មានព្រះពរគំរូ

Blessed

ថ្ងៃទី 4 ក្នុងចំណោម 7 ថ្ងៃ

"និមិត្ដ"

អ្វីមួយផ្សេងទៀតដែលខ្ញុំស្រឡាញ់អំពីបុរសសុចរិតនៅក្នុងទំនុកតម្កើង ១១២ នេះ នោះគឺថា គាត់ពិតប្រាកដជារស់នៅក្នុងជីវិត ដែលគិតលើសពីរូបខ្លួនគាត់ទៅទៀត។ នៅពេលដែលមានចែងថា "គាត់ចែកចាយដោយចិត្ដទូលាយ" នោះគឺជាការនិយាយអំពីជីវិតរបស់មនុស្សម្នាក់ដែលមានឥទ្ធិពល គ្រប់ច្រកល្ហក គ្រប់ទីតំបន់ ហើយបានប៉ះពាល់ជាវិជ្ជមានដល់ជីវិតមនុស្សដទៃផ្សេងទៀត។

មានមនុស្សខ្លះមើលទៅដូចជាមិនកើត ហើយក៏មិនដឹងថាជាយ៉ាងម៉េចយ៉ាងណា នៅក្នុងជីវិតរបស់គាត់ដែរ ដោយសារតែគាត់មាននិមិត្ដតូចពេកក្នុងការរស់នៅរបស់គាត់។ ជំនួសឲ្យការរស់នៅដែលបន្តរីកចម្រើនលូតលាស់ ហើយពង្រីកនូវសក្ដានុពលនៃជីវិតឲ្យធំជាងនោះ គាត់សុខចិត្ដរស់នៅជាត្រីធំ ក្នុងត្រពាំងតូចមួយ។ ដោយទង្វើដូច្នេះ គាត់បានដាក់ព្រំប្រទល់ ខណ្ឌនូវសក្ដានុពលរបស់គាត់។ ព្រះគម្ពីរបានចែងថា៖ "នៅពីណាដែលគ្មាននិមិត្ដ នោះមនុស្សក៏នឹងវឹកវរវិនាស..."​ (សុភាសិត ២៩៖១៨)។

ការមានបំណងចិត្ដ ឬ គោលដៅច្បាស់លាស់នឹងជួយបន្ថែមទិសដៅ និងគោលបំណងទៅក្នុងជីវិតរបស់អ្នក។ ព្រះយេស៊ូជ្រាបថា ទ្រង់បានប្រសូតមក ដើម្បីបុព្វហេតុនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយក៏បានយល់ដឹងថា រាល់ទំនាក់ទំនងនានារបស់ព្រះអង្គជាមួយលោកិយ៍នេះ គឺវិលវល់ទៅតាមបុព្វហេតុនោះដែរ។ អ្នកហើយនិងខ្ញុំ ក៏កើតមកសម្រាប់បុព្វហេតុ ដែលរស់នៅ វិលវល់ ក្នុងជីវិត មានឥទ្ធិពល លើសពីខ្លួនយើងទៅទៀតដែរ។​

វាងាយស្រួលឲ្យយើងជាប់អន្ទាក់ទៅក្នុង ភាពតានតឹង និងសម្ពាធនៃជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ យើងប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិត និង បានប្រាក់មក ដើម្បីបង់ថ្លៃនេះ បង់ថ្លៃនោះ ដែលជីវិតប្រចាំថ្ងៃរបស់យើងត្រូវការ។ ប៉ុន្តែ ក្នុងចិត្ដ និងជីវិតខាងឯវិញ្ញាណរបស់យើង នោះយើងនឹងចាប់ផ្ដើមគិតអំពី ការចែករំលែកធំទូលាយ ដែលការគិតនោះមានន័យថា តើយើងអាចធ្វើអ្វីមួយ សម្រាប់អ្នកដទៃបានយ៉ាងដូចម្ដេច? ហើយតើយើងអាចជួយសម្រួលជីវិតរស់នៅរបស់នរណាម្នាក់បានដោយរបៀបណាដែរ?

វាអាចទៅរួច ដែលថា អ្នកអាចមាននិមិត្ដលើស និងធំជាង គម្រោងផែនការរបស់ព្រះជាម្ចាស់ ដែលទ្រង់មានសម្រាប់ជីវិតរបស់អ្នក។ គម្រោងផែនការរបស់ព្រះអង្គគឺធំធេងណាស់។ ក្នុងខណៈពេល ដែលព្រះជាម្ចាស់ប្រទានពរមកកាន់ជីវិតរបស់អ្នក ចូរបន្តចែករំលែកឲ្យបានទូលាយ ហើយសម្លឹងមើលទៅមុខ ឲ្យបានលើសពីខ្លួនអ្នក ដើម្បីប្រទានពរដល់អ្នកដទៃ និង កសាងនូវព្រះរាជ្យរបស់ព្រះអង្គផង។

ក្នុងដំណើរជីវិតរបស់អ្នក
តើអ្នកមានសុបិន មានបំណងចិត្ដអ្វីដែរ? តើនិមិត្ដរបស់អ្នកជាអ្វីដែរ? ចូរសរសេរបំណងចិត្ដនិងនិមិត្ដនោះ ហើយចូរនាំអ្វីៗទាំងនោះ ទៅចំពោះព្រះភក្ដ្រព្រះ ដោយសេចក្ដីអធិស្ឋាន។ គ្មានបំណងចិត្ដ ឬ និមិត្ដណា ដែលធំលើស ហើយព្រះមិនអាចធ្វើទៅរួច បាននោះឡើយ។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ប្រទានពរឲ្យបំណងចិត្ដ និង និមិត្ដនោះ បានសម្រេច និងសព្វព្រះទ័យកសាងនូវព្រះរាជ្យរបស់ព្រះអង្គតាមរយៈអ្នក! ចូរជឿនៅថ្ងៃនេះ ថាការទាំងនោះ នឹងបានសម្រេច។

អំពី​គម្រោងអាន​នេះ

Blessed

តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ Brian Houston and Hillsong Church ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org