នៅជាប់នឹងអង្គព្រះគ្រីស្ទ - គ្រាស្មឹងស្មាធិ៍ រយៈពេល ៤ ថ្ងៃ មុនបុណ្យណូអែលគំរូ
ជារៀងរាល់ឆ្នាំ ប្រតិទិនទំនាក់ទំនងខាងសង្គមរបស់យើងងាយឆាប់ពេញណាស់ ជាពិសេស នៅក្នុងរដូវកាលនេះ។ ពេលណូអែលមកម្ដងៗ យើងមានគម្រោងជប់លៀងជាមួយមិត្តភក្ដិ មានញាតិមិត្តមកលេង មានភារកិច្ចការងារចាំបាច់ត្រូវបំពេញ និងមានកម្មវិធីនៅតាមក្រុមជំនុំ - ហើយក៏កុំភ្លេចដែរថាយើងនៅមានការត្រៀមរៀបចំ ធ្វើចំណីអាហារ លាងសម្អាត ដើរផ្សារទិញអីវ៉ាន់ និងការតុបតែងនានាជាច្រើនផង។ គិតទៅដូចជាគ្មានពេលអង្គុយទេ គឺធ្វើសឹងតែរហូតតែម្ដង។ ហើយទង្វើនេះ នាំឱ្យការនៅភ្ញាក់រឭកខាងវិញ្ញាណរបស់យើង រាងពិបាកបន្តិច។
តែនារដូវបុណ្យណូអែលនេះ យើងគួរតែធ្វើខ្លួនឱ្យបានដូចជាសត្វគោ។
ថាម៉េច?... ដូចគោចឹងហ៎?!?
ចូរគិតមើលបន្តិចទៅថា សត្វគោ វានៅទំពារចំណីរបស់វាតែរហូតហ្នឹង។ ពួកវាត្រូវការអាហារបំប៉នដើម្បីទ្រទ្រង់ជីវិត ដូច្នេះពួកវានៅទំពារចំណីនោះ ដោយអំណត់ យឺតៗ ទាំងរំពៃ។ ពួកវាមិនត្របាក់លេបចំណីអាហារទាំងមូលនោះឡើយ។ ស្រដៀងគ្នាដែរនោះ យើងគួរតែកុំលេបត្របាក់ចំណីអាហារខាងវិញ្ញាណដែលយើងមានជាប្រចាំថ្ងៃដែរ។ យើងគួរទទួលទានដោយចំណាយពេល និងស្រូបយកសារជាតិ ដោយបន្ត "ទំពារហើយទំពារទៀត" ចំពោះព្រះបន្ទូលព្រះ ពេញមួយថ្ងៃរបស់យើង។ ទង្វើនេះហើយដែលជាអ្វី អ្នកនិពន្ធព្រះគម្ពីរបានឱ្យនិយមន័យ ថាជា ការសញ្ជឹងគិត។ ពាក្យមួយទៀតដែលយើងអាចប្រើបាន នោះគឺ ការត្រិះរិះគិតពិចារណា។
គោលដៅនៃការត្រិះរិះគិតពិចារណា នោះគឺជាការរៀនសម្រាកនៅក្នុងព្រះវត្តមាននៃព្រះ។ នេះជាការរៀនស្ដាប់ពីព្រះ ជាជាងចេះតែនិយាយទៅរកព្រះ។ វាជាការបន្តនៅស្ងៀមស្ងាត់ ជាពិសេស នៅក្នុងរដូវកាលនេះ ដោយអ្នកហ៊ានប្រឹងប្រែង។ ប៉ុន្តែព្រះបន្ទូលព្រះក៏ជាចំណីអាហារសម្រាប់ព្រលឹងរបស់យើង ដែលយើងពិតជាត្រូវការយ៉ាងចាំបាច់ផងដែរ។ ក្នុងខណៈពេលអ្នកនៅអង្គុយជាមួយនឹងសេចក្ដីពិតរបស់ព្រះអង្គ ចូរអនុញ្ញាតឱ្យខ្លួនអ្នកនៅបន្ត "ទំពារ" និងត្រិះរិះពិចារណានៅក្នុងព្រលឹងរបស់អ្នក នោះអ្នកនឹងកាន់តែបានយល់ដឹងនិងស្គាល់ពីព្រះវត្តមានរបស់ព្រះនៅក្នុងជីវិតរបស់អ្នក ហើយនិងមនុស្សនៅជុំវិញរូបអ្នកថែមទៀត។
ចូរអាន ម៉ាថាយ ១៖២២-២៥ ឱ្យបានពីរលើក។ ចូរមើលទៅកាន់ពាក្យពេចន៍ ឬឃ្លាណា ដែលរំលេចមកកាន់រូបអ្នក។
បន្ទាប់មក ចូរយកពាក្យពេចន៍ ឬឃ្លា ដែលអ្នកបានជ្រើសរើសនោះ យកទៅឆ្លុះបញ្ចាំងចំពោះផ្នែកនៃជីវិតរបស់អ្នក។ តើហេតុអ្វីបានជាអ្នកជ្រើសរើសពាក្យពេចន៍ជាក់លាក់នេះ ហើយថាតើពាក្យ ឬឃ្លានេះ មានន័យទាក់ទងយ៉ាងណាចំពោះជីវិតរបស់អ្នក? តើហេតុអ្វីបានជាពាក្យឬឃ្លានេះ នាំឱ្យអ្នកមានការផ្ដោតចិត្តទៅលើវានៅក្នុងគ្រានេះ?
បន្ទាប់មក ចូរអធិស្ឋាន ទូលសូមព្រះឱ្យបង្ហាញយ៉ាងច្បាស់ពីអ្វីដែលព្រះសព្វព្រះទ័យមានបន្ទូលមកកាន់រូបអ្នក។ ចូរអធិស្ឋានទាំងរំពឹង ហើយរង់ចាំយ៉ាងអត់ធ្មត់ចំពោះការឆ្លើយតបរបស់ព្រះអង្គ។
ជាចុងក្រោយ ចូរស្ដាប់ ក្នុងខណៈពេលអ្នកនៅកំពុងតែអង្គុយជាមួយព្រះវិញ្ញាណនៃព្រះ។ ហើយចូរវិលត្រឡប់មករកព្រះបន្ទូលនេះ នៅពេលក្រោយ នៅក្នុងថ្ងៃនេះ។ តើព្រះបានបើកសម្ដែងអ្វីបន្ថែមទៀតមកកាន់រូបអ្នក ក្នុងខណៈពេលអ្នកនៅបន្តឆ្លុះបញ្ចាំងកាន់តែជ្រៅជាងមុន ដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
បុណ្យណូអែលជិតមកដល់ហើយ! មុនពេលវេលានេះមកដល់ នោះយើងមានគ្រាទន្ទឹងរង់ចាំ – ដែលមានទាំងការត្រៀមរៀបចំ ដើម្បីអបអរសាទរកំណើតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ តើព្រឹត្តិការណ៍នេះ បណ្ដាលឱ្យយើងទៅជាភ្លេចភ្លាំង ដោយព្រោះតែរឿងរវល់ ត្រូវទិញកាដូនេះ កាដូនោះ ឬប្រឹងត្រៀមទុកដាក់តុបតែង ព្រោះត្រូវអញ្ជើញ ឬមានសាច់ញាតិមកលេង ដែរឬយ៉ាងណា? ក្រោមសម្ពាធដ៏មមាញឹកនៃរដូវណូអែល ចូរអ្នកមកទទួលរបៀបនៃបទពិសោធន៍ថ្មី ដើម្បីឱ្យអ្នកអាចមានការប្រកបយ៉ាងល្អជាមួយព្រះបន្ទូលព្រះ ជាប្រយោជន៍ឱ្យអ្នកកាន់តែអាចចូលទៅជិតស្និទ្ធនឹងព្រះ។ ចូរដាស់ព្រលឹងរបស់អ្នក តាមរយៈគម្រោងអានមានរយៈពេល ៤ ថ្ងៃនេះ ដែលដកស្រង់មកពីកំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson)។
More