វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ
ការប្ដេជ្ញាចិត្ត
ការធ្វើនូវការប្ដេជ្ញាចិត្ត នោះបានកសាងទំនុកចិត្តរវាងរូបអ្នកហើយនិងដៃគូរបស់អ្នក ដោយអាចឱ្យអ្នកមានភាពច្បាស់លាស់ និងយល់ពីគ្នាទៅវិញទៅមក ដោយហ៊ានប្រាប់ដល់គ្នាពីគំនិតនិងអារម្មណ៍យ៉ាងជ្រាលជ្រៅដល់គ្នា។ ការប្ដេជ្ញាចិត្តអនុញ្ញាតឱ្យយើងរៀបផែនការអនាគតរួមជាមួយនឹងគ្នា។ វាអនុញ្ញាតឱ្យយើងសាកល្បងអ្វីដែលថ្មី ទទួលពីអ្វីដែលមិនត្រូវរហូត ស្គាល់និងរៀនអត់ឱនទោស ហើយអាចមានទំនុកចិត្តក្នុងការលើកឡើងពីវិបត្តិបញ្ហា ដែលត្រូវការពិភាក្សា -- ការប្ដេជ្ញាចិត្ត នោះគឺជា "សារធាតុដ៏សំខាន់នៃចំណងអាពាហ៍ពិពាហ៍"។ និយាយទៅ វាគឺជាស្នូល។
មាននូវលទ្ធផលពីរចេញពីការប្ដេជ្ញាចិត្ត៖
- មិត្តភាព
ការប្ដេជ្ញាចិត្តក្នុងចំណងអាពាហ៍ពិពាហ៍ ប្រៀបស្មើនឹងការទន្ទឹងចង់បាននូវការផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅ ដែលជាភាពស្និទ្ធស្នាលក្នុងផ្លូវអារម្មណ៍និងខាងឯរូបកាយ។ អាពាហ៍ពិពាហ៍មិនមែនជាផ្លូវតែមួយ ដែលយើងអាចតតាំងនឹងភាពឯកាទេ ប៉ុន្តែវាជាទំនាក់ទំនងដែលមនុស្សអាចធ្វើទៅបានជាងវិធីនានា។ - ជីវិតគ្រួសារ
សេចក្ដីស្រឡាញ់ដែលមានការប្ដេជ្ញាចិត្តរវាងឪពុកម្ដាយ នោះគឺមានន័យថា កូនៗរបស់ពួកគាត់ អាចចម្រើនលូតលាស់ឡើង ដោយមើលឃើញពីគំរូបែបវិជ្ជមាន ក្នុងទំនាក់ទំនងដែលស្និទ្ធស្នាល មានការប្ដេជ្ញាចិត្ត និងមានរយៈពេលយូរអង្វែង នៅចំពោះមុខពួកគេ។ របៀបមួយដែលល្អបំផុតដែលឪពុកម្ដាយអាចផ្ដល់ក្ដីស្រឡាញ់ដល់កូនៗរបស់គាត់បាន នោះគឺតាមរយៈការដែលពួកគាត់ចេះស្រឡាញ់ចំពោះគ្នា។ ចំណងអាពាហ៍ពិពាហ៍រឹងមាំអាចបំបែកវដ្ដនៃទំនាក់ទំនងដែលបរាជ័យដែលមាននៅក្នុងរង្វង់គ្រួសារ។
បង្កើតភាពជាដៃគូស្នើគ្នារវាងអ្នកនឹងដៃគូរបស់អ្នក
ដៃគូគ្រប់រូបត្រូវតែបែងចែក៖
- នរណាធ្វើអ្វី
- នរណាជាអ្នកសម្រេចលើអ្វី
- នរណាជាអ្នកនាំមុខទៅលើអ្វីដែលត្រូវតែបំពេញ
យើងអាចសន្មតស្មានដោយយើងធ្លាប់មើលពីចំណងអាពាហ៍ពិពាហ៍ឪពុកម្ដាយរបស់យើង (ឬថាតួនាទីចម្បងដែលយើងធ្លាប់មើលឃើញ) មានទំនួលខុសត្រូវអ្វី ដែលយើងត្រូវរ៉ាប់រងនិងទទួលយក ប៉ុន្តែការយល់ដូច្នេះអាចទាស់នឹងគំនិតដៃគូរបស់យើង។
ចូរនិយាយគ្នាអំពីការរំពឹងទុករបស់អ្នក ថានរណាជាអ្នកធ្វើអ្វី នៅក្នុងទំនាក់ទំនងរបស់អ្នក ហើយនិងអំពីរបៀបដែលអ្នកអាចមានភាពខុសប្លែកគ្នា ពីបទពិសោធន៍ដែលខ្លួនធ្លាប់មាននៅក្នុងប្រវត្តិក្រុមគ្រួសាររបស់ខ្លួន។
ចូរចុះចូលចំពោះគ្នា (អេភេសូរ ៥៖២១)
គំរូតាមបទគម្ពីរសញ្ញាថ្មី ដែលបង្ហាញពីការចុះចូលព្រមគ្នា
- ផ្ដល់ឱ្យគ្រីស្ទបរិស័ទនូវរបៀបមួយថ្មីប្លែកក្នុងជីវិតរស់នៅរួមជាមួយនឹងគ្នា
- ទាមទារឱ្យមានការចេះផ្ដល់ឱ្យព្រមគ្នា មានទាំងទៅ ទាំងមក
- មិនគិតលើតែភាពជាអ្នកគ្រប់គ្រងនិងខ្ពស់លើសក្នុងភាពជាបុរស
សេចក្ដីបង្រៀនគ្រីស្ទបរិស័ទបានណែនាំឱ្យយើងមើលឃើញថាទំនាក់ទំនងក្នុងចំណងអាពាហ៍ពិពាហ៍ គឺជាភាពជាដៃគូស្មើគ្នា ហើយចេះផ្ដល់ដល់គ្នាព្រមគ្នា។
"ការចេះចុះចូល" មិនមែនមានន័យថាធ្វើហ្អីៗនោះទេ
- ការចុះចូលនោះវាផ្ទុយស្រឡះពីការទាមទារ ឬការគ្រប់គ្រង
- វាមានន័យថា យើងប្រឹងព្យាយាមដាក់ដៃគូមុនខ្លួន ឱ្យតម្លៃនិងផ្ដល់សារៈសំខាន់ចំពោះគ្នាជាមុន
- វាគឺជាទម្រង់នៃការផ្ដល់ក្ដីស្រឡាញ់ ដែលយើងចេះយកចិត្តទុកដាក់ពីតម្រូវការរបស់ដៃគូ មុននឹងខ្វល់ពីតម្រូវការរបស់ខ្លួន
ចូរពិចារណានិងកំណត់មើលថាទំនួលខុសត្រូវណាខ្លះ ដែលម្នាក់ៗសក្ដិសម និងត្រូវចំសមត្ថភាពរបស់ខ្លួន
- ចូរប្រើប្រាស់នូវភាពខុសប្លែកពីគ្នារបស់អ្នក ដើម្បីបម្រើដល់គ្នាទៅវិញទៅមក
- នៅក្នុងផ្នែកខ្លះនៃជីវិតព្រមគ្នារបស់អ្នក ចូរចេះហ៊ានដឹកនាំ និងរៀនផ្ដួចផ្ដើមធ្វើ
- នៅក្នុងផ្នែកដទៃផ្សេងទៀត ចូរចេះទ្រទ្រង់ដល់ដៃគូរបស់អ្នក
ការស្រឡាញ់បែបដូច្នេះ នោះគឺជាទង្វើដែលសកម្ម ហើយវាតម្រូវឱ្យមានការចេះហ៊ានលះបង់សម្រាប់ផលប្រយោជន៍របស់ម្នាក់ទៀត។
ការចេះចុះចូលទៅដល់គ្នាទៅវិញទៅមក គឺជាគន្លឹះដ៏សំខាន់ ទៅកាន់ចំណងអាពាហ៍ពិពាហ៍ពេញដោយក្ដីស្រឡាញ់។
សម្ព័ន្ធមេត្រីនៃចំណងអាពាហ៍ពិពាហ៍
សម្ព័ន្ធមេត្រីដែលយើងបានធ្វើនៅពេលយើងបានរៀបការ នោះគឺជាការសម្រេចចិត្ត ដើម្បីផ្ដល់រូបខ្លួនទាំងមូលទៅដល់គ្នាទៅវិញទៅមក ដោយក្ដីស្រឡាញ់ ហើយបន្ទាប់មកវាជាការសម្រេចចិត្ដ ដែលត្រូវពង្រឹងឡើងជាប្រចាំថ្ងៃ នៅក្នុងចំណងអាពាហ៍ពិពាហ៍របស់យើង។
សម្ព័ន្ធមេត្រីនៃចំណងអាពាហ៍ពិពាហ៍ចងដៃគូស្វាមីភរិយារួមនឹងគ្នា នៅពេលដែលពួកគេដើរឆ្លងកាត់គ្រាលំបាកនានា ដូចដែលដៃគូទាំងឡាយនឹងត្រូវមាន។
សម្បថដែលយើងថ្លែងដល់គ្នាទៅវិញទៅមក ហើយជាសក្ខីភាពដល់ចំណងអាពាហ៍ពិពាហ៍ នោះនាំមកនូវភាពប្រាកដជាក់ ហើយផ្ដល់ដល់យើងនូវទីសុខសុវត្ថិភាព ដែលយើងអាចបើកចំហនិងអាចប្រាប់ដល់គ្នាទៅវិញទៅមកពីរឿងរ៉ាវអ្វីៗក៏បាន។
- ទាំងអស់នេះអាចជួយផ្ដល់ឱ្យយើងនូវទំនុកចិត្ត ដែលអនុញ្ញាតឱ្យដៃគូរបស់យើងដឹងពីយើង ក្នុងរូបភាពពិតរបស់យើងម្នាក់ៗ (បូករួមទាំងផ្នែកនានាដែលយើងម្នាក់ៗធ្លាប់លាក់ទុកមិនឱ្យនរណាដឹង) ហើយទាំងអស់នោះ គឺកសាងឱ្យយើងមានភាពជិតដិតស្និទ្ធស្នាល។
- ពាក្យសម្បថនោះមិនមែនផ្ដោតតែទៅលើអ្វីដែលដៃគូរបស់យើងអាចធ្វើសម្រាប់ខ្លួនយើងនោះទេ ប៉ុន្តែវាជាអ្វីដែលយើងអាចធ្វើសម្រាប់គាត់ទៅវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។
More