នៅជាប់នឹងអង្គព្រះគ្រីស្ទ - គ្រាស្មឹងស្មាធិ៍ រយៈពេល ៤ ថ្ងៃ មុនបុណ្យណូអែលគំរូ

Abide in Jesus - 4-Day Advent Devotional

ថ្ងៃទី 1 ក្នុងចំណោម 4 ថ្ងៃ

រដូវណូអែលជិតមកដល់ហើយ! ក្នុងខណៈថាគ្រានេះជាពេលវេលាពេញដោយអំណរ ដោយព្រោះក្រុមគ្រីស្ទបរិស័ទអបអរថ្ងៃកំណើតរបស់ព្រះគ្រីស្ទក្ដី ក៏រដូវកាលនេះអាចជាពេលប្រកបដោយភាពតានតឹង ថប់ព្រួយ និងមានភាពមមាញឹកជាខ្លាំង ទាំងនាំឱ្យកម្លាំងខាងវិញ្ញាណរបស់យើងទៅជាខ្សោះល្វើយបានដែរ។ តើឱ្យយើងអាចដាស់ព្រលឹងរបស់យើង ហើយនាំឱ្យវិញ្ញាណរបស់យើងបានក្រោកឡើង នាគ្រាទន្ទឹងរង់ចាំនេះ បានដោយរបៀបណា?  

របៀបមួយដែលយើងអាច "នៅដឹងភ្ញាក់ខ្លួន" ដូចដែលព្រះគ្រីស្ទបានថ្លែងនៅក្នុងប្រស្នា ដែលមានចែងក្នុង ម៉ាកុស ១៣ នោះគឺតាមរយៈការអនុវត្តខាងវិញ្ញាណ ដោយរៀនចេះកត់ត្រាកំណត់ហេតុ។ 

ការកត់ត្រាកំណត់ហេតុជួយឱ្យយើងអាចឆ្លុះបញ្ចាំងពីរាល់អ្វីៗដែលយើងបានអាន - មិនមែនគ្រាន់តែឱ្យបានយល់ពីអ្វីដែលយើងបានអាន ប៉ុន្តែឱ្យយើងអាចចេះប្រកបនឹងអត្ថបទព្រះបន្ទូល។ បើនិយាយឱ្យចំទៅ ការធ្វើកំណត់ហេតុព្រះបន្ទូល គឺជាកិច្ចសន្ទនាយ៉ាងបើកចំហនិងទៀងត្រង់ជាមួយនឹងព្រះ។ យើងអាចប្រតាយប្រតប់នឹងចិត្តសង្ស័យនិងក្ដីភ័យខ្លាចរបស់យើង ទាំងអាចទៅរកស្វែកនូវទីប្រឹក្សារបស់ព្រះ ហើយរកឃើញនូវឥរិយាបទនិងសកម្មភាពទាំងឡាយ ដែលយើងត្រូវបំផ្លាស់បំប្រែ។ ការកត់ត្រាកំណត់ហេតុ នោះពុំមានរបៀបណាថាត្រូវ ឬក៏ខុសនោះឡើយ ដ្បិតវាជារឿងផ្ទាល់ខ្លួនរបស់អ្នក។ 

ចូរសាកល្បងធ្វើដូច្នេះ៖ បើកទៅ ម៉ាកុស ១៣៖៣២-៣៧ ប៉ុន្តែកុំទាន់អាលចាប់ផ្ដើមអាន។ មុនដំបូង ចូរអ្នកអធិស្ឋានសិន ដោយទូលសូមព្រះឱ្យមានព្រះបន្ទូលមកកាន់រូបអ្នក ហើយសូមព្រះអង្គបើកសម្ដែងអង្គទ្រង់មកកាន់រូបអ្នកតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។ ចូរអធិស្ឋានសូមឱ្យចិត្តអ្នកបើកចំហ ហើយនៅភ្ញាក់រឭក ទៅកាន់រាល់អ្វីៗដែលព្រះអង្គនឹងមានបន្ទូលប្រាប់អ្នក។ ឥឡូវ ចូរអានអត្ថបទគម្ពីរ ដកស្រង់ពី ម៉ាកុស នោះ។ ជាចុងក្រោយ ដោយមាននូវសៀវភៅកត់ត្រាកំណត់ហេតុនៅក្បែរអ្នក ចូរឆ្លុះបញ្ចាំង ហើយសរសេរពីសំណួរទាំងប៉ុន្មាន ដែលទាក់ទងនឹងអត្ថបទគម្ពីរ៖

  • តើហេតុអ្វីបានជាព្រះគ្រីស្ទមានបន្ទូលបង្គាប់បញ្ជាឱ្យសាវ័ករបស់ព្រះអង្គ "ចូរប្រុងប្រៀប! ចូរនៅភ្ញាក់រឭក!" (ខទី ៣៣) យ៉ាងដូច្នេះ? តើអ្នកអាចប្រព្រឹត្តតាមបទបញ្ជាទាំងនេះបានដោយរបៀបណា?
  • តើអ្នកត្រៀមនិងនៅរំពៃចាំមើលចំពោះព្រះគ្រីស្ទ ក្នុងគ្រាទន្ទឹងរង់ចាំនេះ ដោយរបៀបណាដែរ? តើអ្នកអាចមានចេតនាគិតពីការអស់ទាំងនេះ ទោះក្នុងគ្រាអ្នកមមាញឹក ដោយរបៀបណាខ្លះ? តើអ្នកអាចធ្វើអ្វីបានខ្លះ ដើម្បីឱ្យអ្នកប្រុងសម្លឹងមើលយ៉ាងយកចិត្តទុកដាក់នារដូវណូអែលនេះ?

អត្ថបទគម្ពីរ

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Abide in Jesus - 4-Day Advent Devotional

បុណ្យណូអែលជិតមកដល់ហើយ! មុនពេលវេលានេះមកដល់ នោះយើងមានគ្រាទន្ទឹងរង់ចាំ – ដែលមានទាំងការត្រៀមរៀបចំ ដើម្បីអបអរសាទរកំណើតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ តើព្រឹត្តិការណ៍នេះ បណ្ដាលឱ្យយើងទៅជាភ្លេចភ្លាំង ដោយព្រោះតែរឿងរវល់ ត្រូវទិញកាដូនេះ កាដូនោះ ឬប្រឹងត្រៀមទុកដាក់តុបតែង ព្រោះត្រូវអញ្ជើញ ឬមានសាច់ញាតិមកលេង ដែរឬយ៉ាងណា? ក្រោមសម្ពាធដ៏មមាញឹកនៃរដូវណូអែល ចូរអ្នកមកទទួលរបៀបនៃបទពិសោធន៍ថ្មី ដើម្បីឱ្យអ្នកអាចមានការប្រកបយ៉ាងល្អជាមួយព្រះបន្ទូលព្រះ ជាប្រយោជន៍ឱ្យអ្នកកាន់តែអាចចូលទៅជិតស្និទ្ធនឹងព្រះ។ ចូរដាស់ព្រលឹងរបស់អ្នក តាមរយៈគម្រោងអានមានរយៈពេល ៤ ថ្ងៃនេះ ដែលដកស្រង់មកពីកំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson)។

More

យើង​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ទៅដល់ ព័ន្ធកិច្ចបោះពុម្ព HarperCollins/Zondervan/Thomas Nelson ដែល​បាន​ផ្ដល់​គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់ ​https://www.thomasnelsonbibles.com/abide-bible-journals/