កិច្ចការ 15

15
ការប្រកែកគ្នានៅអាន់ទីយ៉ូក
1មាន​អ្នកខ្លះ​ចុះមក​ពី​យូឌា ហើយ​បង្រៀន​បងប្អូន​ថា៖ “លុះត្រាតែ​អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​តាម​ទម្លាប់​របស់​ម៉ូសេ ពុំនោះទេ អ្នករាល់គ្នា​មិនអាច​ទទួល​ការ​សង្គ្រោះ​បានឡើយ”។ 2ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។ 3ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។
4នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។ 5ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​គណៈ​ផារិស៊ី​ដែល​បាន​ជឿ ក្រោកឡើង​និយាយ​ថា៖ “ត្រូវតែ​ធ្វើពិធីកាត់ស្បែក​ឲ្យ​ពួកសាសន៍ដទៃ ហើយ​បង្គាប់​ពួកគេ​ឲ្យ​កាន់តាម​ក្រឹត្យវិន័យ​របស់​ម៉ូសេដែរ”។
ការប្រឹក្សានៅយេរូសាឡិម
6ដូច្នេះ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ក៏​ជួបជុំគ្នា​ដើម្បី​ពិចារណា​រឿង​នេះ។ 7ក្រោយពី​មាន​ការដេញដោលគ្នា​ជាច្រើន ពេត្រុស​ក៏​ក្រោកឡើង និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ អ្នករាល់គ្នា​ដឹង​ហើយ​ថា តាំងពី​គ្រា​ដំបូង ព្រះ​បាន​ជ្រើសរើស​ពីចំណោម​អ្នករាល់គ្នា#15:7 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។ ឲ្យ​ពួក​សាសន៍ដទៃ​បាន​ឮ​ព្រះបន្ទូល​នៃ​ដំណឹងល្អ​តាមរយៈ​មាត់​របស់ខ្ញុំ ហើយ​បាន​ជឿ​។ 8ព្រះ​ដែល​ឈ្វេងយល់ចិត្ត បាន​ធ្វើបន្ទាល់​ដល់​ពួកគេ គឺ​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួកគេ ដូចដែល​បាន​ប្រទាន​មក​យើង​ដែរ 9ទាំង​សម្អាត​ចិត្ត​របស់​ពួកគេ​ដោយសារតែ​ជំនឿ គឺ​មិន​បាន​ប្រកាន់ថា​យើង និង​ពួកគេ​ខុសគ្នា​ឡើយ​។ 10ឥឡូវនេះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ព្រះ​ដូច្នេះ ដោយ​ដាក់​នឹម​លើ ក​សិស្ស​ទាំងនោះ ជា​នឹម​ដែល​សូម្បីតែ​ដូនតា​របស់យើង និង​យើងផ្ទាល់​ក៏មិនអាច​ទ្រាំទ្រ​បាន​ផង​? 11ផ្ទុយទៅវិញ យើង​ជឿ​ថា យើង​បាន​សង្គ្រោះ​ដោយសារតែ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ#15:11 ព្រះអម្ចាស់​យេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ”។ ហើយសាសន៍ដទៃទាំងនោះ​ក៏ដូចគ្នាដែរ”។
12ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។ 13ក្រោយពី​អ្នកទាំងពីរ​និយាយចប់​ហើយ យ៉ាកុប​តប​ថា​៖ “បងប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ​។ 14ស៊ីម៉ូន​បាន​រៀបរាប់​អំពី​របៀបដែល​កាលពីដំបូង ព្រះ​បាន​ប្រោសប្រណី​ពួក​សាសន៍ដទៃ ហើយ​ជ្រើសរើស​ប្រជារាស្ត្រ​មួយ​ពីចំណោម​ពួកគេ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ​។ 15រីឯ​ពាក្យ​របស់​បណ្ដា​ព្យាការី​ក៏​ស្របនឹង​ការនេះ​ដែរ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:
16 ‘បន្ទាប់ពីការទាំងនេះ យើង​នឹង​ត្រឡប់មក
ហើយ​សង់​លំនៅ # 15:16 លំនៅ―ន័យត្រង់គឺ “រោង”។ របស់​ដាវីឌ ដែល​រលំ​នោះ​ឡើងវិញ​;
យើង​នឹង​សង់​កន្លែង​ដែល​បាក់បែក​ឡើងវិញ ហើយ​តាំង​លំនៅនោះ​ឡើងវិញ​ដែរ
17 ដើម្បីឲ្យ​មនុស្ស​ដែល​នៅសល់
គឺ​អស់ទាំង​សាសន៍ដទៃ​ដែល​ត្រូវបាន​ហៅ​តាម​នាម​របស់យើង
បាន​ស្វែងរក​ព្រះអម្ចាស់​។
18 ព្រះអម្ចាស់​ដែល​បាន​សម្ដែង​ការទាំងនេះ​តាំងពីបុរាណមក មានបន្ទូល​ដូច្នេះ’។ # 15:16-18 《អេម៉ុស》 9:11-12។
19ដូច្នេះ ខ្ញុំ​យល់ឃើញថា មិន​ត្រូវ​នាំអំពល់ទុក្ខ​ដល់​អ្នក​ដែល​បែរមក​រក​ព្រះ​វិញ ពីចំណោម​សាសន៍ដទៃ​ឡើយ 20ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។ 21ដ្បិត​តាំងពី​សម័យបុរាណ​មក មាន​អ្នក​ដែល​ប្រកាស​អំពី​ម៉ូសេ​នៅតាមទីក្រុងនីមួយៗ ហើយ​គម្ពីរ​របស់​លោក#15:21 គម្ពីររបស់លោក​―ជាពាក្យជំនួយ។​ត្រូវបាន​អាន​រៀងរាល់​ថ្ងៃសប្ប័ទ នៅតាម​សាលាប្រជុំ​ដែរ”។
សំបុត្រដល់អ្នកជឿជាសាសន៍ដទៃ
22ពេលនោះ ពួក​សាវ័ក ពួក​ចាស់ទុំ និង​ក្រុមជំនុំ​ទាំងមូល យល់ឃើញថា​គួរតែ​ជ្រើសរើស​មនុស្ស​ពីចំណោម​ពួកគេ ចាត់ឲ្យទៅ​អាន់ទីយ៉ូក​ជាមួយ​ប៉ូល និង​បារណាបាស​។ គេ​បាន​ចាត់#15:22 គេ​បានចាត់―ជាពាក្យជំនួយ។​យូដាស​ដែល​ហៅថា​បារសាបាស និង​ស៊ីឡាស ពីរនាក់នេះ​ជា​អ្នកដឹកនាំ​ក្នុងចំណោម​បងប្អូន​។ 23ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖
“យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន
សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។
24ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ#15:24 ឯកសារបុរាណខ្លះគ្មាន “ដែលចេញ”។​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់#15:24 ឯកសារបុរាណខ្លះបន្ថែម “ដោយនិយាយថា:‘ត្រូវទទួលពិធីកាត់ស្បែក និងកាន់តាមក្រឹត្យវិន័យ’”។ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ 25ហេតុនេះហើយបានជា​យើងខ្ញុំ​យល់ឃើញ​ដោយមានចិត្តតែមួយ​ថា គួរតែ​ជ្រើសរើស​មនុស្ស​ដើម្បី​ចាត់ឲ្យទៅ​ឯ​បងប្អូន ជាមួយ​បារណាបាស និង​ប៉ូល ជាទីស្រឡាញ់​របស់យើង​។ 26អ្នកទាំងពីរនេះ​បាន​លះបង់​ជីវិត​របស់​ខ្លួន​ដើម្បី​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ 27ដូច្នេះ យើងខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​ឲ្យទៅ ហើយ​ពួកគេ​នឹង​ជម្រាប​សេចក្ដី​ដូចគ្នា​ដោយ​ផ្ទាល់មាត់​ដែរ​។ 28ដ្បិត​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​យើងខ្ញុំ​បាន​យល់ឃើញថា មិន​គួរ​ដាក់​បន្ទុក​អ្វីទៀត​លើ​បងប្អូន​ឡើយ លើកលែងតែ​សេចក្ដីទាំងនេះ​ដែល​ត្រូវ​កាន់តាម 29គឺ​ឲ្យ​ចៀសវាង​ពី​អាហារដែលសែនដល់រូបបដិមាករ ពី​ឈាម ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ​។ ប្រសិនបើ​បងប្អូន​រក្សា​ខ្លួន​ពី​សេចក្ដីទាំងនេះ​បាន បងប្អូន​ធ្វើ​បាន​ប្រសើរ​ហើយ​។
សូម​ជម្រាបលា”។
លទ្ធផលនៃសំបុត្រពីយេរូសាឡិម
30ដូច្នេះ នៅពេល​អ្នកទាំងនោះ​ត្រូវបាន​ចាត់ឲ្យទៅ ពួកគេ​ក៏​ចុះទៅ#15:30 ចុះទៅ―ឯកសារបុរាណខ្លះថា “ចេញដំណើរទៅ”។​អាន់ទីយ៉ូក ហើយ​ប្រមូល​អង្គប្រជុំ​មក ប្រគល់​សំបុត្រ​នោះ​ដល់​ពួកគេ​។ 31កាល​បាន​អាន​រួចហើយ អង្គប្រជុំ​ក៏​អរសប្បាយ​នឹង​ការលើកទឹកចិត្ត​នេះ។ 32យូដាស និង​ស៊ីឡាស​ពួកគេផ្ទាល់​ជា​អ្នកថ្លែងព្រះបន្ទូល​ដែរ ពួកគេ​ក៏​លើកទឹកចិត្ត​បងប្អូន​ដោយ​ពាក្យ​ជាច្រើន ព្រមទាំង​ពង្រឹង​ពួកបងប្អូន​ផង​។ 33ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក#15:33 ពួកអ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរឲ្យ​មក―ឯកសារបុរាណខ្លះថា “ពួកសាវ័ក”។ ដោយ​សុខសាន្ត​។ 34ប៉ុន្តែ​ស៊ីឡាស​យល់ឃើញថា គួរតែ​បន្ត​ស្នាក់នៅ​ទីនោះ​ទៀត​។#15:34 ឯកសារបុរាណខ្លះគ្មានខនេះ។ 35រីឯ​ប៉ូល និង​បារណាបាស​ក៏​បន្ត​ស្នាក់នៅ​អាន់ទីយ៉ូក​ដែរ ទាំង​បង្រៀន និង​ផ្សព្វផ្សាយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ជាមួយ​អ្នក​ឯទៀត​ជាច្រើន​។
ប៉ូល និងបារណាបាសបែកផ្លូវគ្នា
36ប៉ុន្មានថ្ងៃ​ក្រោយមក ប៉ូល​និយាយ​នឹង​បារណាបាស​ថា​៖ “មក៍! យើង​នាំគ្នា​ត្រឡប់ទៅ​សួរសុខទុក្ខ​ពួក​បងប្អូន​នៅតាម​ទីក្រុង​នីមួយៗ ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បីឲ្យ​ដឹងថា​ពួកគេ​ទៅជា​យ៉ាងណា​ហើយ”។ 37បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ 38ប៉ុន្តែ​ប៉ូល​គិតថា មិន​គួរ​យក​ម្នាក់នេះ​ទៅជាមួយ​ទេ ពីព្រោះ​គាត់​បាន​ចាកចោល​ពួកគេ​នៅ​ប៉ាមភីលា ហើយ​មិន​បាន​ទៅ​ធ្វើការ​ជាមួយ​ពួកគេ​ឡើយ​។ 39ពេលនោះ មាន​ការប្រកែកគ្នាយ៉ាងខ្លាំង​កើតឡើង រហូតដល់​អ្នកទាំងពីរ​បែកផ្លូវ​គ្នា​។ បារណាបាស​ក៏​យក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះសំពៅ​ទៅ​ស៊ីពរ៍​។ 40រីឯ​ប៉ូល​បាន​ជ្រើសរើស​ស៊ីឡាស ហើយ​ចេញដំណើរទៅ ដោយ​ត្រូវ​បងប្អូន​ផ្ទុកផ្ដាក់​នឹង​ព្រះគុណ​របស់​ព្រះអម្ចាស់#15:40 ព្រះអម្ចាស់​―ឯកសារបុរាណខ្លះថា “ព្រះ”។​។ 41ប៉ូលនិងស៊ីឡាស​បាន​ធ្វើដំណើរឆ្លងកាត់​ស៊ីរី និង​គីលីគា ទាំង​ពង្រឹង​ក្រុមជំនុំ​នានាផង​៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 15: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល