នៅជាប់នឹងអង្គព្រះគ្រីស្ទ - គ្រាស្មឹងស្មាធិ៍ រយៈពេល ៤ ថ្ងៃ មុនបុណ្យណូអែលគំរូ
ឱ្យតែមកដល់ខែនេះម្ដងៗ នោះយើងមានអារម្មណ៍នឹករឭកពីអតីតកាលខ្លាំងណាស់។ ដូចជាឧទាហរណ៍ តើអ្នកនឹកចាំពីកាដូណូអែលដែលអ្នកចូលចិត្តមែនទែន ដែរឬទេ?
បើមានមែន ចូរចំណាយពេលបន្តិច ដើម្បីវិលទៅគិតពីការចងចាំនោះ។ តើមានសំឡេង ឬក្លិនណាមួយ ដែលអ្នកនឹកចាំក្នុងគ្រាពិសេសនោះ? តើអ្នកនៅចាំពីអារម្មណ៍ពេលអ្នកហែកកញ្ចប់កាដូ ដែលអ្នកបានកាន់វានៅក្នុងដៃ ដែរទេ? តើក្រដាសខ្ចប់នោះមានពណ៌អ្វី? តើមានវត្តមាននរណាខ្លះនៅអមក្បែរអ្នក? ការវិលទៅកាន់រឿងរ៉ាវកន្លង ក្រោមក្ដីស្រមៃរបស់អ្នក នោះពិតជាមានអានុភាព ហើយប្រហែលជាអាចនាំឱ្យអ្នកទទួលបាននូវអារម្មណ៍យ៉ាងអស្ចារ្យដែលអ្នកធ្លាប់មាននោះផងដែរ។
ចុះឥឡូវនេះ ប្រសិនបើអ្នកអានអត្ថបទព្រះគម្ពីរនៅក្នុងរបៀបនេះដូចគ្នា តើនឹងមានន័យយ៉ាងណាដែរ? ប្រាកដមែនថាអ្នកមិនដែលបាននៅផ្ទាល់ក្នុងព្រឹត្តិការណ៍នៃរឿងរ៉ាវរបស់ព្រះគម្ពីរនោះទេ តែយ៉ាងណាមិញ ប្រសិនបើអ្នកនឹកមមៃហើយដាក់ខ្លួនអ្នកទៅក្នុងហេតុការណ៍នៃអត្ថបទព្រះគម្ពីរ តើការអាននោះនឹងទៅជាឡូយយ៉ាងណា?
ការឈានចូលទៅអានព្រះគម្ពីរ ដោយប្រើញាណនៃការមើលឃើញ ដឹងក្លិន ដឹងរសជាតិ និងអាចប៉ះពាល់បាន នោះបង្កើតបានជាប្រយោជន៍សម្រាប់អស់អ្នកដែលតែងមានចិត្តចង់ប្រកបនឹងព្រះគម្ពីរក្នុងកម្រិតនៃបញ្ញាញាណ ជាពិសេសគឺនៅក្នុងគ្រានៃការទន្ទឹងរង់ចាំនេះឯង។ ជាជាងការសម្លឹងមើលហេតុការណ៍ពីចម្ងាយ នោះយើងអាចសម្លឹងមើលបែបនៅជិតបង្កើយ។ ការប្រើប្រាស់ញាណទាំង ៥ ដែលព្រះបានប្រទានឱ្យយើង ផ្ដល់នូវឱកាសឱ្យយើងអាចប្រកបនឹងព្រះបន្ទូលដោយក្ដីស្រមៃ ទាំងឱ្យយើងអាចដាក់ខ្លួនចូលទៅក្នុងរឿងរ៉ាវរបស់អត្ថបទព្រះគម្ពីរ។ ក្នុងខណៈពេលយើងជ្រាបយល់ពីអារម្មណ៍របស់មនុស្សនៅក្នុងព្រះគម្ពីរ នោះយើងអាចដឹងពីព្រឹត្តិការណ៍ដែលបានកើតមានចំពោះពួកគេ ដូចក្នុងបទពិសោធន៍ដែលពួកគេធ្លាប់មានកាន់តែច្បាស់។ យើងលែងគ្រាន់តែអានសៀវភៅទៀតហើយ គឺយើងរស់នៅក្នុងព្រឹត្តិការណ៍នោះវិញ។ ហើយដោយតាមរបៀបនេះ នោះយើងបានដាស់ព្រលឹងរបស់យើងឱ្យក្រោកឡើង។
ចូរបើកព្រះគម្ពីររបស់អ្នកទៅក្នុង ម៉ាថាយ ១៖១៨-២១។ មុននឹងអ្នកអានចូរនៅស្ងៀមស្ងាត់ ហើយទូលសូមព្រះ គឺសូមព្រះអង្គឱ្យរៀបចំដួងចិត្ត និងដឹកនាំការនឹកស្រមៃឃើញរបស់អ្នក។ រួចហើយ ចូរអានពីអត្ថបទគម្ពីរ។
ចូរមមៃឃើញ ថា យ៉ូសែប កំពុងតែនិទ្រាលង់លក់យ៉ាងស្កប់។ ពិភពលោកជុំវិញនៅយ៉ាងស្ងៀមស្ងាត់ ហើយខ្យល់ត្រជាក់បក់មករំភើយ។ ចូរស្រមៃមើលពីភាពភ្ញាក់ផ្អើលរបស់ យ៉ូសែប ដោយភ្លាមៗនោះ ទេវតានៃព្រះ បានលេចឡើងឱ្យគាត់ឃើញ។ តើគាត់ស្រែកដោយភ្ញាក់ផ្អើលជាខ្លាំង? តើគាត់បន្ទាបខ្លួនចុះ ទាំងប្ដូរឥរិយាបថរបស់ខ្លួន? តើគាត់កំពុងគិតពីអ្វីខ្លះ ក្នុងខណៈពេលដែលគាត់បានឮថាព្រះសង្គ្រោះដែលមនុស្សម្នាកំពុងរង់ចាំជាយូរយារណាស់មកហើយ នឹងយាងមកនាពេលឆាប់ៗនេះ? យ៉ូសែបទុកចិត្តព្រះដោយគ្មានភាពសង្ស័យ ថាព្រះអង្គនឹងបំពេញព្រះបន្ទូលសន្យារបស់ព្រះអង្គ។ តើអ្នកជឿនិងគិតដូចគាត់ដែរទេ?
ចូរទូលសូមព្រះ សូមព្រះអង្គបំពេញរូបអ្នក ដោយការទុកចិត្តនិងការយល់ដឹង ដែល យ៉ូសែប បានមាននៅពេលដែលទេវតានៃព្រះបានលេចមកឱ្យគាត់មើលឃើញនោះដូចគ្នា។ ចូរទូលសូមព្រះ សូមព្រះអង្គបើកសម្ដែងពីផ្នែកទាំងឡាយនៅក្នុងជីវិតរបស់អ្នក ជាប្រយោជន៍ឱ្យព្រះអង្គអាចប្រើអ្នក ដើម្បីធ្វើការល្អសម្រាប់ព្រះរាជ្យអាណាចក្ររបស់ព្រះអង្គ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
បុណ្យណូអែលជិតមកដល់ហើយ! មុនពេលវេលានេះមកដល់ នោះយើងមានគ្រាទន្ទឹងរង់ចាំ – ដែលមានទាំងការត្រៀមរៀបចំ ដើម្បីអបអរសាទរកំណើតរបស់ព្រះគ្រីស្ទ។ ប៉ុន្តែ តើព្រឹត្តិការណ៍នេះ បណ្ដាលឱ្យយើងទៅជាភ្លេចភ្លាំង ដោយព្រោះតែរឿងរវល់ ត្រូវទិញកាដូនេះ កាដូនោះ ឬប្រឹងត្រៀមទុកដាក់តុបតែង ព្រោះត្រូវអញ្ជើញ ឬមានសាច់ញាតិមកលេង ដែរឬយ៉ាងណា? ក្រោមសម្ពាធដ៏មមាញឹកនៃរដូវណូអែល ចូរអ្នកមកទទួលរបៀបនៃបទពិសោធន៍ថ្មី ដើម្បីឱ្យអ្នកអាចមានការប្រកបយ៉ាងល្អជាមួយព្រះបន្ទូលព្រះ ជាប្រយោជន៍ឱ្យអ្នកកាន់តែអាចចូលទៅជិតស្និទ្ធនឹងព្រះ។ ចូរដាស់ព្រលឹងរបស់អ្នក តាមរយៈគម្រោងអានមានរយៈពេល ៤ ថ្ងៃនេះ ដែលដកស្រង់មកពីកំណត់ហេតុដិតជាប់នឹងព្រះគម្ពីរពីព័ន្ធកិច្ចថូម៉ាស់ណែលសិន (Abide Bible Journals from Thomas Nelson)។
More