កិច្ចការ 16

16
ប៉ូលជ្រើសរើសធីម៉ូថេ
1ប៉ូល​បាន​ទៅ​ដល់​ឌើបេ រួច​ទៅ​ដល់​លីស្ត្រា​។ ពេលនោះ មើល៍! មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​នៅ​ទីនោះ គាត់ជា​កូនប្រុស​របស់​ស្ត្រី​ជនជាតិយូដា​ដែលជា​អ្នកជឿ រីឯ​ឪពុក​របស់គាត់​ជា​ជនជាតិក្រិក​។ 2គាត់​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​បងប្អូន​នៅ​លីស្ត្រា និង​អ៊ីកូនាម​។ 3ប៉ូល​ចង់ឲ្យ​ធីម៉ូថេ​ទៅ​ជាមួយ ដូច្នេះ​គាត់​នាំ​ធីម៉ូថេ​ទៅ​ធ្វើពិធីកាត់ស្បែក ដោយសារតែ​ជនជាតិយូដា​ដែល​នៅ​តំបន់​នោះ ដ្បិត​ទាំងអស់គ្នា​ដឹង​ថា ឪពុក​របស់​ធីម៉ូថេ​ជា​ជនជាតិក្រិក​។ 4នៅពេល​ធ្វើដំណើរឆ្លងកាត់​ទីក្រុង​នានា ពួកគេ​ប្រគល់​ដល់​ទាំងអស់គ្នា​នូវ​សេចក្ដីសម្រេច​ដែល​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម​បាន​សម្រេច ដើម្បីឲ្យ​គេ​កាន់តាម​។ 5ដូច្នេះ ក្រុមជំនុំ​ទាំងប៉ុន្មាន​ត្រូវបាន​ធ្វើឲ្យមានកម្លាំងឡើង​ក្នុង​ជំនឿ ហើយ​ចំនួន​ក៏​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។
ហៅឲ្យទៅម៉ាសេដូន
6ពួកគេ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ឃាត់មិនឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​អាស៊ី ក៏​ដើរចុះឡើង​នៅ​ព្រីគា និង​ស្រុក​កាឡាទី​។ 7នៅពេល​មកដល់​មីស៊ា ពួកគេ​ព្យាយាម​ចូល​ទៅ​ប៊ីធូនា ប៉ុន្តែ​ព្រះវិញ្ញាណ​របស់​ព្រះយេស៊ូវ#16:7 ព្រះវិញ្ញាណ​របស់​ព្រះ​យេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះវិញ្ញាណដ៏វិសុទ្ធ”។​មិន​បាន​អនុញ្ញាតឲ្យ​ពួកគេ​ចូល​ទេ 8ដូច្នេះ​ពួកគេ​ក៏​ឆ្លងកាត់​មីស៊ា ចុះ​ទៅ​ទ្រអាសវិញ​។ 9យប់​មួយ ប៉ូល​ឃើញ​និមិត្ត​មួយ គឺ​មាន​បុរស​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ “សូម​ឆ្លង​មក​ម៉ាសេដូន ជួយ​យើង​ផង!”។ 10នៅពេល​គាត់​ឃើញ​និមិត្ត​នោះ យើង​ក៏​រកឱកាស​ចេញដំណើរ​ទៅ​ម៉ាសេដូន​ភ្លាម ដោយ​យល់ឃើញ​ថា​ព្រះ#16:10 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។​បាន​ត្រាស់ហៅ​យើង​ឲ្យ​ទៅ​ផ្សាយដំណឹងល្អ​ដល់​ពួកគេ។
លីឌាទទួលជឿព្រះអង្គ
11យើង​ចុះសំពៅ​ពី​ទ្រអាស​តម្រង់​ទៅ​សាម៉ូត្រាស ហើយ​នៅ​ថ្ងៃបន្ទាប់ យើង​ទៅដល់​នាប៉ូលី 12រួច​ពីទីនោះ​ទៅដល់​ភីលីព ដែល​ជា​ទីក្រុង​សំខាន់ជាងគេ​ក្នុង​ស្រុក​ម៉ាសេដូន និង​ជា​អាណានិគម​រ៉ូម#16:12 រ៉ូម―ជាពាក្យជំនួយ។​។ យើង​បាន​ស្នាក់នៅ​ទីក្រុង​នោះ​រយៈពេល​ប៉ុន្មានថ្ងៃ​។ 13នៅ​ថ្ងៃសប្ប័ទ យើង​បាន​ចេញទៅ​ខាងក្រៅ​ទ្វារក្រុង ទៅឯ​មាត់ទន្លេ ជា​កន្លែងដែល​យើង​ស្មានថា​មាន​កន្លែងអធិស្ឋាន​។ យើង​ក៏​អង្គុយ និយាយ​ជាមួយ​ស្ត្រី​ៗ​ដែល​មកជួបជុំគ្នា​។ 14មាន​ស្ត្រី​ម្នាក់​កំពុង​ស្ដាប់ នាង​ឈ្មោះ​លីឌា ជា​អ្នកជំនួញក្រណាត់ពណ៌ស្វាយ​នៅ​ក្រុង​ធាទេរ៉ា នាង​ជាអ្នក​ថ្វាយបង្គំ​ព្រះ​។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​នាង​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ដែល​ប៉ូល​និយាយ​។ 15បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់#16:15 អ្នក​ជឿ​ព្រះអម្ចាស់―ឬ “អ្នកស្មោះត្រង់នឹងព្រះអម្ចាស់”។ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។
ប៉ូល និងស៊ីឡាសជាប់គុក
16កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​យើង​កំពុង​ចេញ​ទៅ​កន្លែងអធិស្ឋាន មាន​បាវបម្រើស្រី​ម្នាក់​ដែល​មាន​វិញ្ញាណ​នៃ​ការទស្សទាយ​ចូល បាន​មកជួប​យើង​។ នាង​តែងតែ​រក​ចំណូល​យ៉ាងច្រើន​ឲ្យ​ពួក​ម្ចាស់​របស់​នាង​ដោយ​ការទាយ​។ 17នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា#16:17 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។​!”។ 18នាង​ចេះតែ​ធ្វើ​ដូច្នេះ​ជាច្រើន​ថ្ងៃ​។
ប៉ូល​ធុញទ្រាន់ ក៏​បែរមក​និយាយ​នឹង​វិញ្ញាណ​នោះ​ថា​៖ “ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ យើង​បង្គាប់​ឯង​ឲ្យ​ចេញ​ពី​នាង​ទៅ​!”។ នោះ​វា​ក៏​ចេញមក​ភ្លាម​។
19ប៉ុន្តែ​កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា អស់សង្ឃឹម​នឹងបាន​ចំណូល ពួកគេ​ក៏​ចាប់​ប៉ូល និង​ស៊ីឡាស អូស​ទៅ​ទីប្រជុំជន#16:19 ទីប្រជុំជន―ឬ “ផ្សារ”។ ទៅ​នៅមុខ​អាជ្ញាធរ​។ 20នៅពេល​នាំ​អ្នកទាំងពីរ​មក​ឯ​ពួក​មេគ្រប់គ្រង ពួកគេ​ក៏​និយាយថា​៖ “អ្នក​ទាំងនេះ​ជា​ជនជាតិយូដា បាន​បង្កចលាចល​នៅក្នុង​ទីក្រុង​របស់យើង 21ដោយ​ផ្សព្វផ្សាយ​ទំនៀមទម្លាប់​ដែល​ជនជាតិរ៉ូម៉ាំង​យើង​មិនត្រូវ​ទទួលយក ឬ​កាន់តាម​ឡើយ”។
22ហ្វូងមនុស្ស​ក៏​លើកគ្នា​ទាស់នឹង​អ្នកទាំងពីរ​ដែរ​។ រីឯ​ពួក​មេគ្រប់គ្រង​ក៏​កន្ត្រាក់​សម្លៀកបំពាក់​របស់​ពួកគេ​ចេញ ហើយ​បញ្ជា​ឲ្យ​វាយ​ពួកគេ​នឹងរំពាត់ 23ក្រោយពី​វាយ​ច្រើន​រំពាត់​ហើយ ក៏​ដាក់គុក​ពួកគេ ទាំង​បញ្ជា​ឆ្មាំគុក​ឲ្យ​យាម​យ៉ាងប្រុងប្រយ័ត្ន​។ 24នៅពេល​ទទួល​បញ្ជា​ដូច្នេះ ឆ្មាំគុក​ក៏​ដាក់​ពួកគេ​ទៅក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ជើង​ពួកគេ​។
រួចពីគុកនៅកណ្ដាលអធ្រាត្រ
25លុះ​ប្រហែលជា​កណ្ដាលអធ្រាត្រ ប៉ូល និង​ស៊ីឡាស​កំពុង​អធិស្ឋាន ទាំង​ច្រៀងសរសើរតម្កើង​ព្រះ ហើយ​ពួក​អ្នកទោស​ក៏​កំពុង​ស្ដាប់​ពួកគេ​ដែរ​។ 26រំពេចនោះ មាន​រញ្ជួយផែនដី​យ៉ាងខ្លាំង​កើតឡើង ធ្វើឲ្យ​គ្រឹះ​គុក​រង្គើ ទ្វារ​គុក​ទាំងអស់​របើកឡើង​ភ្លាម ហើយ​ចំណង​របស់​អ្នកទោស​ទាំងអស់​ក៏​របូតចេញ​។ 27នៅពេល​ភ្ញាក់ឡើង ឆ្មាំគុក​ឃើញ​ទ្វារ​គុក​នៅ​ចំហ ក៏​ហូត​ដាវ​បម្រុងនឹង​សម្លាប់​ខ្លួន ដោយ​នឹកស្មានថា​ពួក​អ្នកទោស​បាន​រត់បាត់​អស់ហើយ​។
28ប៉ុន្តែ​ប៉ូល​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “កុំ​អន្តរាយខ្លួន​ឡើយ ដ្បិត​យើង​ទាំងអស់គ្នា​នៅ​ទីនេះ​ទេ!”។
29ឆ្មាំគុក​ក៏​សុំឲ្យ​គេ​យក​ភ្លើង​មក ហើយ​រត់ចូលទៅ ក្រាបចុះ​នៅមុខ​ប៉ូល និង​ស៊ីឡាស​ទាំង​ញ័ររន្ធត់ 30រួច​នាំ​អ្នកទាំងពីរ​ចេញមក​ខាងក្រៅ និយាយថា​៖ “លោកម្ចាស់ តើ​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វី ដើម្បី​បាន​សង្គ្រោះ?”។
31ពួកគេ​ឆ្លើយថា​៖ “ចូរ​ជឿទុកចិត្តលើ​ព្រះអម្ចាស់​យេស៊ូវ#16:31 ព្រះអម្ចាស់​យេស៊ូវ​―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ”។​ចុះ នោះ​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក​នឹង​បាន​សង្គ្រោះ”។ 32បន្ទាប់មក ពួកគេ​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដល់​ឆ្មាំគុក និង​អ្នកផ្ទះ​ទាំងអស់​របស់​គាត់​។ 33នៅ​វេលា​យប់​នោះ​ឯង ឆ្មាំគុក​បាន​យក​អ្នកទាំងពីរ​ទៅ​លាង​របួស ហើយ​គាត់ និង​ក្រុមគ្រួសារ​ទាំងអស់​របស់​គាត់ ក៏​ទទួលពិធីជ្រមុជទឹក​ភ្លាម។ 34គាត់​នាំ​ប៉ូល និងស៊ីឡាស​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​អាហារ​ឲ្យ​ពួកគេ​ហូប​។ គាត់​ត្រេកអរយ៉ាងខ្លាំង​ជាមួយក្រុមគ្រួសារ ដោយសារ​បាន​ជឿ​ព្រះ​។
មេគ្រប់គ្រងសុំទោស
35លុះ​ភ្លឺឡើង ពួក​មេគ្រប់គ្រង​បាន​ចាត់​ពួក​តម្រួត​ឲ្យទៅ និយាយថា​៖ “ចូរ​ដោះលែង​អ្នក​ទាំងនោះ​ទៅ​!”។
36ដូច្នេះ ឆ្មាំគុក​ក៏​ប្រាប់​ពាក្យ​ទាំងនេះ​ដល់​ប៉ូល​ថា​៖ “ពួក​មេគ្រប់គ្រង​បាន​ចាត់​គេ​ឲ្យមក ដើម្បី​ដោះលែង​លោកទាំងពីរ ដូច្នេះ​ឥឡូវនេះ សូមអញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ”។
37ប៉ុន្តែ​ប៉ូល​និយាយ​នឹង​ពួកតម្រួត​ថា​៖ “ពួកគេ​បាន​វាយ​យើង​ដែល​មាន​សញ្ជាតិរ៉ូម៉ាំង នៅកន្លែងសាធារណៈ​ដោយមិនបានកាត់ក្ដី ថែមទាំង​ដាក់គុក​ទៀត ហើយ​ឥឡូវនេះ ពួកគេ​ចង់​បណ្ដេញ​យើង​ចេញ​ដោយសម្ងាត់​ឬ​? ទេ មិនបានទេ​! ពួកគេ​ត្រូវតែ​មក​នាំ​យើង​ចេញទៅ​ដោយ​ខ្លួនគេផ្ទាល់​!”។
38ពួក​តម្រួត​ទាំងនោះ​ក៏​ជម្រាប​ពាក្យ​ទាំងនេះ​ដល់​ពួក​មេគ្រប់គ្រង​។ នៅពេល​ឮ​ថា​អ្នកទាំងពីរ​មាន​សញ្ជាតិរ៉ូម៉ាំង ពួកគេ​ក៏​ភ័យខ្លាច 39ហើយ​មក​សុំទោស​អ្នកទាំងពីរ ព្រមទាំង​នាំ​អ្នកទាំងពីរ​ចេញទៅខាងក្រៅ រួច​សុំ​ពួកគេ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​នោះ​។ 40ប៉ូល និងស៊ីឡាស​ក៏​ចេញ​ពី​គុក​ចូលទៅ​ផ្ទះ​លីឌា ហើយ​ជួប​បងប្អូន ក៏​លើកទឹកចិត្ត​ពួកគេ រួច​ចេញដំណើរទៅ​៕

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 16: GKHB

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល