អ្នកជាមនុស្សជាទីស្រឡាញ់គំរូ
ស្រឡាញ់យ៉ាងសាមញ្ញ
ចូរឲ្យមានសេចក្ដីស្រឡាញ់ជាបងប្អូនជានិច្ច (ហេព្រើរ ១៣៖១)។
ដោយមានកូនរៀននៅសាលាបឋមដល់ទៅពីរនាក់ នោះខ្ញុំត្រូវតែស៊ីញេលើសៀវភៅផែនការសម្រាប់កិច្ចការផ្ទះជានិច្ច ដើម្បីតាមដានលើអ្វីៗដែលកំពុងកើតមានឡើងនៅក្នុងថ្នាក់រៀន ហើយនិងដើម្បីទទួលបានរបាយការណ៍ (សៀវភៅ) តាមដានពីលំហាត់ទាំងនោះ ជារៀងរាល់ត្រីមាស ថាតើពួកគាត់បានធ្វើលំហាត់ឱ្យគ្រូឬក៏អត់។ សៀវភៅតាមដានខ្ញុំបានទទួលជាទៀងទាត់ ដើម្បីឱ្យខ្ញុំដឹងពីពិន្ទុរបស់កូនៗរបស់ខ្ញុំ។ ហើយបន្ទាប់មកទៀត មានទាំងថ្នាក់បន្ថែមក្រៅម៉ោង ដើម្បីជួយដល់និទ្ទេសរបស់ពួកគេ ប្រសិនបើយើងមិនទាន់ស្កប់ចិត្តនឹងពិន្ទុនៃការសិក្សារបស់ពួកគាត់នៅឡើយ។
ពេលខ្លះ យើងយកការដើរតាមព្រះយេស៊ូវប្រៀបទៅនឹងការដាក់និងឱ្យពិន្ទុដែរ។ យើងតែងតែនឹកឆ្ងល់ថាតើយើងបានធ្វើល្មមគ្រប់គ្រាន់ហើយឬនៅ ដើម្បីឱ្យយើងទទួលបាននិទ្ទេស A ។ យើងអាចគិតថា តើយើងគួរតែបរិច្ចាគអាហារកំប៉ុង ទៅឱ្យសមាគមអ្នកអត់ក្នុងភូមិនៅខែនេះ ឬទៅបម្រើនៅកន្លែងផ្គត់ផ្គង់អាហារសម្រាប់អ្នកខ្វះខាត ដែរឬយ៉ាងណា? ខ្ញុំដឹងថាខ្ញុំត្រូវតែចេះស្រឡាញ់ខ្មាំងសត្រូវរបស់ខ្ញុំ ប៉ុន្តែ ចុះចំណែកម្នាក់ដែលតែងតែនិយាយដើមអាក្រក់ៗអំពីខ្ញុំនោះ តើគិតយ៉ាងម៉េច? យើងប្រៀបបានដូចជា ពេត្រុស ដែលចោទសួរព្រះយេស៊ូវថា៖ «ព្រះអង្គអើយ ប្រសិនបើសមាជិកណាម្នាក់នៅក្នុងក្រុមជំនុំ គាត់បានធ្វើទាស់ប្រឆាំងនឹងខ្ញុំ តើគួរឱ្យខ្ញុំអត់ឱនទោសឱ្យគាត់ប៉ុន្មានដង?» (ម៉ាថាយ ១៨៖២១ )។
អ្នកតាក់តែងកណ្ឌគម្ពីរហេព្រើររំឭកដល់យើងរាល់គ្នាថា ចូររក្សាការទាំងអស់ក្នុងភាពសាមញ្ញ។ ចូរកុំខ្វល់ខ្វាយរឿងរក្សាទុកពិន្ទុសម្រាប់នេះសម្រាប់នោះ—គ្រាន់តែស្រឡាញ់ទៅបានហើយ! យើងប្រហែលជាអាច ចង់ បាននិទ្ទេស ដោយសារតែវាជួយឱ្យយើងដឹងថាខ្លួនយើងកំពុងតែឈរនៅទីណា។ ប៉ុន្តែសម្រាប់ព្រះជាម្ចាស់ អ្វីៗមិនអាស្រ័យទៅលើនិទ្ទេស ឬពិន្ទុទេ ព្រោះវាសំខាន់នៅលើដួងចិត្តវិញ។ ព្រះសព្វព្រះទ័យឱ្យយើងចេះស្រឡាញ់ក្នុងភាពយ៉ាងសេរី ដោយសារតែយើងបានទទួលពីក្ដីស្រឡាញ់នោះជាមុនរួចហើយ (១ យ៉ូហាន ៤៖១៩)។ ជំនួសដោយការចោទសួរ ថាតើយើងធ្វើបានល្មមគ្រប់គ្រាន់ហើយឬនៅ នោះចូរសួរខ្លួនឯង ថាតើព្រះកំពុងតែផ្ដល់ឱកាសឱ្យយើងអាចបង្ហាញពីក្ដីស្រឡាញ់ទៅកាន់នរណាខ្លះ៖ ចូរចងចាំអស់អ្នកដែលស្ថិតនៅក្នុងគុក ចូរបង្ហាញពីចិត្តរាក់ទាក់ ជួយយកអាសា ចូរឱ្យស្កប់ស្កល់ជាមួយនឹងអ្វីៗដែលខ្លួនមាន—ប៉ុន្តែរាល់ការអស់ទាំងនោះ គឺបំផុសឡើងចេញពីសេចក្ដីបង្គាប់តែមួយ៖ នោះគឺជាសេចក្ដីស្រឡាញ់។
ក្នុងខណៈពេលដែលអ្នកអធិស្ឋាន ចូរអរគុណដល់ព្រះសម្រាប់ក្ដីស្រឡាញ់យ៉ាងសាមញ្ញរបស់ព្រះអង្គចំពោះរូបអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទាំងអស់។ នៅក្នុងមេរៀនជាខ្សែក្នុងរយៈពេល ៤ ថ្ងៃនេះ ចូរជ្រមុជខ្លួនអ្នកចូលទៅក្នុងក្ដីស្រឡាញ់នៃព្រះ។
More