មានព្រះពរគំរូ

Blessed

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

"ចូរសរសើរតម្កើងព្រះអម្ចាស់"

ចូរសរសើរតម្កើងព្រះអង្គ! នៅក្នុងប៉ុន្មានពាក្យនេះ មាននូវអំណាចព្រះចេស្ដា ដែលចាប់ផ្ដើមឡើង ហើយក៏ជាមូលដ្ឋានគ្រឹះនៃជីវិតដ៏ពេញដោយព្រះពរផងដែរ។ មនុស្សម្នាក់អាចថ្លែងពាក្យនេះបាន ដោយគេផ្ដើមយល់និងស្គាល់ថាព្រះជាម្ចាស់ជានរណា ហើយក៏ អាចសរសើរតម្កើងទ្រង់តាមការដែលគេទទួលបានពីការបើកសម្ដែងនេះដែរ។

ការសរសើរតម្កើងតែងតែជាចំណុចចាប់ផ្ដើមនៃអ្វីៗទាំងអស់។ នេះមានន័យថាយើងចេះដឹងគុណ - ដោយហេតុនេះហើយបានជាយើង ថ្វាយការអរព្រះគុណ មុនពេលយើងញ៉ាំអាហារ ហើយ មុនយើងចាប់ផ្ដើមប្រជុំ ច្រៀងចម្រៀងសរសើរតម្កើងព្រះអង្គ។ ព្រះយេស៊ូបានផ្ដើមការអរព្រះគុណដល់ព្រះជាម្ចាស់ មុនពេលដែលព្រះអង្គប្រោស លោក ឡាសា ឲ្យបានរស់ពីសេចក្ដីស្លាប់ ហើយ លោក ម៉ូសេ បានសរសើរព្រះជាម្ចាស់ មុនគាត់ដើរឆ្លងកាត់សមុទ្រក្រហម។ ក្នុងនិស្ស័យជាមនុស្ស យើងភាគច្រើនចូលចិត្ដរង់ចាំការសរសើរតម្កើង ថ្លែងអរព្រះគុណ រហូតដល់យើងទទួលបាននូវចម្លើយចំពោះសេចក្ដីអធិស្ឋានសិន ប៉ុន្តែចូរដឹងថា ព្រះពរ គឺចាប់ផ្ដើមដោយការសរសើរតម្កើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រាប់យើងថា៖ "ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គដោយសរសើរ!" (ទំនុកតម្កើង ១០០៖៤)។ តែទោះជាយ៉ាងណា ការសរសើរតម្កើងព្រះ មិនកំណត់ត្រឹមតែ ការច្រៀងសរសើរពីរបីបទ ក្នុងមួយសប្ដាហ៍ នៅពេលយើងជួបប្រជុំគ្នា ក្នុងក្រុមជំនុំនោះឡើយ។ ការថ្វាយបង្គំគឺជារបៀបរស់នៅប្រចាំថ្ងៃដែលឱបក្រសោបរាល់គ្រប់ទាំងផ្នែកនៃជីវិតទាំងមូលរបស់យើង។​

អ្នកអាចសរសើរតម្កើងព្រះ រាល់ពេល រាល់វេលាទាំងអស់នៃថ្ងៃនីមួយៗរបស់អ្នក។ គឺប្រាំពីរថ្ងៃក្នុងមួយសប្ដាហ៍ --មិនថានៅក្នុងឡាន ក្នុងបន្ទប់ងូតទឹក ឬ នៅពាក់កណ្ដាលអាធ្រាតនោះឡើយ។ វាមិនមែនជាការច្រៀងនូវបទតម្កើងណាមួយ ឬ សូត្រការអធិស្ឋានណាមួយដែរ -- ការនោះជាកិច្ចដែលអ្នកធ្វើ ដោយសារតែអ្នកមានទំនាក់ទំនងជាមួយនឹងព្រះវរបិតាដែលស្រឡាញ់រូបអ្នក។

មនុស្សម្នាក់ៗមាននូវគំនិតហើយគិតថាព្រះជាម្ចាស់មានលក្ខណៈយ៉ាងនេះ ឬ យ៉ាងនោះ ផ្សេងៗពីគ្នា។ ហើយគេក៏បានមានប្រាស្រ័យទាក់ទងនឹងទ្រង់តាមការយល់ឃើញនិងដឹងរបស់គេផងដែរ។ អស់អ្នកដែលគិតពីទ្រង់ថា ជាព្រះមាំទាំ ពុតមិនបាន ហើយតឹងរឹង គេតែងនៅឆ្ងាយពីព្រះអង្គ។ អ្នកខ្លះទៀត ដែលមើលមកកាន់ទ្រង់ ហើយឃើញព្រះអង្គថាជា ព្រះខ្ជាប់ខ្ជួន ហើយ ម៉ាត់ចត់ (មិនលើកលែង) ក៏មិនហ៊ាននៅជិតនឹងទ្រង់ដែរ។ ប៉ុន្តែ អស់អ្នកដែលស្គាល់ទ្រង់ ថាជាព្រះវរបិតា និង ជាមិត្ដវិញ គេមានអារម្មណ៍ កក់ក្ដៅ រីករាយ អរសាទរចំពោះ ព្រះពរ ដែលគេអាចមាននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងព្រះអង្គវិញ -- ដោយសារតែគេ អាចស្រែករកព្រះអង្គបានគ្រប់ពេលវេលា។ មិនថាជាគេ ស្ថិតនៅក្នុងកាលៈទេសៈណាឡើយ គឺពួកគេមិននៅតែឯងនោះឡើយ។

ស្ថានភាពរបស់អ្នកអាចនឹងបំផ្លាស់បំប្រែវិញបាន នៅពេលដែលអ្នកចាប់ផ្ដើមសរសើរតម្កើងព្រះជាម្ចាស់។ មិនគ្រាន់តែការសរសើរតម្កើងព្រះអង្គជួយឲ្យអ្នក ផ្ដោតសម្លឹងទៅកាន់ព្រះអង្គ ប៉ុន្តែទង្វើនោះ​ ក៏បណ្ដាលឲ្យអ្នកឃើញ រាល់អ្វីៗនៅក្នុងទស្សនៈមួយផ្សេងទៀតដែរ។

ការសរសើរតម្កើងព្រះជាម្ចាស់ គឺលើសពីក្បួនក្បាច់ ឬ ព្រឹត្តិការណ៍ដែលកើតឡើងម្ដងម្កាលទៅទៀត។ វាជារបៀបរស់នៅតាមបែបការចេះថ្វាយបង្គំ -- កិច្ចការនេះ នាំឲ្យអ្នកអាចផ្ដោតចិត្ដទៅកាន់ព្រះជាម្ចាស់ ដោយទស្សនៈរបស់អ្នកមានការផ្លាស់ប្រែ ពេលដែលអ្នកគិតនិងឃើញចំពោះស្ថានភាពទាំងឡាយ ដែលមាននៅជុំវិញរូបអ្នក។ ដូច្នេះ នៅក្នុងថ្ងៃនេះ ចូរអ្នកចេញទៅ ទាំងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅអ្នក ទាំងមាននូវការថ្លែងដែលជាគ្រឹះដ៏រឹងមាំរបស់អ្នកថា៖ "សរសើរតម្កើងព្រះអម្ចាស់"។

អំពី​គម្រោងអាន​នេះ

Blessed

តើអ្នករស់នៅក្នុងជីវិតដែលពេញដោយព្រះពរយ៉ាងដូចម្ដេចទៅ? ខ្ញុំជឿថាមនុស្សគ្រប់រូប សុទ្ធតែរងចាំ និង កំពុងស្វែងរកនូវចម្លើយមួយនេះ។ នៅក្នុងចំណោមអត្ដចរិតនៃមនុស្សទាំងឡាយដែលមានចែងនៅក្នុងព្រះគម្ពីរ មានមនុស្សម្នាក់ដែលខ្ញុំចង់កោតសរសើររូបគាត់ជាពិសេស។ ឈ្មោះគាត់មិនបានប្រាប់ឲ្យគេដឹងនោះទេ ប៉ុន្តែគាត់បានរស់នៅក្នុងជីវិតដែលស្របតាមគោលការណ៍របស់ព្រះគម្ពីរ។ វិរៈជនក្នុងព្រះគម្ពីររបស់ខ្ញុំមួយរូបនេះ គឺជាបុរសសុចរិត ហើយយើងអាចស្គាល់គាត់បាន តាមរយៈ ទំនុកតម្កើង ១១២ ។

More

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ Brian Houston and Hillsong Church ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​http://breathingroom.org