កិច្ចការ 13
13
ត្រៀមខ្លួនសម្រាប់បេសកកម្ម
1ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
2ខណៈដែលពួកគេកំពុងបម្រើព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលថា៖ “ចូរញែកបារណាបាស និងសូលឲ្យយើង សម្រាប់ការងារដែលយើងបានហៅពួកគេឲ្យធ្វើ”។ 3ដូច្នេះ ក្រោយពីតមអាហារ អធិស្ឋាន និងដាក់ដៃលើបារណាបាសនិងសូល ពួកគេក៏ចាត់អ្នកទាំងពីរឲ្យទៅ។
ការផ្សព្វផ្សាយនៅស៊ីពរ៍
4ដូច្នេះ អ្នកទាំងពីរត្រូវព្រះវិញ្ញាណដ៏វិសុទ្ធចាត់ឲ្យទៅ ក៏ចុះទៅសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅស៊ីពរ៍ 5លុះទៅដល់សាឡាមីច ពួកគេក៏ប្រកាសព្រះបន្ទូលរបស់ព្រះនៅតាមសាលាប្រជុំរបស់ជនជាតិយូដា។ ពួកគេមានយ៉ូហានម៉ាកុស#13:5 ម៉ាកុស―ជាពាក្យជំនួយ។ជាអ្នកជួយដែរ។ 6នៅពេលដើរចុះឡើងលើកោះទាំងមូលរហូតដល់ប៉ាផុសហើយ ពួកគេក៏ប្រទះនឹងជនជាតិយូដាម្នាក់ឈ្មោះបារយេស៊ូវ ដែលជាគ្រូធ្មប់ និងជាព្យាការីក្លែងក្លាយ។ 7គាត់នៅជាមួយអភិបាលឈ្មោះស៊ើគាសប៉ូឡូស ដែលជាមនុស្សឈ្លាសវៃ។ អភិបាលនេះចង់ស្ដាប់ព្រះបន្ទូលរបស់ព្រះ ក៏ហៅបារណាបាស និងសូលមក។ 8ប៉ុន្តែអេលីម៉ាសដែលជាគ្រូធ្មប់នោះ (ដ្បិតឈ្មោះអេលីម៉ាស មានអត្ថន័យប្រែថា គ្រូធ្មប់) បានប្រឆាំងនឹងពួកគេ ដោយព្យាយាមបង្វែរអភិបាលចេញពីជំនឿ។
9ពេលនោះ សូលដែលគេហៅថាប៉ូល បានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក៏សម្លឹងមើលទៅអេលីម៉ាស 10និយាយថា៖ “ឱ មនុស្សដែលពេញដោយឧបាយកល និងសេចក្ដីអាក្រក់គ្រប់យ៉ាង ជាកូនមារ និងជាខ្មាំងសត្រូវនៃគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌អើយ! តើឯងមិនព្រមឈប់បង្វែរមាគ៌ាដ៏ត្រង់របស់ព្រះអម្ចាស់ទេឬ? 11ឥឡូវនេះ មើល៍! ព្រះហស្តរបស់ព្រះអម្ចាស់បានទាស់នឹងឯងហើយ ឯងនឹងទៅជាខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ”។ រំពេចនោះ ភាពស្រអាប់ និងភាពងងឹតបានគ្របដណ្ដប់គាត់ ហើយគាត់ក៏ដើរទៅដើរមក ទាំងរកអ្នកដឹកដៃ។
12នៅពេលឃើញការដែលបានកើតឡើង អភិបាលក៏ជឿ ព្រោះលោកស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់។
ការផ្សព្វផ្សាយនៅអាន់ទីយ៉ូកក្នុងពីស៊ីឌា
13ប៉ូល និងអ្នករួមដំណើរបានចុះសំពៅចេញពីប៉ាផុស ហើយទៅដល់ពើកាក្នុងប៉ាមភីលា។ ពេលនោះ យ៉ូហានម៉ាកុស#13:13 ម៉ាកុស―ជាពាក្យជំនួយ។បានចាកចេញពីពួកគេត្រឡប់ទៅយេរូសាឡិមវិញ។ 14រីឯពួកគេបន្តដំណើរពីពើកា ហើយទៅដល់អាន់ទីយ៉ូកក្នុងពីស៊ីឌា រួចនៅថ្ងៃសប្ប័ទ ពួកគេក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ។ 15បន្ទាប់ពីអានក្រឹត្យវិន័យ និងគម្ពីរព្យាការីរួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំក៏ឲ្យគេទៅឯអ្នកទាំងពីរ ដោយនិយាយថា៖ “បងប្អូនទាំងពីរអើយ បើសិនបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមនិយាយចុះ”។
16ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ! 17ព្រះនៃជនជាតិអ៊ីស្រាអែលនេះ បានជ្រើសរើសដូនតារបស់យើង ហើយព្រះអង្គបានលើកតម្កើងជនជាតិនេះ កាលដែលពួកគេរស់នៅបណ្ដោះអាសន្ននៅដែនដីអេហ្ស៊ីប រួចព្រះអង្គបាននាំពួកគេចេញពីស្រុកនោះដោយព្រះហស្តដ៏មានអំណាច។ 18នៅទីរហោស្ថាន ព្រះអង្គបានទ្រាំនឹងពួកគេរយៈពេលប្រមាណជាសែសិបឆ្នាំ។ 19ក្រោយពីបំផ្លាញប្រជាជាតិទាំងប្រាំពីរនៅដែនដីកាណាន ព្រះអង្គបានប្រទានទឹកដីនោះដល់ពួកគេជាមរតក។ 20ការទាំងនេះបានកើតឡើងក្នុងរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះបានប្រទានពួកចៅហ្វាយដល់ពួកគេ រហូតដល់គ្រាព្យាការីសាំយូអែល។ 21បន្ទាប់មក ពួកគេទាមទារចង់បានស្ដេច ដូច្នេះព្រះបានប្រទានសូលកូនរបស់គីស បុរសម្នាក់ពីកុលសម្ព័ន្ធបេនយ៉ាមីនដល់ពួកគេ ឲ្យធ្វើជាស្ដេច#13:21 ឲ្យធ្វើជាស្ដេច―ជាពាក្យជំនួយ។អស់រយៈពេលសែសិបឆ្នាំ។ 22ក្រោយមក ព្រះបានដកសូលចេញ ហើយលើកដាវីឌឡើងជាស្ដេចសម្រាប់ពួកគេ ព្រមទាំងធ្វើបន្ទាល់អំពីដាវីឌថា: ‘យើងបានរកឃើញដាវីឌកូនរបស់អ៊ីសាយជាម្នាក់ដែលស្របនឹងចិត្តរបស់យើង គាត់នឹងប្រព្រឹត្តតាមបំណងទាំងអស់របស់យើង’។#13:22 《សាំយូអែល ទី១》 13:14; 《ទំនុកតម្កើង》 89:20។
23“គឺពីពូជពង្សដាវីឌនេះឯង ដែលព្រះបានប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវដល់អ៊ីស្រាអែល ស្របតាមសេចក្ដីសន្យា។ 24មុនការយាងមករបស់ព្រះយេស៊ូវ យ៉ូហានបានប្រកាសទុកមុនអំពីពិធីជ្រមុជទឹកនៃការកែប្រែចិត្តដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ 25នៅពេលយ៉ូហានជិតបញ្ចប់ដំណើរជីវិត គាត់និយាយថា: ‘តើអ្នករាល់គ្នាគិតថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ។ មើល៍! មានម្នាក់នឹងមកក្រោយខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងពីជើងរបស់លោកផង’។
26“បងប្អូន ដែលជាកូនចៅនៃពូជពង្សអ័ប្រាហាំ និងពួកអ្នកដែលកោតខ្លាចព្រះក្នុងចំណោមអ្នករាល់គ្នាអើយ! ព្រះបន្ទូលនៃសេចក្ដីសង្គ្រោះនេះបានប្រទានមកយើង#13:26 យើង―ឯកសារបុរាណខ្លះថា “អ្នករាល់គ្នា”។ហើយ។ 27ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។ 28ទោះបីជារកមិនឃើញទោសអ្វីដល់ស្លាប់ក៏ដោយ ក៏ពួកគេបានទាមទារពីឡាត់ឲ្យធ្វើគុតព្រះអង្គ។ 29កាលបានបំពេញសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីព្រះអង្គឲ្យសម្រេចហើយ ពួកគេក៏យកព្រះអង្គចុះពីឈើ ហើយដាក់ក្នុងរូងផ្នូរ។ 30ប៉ុន្តែព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! 31ព្រះយេស៊ូវបានលេចមកអស់រយៈពេលជាច្រើនថ្ងៃ ដល់ពួកអ្នកដែលឡើងពីកាលីឡេមកយេរូសាឡិមជាមួយព្រះអង្គ; ឥឡូវនេះ អ្នកទាំងនោះបានជាសាក្សីរបស់ព្រះអង្គដល់ប្រជាជន 32ដូច្នេះយើងកំពុងប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អដែលត្រូវបានសន្យាដល់ដូនតារបស់យើង 33គឺថាព្រះបានបំពេញសេចក្ដីសន្យានេះឲ្យសម្រេចដល់យើងដែលជាកូនចៅរបស់ពួកគាត់#13:33 ដល់យើងដែលជាកូនចៅរបស់ពួកគាត់―ឯកសារបុរាណខ្លះថា “ដល់កូនចៅរបស់ពួកយើង”។ ដោយលើកព្រះយេស៊ូវឲ្យរស់ឡើងវិញ ដូចដែលមានសរសេរទុកមកក្នុងទំនុកតម្កើងទីពីរដែរថា:
‘អ្នកជាកូនរបស់យើង
ថ្ងៃនេះ យើងបានបង្កើតអ្នក’។ # 13:33 《ទំនុកតម្កើង》 2:7។
34ចំពោះការដែលព្រះបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ដើម្បីកុំឲ្យត្រឡប់ទៅការរលួយវិញនោះ ព្រះក៏មានបន្ទូលដូច្នេះថា:‘យើងនឹងឲ្យពរ#13:34 ពរ―ជាពាក្យជំនួយ។ដ៏វិសុទ្ធ និងពិតប្រាកដរបស់ដាវីឌដល់អ្នករាល់គ្នា’។#13:34 《អេសាយ》 55:3។ 35ដូច្នេះ ព្រះបានមានបន្ទូលនៅក្នុងទំនុកតម្កើងមួយទៀតដែរថា:‘ព្រះអង្គនឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយឡើយ’។#13:35 《ទំនុកតម្កើង》 16:10។ 36ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ 37ក៏ព្រះអង្គដែលព្រះបានលើកឲ្យរស់ឡើងវិញនោះ មិនបានជួបការរលួយឡើយ។ 38ដូច្នេះ បងប្អូនអើយ សូមឲ្យបងប្អូនដឹងច្បាស់ថា ការលើកលែងទោសបាបត្រូវបានប្រកាសដល់អ្នករាល់គ្នាដោយសារតែព្រះអង្គនេះ។ ចំពោះការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានតាមរយៈក្រឹត្យវិន័យរបស់ម៉ូសេនោះ 39អស់អ្នកដែលជឿនឹងត្រូវបានរាប់ជាសុចរិតតាមរយៈព្រះអង្គនេះឯង។ 40ដូច្នេះ ចូរប្រុងប្រយ័ត្ន ក្រែងលោសេចក្ដីដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីបានកើតមានដល់អ្នករាល់គ្នា#13:40 ឯកសារបុរាណខ្លះគ្មាន “អ្នករាល់គ្នា”។ ដែលថា:
41 ‘មើល៍! ពួកអ្នកមើលងាយអើយ!
ចូរភ្ញាក់ផ្អើល ហើយវិនាសទៅ!
ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅសម័យរបស់អ្នករាល់គ្នា
ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿសោះឡើយ
ទោះបីជាមានអ្នកណារៀបរាប់ប្រាប់យ៉ាងលម្អិតដល់អ្នករាល់គ្នាក៏ដោយ’ # 13:41 《ហាបាគុក》 1:5។ ”។
ប៉ូល និងបារណាបាសនៅអាន់ទីយ៉ូក
42នៅពេលប៉ូល និងបារណាបាសកំពុងចេញពីសាលាប្រជុំ#13:42 ឯកសារបុរាណខ្លះគ្មាន “ពីសាលាប្រជុំ”។ ប្រជាជន#13:42 ប្រជាជន―ឯកសារបុរាណខ្លះថា “សាសន៍ដទៃទាំងនោះ”។បានអង្វរឲ្យនិយាយសេចក្ដីទាំងនេះដល់ពួកគេ នៅថ្ងៃសប្ប័ទខាងមុខទៀត។ 43បន្ទាប់ពីការប្រជុំចប់ហើយ មានជនជាតិយូដាជាច្រើន និងអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះ បានទៅតាមប៉ូល និងបារណាបាស។ អ្នកទាំងពីរក៏សន្ទនាជាមួយពួកគេ ទាំងលើកទឹកចិត្តពួកគេឲ្យនៅជាប់ក្នុងព្រះគុណរបស់ព្រះ។
44លុះដល់ថ្ងៃសប្ប័ទបន្ទាប់ អ្នកក្រុងស្ទើរតែទាំងអស់បានជួបជុំគ្នា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់#13:44 ព្រះអម្ចាស់―ឯកសារបុរាណខ្លះថា “ព្រះ”។។ 45ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។
46ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ 47ដ្បិតព្រះអម្ចាស់បានបង្គាប់យើងដូច្នេះថា:
‘យើងបានតាំងអ្នកជាពន្លឺដល់សាសន៍ដទៃ
ដើម្បីឲ្យអ្នកបានផ្ដល់សេចក្ដីសង្គ្រោះដល់ចុងបំផុតនៃផែនដី’ # 13:47 《អេសាយ》 49:6។ ”។
48នៅពេលឮដូច្នេះ ពួកសាសន៍ដទៃក៏អរសប្បាយ ទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយអស់អ្នកដែលត្រូវបានកំណត់ឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។ 49ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយទៅក្នុងស្រុកនោះទាំងមូល។ 50ប៉ុន្តែពួកយូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពស់ដែលគោរពកោតខ្លាចព្រះ និងពួកមេដឹកនាំរបស់ទីក្រុងនោះ ហើយពន្យុះឲ្យបៀតបៀនប៉ូល និងបារណាបាស រួចបណ្ដេញអ្នកទាំងពីរចេញពីតំបន់របស់ពួកគេ។ 51អ្នកទាំងពីរក៏រលាស់ធូលីចេញពីជើងទាស់នឹងពួកគេ រួចធ្វើដំណើរទៅអ៊ីកូនាម។ 52រីឯពួកសិស្សបានពេញដោយអំណរ និងព្រះវិញ្ញាណដ៏វិសុទ្ធ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 13: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative