លោកុប្បត្តិ 9
9
សម្ពន្ធមេត្រីរបស់ព្រះជាមួយណូអេ
1ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។ 2ការខ្លាចក្រែងចំពោះអ្នករាល់គ្នា និងការភិតភ័យចំពោះអ្នករាល់គ្នា នឹងមានលើអស់ទាំងសត្វព្រៃនៅលើផែនដី អស់ទាំងបក្សាបក្សីនៅលើអាកាស អស់ទាំងសត្វដែលលូនវារលើដី និងអស់ទាំងត្រីនៅក្នុងសមុទ្រ; ពួកវាត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នាហើយ។ 3អស់ទាំងសត្វមានជីវិត នឹងបានជាអាហារដល់អ្នករាល់គ្នា; យើងនឹងប្រគល់របស់សព្វសារពើទៅអ្នករាល់គ្នា ដូចដែលយើងបានប្រគល់រុក្ខជាតិខៀវខ្ចីទៅអ្នករាល់គ្នាដែរ។ 4យ៉ាងណាមិញ អ្នករាល់គ្នាមិនត្រូវហូបសាច់ដែលមានជីវិត គឺដែលមានឈាមរបស់វាឡើយ។ 5រីឯចំពោះឈាមនៃជីវិតរបស់អ្នករាល់គ្នា យើងនឹងទាមទារជាប្រាកដ គឺយើងនឹងទាមទារពីក្រញាំសត្វព្រៃណាក៏ដោយ ក៏នឹងទាមទារនូវជីវិតមនុស្សពីដៃរបស់មនុស្សដែរ សូម្បីតែពីដៃបងប្អូនរបស់ម្នាក់ណាក៏ដោយ។
6អ្នកដែលបង្ហូរឈាមមនុស្ស
ឈាមរបស់អ្នកនោះនឹងត្រូវបានបង្ហូរដោយមនុស្សវិញ
ដ្បិតព្រះបានបង្កើតមនុស្សតាមរូបរាងរបស់ព្រះអង្គ។
7រីឯអ្នករាល់គ្នាវិញ ចូរបង្កើតកូន ហើយកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយកើនចំនួនឡើងលើផែនដីចុះ”។
8រួចព្រះមានបន្ទូលនឹងណូអេ និងពួកកូនប្រុសរបស់គាត់ដែលនៅជាមួយគាត់ថា៖ 9“ចំណែកឯយើងវិញ មើល៍! យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា និងជាមួយពូជពង្សជំនាន់ក្រោយរបស់អ្នករាល់គ្នា 10ព្រមទាំងជាមួយអស់ទាំងសត្វមានជីវិតដែលនៅជាមួយអ្នករាល់គ្នា ទាំងបក្សាបក្សី សត្វស្រុក និងអស់ទាំងសត្វព្រៃនៅលើផែនដីដែលនៅជាមួយអ្នករាល់គ្នា គឺអស់ទាំងសត្វមានជីវិតនៅផែនដីដែលចេញពីទូកធំមក។ 11យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយអ្នករាល់គ្នា ដើម្បីកុំឲ្យគ្រប់ទាំងសាច់ត្រូវបានកាត់ចេញដោយទឹកជំនន់ទៀតឡើយ និងដើម្បីកុំឲ្យមានទឹកជំនន់បំផ្លាញផែនដីទៀតដែរ”។
12ព្រះមានបន្ទូលទៀតថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងតាំងរវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្វមានជីវិតទាំងអស់ដែលនៅជាមួយអ្នករាល់គ្នា រហូតដល់គ្រប់ជំនាន់តរៀងទៅ 13គឺយើងបានដាក់ឥន្ទធនូរបស់យើងលើពពក ហើយវានឹងបានជាសញ្ញានៃសម្ពន្ធមេត្រីរវាងយើង និងផែនដី។ 14កាលណាយើងប្រមូលពពកលើផែនដី ឥន្ទធនូក៏នឹងលេចឡើងនៅលើពពកដែរ 15ហើយយើងនឹងនឹកចាំសម្ពន្ធមេត្រីរបស់យើង រវាងយើង និងអ្នករាល់គ្នា ព្រមទាំងសត្វមានជីវិតទាំងអស់នៃគ្រប់ទាំងសាច់ នោះទឹកនឹងមិនជន់ ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ។ 16កាលណាមានឥន្ទធនូនៅលើពពក យើងនឹងមើលឃើញ ក៏នឹងនឹកចាំសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចរវាងព្រះ និងសត្វមានជីវិតទាំងអស់នៃគ្រប់ទាំងសាច់ដែលនៅលើផែនដី”។ 17ព្រះមានបន្ទូលនឹងណូអេថា៖ “នេះជាសញ្ញានៃសម្ពន្ធមេត្រីដែលយើងបានតាំងរវាងយើង និងគ្រប់ទាំងសាច់ដែលនៅលើផែនដី”។
ពាក្យព្យាកររបស់ណូអេ
18ពួកកូនប្រុសរបស់ណូអេដែលចេញពីទូកធំ មានសិម ហាំ និងយ៉ាផែត រីឯហាំជាឪពុករបស់កាណាន។ 19បីនាក់នេះជាកូនប្រុសរបស់ណូអេ ហើយមានមនុស្សបែកខ្ញែកចេញពីអ្នកទាំងនេះ ទៅផែនដីទាំងមូល។
20ណូអេចាប់ផ្ដើមធ្វើជាកសិករ ហើយធ្វើចម្ការទំពាំងបាយជូរមួយ។ 21គាត់បានផឹកស្រាទំពាំងបាយជូរ ហើយស្រវឹង ក៏ដេកខ្លួនទទេនៅក្នុងរោងរបស់គាត់។ 22រីឯហាំជាឪពុករបស់កាណាន បានឃើញភាពអាក្រាតរបស់ឪពុកខ្លួន ក៏ប្រាប់បងប្អូនទាំងពីរនាក់របស់គាត់នៅខាងក្រៅ។ 23ពេលនោះសិម និងយ៉ាផែតយកអាវវែងមួយ ហើយដាក់លើស្មារបស់ពួកគេទាំងពីរនាក់ រួចដើរថយក្រោយមកគ្របបាំងភាពអាក្រាតរបស់ឪពុកខ្លួន។ មុខរបស់ពួកគេបានបែរចេញ ដូច្នេះពួកគេមិនបានឃើញភាពអាក្រាតរបស់ឪពុកខ្លួនឡើយ។
24កាលណូអេស្វាងស្រាហើយ គាត់ក៏ដឹងអ្វីដែលកូនពៅរបស់គាត់បានធ្វើដល់គាត់ 25នោះគាត់ក៏និយាយថា៖
“កាណានត្រូវបណ្ដាសាហើយ!
វានឹងទៅជាបាវបម្រើរបស់បាវបម្រើ ដល់បងប្អូនរបស់វា”។
26គាត់ក៏និយាយទៀតថា៖
“សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់សិម
ហើយឲ្យកាណានទៅជាបាវបម្រើដល់សិម។
27សូមឲ្យព្រះពង្រីកយ៉ាផែត
សូមឲ្យវាស្នាក់នៅក្នុងរោងរបស់សិម
ហើយឲ្យកាណានទៅជាបាវបម្រើដល់យ៉ាផែត”។
28ក្រោយពីទឹកជំនន់ ណូអេរស់នៅបាន ៣៥០ ឆ្នាំទៀត។ 29ដូច្នេះ អាយុទាំងអស់របស់ណូអេគឺ ៩៥០ ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ៕
Выбрано:
លោកុប្បត្តិ 9: GKHB
Выделить
Поделиться
Копировать
Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative