ទស្សនៈស្របតាមព្រះបន្ទូល ស្ដីពី ការផ្លាស់ប្រែនៃបញ្ហាសង្គមគំរូ

A Biblical View On Social Change

ថ្ងៃទី 3 ក្នុងចំណោម 5 ថ្ងៃ

ហ៊ានថ្វាយខ្លួនរបស់យើងផ្ទាល់

នៅក្នុងអត្ថបទគម្ពីរថ្ងៃនេះ (ម៉ាកុស ៦៖៣៥-៣៦) យើងស្វែងរកឃើញថាពួកសាវ័កកំពុងតែស្ថិតនៅក្នុងស្ថានភាពស្រដៀងទៅនឹងអ្វីដែលមនុស្សយើងភាគច្រើនកំពុងជួបប្រទះនៅក្នុងដំណើរជីវិត ក្នុងខណៈពេលយើងកំពុងដើរជាមួយព្រះយេស៊ូវ​ នាពេលសព្វថ្ងៃនេះ។

ទាំងហត់នឿយដោយការស្នើ និងការទាមទារទាំងឡាយ ក្នុងដំណើរដើរតាមព្រះយេស៊ូវ និងការបម្រើដល់អ្នកដទៃ នោះពួកសាវ័កត្រូវការការសម្រាក។ តែបន្តិចក្រោយមក ត្រង់ពេលដកថយមកសម្រាកខ្លីបានបន្តិច នោះក៏មានការរំខាន ដោយមានបណ្ដាជនយ៉ាងច្រើនកុះករមកជួបជុំគ្នា។ ហើយប្រាកដមែនថាអ្នកទាំងនេះ សុទ្ធតែមានការស្នើ និងការទាមទារជាច្រើន។

ពេលវេលាកាន់តែជ្រេ ល្ងាចក៏នឹងជិតមកដល់ នោះពួកសាវ័កចាប់ផ្ដើមនាំគ្នាភ័យបារម្ភ ដោយសារតែបណ្ដាជន គ្មាននរណាគិតពីរឿងចាកចេញទៅណាទៅណីអីទេ ទោះបើកន្លែងនោះដាច់ស្រយាល ហើយគ្មានទាំងអាហារក្ដី។ គំនិតដាស់តឿនរបស់គេ នោះមានតែសុំព្រះយេស៊ូវឱ្យប្រកាសបញ្ជូនបណ្ដាជនទៅផ្ទះគេវិញតែប៉ុណ្ណោះ ដោយពួកគេមិនដឹងថាត្រូវធ្វើអ្វីផ្សេងក្រៅពីនេះឡើយ។

ជារឿយៗយើងតែងចង់ធ្វើដូច្នេះជាមួយអស់អ្នកដែលមានតម្រូវការ ដែលហួសពីសមត្ថភាពក្នុងការឆ្លើយតបរបស់យើង។ ទំនោររបស់យើងភាគច្រើន គឺផ្ដោតទៅលើបញ្ហា ជាជាងផ្ដោតទៅលើឱកាស ដែលយើងអាចទទួលបាន។ ក្នុងរបៀបដូចគ្នា ដូចជាអ្វីដែលពួកសាវ័កបានគិតពិចារណា នោះយើងមានបំណងចង់រុញបញ្ហាទាំងប៉ុន្មានឱ្យព្រះយេស៊ូវដោះស្រាយ ជាជាងទូលសូមព្រះអង្គពីរបៀបដែលយើងអាចធ្វើការរួមជាមួយនឹងព្រះអង្គវិញ។ សេចក្ដីអធិស្ឋានរបស់យើងភាគច្រើន មានលក្ខណៈស្រដៀងនឹងពួកសាវ័កដែរ—ព្រះយេស៊ូវអើយ សូមទទួលយកទំនួលខុសត្រូវនេះ ចេញឱ្យឆ្ងាយពីទូលបង្គំផង!

ចូរឆ្លុះបញ្ចាំង៖

ប្រសិនបើគ្មានសេចក្ដីស្មោះត្រង់របស់ព្រះ នោះយើងនឹងជាប់ក្នុងវិបត្តិ មិនអាចបំពេញតម្រូវការ ទាំងគ្មានសង្ឃឹមថាជីវិតរបស់យើងនឹងអាចផ្លាស់ប្រែទៀតផង។ ប៉ុន្តែ ព្រះបន្ទូលនៃព្រះបានដាំនៅក្នុងដួងចិត្តរបស់អស់អ្នកដែលជឿ ហើយក៏បានផ្ដល់នូវការស្រេកឃ្លានឱ្យយើងចង់ធ្វើការរួមគ្នានឹងព្រះអង្គ ដើម្បីឱ្យយើងឃើញពីអំណាចចេស្ដានៃការបំផ្លាស់បំប្រែរបស់ព្រះអង្គ។

ធនធានរបស់ពួកសាវ័កមានដែនកំណត់ ប៉ុន្តែព្រះយេស៊ូវនៅតែអាចពហុគុណ ដើម្បីឱ្យគេអាចផ្ដល់ចំណីអាហារទៅដល់បណ្ដាមហាជន។ តើអ្នកមានធនធានអ្វីដែលព្រះអាចពហុគុណ និងប្រើប្រាស់ ដើម្បីឱ្យវាបានក្លាយទៅជាព្រះពរសម្រាប់សហគមន៍របស់អ្នក? ធនធាននោះប្រហែលមិនមែនជាឧបករណ៍ ឬជារបស់ ប៉ុន្តែវាអាចជាជំនាញ ឬពេលវេលា។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

A Biblical View On Social Change

មានគ្រីស្ទបរិស័ទជាច្រើនបារម្ភ ថាតើត្រូវធ្វើការឆ្លើយតបលើតម្រូវការខាងឯវិញ្ញាណ ឬខាងឯរូបកាយ។ ក្នុងនាមជាគ្រីស្ទបរិស័ទ តើយើងត្រូវដាក់អាទិភាពរបស់យើង ទៅលើផ្នែកមួយណា សំខាន់ជាង? តើយើងអាចរៀនពីព្រះគម្ពីរចំពោះប្រធានបទនេះ យ៉ាងម៉េច?

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ អង្គការ Tearfund ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.tearfund.org/yv