ 16
16
ប៉ូលជ្រើសរើសធីម៉ូថេ
1ប៉ូលបានទៅដល់ឌើបេ រួចទៅដល់លីស្ត្រា។ ពេលនោះ មើល៍! មានសិស្សម្នាក់ឈ្មោះធីម៉ូថេនៅទីនោះ គាត់ជាកូនប្រុសរបស់ស្ត្រីជនជាតិយូដាដែលជាអ្នកជឿ រីឯឪពុករបស់គាត់ជាជនជាតិក្រិក។ 2គាត់មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅលីស្ត្រា និងអ៊ីកូនាម។ 3ប៉ូលចង់ឲ្យធីម៉ូថេទៅជាមួយ ដូច្នេះគាត់នាំធីម៉ូថេទៅធ្វើពិធីកាត់ស្បែក ដោយសារតែជនជាតិយូដាដែលនៅតំបន់នោះ ដ្បិតទាំងអស់គ្នាដឹងថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិក។ 4នៅពេលធ្វើដំណើរឆ្លងកាត់ទីក្រុងនានា ពួកគេប្រគល់ដល់ទាំងអស់គ្នានូវសេចក្ដីសម្រេចដែលពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិមបានសម្រេច ដើម្បីឲ្យគេកាន់តាម។ 5ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានត្រូវបានធ្វើឲ្យមានកម្លាំងឡើងក្នុងជំនឿ ហើយចំនួនក៏កើនឡើងជារៀងរាល់ថ្ងៃ។
ហៅឲ្យទៅម៉ាសេដូន
6ពួកគេត្រូវព្រះវិញ្ញាណដ៏វិសុទ្ធឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅអាស៊ី ក៏ដើរចុះឡើងនៅព្រីគា និងស្រុកកាឡាទី។ 7នៅពេលមកដល់មីស៊ា ពួកគេព្យាយាមចូលទៅប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណរបស់ព្រះយេស៊ូវ#16:7 ព្រះវិញ្ញាណរបស់ព្រះយេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះវិញ្ញាណដ៏វិសុទ្ធ”។មិនបានអនុញ្ញាតឲ្យពួកគេចូលទេ 8ដូច្នេះពួកគេក៏ឆ្លងកាត់មីស៊ា ចុះទៅទ្រអាសវិញ។ 9យប់មួយ ប៉ូលឃើញនិមិត្តមួយ គឺមានបុរសម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា៖ “សូមឆ្លងមកម៉ាសេដូន ជួយយើងផង!”។ 10នៅពេលគាត់ឃើញនិមិត្តនោះ យើងក៏រកឱកាសចេញដំណើរទៅម៉ាសេដូនភ្លាម ដោយយល់ឃើញថាព្រះ#16:10 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។បានត្រាស់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់ពួកគេ។
លីឌាទទួលជឿព្រះអង្គ
11យើងចុះសំពៅពីទ្រអាសតម្រង់ទៅសាម៉ូត្រាស ហើយនៅថ្ងៃបន្ទាប់ យើងទៅដល់នាប៉ូលី 12រួចពីទីនោះទៅដល់ភីលីព ដែលជាទីក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន និងជាអាណានិគមរ៉ូម#16:12 រ៉ូម―ជាពាក្យជំនួយ។។ យើងបានស្នាក់នៅទីក្រុងនោះរយៈពេលប៉ុន្មានថ្ងៃ។ 13នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលយើងស្មានថាមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយ និយាយជាមួយស្ត្រីៗដែលមកជួបជុំគ្នា។ 14មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។ 15បន្ទាប់ពីនាង និងក្រុមគ្រួសាររបស់នាងបានទទួលពិធីជ្រមុជទឹក នាងអង្វរយើងថា៖ “ប្រសិនបើអស់លោកបានយល់ឃើញថាខ្ញុំជាអ្នកជឿព្រះអម្ចាស់#16:15 អ្នកជឿព្រះអម្ចាស់―ឬ “អ្នកស្មោះត្រង់នឹងព្រះអម្ចាស់”។ សូមអញ្ជើញមកស្នាក់នៅផ្ទះរបស់ខ្ញុំផង” ហើយនាងបានទទូចឲ្យយើងមក។
ប៉ូល និងស៊ីឡាសជាប់គុក
16កាលមួយមានកើតឡើងដូច្នេះ: នៅពេលយើងកំពុងចេញទៅកន្លែងអធិស្ឋាន មានបាវបម្រើស្រីម្នាក់ដែលមានវិញ្ញាណនៃការទស្សទាយចូល បានមកជួបយើង។ នាងតែងតែរកចំណូលយ៉ាងច្រើនឲ្យពួកម្ចាស់របស់នាងដោយការទាយ។ 17នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា#16:17 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។!”។ 18នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ។
ប៉ូលធុញទ្រាន់ ក៏បែរមកនិយាយនឹងវិញ្ញាណនោះថា៖ “ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ យើងបង្គាប់ឯងឲ្យចេញពីនាងទៅ!”។ នោះវាក៏ចេញមកភ្លាម។
