លោកុប្បត្តិ 14

14
អាប់រ៉ាមជួយសង្គ្រោះឡុត
1កាលនោះ​មានកើតឡើងដូច្នេះ​: នៅ​សម័យ​អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ អើយ៉ុក​ស្ដេច​នៃ​អេឡាសារ កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ និង​ធីដាល​ស្ដេច​នៃ​កូយីម 2ស្ដេចទាំងនោះ​បាន​ធ្វើ​សង្គ្រាម​ទាស់នឹង​បេរ៉ា​ស្ដេច​នៃ​សូដុម ប៊ីរសា​ស្ដេច​នៃ​កូម៉ូរ៉ា ស៊ីណាប​ស្ដេច​នៃ​អាត់ម៉ា សេមេប៊ើរ​ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​)​។ 3ស្ដេច​ទាំង​ប្រាំអង្គ​នេះ​បាន​រួមកម្លាំងគ្នា​នៅ​ជ្រលងភ្នំ​ស៊ីឌីម (​ស៊ីឌីម​គឺ​សមុទ្រ​អំបិល​)​។ 4ស្ដេចទាំងប្រាំអង្គនេះ​បាន​បម្រើ​កេដូឡោមើរ​ដប់ពីរ​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​ទីដប់បី​ពួកទ្រង់​បាន​បះបោរ​។ 5លុះ​ដល់​ឆ្នាំ​ទីដប់បួន កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់​បាន​យាង​មក ហើយ​វាយឈ្នះ​ជនជាតិរេផែម#14:5 ជនជាតិរេផែម―ឬ “មនុស្សធំសម្បើម”។​នៅ​អាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម​នៅ​ហាំ ជនជាតិអេមីម​នៅ​សាវេ-គារយ៉ាថែម 6និង​ជនជាតិហូរី​នៅ​តំបន់ភ្នំ​សៀរ រហូតដល់​អែល-ប៉ារ៉ាន​ដែល​នៅជិត​ទីរហោស្ថាន​។ 7បន្ទាប់មក ពួកទ្រង់​ក៏​វិលមកវិញ ហើយ​យាង​ទៅ​អេន-មីសផាត (​អេន-មីសផាត​គឺ​កាដេស​) រួច​វាយយក​ទីវាល​ទាំងមូល​របស់​ជនជាតិអាម៉ាលេក ព្រមទាំង​ជនជាតិអាម៉ូរី​ដែល​រស់នៅ​ហាសាសូន-តាម៉ារ​ផង​។
8នោះ​ស្ដេច​នៃ​សូដុម ស្ដេច​នៃ​កូម៉ូរ៉ា ស្ដេច​នៃ​អាត់ម៉ា ស្ដេច​នៃ​សេបោម និង​ស្ដេច​នៃ​បេឡា (​បេឡា​គឺ​សូអារ​) ក៏​យាង​ចេញទៅ ហើយ​តម្រៀប​គ្នា​ដើម្បី​ច្បាំង​នៅ​ជ្រលងភ្នំ​ស៊ីឌីម 9ទាស់នឹង​កេដូឡោមើរ​ស្ដេច​នៃ​អេឡាំ ធីដាល​ស្ដេច​នៃ​កូយីម អាំរ៉ាផែល​ស្ដេច​នៃ​ស៊ីណើរ និង​អើយ៉ុក​ស្ដេច​នៃ​អេឡាសារ គឺ​ស្ដេច​បួន​អង្គ​ទាស់នឹង​ស្ដេច​ប្រាំ​អង្គ​។ 10នៅ​ជ្រលងភ្នំ​ស៊ីឌីម​មាន​អណ្ដូង​កៅស៊ូខ្មៅ​ជាច្រើន​។ ពេល​ស្ដេច​នៃ​សូដុម និង​ស្ដេច​នៃ​កូម៉ូរ៉ា​រត់គេច ពួកទ្រង់​ក៏​ធ្លាក់​ទៅក្នុង​អណ្ដូងទាំងនោះ រីឯ​ពួកអ្នកដែល​នៅសល់​បាន​រត់គេច​ទៅ​តំបន់ភ្នំ​។ 11ស្ដេចបួនអង្គនោះ​ក៏​រឹបអូសយក​ទ្រព្យសម្បត្តិ​ទាំងអស់​ពី​សូដុម និង​កូម៉ូរ៉ា ព្រមទាំង​ស្បៀងអាហារ​ទាំងអស់​ផង រួច​ចាកចេញទៅ​។ 12ពួកទ្រង់​បាន​ចាប់​ឡុត​ក្មួយ​របស់​អាប់រ៉ាម​នាំទៅ​ដែរ ព្រមទាំង​ទ្រព្យសម្បត្តិ​របស់គាត់ ហើយ​ចាកចេញទៅ ដ្បិត​ឡុត​បាន​រស់នៅ​សូដុម​។
13មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។ 14នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។ 15គាត់ និង​ពួក​បាវបម្រើ​របស់គាត់​បាន​បែងចែកគ្នា ទាស់នឹង​ពួកគេ​ទាំង​យប់ ហើយ​វាយ​ពួកគេ ក៏​ដេញតាម​ពួកគេ​រហូតដល់​ហូបា​ដែល​នៅ​ខាងជើង​ដាម៉ាស់​។ 16គាត់​យក​ទ្រព្យសម្បត្តិ​ទាំងអស់​មកវិញ ក៏​យក​ឡុត​ជា​សាច់ញាតិ​របស់គាត់ និង​ទ្រព្យសម្បត្តិ​របស់ឡុត​មកវិញ​ដែរ ព្រមទាំង​ពួក​ស្ត្រី និង​ប្រជាជន​ផង​។
ម៉ិលគីស្សាដែកឲ្យពរអាប់រ៉ាម
17ក្រោយពី​អាប់រ៉ាម​ត្រឡប់មក​ពី​វាយឈ្នះ​កេដូឡោមើរ និង​ពួក​ស្ដេច​ដែល​នៅជាមួយ​ទ្រង់ ស្ដេច​នៃ​សូដុម​ក៏​ចេញមក​ជួប​គាត់​នៅ​ជ្រលងភ្នំ​សាវេ (​ជ្រលងភ្នំសាវេ​គឺ​ជ្រលងភ្នំ​របស់​ស្ដេច​)​។ 18ពេលនោះ ម៉ិលគីស្សាដែក​ស្ដេច​នៃ​សាឡិម​បាន​យក​នំប៉័ង និង​ស្រាទំពាំងបាយជូរ​មក (​ទ្រង់​ជា​បូជាចារ្យ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​) 19ទ្រង់​ក៏​ឲ្យពរ​អាប់រ៉ាម​ថា​៖
“សូមឲ្យ​មានព្រះពរ​ដល់​អាប់រ៉ាម​ពី​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី​!
20សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ប្រគល់​ពួក​បច្ចាមិត្ត​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក”។
អាប់រ៉ាម​ក៏​ថ្វាយ​មួយភាគដប់ ពី​របស់ទាំងអស់​ដល់​ទ្រង់​។
21ស្ដេច​នៃ​សូដុម​មានរាជឱង្ការ​នឹង​អាប់រ៉ាម​ថា​៖ “សូម​ប្រគល់​មនុស្ស​មក​យើង រីឯ​ទ្រព្យសម្បត្តិ​វិញ សូម​យក​សម្រាប់​អ្នក​ចុះ”។
22ប៉ុន្តែ​អាប់រ៉ាម​ទូល​ស្ដេច​នៃ​សូដុម​ថា​៖ “ខ្ញុំព្រះបាទ​បាន​លើក​ដៃ​ស្បថ#14:22 ស្បថ―ជាពាក្យជំនួយ។​ចំពោះ​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ជា​ម្ចាស់​នៃ​ផ្ទៃមេឃ និង​ផែនដី 23ថា​ខ្ញុំព្រះបាទ​នឹង​មិន​យក​របស់ណាមួយ​ដែល​ជារបស់​ព្រះករុណា​ឡើយ សូម្បីតែ​អំបោះ​មួយ​សរសៃ ឬ​ខ្សែ​ស្បែកជើង​មួយ​ក៏ដោយ ក្រែងលោ​ព្រះករុណា​មានរាជឱង្ការថា​: ‘យើង​បាន​ធ្វើឲ្យ​អាប់រ៉ាម​ក្លាយជាអ្នកមាន’។ 24ខ្ញុំព្រះបាទ​មិនយកអ្វីឡើយ លើកលែងតែ​អ្វីដែល​ពួក​យុវជន​បាន​ហូប និង​ចំណែក​របស់​ពួក​មនុស្ស​ដែល​ទៅ​ជាមួយ​ខ្ញុំព្រះបាទ​ប៉ុណ្ណោះ គឺ​អាន់នើរ អែសកុល និង​ម៉ាមរេ​; សូមឲ្យ​ពួកគេ​យក​ចំណែក​របស់ពួកគេ​ចុះ”៕

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь

Видео по теме លោកុប្បត្តិ 14