ទស្សនៈស្របតាមព្រះបន្ទូល ស្ដីពី ការផ្លាស់ប្រែនៃបញ្ហាសង្គមគំរូ
ការផ្គត់ផ្គង់
តើអ្នកអាចគិតទៅដល់ពេលវេលាមួយ ដែលអ្នកមានអារម្មណ៍ជ្រួលច្រាល់ដោយទំហំ ឬទម្ងន់នៃវិបត្តិបញ្ហា ឬភារកិច្ចដែលអ្នកកំពុងតែប្រឈមមុខដែរឬទេ? តើរឿងទាំងនោះនាំឱ្យអ្នកមានអារម្មណ៍យ៉ាងណា? តើអ្នកបានធ្វើអ្វី?
មិត្តរបស់ខ្ញុំ ឈ្មោះ ម៉ារី គាត់ទទួលនូវអារម្មណ៍អស់ទាំងនោះ។ ជីវិតនៅប្រទេសយូហ្គានដាពិតជាលំបាកណាស់សម្រាប់គាត់។ ប្ដីគាត់បានចាក់ចេញទៅបាត់ស្រមោល ទាំងទុកឱ្យគាត់នៅមើលថែរក្សាកូនៗតូចទាំងប៉ុន្មាន។ ពួកគេបានរស់នៅក្នុងខ្ទមធ្វើពីភក់ ជាមួយនឹងដំបូលប្រក់ស្លឹក ហើយមានតែពពែមួយក្បាល។ ម៉ារីប្រឹងប្រែងធ្វើការងារតាមតែគេអាចឱ្យគាត់ ហើយគាត់ទទួលបានប្រាក់ចំណូលបន្តិចបន្តួច តែទោះគាត់ប្រឹងយ៉ាងណា តម្រូវការគ្រួសារ នៅតែមានជានិច្ច ហើយគ្រួសាររបស់គាត់តែងតែនៅអត់ឃ្លាន។ គាត់គ្មានថវិកាសេសសល់ដើម្បីបង់សម្រាប់សាលាឱ្យកូនៗរបស់គាត់ទេ។
មានថ្ងៃមួយ ម៉ារី ឮដំណឹងពីការសិក្សាព្រះគម្ពីរ នៅឯក្រុមជំនុំក្នុងភូមិរបស់គាត់។ គាត់បានទៅចូលរួម ទោះបីជាគាត់មិនទាន់ជឿព្រះនៅឡើយ។ នៅពេលគាត់ឮពីរឿងព្រះយេស៊ូវប្រទានចំណីអាហារដល់មនុស្ស ៥ ពាន់នាក់ តែក្នុងមួយថ្ងៃ នោះគាត់ចាប់ផ្ដើមដឹងថាព្រះជាម្ចាស់ព្រួយបារម្ភចំពោះមនុស្សដែលស្រេកឃ្លាន! ការសិក្សានោះសម្លឹងមើលពីរបៀបដែលព្រះយេស៊ូវបានលើកទឹកចិត្តដល់ពួកសាវ័កឱ្យធ្វើការរួមគ្នា ដើម្បីធ្វើយ៉ាងម៉េច ឱ្យមនុស្សទាំងអស់បានទទួលចំណីអាហារ គឺឱ្យមនុស្សបានឆ្អែត។ រួមជាមួយអ្នកដទៃផ្សេងទៀត នោះម៉ារីបានទទួលនូវការជំរុញទឹកចិត្ត ក្នុងការចាប់ផ្ដើមរៀបគម្រោងផែនការសម្រាប់អនាគតកូនៗរបស់គាត់។
ម៉ារីហើយនិងក្រុមគ្រួសារបានចាប់ផ្ដើមដាំដុះដំណាំ ដើម្បីអាចយកវាទៅលក់ ហើយបានចាត់ចែងឱ្យមានប្រាក់កាសល្មមគ្រប់គ្រាន់ ដើម្បីបានទិញមាន់ពីរបី បន្ទាប់មកគាត់ទិញជ្រូកមួយចំនួន រួចបន្ទាប់មក គាត់អាចទិញគោពីរក្បាល។ ទង្វើអស់ទាំងនោះបានប៉ះពាល់ដល់ជីវិតរបស់ពួកគាត់ជាខ្លាំង៖ ពួកគាត់មានរបបចំណីអាហារគ្រប់គ្រាន់ មានសម្លៀកបំពាក់ មានថវិកាសម្រាប់បង់ថ្លៃសាលា មានទីជម្រកសមរម្យ និងមានថ្នាំបង្ការសម្រាប់ជំងឺថែមទៀត។
សព្វថ្ងៃ ម៉ារីស្រស់ស្រាយណាស់។ គាត់ដើរយ៉ាងប្រកិតជាមួយនឹងព្រះអម្ចាស់ ហើយគាត់បានមើលឃើញពីរបៀបដែលព្រះបានជួយដល់គាត់ ហើយនិងឱ្យក្រុមគ្រួសាររបស់គាត់ អាចផ្គត់ផ្គង់ខ្លួនឯងដោយផ្ទាល់។
ចូរឆ្លុះបញ្ចាំង៖
ក្នុងខណៈពេលដែលយើងគិតអំពីបញ្ហាប្រឈមទាំងឡាយនៅក្នុងសហគមន៍ផ្ទាល់របស់យើង ហើយនិងកង្វះខាតនៃធនធានផ្ទាល់របស់យើង តើមានការលើកទឹកចិត្តជាក់លាក់ណាមួយ ដែលយើងអាចរៀនបាន និងទទួលយកបាន ពីសាច់រឿងមួយនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
មានគ្រីស្ទបរិស័ទជាច្រើនបារម្ភ ថាតើត្រូវធ្វើការឆ្លើយតបលើតម្រូវការខាងឯវិញ្ញាណ ឬខាងឯរូបកាយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងត្រូវដាក់អាទិភាពរបស់យើង ទៅលើផ្នែកមួយណា សំខាន់ជាង? តើយើងអាចរៀនពីព្រះគម្ពីរចំពោះប្រធានបទនេះ យ៉ាងម៉េច?
More