កិច្ចការ 18
18
ប៉ូលនៅកូរិនថូស
1បន្ទាប់ពីការទាំងនេះ ប៉ូលបានចាកចេញពីអាថែន ហើយមកដល់កូរិនថូស។ 2គាត់ជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាអ្នកប៉ុនតុស និងព្រីស៊ីឡាប្រពន្ធរបស់គាត់ អ្នកទាំងពីរទើបមកពីអ៊ីតាលី ពីព្រោះក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចេញពីរ៉ូម។ ប៉ូលក៏ទៅជួបពួកគេ 3ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។ 4គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។
5ប៉ុន្តែកាលស៊ីឡាស និងធីម៉ូថេចុះមកពីម៉ាសេដូន ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់#18:5 ប៉ូលចាប់ផ្ដើមចំណាយពេលទាំងស្រុងនឹងព្រះបន្ទូល ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់―ឯកសារបុរាណខ្លះថា “ប៉ូលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធជំរុញ ក៏ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់”។ដល់ជនជាតិយូដាថាព្រះយេស៊ូវជាព្រះគ្រីស្ទ។ 6ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។ 7ដូច្នេះ ប៉ូលក៏ចេញពីទីនោះ ហើយចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះទីទិយុសយូស្ទុសជាអ្នកថ្វាយបង្គំព្រះ ដែលផ្ទះគាត់នៅជាប់សាលាប្រជុំ។ 8រីឯគ្រីសប៉ុសអ្នកគ្រប់គ្រងសាលាប្រជុំបានជឿព្រះអម្ចាស់ជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ហើយអ្នកកូរិនថូសជាច្រើនដែលបានស្ដាប់ ក៏ជឿដែរ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
9យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ 10ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាលូកដៃធ្វើបាបអ្នកឡើយ។ ជាការពិត នៅក្នុងទីក្រុងនេះមានប្រជារាស្ត្ររបស់យើងជាច្រើន”។ 11ដូច្នេះ ប៉ូលក៏ស្នាក់នៅទីនោះមួយឆ្នាំប្រាំមួយខែ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះក្នុងចំណោមពួកគេ។
12ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី 13រួចចោទថា៖ “អ្នកនេះបញ្ចុះបញ្ចូលគេឲ្យថ្វាយបង្គំព្រះ ផ្ទុយនឹងក្រឹត្យវិន័យ”។
14នៅពេលប៉ូលរៀបនឹងបើកមាត់និយាយ កាលីយ៉ូមានប្រសាសន៍នឹងពួកយូដាថា៖ “ឱ ពួកជនជាតិយូដាអើយ! ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋដ៏សាហាវណាមួយមែននោះ ខ្ញុំក៏អាចនឹងគាំទ្រអ្នករាល់គ្នាដោយសមហេតុផល 15ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។ 16រួចលោកក៏បណ្ដេញពួកគេចេញពីទីកាត់ក្ដី។ 17ពេលនោះ ពួកគេទាំងអស់គ្នា#18:17 ពួកគេទាំងអស់គ្នា―ឯកសារបុរាណខ្លះថា “ពួកជនជាតិក្រិក”។ក៏ចាប់សូស្ថេនអ្នកគ្រប់គ្រងសាលាប្រជុំ ហើយវាយគាត់នៅមុខទីកាត់ក្ដី ប៉ុន្តែកាលីយ៉ូមិនអើពើនឹងការទាំងនេះសោះ។
ត្រឡប់ទៅអាន់ទីយ៉ូកវិញ
18ក្រោយពីប៉ូលបន្តស្នាក់នៅទីនោះជាយូរថ្ងៃ គាត់ក៏លាបងប្អូន ហើយចុះសំពៅទៅស៊ីរី; ព្រីស៊ីឡា និងអ័គីឡាក៏ទៅជាមួយគាត់ដែរ។ នៅកេងគ្រា ប៉ូលបានកោរសក់ ពីព្រោះគាត់បានបន់។ 19ពួកគេមកដល់អេភេសូរ ប៉ូលក៏ទុកអ្នកទាំងពីរនៅទីនោះ ហើយចូលទៅក្នុងសាលាប្រជុំ ជជែកជាមួយជនជាតិយូដា។ 20ពួកគេសុំប៉ូលឲ្យស្នាក់នៅយូរបន្តិចទៀត ប៉ុន្តែគាត់មិនព្រមទេ។ 21គាត់លាពួកគេ ទាំងនិយាយថា៖ “#18:21 ឯកសារបុរាណខ្លះបន្ថែម “ខ្ញុំត្រូវតែព្យាយាមរក្សាពិធីបុណ្យដែលនឹងមកដល់នៅយេរូសាឡិម”។ខ្ញុំនឹងត្រឡប់មករកអ្នករាល់គ្នាវិញម្ដងទៀត ប្រសិនបើព្រះសព្វព្រះហឫទ័យ”។ រួចគាត់ក៏ចុះសំពៅពីអេភេសូរទៅ។
22លុះចូលចតនៅសេសារា ប៉ូលក៏ឡើងទៅយេរូសាឡិម#18:22 យេរូសាឡិម―ជាពាក្យជំនួយ។សួរសុខទុក្ខក្រុមជំនុំ រួចចុះទៅអាន់ទីយ៉ូក។ 23ក្រោយពីស្នាក់នៅមួយរយៈ គាត់ក៏ចេញដំណើរទៅ ហើយឆ្លងកាត់ស្រុកកាឡាទី និងព្រីគាជាបន្តបន្ទាប់ ទាំងពង្រឹងសិស្សទាំងអស់ផង។
អ័ប៉ុឡូស
24ពេលនោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ស្រុកកំណើតនៅអ័លេក្សានទ្រា បានមកដល់អេភេសូរ។ គាត់ជាមនុស្សដែលមានវោហារ ព្រមទាំងចេះស្ទាត់ខាងគម្ពីរ។ 25អ្នកនេះបានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលក្នុងវិញ្ញាណ ព្រមទាំងប្រកាស និងបង្រៀនសេចក្ដីអំពីព្រះយេស៊ូវ#18:25 ព្រះយេស៊ូវ―ឯកសារបុរាណខ្លះថា “ព្រះអម្ចាស់”។យ៉ាងច្បាស់ ប៉ុន្តែគាត់ស្គាល់តែពិធីជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។ 26អ័ប៉ុឡូសចាប់ផ្ដើមប្រកាសយ៉ាងក្លាហាននៅក្នុងសាលាប្រជុំ។ ពេលព្រីស៊ីឡា និងអ័គីឡាបានឮ ពួកគេក៏នាំគាត់មក ហើយពន្យល់ដល់គាត់អំពីមាគ៌ារបស់ព្រះឲ្យរឹតតែច្បាស់ថែមទៀត។ 27បន្ទាប់មក អ័ប៉ុឡូសមានបំណងធ្វើដំណើរឆ្លងទៅអាខៃ ពួកបងប្អូនក៏លើកទឹកចិត្តគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់។ នៅពេលទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលជឿដោយសារតែព្រះគុណ 28ដ្បិតគាត់បានជជែកផ្ចាញ់ជនជាតិយូដាយ៉ាងក្លៀវក្លានៅកន្លែងសាធារណៈ ដោយបង្ហាញតាមគម្ពីរថា ព្រះយេស៊ូវជាព្រះគ្រីស្ទ៕
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 18: GKHB
គំនូសចំណាំ
ចែករំលែក
ចម្លង
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fkm.png&w=128&q=75)
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative