លោកុប្បត្តិ 13

13
អាប់រ៉ាម និងឡុតបែកគ្នា
1ដូច្នេះ អាប់រ៉ាម​ក៏​ឡើង​ពី​អេហ្ស៊ីប​ទៅ​ណេកិប គឺ​មាន​គាត់ ប្រពន្ធ​របស់គាត់ និង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​ឡុត​ក៏​ទៅ​ជាមួយ​គាត់​ដែរ​។ 2អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។ 3គាត់​បន្ត​ដំណើរ​ពី​ណេកិប​រហូតដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​បោះ​រោង​របស់គាត់​កាលពីដើម គឺ​នៅចន្លោះ​បេត-អែល និង​អៃ 4ជា​កន្លែង​នៃ​អាសនា​ដែល​គាត់​បាន​សង់​នៅ​ទីនោះ​កាលពីមុន​។ នៅ​ទីនោះ អាប់រ៉ាម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​។
5រីឯ​ឡុត​ដែល​ដើរ​ជាមួយ​អាប់រ៉ាម ក៏​មាន​ហ្វូងចៀម ហ្វូងគោ និង​រោង​ជាច្រើន​ដែរ​។ 6ប៉ុន្តែ​ស្រុក​នោះ​មិន​អាច​ទ្រាំទ្រ​ឲ្យ​ពួកគេ​រស់នៅ​ជាមួយគ្នា​បាន​ទេ ពីព្រោះ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ច្រើន​ណាស់ រហូតដល់​ពួកគេ​មិនអាច​រស់នៅ​ជាមួយគ្នា​បានឡើយ​។ 7បន្ទាប់មក មាន​ជម្លោះ​រវាង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​អាប់រ៉ាម និង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​ឡុត​។ កាលនោះ ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​រស់នៅ​ក្នុង​ស្រុក​នោះ​ដែរ​។
8នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។ 9តើ​ទឹកដី​ទាំងមូល​មិន​នៅមុខ​ឯង​ទេ​ឬ​? សូម​បែកចេញ​ពី​យើង​ទៅ​។ បើសិន​ឯងទៅ​ខាងឆ្វេង យើង​នឹង​ទៅខាងស្ដាំ បើសិន​ឯងទៅ​ខាងស្ដាំ យើង​នឹង​ទៅខាងឆ្វេង”។
10ឡុត​ងើបភ្នែកឡើង ឃើញ​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​ដែល​មាន​ទឹក​គ្រប់ទីកន្លែង​រហូតដល់​សូអារ ដ្បិត​មុនដែល​ព្រះយេហូវ៉ា​បាន​បំផ្លាញ​សូដុម និង​កូម៉ូរ៉ា ទឹកដីនោះ​ដូចជា​សួន​របស់​ព្រះយេហូវ៉ា និង​ដូចជា​ដែនដី​អេហ្ស៊ីប 11នោះ​ឡុត​ក៏​ជ្រើសរើស​វាលទំនាប​ទាំងមូល​នៃ​ទន្លេយ័រដាន់​សម្រាប់​ខ្លួន រួច​ឡុត​បាន​ចេញដំណើរ​ទៅ​ទិសខាងកើត​។ ពួកគេ​បាន​បែកចេញ​ពី​គ្នា​យ៉ាងដូច្នេះ​ឯង​។ 12អាប់រ៉ាម​បាន​រស់នៅ​ក្នុង​ដែនដី​កាណាន ចំណែកឯ​ឡុត​វិញ គាត់​ទៅ​រស់នៅ​តាម​ទីក្រុង​នានា​នៃ​វាលទំនាប ហើយ​រើរោង​ទៅត្រឹម​សូដុម​។ 13រីឯ​ប្រជាជន​សូដុម​ជា​មនុស្សបាបដ៏អាក្រក់ក្រៃលែង​នៅចំពោះ​ព្រះយេហូវ៉ា​។
សេចក្ដីសន្យារបស់ព្រះដល់អាប់រ៉ាម
14ក្រោយពី​ឡុត​បែកចេញ​ទៅ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​ងើបភ្នែកឡើង​មើល​ពី​កន្លែង​ដែល​អ្នក​នៅ ទៅ​ខាងជើង ខាងត្បូង ខាងកើត និង​ខាងលិច​ចុះ​។ 15ដ្បិត​ទឹកដី​ទាំងអស់​នេះ​ដែល​អ្នក​មើលឃើញ យើង​នឹង​ប្រគល់​ដល់​អ្នក និង​ដល់​ពូជពង្ស​របស់អ្នក​ជារៀងរហូត​។ 16យើង​នឹង​ធ្វើឲ្យ​ពូជពង្ស​របស់អ្នក​បានច្រើន#13:16 ច្រើន―ជាពាក្យជំនួយ។​ដូចជា​ធូលី​ដី​។ ប្រសិនបើ​អ្នកណា​អាច​រាប់​ធូលី​ដី​បាន នោះក៏​អាច​រាប់​ពូជពង្ស​របស់អ្នក​បាន​ដែរ​។ 17ចូរ​ក្រោកឡើង​ដើរ​ក្នុង​ទឹកដី​នេះ តាម​បណ្ដោយ និង​ទទឹង​របស់វា​ចុះ ដ្បិត​យើង​នឹង​ប្រគល់​ទឹកដីនេះ​ដល់​អ្នក”។
18អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕

Выделить

Поделиться

Копировать

None

Хотите, чтобы то, что вы выделили, сохранялось на всех ваших устройствах? Зарегистрируйтесь или авторизуйтесь

Видео по теме លោកុប្បត្តិ 13