អ្នកជាមនុស្សជាទីស្រឡាញ់គំរូ
ក្ដីស្រឡាញ់ដ៏អត់ធ្មត់នៃព្រះ
ដោយហេតុនោះ មើល៍ យើងនឹងប្រលោមនាង នាំនាងទៅឯទីរហោស្ថាន ហើយនិយាយលួងលោមចិត្តនាង (ហូសេ ២៖១៤)។
នៅពេលខ្ញុំរៀននៅថ្នាក់ទី ២ មានកូនសិស្សប្រុសម្នាក់ក្នុងថ្នាក់របស់ខ្ញុំ គាត់បានស្បថថាគាត់នឹងទប់ដង្ហើមរបស់ខ្លួន រហូតដល់ក្មេងស្រីដែលគាត់ចូលចិត្ត និយាយមកគាត់វិញ ថានាងចូលចិត្តគាត់។ មើលទាំងភ័យ ដោយសារតែមុខរបស់ក្មេងប្រុសនោះចាប់ផ្ដើមឡើងក្រហម នោះក្មេងស្រីម្នាក់នោះក៏ស្រែកឡើងយ៉ាងប្រញាប់ថា៖ «អូខេ បានៗ ខ្ញុំក៏ចូលចិត្តអ្នកដែរ!»។ តែមិនចាំបាច់ឆ្ងល់ច្រើនទេ "ទំនាក់ទំនង" បែបនេះ វាមិននៅស្ថិតស្ថេរបានយូរឡើយ។
នៅក្នុងអត្ថបទគម្ពីរដ៏ស្រស់សោភា ដែលមានចែងក្នុង កណ្ឌគម្ពីរ ហូសេ យើងអាចអានឃើញថាទោះក្នុងខណៈពេលដែលប្រជារាស្រ្តរបស់ព្រះ ជ្រើសរើសដើរតាមព្រះដ៏ទៃ នោះព្រះជាម្ចាស់ពុំបានបោះបង់ពួកគេចោលឡើយ។ ប៉ុន្តែជំនួសនឹងការបង្ខិតបង្ខំពួកគេឱ្យស្រឡាញ់ព្រះអង្គ នោះព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គនឹងប្រលោមពួកគេ ហើយនិយាយលួងលោមទៅកាន់ពួកគេ ទាំងផ្ដល់នូវក្ដីសង្ឃឹមនៅត្រង់ទីកន្លែងណាដែលគ្មានក្ដីសង្ឃឹមនោះវិញ។ តាមរយៈសេចក្ដីនេះ ព្រះជាម្ចាស់ប្រកាសថា នៅថ្ងៃណាមួយ ពួកគេនឹងហៅព្រះអង្គថាជា "ប្ដីរបស់ខ្ញុំ" ដូចនៅក្នុងភាសានៃមនុស្សពីរនាក់ដែលស្រឡាញ់គ្នាអញ្ចឹងដែរ (ខទី ១៦)។ នេះហើយគឺជាសេចក្ដីសន្យាអំពីព្រះគ្រីស្ទ។ តាមរយៈសេចក្ដីស្លាប់និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នោះវាំងននត្រូវបានរហែកជាពីរ ដែលវាធ្លាប់បានបាំងរវាងយើងរាល់គ្នានឹងព្រះជាម្ចាស់។ យើងទទួលបានការអត់ឱនទោសទាំងស្រុង ហើយរាល់គ្រប់ទង្វើមិនចេះគិតរបស់យើង ត្រូវបានបំភ្លេចចោល។ ព្រះជាម្ចាស់បានបើកចំហទ្វារនៃក្ដីសង្ឃឹមយ៉ាងសន្ធឹង។ ហើយយើងមើលឃើញថាព្រះអង្គមិនមែនជាចៅហ្វាយនាយដែលចាំតែទាមទារក្ដីស្រឡាញ់ពីយើងឡើយ ប៉ុន្តែព្រះអង្គគឺជាព្រះដ៏អត់ធ្មត់ និងជាព្រះដែលស្វែងរក ទំនាក់ទំនង ជាមួយនឹងយើង។ ទំនាក់ទំនងនោះ មិនមែនជាទំនាក់ទំនងដែលបង្ខិតបង្ខំលើយើងទេ ប៉ុន្តែវាជាទំនាក់ទំនងដែលយើងប្រាថ្នាចង់បាន ដោយសារតែព្រះអង្គបានបង្ហាញពីជម្រៅនៃក្ដីស្រឡាញ់របស់ព្រះអង្គមកឱ្យយើងឃើញ តាមរយៈព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។
នៅថ្ងៃនេះ ចូរពិចារណាគិតអំពីក្ដីស្រឡាញ់ដ៏អត់ធ្មត់នៃព្រះ។ ព្រះអង្គពុំទាមទារឱ្យអ្នកស្រឡាញ់ព្រះអង្គឡើយ ប៉ុន្តែព្រះអង្គនឹងតែងតែដង្ហោយហៅអ្នក ទាំងត្រៀមស្វាគមន៍រូបអ្នកមកក្នុងព្រះហស្ដបើកចំហរបស់ព្រះអង្គជានិច្ច។
ក្នុងខណៈពេលអ្នកអធិស្ឋាន ចូរអរគុណដល់ព្រះដ៏ស្មោះត្រង់របស់យើងសម្រាប់ក្ដីស្រឡាញ់របស់ព្រះអង្គ។ ចូរទូលសូមព្រះឱ្យជួយអ្នកចេះស្រឡាញ់ដល់អ្នកដទៃ ដូចក្នុងរបៀបដែលព្រះអង្គបានស្រឡាញ់រូបអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទាំងអស់។ នៅក្នុងមេរៀនជាខ្សែក្នុងរយៈពេល ៤ ថ្ងៃនេះ ចូរជ្រមុជខ្លួនអ្នកចូលទៅក្នុងក្ដីស្រឡាញ់នៃព្រះ។
More