19ប៉ុន្តែកាលពួកម្ចាស់របស់នាងឃើញថា អស់សង្ឃឹមនឹងបានចំណូល ពួកគេក៏ចាប់ប៉ូល និងស៊ីឡាស អូសទៅទីប្រជុំជន#16:19 ទីប្រជុំជន―ឬ “ផ្សារ”។ ទៅនៅមុខអាជ្ញាធរ។ 20នៅពេលនាំអ្នកទាំងពីរមកឯពួកមេគ្រប់គ្រង ពួកគេក៏និយាយថា៖ “អ្នកទាំងនេះជាជនជាតិយូដា បានបង្កចលាចលនៅក្នុងទីក្រុងរបស់យើង 21ដោយផ្សព្វផ្សាយទំនៀមទម្លាប់ដែលជនជាតិរ៉ូម៉ាំងយើងមិនត្រូវទទួលយក ឬកាន់តាមឡើយ”។
22ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងអ្នកទាំងពីរដែរ។ រីឯពួកមេគ្រប់គ្រងក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកគេចេញ ហើយបញ្ជាឲ្យវាយពួកគេនឹងរំពាត់ 23ក្រោយពីវាយច្រើនរំពាត់ហើយ ក៏ដាក់គុកពួកគេ ទាំងបញ្ជាឆ្មាំគុកឲ្យយាមយ៉ាងប្រុងប្រយ័ត្ន។ 24នៅពេលទទួលបញ្ជាដូច្នេះ ឆ្មាំគុកក៏ដាក់ពួកគេទៅក្នុងគុកជ្រៅ ហើយដាក់ខ្នោះជើងពួកគេ។
រួចពីគុកនៅកណ្ដាលអធ្រាត្រ
25លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។ 26រំពេចនោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ធ្វើឲ្យគ្រឹះគុករង្គើ ទ្វារគុកទាំងអស់របើកឡើងភ្លាម ហើយចំណងរបស់អ្នកទោសទាំងអស់ក៏របូតចេញ។ 27នៅពេលភ្ញាក់ឡើង ឆ្មាំគុកឃើញទ្វារគុកនៅចំហ ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយនឹកស្មានថាពួកអ្នកទោសបានរត់បាត់អស់ហើយ។
28ប៉ុន្តែប៉ូលស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “កុំអន្តរាយខ្លួនឡើយ ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!”។
29ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក ហើយរត់ចូលទៅ ក្រាបចុះនៅមុខប៉ូល និងស៊ីឡាសទាំងញ័ររន្ធត់ 30រួចនាំអ្នកទាំងពីរចេញមកខាងក្រៅ និយាយថា៖ “លោកម្ចាស់ តើខ្ញុំត្រូវតែធ្វើអ្វី ដើម្បីបានសង្គ្រោះ?”។
31ពួកគេឆ្លើយថា៖ “ចូរជឿទុកចិត្តលើព្រះអម្ចាស់យេស៊ូវ#16:31 ព្រះអម្ចាស់យេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់យេស៊ូវគ្រីស្ទ”។ចុះ នោះអ្នក និងក្រុមគ្រួសាររបស់អ្នកនឹងបានសង្គ្រោះ”។ 32បន្ទាប់មក ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ដល់ឆ្មាំគុក និងអ្នកផ្ទះទាំងអស់របស់គាត់។ 33នៅវេលាយប់នោះឯង ឆ្មាំគុកបានយកអ្នកទាំងពីរទៅលាងរបួស ហើយគាត់ និងក្រុមគ្រួសារទាំងអស់របស់គាត់ ក៏ទទួលពិធីជ្រមុជទឹកភ្លាម។ 34គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។
មេគ្រប់គ្រងសុំទោស
35លុះភ្លឺឡើង ពួកមេគ្រប់គ្រងបានចាត់ពួកតម្រួតឲ្យទៅ និយាយថា៖ “ចូរដោះលែងអ្នកទាំងនោះទៅ!”។
36ដូច្នេះ ឆ្មាំគុកក៏ប្រាប់ពាក្យទាំងនេះដល់ប៉ូលថា៖ “ពួកមេគ្រប់គ្រងបានចាត់គេឲ្យមក ដើម្បីដោះលែងលោកទាំងពីរ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ”។
37ប៉ុន្តែប៉ូលនិយាយនឹងពួកតម្រួតថា៖ “ពួកគេបានវាយយើងដែលមានសញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈដោយមិនបានកាត់ក្ដី ថែមទាំងដាក់គុកទៀត ហើយឥឡូវនេះ ពួកគេចង់បណ្ដេញយើងចេញដោយសម្ងាត់ឬ? ទេ មិនបានទេ! ពួកគេត្រូវតែមកនាំយើងចេញទៅដោយខ្លួនគេផ្ទាល់!”។
38ពួកតម្រួតទាំងនោះក៏ជម្រាបពាក្យទាំងនេះដល់ពួកមេគ្រប់គ្រង។ នៅពេលឮថាអ្នកទាំងពីរមានសញ្ជាតិរ៉ូម៉ាំង ពួកគេក៏ភ័យខ្លាច 39ហើយមកសុំទោសអ្នកទាំងពីរ ព្រមទាំងនាំអ្នកទាំងពីរចេញទៅខាងក្រៅ រួចសុំពួកគេឲ្យចាកចេញពីទីក្រុងនោះ។ 40ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 16: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative