កិច្ចការ 14
14
ការផ្សព្វផ្សាយ និងការបៀតបៀននៅអ៊ីកូនាម
1កាលមួយមានកើតឡើងដូច្នេះ: នៅអ៊ីកូនាម ប៉ូលនិងបារណាបាសនាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដោយរបៀបដែលធ្វើឲ្យទាំងជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនសន្ធឹកបានជឿ។ 2ប៉ុន្តែពួកយូដាដែលមិនព្រមជឿ បានពន្យុះ និងចាក់រុកចិត្តរបស់ពួកសាសន៍ដទៃឲ្យប្រឆាំងនឹងបងប្អូន។ 3យ៉ាងណាមិញ ប៉ូល និងបារណាបាសស្នាក់នៅទីនោះអស់រយៈពេលយ៉ាងយូរ ទាំងប្រកាសយ៉ាងក្លាហានដោយនូវព្រះអម្ចាស់។ ព្រះអម្ចាស់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យកើតឡើងតាមរយៈដៃរបស់ពួកគេ។ 4ដូច្នេះ ប្រជាជននៅទីក្រុងនោះបានបាក់បែកគ្នា គឺអ្នកខ្លះកាន់ខាងពួកយូដា អ្នកខ្លះកាន់ខាងពួកសាវ័ក។ 5ពេលនោះ ពួកសាសន៍ដទៃនិងពួកយូដាបានប៉ុនប៉ងជាមួយនឹងពួកមេគ្រប់គ្រងរបស់ពួកគេ ដើម្បីបង្អាប់បង្អោន និងគប់ដុំថ្មសម្លាប់ប៉ូលនិងបារណាបាស។ 6អ្នកទាំងពីរបានដឹង ក៏គេចទៅទីក្រុងនានាក្នុងលូកៅនា គឺលីស្ត្រា និងឌើបេ ព្រមទាំងតំបន់ជុំវិញ 7ហើយផ្សាយដំណឹងល្អនៅទីនោះ។
ត្រូវគេយល់ខុសថាជាព្រះ នៅលីស្ត្រា
8នៅលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនតាំងពីកំណើត#14:8 តាំងពីកំណើត―ន័យត្រង់គឺ “ពីផ្ទៃម្ដាយ”។ គឺមិនដែលដើរសោះ។ 9ខណៈដែលប៉ូលកំពុងនិយាយ បុរសនេះបានស្ដាប់។ ប៉ូលសម្លឹងមើលគាត់ ហើយឃើញថាគាត់មានជំនឿនឹងជាសះស្បើយបាន 10ក៏និយាយដោយសំឡេងយ៉ាងខ្លាំងថា៖ “ចូរក្រោកឈរឲ្យត្រង់ដោយជើងអ្នកចុះ!” គាត់ក៏ស្ទុះក្រោកឈរ ហើយចាប់ផ្ដើមដើរចុះដើរឡើង។
11នៅពេលឃើញអ្វីដែលប៉ូលបានធ្វើ ហ្វូងមនុស្សក៏ស្រែកឡើងជាភាសាលូកៅនាថា៖ “ពពួកទេវទេពបានចុះមករកយើងក្នុងដំណូចជាមនុស្សហើយ!”។ 12ពួកគេបានហៅបារណាបាសថា “សេយូស” ហើយហៅប៉ូលថា “ហ៊ើមេស” ពីព្រោះប៉ូលជាអ្នកដែលដឹកនាំក្នុងការនិយាយ។ 13រីឯបូជាចារ្យរបស់សេយូសពីវិហារនៅទល់មុខទីក្រុង ក៏យកគោឈ្មោល និងកម្រងផ្កាមកដល់មាត់ទ្វារក្រុង ដោយចង់ថ្វាយយញ្ញបូជាជាមួយហ្វូងមនុស្ស។
14នៅពេលសាវ័កបារណាបាស និងប៉ូលបានឮដូច្នេះ ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅក្នុងហ្វូងមនុស្ស 15ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។#14:15 《និក្ខមនំ》 20:11។ 16ច្រើនជំនាន់កន្លងមក ព្រះបានបណ្ដោយឲ្យប្រជាជាតិទាំងអស់ដើរតាមផ្លូវរបស់គេរៀងៗខ្លួន។ 17ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នា#14:17 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។ដោយអាហារ និងអំណរ”។ 18ទោះបីជាអ្នកទាំងពីរបាននិយាយសេចក្ដីទាំងនេះក៏ដោយ ក៏ឃាត់ហ្វូងមនុស្សមិនឲ្យថ្វាយយញ្ញបូជាដល់ពួកគេសឹងតែមិនបាន។
19ប៉ុន្តែមានជនជាតិយូដាខ្លះបានមកពីអាន់ទីយ៉ូក និងអ៊ីកូនាម ហើយបញ្ចុះបញ្ចូលហ្វូងមនុស្ស នោះគេក៏គប់ដុំថ្មសម្លាប់ប៉ូល ហើយអូសចេញទៅខាងក្រៅទីក្រុង ដោយនឹកស្មានថាគាត់ស្លាប់ហើយ។ 20ប៉ុន្តែនៅពេលពួកសិស្សមកចោមរោមគាត់ គាត់ក៏ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ។ នៅថ្ងៃបន្ទាប់ គាត់ចេញដំណើរទៅឌើបេជាមួយបារណាបាស។
ពង្រឹងអ្នកជឿតាមក្រុមជំនុំ
21ក្រោយពីផ្សាយដំណឹងល្អនៅទីក្រុងនោះ ហើយធ្វើឲ្យមនុស្សជាច្រើនទៅជាសិស្ស ប៉ូលនិងបារណាបាសក៏ត្រឡប់ទៅលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ 22ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
23មួយវិញទៀត ក្រោយពីជ្រើសរើសចាស់ទុំសម្រាប់ពួកគេនៅតាមក្រុមជំនុំនីមួយៗ និងអធិស្ឋានដោយការតមអាហារហើយ ប៉ូលនិងបារណាបាសក៏ផ្ទុកផ្ដាក់ពួកចាស់ទុំទាំងនោះនឹងព្រះអម្ចាស់ដែលពួកគេបានជឿ។ 24បន្ទាប់មក អ្នកទាំងពីរធ្វើដំណើរឆ្លងកាត់ពីស៊ីឌា ហើយមកដល់ប៉ាមភីលា 25លុះប្រកាសព្រះបន្ទូលនៅពើកាហើយ ពួកគេក៏ចុះទៅអាតាលា 26ហើយចុះសំពៅពីទីនោះទៅអាន់ទីយ៉ូក ជាកន្លែងដែលពួកគេត្រូវបានផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះ សម្រាប់កិច្ចការដែលពួកគេបានបំពេញ។ 27លុះបានទៅដល់ ហើយប្រមូលក្រុមជំនុំមកជួបជុំគ្នា ពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ និងការដែលព្រះបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។ 28អ្នកទាំងពីរក៏ស្នាក់នៅជាមួយពួកសិស្សអស់រយៈពេលយ៉ាងយូរ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 14: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative