កិច្ចការ 17
17
ការផ្សព្វផ្សាយនៅថែស្សាឡូនីច
1បន្ទាប់ពីធ្វើដំណើរឆ្លងកាត់អាំភីប៉ូលី និងអ័ប៉ុឡូនា ប៉ូល និងស៊ីឡាសមកដល់ថែស្សាឡូនីច។ នៅទីនោះ មានសាលាប្រជុំមួយរបស់ជនជាតិយូដា។ 2ប៉ូលក៏ចូលទៅក្នុងសាលាប្រជុំ#17:2 ចូលទៅក្នុងសាលាប្រជុំ―ន័យត្រង់គឺ “ចូលទៅឯពួកគេ”។ តាមទម្លាប់របស់គាត់ ហើយជជែកជាមួយពួកគេពីគម្ពីរក្នុងបីថ្ងៃសប្ប័ទ 3ដោយពន្យល់ និងបញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ឡើងវិញពីចំណោមមនុស្សស្លាប់។ គាត់និយាយទៀតថា៖ “ព្រះយេស៊ូវនេះដែលខ្ញុំកំពុងប្រកាសដល់អ្នករាល់គ្នា គឺជាព្រះគ្រីស្ទ”។ 4មានអ្នកខ្លះក្នុងពួកគេ ត្រូវបានបញ្ចុះបញ្ចូល ក៏ចូលរួមជាមួយប៉ូល និងស៊ីឡាស ថែមទាំងមានពួកជនជាតិក្រិកដ៏ច្រើនសន្ធឹកដែលគោរពកោតខ្លាចព្រះ និងពួកស្ត្រីមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានចូលរួម។
យ៉ាសុនត្រូវគេបៀតបៀន
5ប៉ុន្តែពួកយូដាដែលមិនព្រមជឿ#17:5 ឯកសារបុរាណខ្លះគ្មាន “ដែលមិនព្រមជឿ”។មានចិត្តច្រណែន ក៏ប្រមូលជនពាលមួយចំនួនពីពួកបាតផ្សារ បង្កើតជាក្រុមមួយ ហើយបង្កចលាចលនៅក្នុងទីក្រុង។ ពួកគេទម្លាយចូលផ្ទះរបស់យ៉ាសុន រកចាប់ប៉ូល និងស៊ីឡាស ដើម្បីយកទៅឲ្យប្រជាជន។ 6នៅពេលរកអ្នកទាំងពីរមិនឃើញ ពួកគេក៏អូសយ៉ាសុន និងបងប្អូនខ្លះទៅពួកមេគ្រប់គ្រងទីក្រុង ហើយស្រែកឡើងថា៖ “ពួកអ្នកក្រឡាប់ចាក់ពិភពលោក បានមកដល់ទីនេះដែរ 7ហើយយ៉ាសុនបានទទួលពួកគេឲ្យស្នាក់នៅ! ពួកនេះសុទ្ធតែប្រព្រឹត្តប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថាមានស្ដេចមួយទៀត គឺយេស៊ូវ”។ 8នៅពេលឮពាក្យទាំងនេះ ហ្វូងមនុស្ស និងពួកមេគ្រប់គ្រងទីក្រុងក៏មានអំពល់។ 9គេយកប្រាក់ធានាពីយ៉ាសុន និងអ្នកឯទៀត ហើយដោះលែងពួកគេទៅ។
អ្នកបេរាពិនិត្យពិច័យមើលគម្ពីរ
10រីឯពួកបងប្អូនក៏ឲ្យប៉ូល និងស៊ីឡាសចេញទៅបេរាភ្លាមទាំងយប់។ កាលទៅដល់ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា។ 11អ្នកដែលនៅទីនោះមានគំនិតទូលាយជាងអ្នកដែលនៅថែស្សាឡូនីច។ ពួកគេទទួលយកព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ថាតើសេចក្ដីទាំងនេះត្រឹមត្រូវមែន ឬយ៉ាងណា។ 12ដូច្នេះ មានមនុស្សជាច្រើនក្នុងចំណោមពួកគេបានជឿ ថែមទាំងមានស្ត្រី និងបុរសជនជាតិក្រិកដែលមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានជឿ។ 13ប៉ុន្តែនៅពេលពួកយូដានៅថែស្សាឡូនីចដឹងថា ប៉ូលបានប្រកាសព្រះបន្ទូលរបស់ព្រះនៅបេរាដែរ ពួកគេក៏មកទីនោះទៀត ហើយក្រឡុក និងរំខាន#17:13 ឯកសារបុរាណខ្លះគ្មាន “រំខាន”។ប្រជាជន។ 14ដូច្នេះ ពួកបងប្អូនក៏ឲ្យប៉ូលចេញទៅភ្លាម រហូតដល់សមុទ្រ#17:14 សមុទ្រ―គឺ “សមុទ្រអាជីន”។ រីឯស៊ីឡាស និងធីម៉ូថេនៅតែស្នាក់នៅបេរា។ 15ពួកអ្នកដែលជូនដំណើរប៉ូល បាននាំគាត់ទៅរហូតដល់អាថែន។ ក្រោយពីទទួលពាក្យផ្ដែផ្ដាំឲ្យស៊ីឡាស និងធីម៉ូថេមករកគាត់យ៉ាងលឿនបំផុត ពួកគេក៏ត្រឡប់ទៅវិញ។
ប៉ូលនៅក្រុងអាថែន
16ខណៈដែលប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅអាថែន វិញ្ញាណរបស់គាត់ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងគាត់ ដោយឃើញមានរូបបដិមាករពេញនៅទីក្រុងនោះ។ 17ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។ 18មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។
អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
19ពួកគេក៏នាំប៉ូលយកទៅសភាអើរីយ៉ូសប៉ាគូស ហើយសួរគាត់ថា៖ “តើយើងអាចដឹងសេចក្ដីបង្រៀនថ្មីនេះ ដែលលោកកំពុងប្រកាស ថាជាសេចក្ដីបង្រៀនដូចម្ដេច បានឬទេ? 20ដ្បិតលោកបាននាំសេចក្ដីចម្លែកដល់ត្រចៀករបស់យើង ដូច្នេះយើងចង់ដឹងថាសេចក្ដីទាំងនេះមានន័យដូចម្ដេច”។ 21ជាការពិត អ្នកអាថែនទាំងអស់ និងពួកជនបរទេសដែលរស់នៅទីនោះ មិនចំណាយពេលនឹងអ្វីផ្សេងទៀត ក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។
សុន្ទរកថានៅសភាអើរីយ៉ូសប៉ាគូស
22ដូច្នេះ ប៉ូលក្រោកឈរនៅកណ្ដាលសភាអើរីយ៉ូសប៉ាគូស ហើយនិយាយថា៖ “អស់លោកជាអ្នកអាថែនអើយ ខ្ញុំយល់ឃើញថាអស់លោកខ្ជាប់ខ្ជួននឹងសាសនា ក្នុងគ្រប់ជំពូក។ 23ដ្បិតពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតមើលអ្វីដែលអស់លោកថ្វាយបង្គំ នោះខ្ញុំក៏ឃើញអាសនាមួយដែលមានចារឹកថា
‘ជូនព្រះដ៏ពុំស្គាល់’។
ដូច្នេះ ខ្ញុំសូមប្រកាសព្រះអង្គនេះដែលអស់លោកថ្វាយបង្គំទាំងមិនស្គាល់ ដល់អស់លោក។ 24ព្រះដែលបានបង្កើតសាកលលោក និងរបស់សព្វសារពើដែលនៅទីនោះ ព្រះអង្គជាព្រះអម្ចាស់នៃមេឃ និងផែនដី ព្រះអង្គមិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សទេ 25ហើយក៏មិនត្រូវបីបាច់ថែរក្សាដោយដៃរបស់មនុស្ស ហាក់ដូចជាព្រះអង្គខ្វះអ្វីនោះដែរ ដ្បិតគឺព្រះអង្គទេតើ ដែលប្រទានជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់គ្នា។ 26ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់#17:26 មនុស្សម្នាក់―ឯកសារបុរាណខ្លះថា “ឈាមតែមួយ”។ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ 27ដើម្បីឲ្យពួកគេស្វែងរកព្រះ#17:27 ព្រះ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។ ហើយបើសិនពួកគេខំរាវរកមែន នោះអាចរកព្រះអង្គឃើញ។ តាមពិត ព្រះអង្គគង់នៅមិនឆ្ងាយពីយើងម្នាក់ៗទេ 28ដ្បិតនៅក្នុងព្រះអង្គ យើងរស់ មានចលនា និងមាននៅផង ដូចដែលកវីខ្លះក្នុងចំណោមអស់លោកធ្លាប់និយាយដែរថា: ‘ជាការពិត យើងក៏ជាពូជពង្សរបស់ព្រះអង្គដែរ’។ 29ដូច្នេះ ដោយសារយើងជាពូជពង្សរបស់ព្រះ យើងមិនត្រូវគិតថា សណ្ឋានរបស់ព្រះគឺដូចរូបឆ្លាក់ជាមាស ប្រាក់ ឬថ្ម ដែលធ្វើដោយការរចនា និងគំនិតរបស់មនុស្សឡើយ។
30“ថ្វីត្បិតតែព្រះបានទតរំលងជំនាន់អវិជ្ជាទាំងនោះក៏ដោយ ប៉ុន្តែឥឡូវនេះ ព្រះអង្គកំពុងបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យកែប្រែចិត្ត 31ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
32ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។ 33ដូច្នេះ ប៉ូលក៏ចេញពីចំណោមពួកគេទៅ។ 34មានមនុស្សខ្លះបានជឿ ក៏ចូលរួមជាមួយគាត់។ ក្នុងអ្នកទាំងនោះមានឌេវនីសសមាជិកសភាអើរីយ៉ូសប៉ាគូស និងស្ត្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកឯទៀតៗដែលនៅជាមួយអ្នកទាំងនោះដែរ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 17: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative