នៅជាប់នឹងអង្គព្រះគ្រីស្ទ - គ្រាស្មឹងស្មាធិ៍ រយៈពេល ៤ ថ្ងៃ មុនបុណ្យណូអែលគំរូ
ទោះបីជាគ្រានេះជាពេលវេលាដ៏ល្អអស្ចារ្យបំផុតក្នុងមួយឆ្នាំៗ ដូចបទចម្រៀងជាច្រើនបានលើកឡើង នោះយើងនៅតែត្រូវការអធិស្ឋានផងដែរ - មិនគ្រាន់ថាត្រូវអធិស្ឋាន ដើម្បីអរព្រះគុណព្រះ សម្រាប់រាល់គ្រប់ព្រះពរ ឬគ្រាន់តែទូលសុំជំនួយពីព្រះអង្គ ដើម្បីឱ្យយើងចេះតទល់នឹងភាពតានតឹង ឬទុក្ខលំបាក ដែលអាចកើតមានឡើងនៅក្នុងរដូវកាលនេះប៉ុណ្ណោះនោះទេ។ សេចក្ដីអធិស្ឋានដាស់ព្រលឹងយើងឱ្យភ្ញាក់ទៅរកព្រះវត្តមាន សេចក្ដីស្មោះត្រង់ ហើយនិងទីជម្រកដែលព្រះទ្រង់ផ្គត់ផ្គង់ ដល់យើង។
ប៉ុន្តែ តើអ្នកដែលធ្លាប់មានអារម្មណ៍ថាមិនដឹងថាត្រូវអធិស្ឋានអំពីអ្វីដែរឬទេ? ប្រហែលជាសេចក្ដីអធិស្ឋានរបស់អ្នកបែរប្រែក្លាយទៅជាអត់ជាតិ ឬច្រំដែលៗ ហើយអ្នកអាចមានអារម្មណ៍ថាអ្នកកំពុងតែអធិស្ឋានមិនត្រឹមត្រូវ? ការអធិស្ឋានពេញដោយទំនុកចិត្ត នោះនឹងបានពង្រឹងឡើង នៅពេលណាដែលអ្នកអធិស្ឋានតាមព្រះបន្ទូលរបស់ព្រះ។
ព្រះគម្ពីរមានពោរពេញដោយសេចក្ដីអធិស្ឋាន! ចាប់តាំងពី លោកុប្បត្តិ រហូតដល់ វិវរណៈ យើងអាចរកឃើញសេចក្ដីអធិស្ឋាន ទាំងយើងអាចយកសេចក្ដីអធិស្ឋានទាំងនោះ មកអធិស្ឋានតាមបាន ដើម្បីឱ្យជីវិតខាងវិញ្ញាណរបស់យើងរស់ឡើង។ សេចក្ដីទូលអង្វរទាំងនោះ ស្ដែងចេញពីអារម្មណ៍និងបទពិសោធន៍ជាច្រើន - មិនបាច់រកមើលឯណាឆ្ងាយទេ មើលតែទំនុកតម្កើង នោះមានច្រើនអនេក!
ក្នុងខណៈពេលយើងអានរឿងព្រះគម្ពីរ ប្រវត្តិព្រឹត្តិការណ៍ កំណាព្យ និងប្រស្នា ដែលមានចែងក្នុងព្រះគម្ពីរ ដោយអានក្នុងព្រះវត្តមាននៃព្រះ និងផ្ដោតចិត្តទៅលើព្រះវិញ្ញាណ នោះយើងនឹងសម្គាល់ឃើញថាអត្ថបទព្រះគម្ពីរទាំងនោះ មានន័យចំៗចំពោះជីវិត ពិភពលោក និងមនុស្សដែលយើងស្គាល់ផងដែរ។ យូរៗទៅ យើងនឹងងាយសម្របគំនិតអស់ទាំងនោះទៅជាសេចក្ដីអធិស្ឋានភ្លាមៗ។
ចូរអាន លូកា ២៖៨-១៨។ តើអ្នកបានឮ និងទទួលបទពិសោធន៍ពីដំណឹងល្អរបស់ព្រះគ្រីស្ទ ដោយរបៀបណា? នៅក្នុងសាច់រឿងនេះ ទេវតាបានទៅបង្ហាញខ្លួនឱ្យក្រុមពួកអ្នកគង្វាលហត់នឿយ រួចហើយបានប្រកាសពីរឿងដ៏សំខាន់មួយដែលកំពុងកើតមានឡើងនៅឯភូមិបេថ្លេហិម (ខទី ១១)។ ដូច្នេះហើយ ពួកអ្នកគង្វាលចៀមបានធ្វើដំណើរទៅទីក្រុងរបស់ព្រះបាទដាវីឌ ដែលនៅទីនោះ ពួកគេបានរកឃើញព្រះគ្រីស្ទ ម៉ារី និង យ៉ូសែប។ ពេលដែលពួកគេបានឃើញបុត្រតូចហើយ ពួកគេបានបន្តទៅប្រាប់ដល់មនុស្សគ្រប់គ្នាដែលពួកគេស្គាល់អំពីកំណើតរបស់ព្រះគ្រីស្ទ និងអំពីអ្វីដែលទេវតាបានថ្លែងអំពីព្រះអង្គ (ខទី ១៧-១៨)។
តើអ្នកអាចប្រព្រឹត្តឱ្យបានដូចពួកអ្នកគង្វាល ដោយហ៊ានទៅប្រាប់មនុស្សគ្រប់រូបអំពីព្រះគ្រីស្ទ ជាពិសេស នារដូវកាលនេះ ដោយរបៀបណាខ្លះ? ចូរអធិស្ឋាន សូមឱ្យព្រះធ្វើការនៅក្នុងដួងចិត្តរបស់អស់មនុស្សដែលអ្នកស្គាល់។ ចូរធ្វើជាម្នាក់ដែលពូកែស្ដាប់ និងជាមិត្តម្នាក់ ដែលគ្មានចិត្តចោទប្រកាន់ទោស។ ចូរបង្ហាញពីសារនៃដំណឹងល្អតាមរយៈសកម្មភាពបម្រើ មិនមែនគ្រាន់តែពាក្យសម្ដី នារដូវបុណ្យណូអែលនេះ។ សូមអធិស្ឋានថាគុណភាពនៃជីវិតនិងទំនាក់ទំនងរបស់អ្នកនឹងជួយទាក់ទាញឱ្យមនុស្សបានចូលជិតស្និទ្ធនឹងព្រះគ្រីស្ទជាងមុន។
ប្រសិនបើអ្នកចង់រៀនបន្ថែមទៀតអំពីការអនុវត្តខាងវិញ្ញាណចំពោះការអធិស្ឋានដោយប្រើអត្ថបទព្រះគម្ពីរ ក៏ដូចជាការអនុវត្តដទៃផ្សេងទៀត ដែលបានលើកឡើងនៅក្នុងគម្រោងអាននេះ សូមចូលទៅកាន់ កំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson) ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
បុណ្យណូអែលជិតមកដល់ហើយ! មុនពេលវេលានេះមកដល់ នោះយើងមានគ្រាទន្ទឹងរង់ចាំ – ដែលមានទាំងការត្រៀមរៀបចំ ដើម្បីអបអរសាទរកំណើតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ តើព្រឹត្តិការណ៍នេះ បណ្ដាលឱ្យយើងទៅជាភ្លេចភ្លាំង ដោយព្រោះតែរឿងរវល់ ត្រូវទិញកាដូនេះ កាដូនោះ ឬប្រឹងត្រៀមទុកដាក់តុបតែង ព្រោះត្រូវអញ្ជើញ ឬមានសាច់ញាតិមកលេង ដែរឬយ៉ាងណា? ក្រោមសម្ពាធដ៏មមាញឹកនៃរដូវណូអែល ចូរអ្នកមកទទួលរបៀបនៃបទពិសោធន៍ថ្មី ដើម្បីឱ្យអ្នកអាចមានការប្រកបយ៉ាងល្អជាមួយព្រះបន្ទូលព្រះ ជាប្រយោជន៍ឱ្យអ្នកកាន់តែអាចចូលទៅជិតស្និទ្ធនឹងព្រះ។ ចូរដាស់ព្រលឹងរបស់អ្នក តាមរយៈគម្រោងអានមានរយៈពេល ៤ ថ្ងៃនេះ ដែលដកស្រង់មកពីកំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson)។
More