វគ្គសិក្សាត្រៀមរៀបអាពាហ៍ពិពាហ៍គំរូ
ការប្រាស្រ័យទាក់ទង
ការប្រាស្រ័យទាក់ទងល្អ ជាសារធាតុផ្សំដ៏សំខាន់ សម្រាប់ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។ មានតែអ្នកដែលបានរៀបការជាមួយគ្នាហើយទេ ទើបគាត់ចាប់ផ្ដើមសម្គាល់ដឹង ថាការសន្មតមួយចំនួន អំពីជីវិត និងការប្រព្រឹត្ដ ពិតជាមិនដូចគ្នា ទូទាំងពិភពលោកនោះឡើយ។
យើងគ្រប់គ្នាសុទ្ធតែមានរបៀបផ្សេងៗពីគ្នា ក្នុងការប្រាស្រ័យទាក់ទង ហើយដំណើរទំនាក់ទំនងនេះ គឺមានលក្ខណៈយ៉ាងដូច្នេះ ដោយសារតែ៖
- អត្តចរិតរបស់យើង
- ប្រវត្ដិឆ្លងកាត់របស់យើង
១. អត្តចរិតរបស់យើង
មនុស្សដែលចូលចិត្ដនិយាយអ្វីចេញពីក្នុងចិត្ត
មានអ្នកខ្លះ គាត់ចូលចិត្ដគិតនិងនិយាយចេញពីអ្វីៗ ដែលមាននៅក្នុងចិត្តរបស់ខ្លួន។ បើនិយាយឱ្យចំទៅ គឺថាគាត់ភាគច្រើន គិតអីភ្លាម គាត់និយាយចេញមកអញ្ចឹងតែម្ដង។
មនុស្សចូលចិត្ដគិតបែបលាក់ក្នុងចិត្ដ
មានដៃគូខ្លះ គាត់ជាមនុស្សដែលមានការគិត និងមានគំនិត ដាក់តាមលំដាប់លំដោយ ដោយរៀបចំនិងគិតទុកជាមុននៅក្នុងគំនិតរបស់គាត់ រួចហើយ ទើបគាត់និយាយចេញមកខាងក្រៅ។
អ្នកគិតតាមបែបវិភាគ
មានអ្នកខ្លះទៀត គាត់ចូលចិត្ដគិតអ្វី តាមបែបយុទ្ធសាស្រ្ដ ហើយមានពេលខ្លះ ត្រូវការរយៈពេលយូរ ដើម្បីធ្វើការសម្រេចចិត្ដ។
អ្នកគិតបែបសម្បជញ្ញៈញាណ
មានដៃគូខ្លះ គាត់អាចជារឿយៗធ្វើអ្វីមួយ តាមការគិតបែបប្រផ្នូល ហើយមានពេលខ្លះគាត់ក៏សម្រេចលើការសន្និដ្ឋានទាំងនោះ។
ការនិយាយដោយស្មោះត្រង់ និងការចេះអត់ឱនទទួលយកនូវភាពខុសគ្នារវាង អត្តចរិតទាំងប៉ុន្មាននេះ ពិតជាសំខាន់ណាស់ ប្រសិនបើយើងចង់ឱ្យមាននូវចំណងអាពាហ៍ពិពាហ៍មួយដ៏រឹងមាំ។
២. ប្រវត្ដិឆ្លងកាត់នៃក្រុមគ្រួសាររបស់យើង
មានក្រុមគ្រួសារខ្លះ គាត់ចូលចិត្ដភាពស្ងៀមស្ងាត់ មានខ្លះទៀត ក៏ចូលចិត្ដភាពអ៊ូអរដែរ។ គ្រួសារខ្លះ មានទម្លាប់ដើរហើរច្រើន ហើយខ្លះទៀត ក៏មិនសូវទៅណាមកណាដែរ។ មានគ្រួសារខ្លះទៀត ចេះញែកពេលឱ្យគ្នា និយាយម្នាក់ម្ដង ហើយគ្រួសារខ្លះទៀត ចូលចិត្តនិយាយអ្វីដែលជាន់គ្នា មិនចេះស្ដាប់គ្នាទៅវិញទៅមកសិននោះទេ។
យើងត្រូវចេះសម្គាល់មើលឱ្យដឹង ថាតើលក្ខណៈប្រាស្រ័យទាក់ទងធម្មតារបស់គ្រួសារយើងមានលក្ខណៈយ៉ាងណា ជាពិសេស ប្រសិនបើនរណាម្នាក់ក្នុងគ្រួសារនោះ គាត់ធ្លាប់រស់នៅក្នុងគ្រួសារដែលនិយាយចេញពីអ្វីភ្លាមៗ មិនទុកយូរ ហើយដៃគូម្នាក់ទៀត គាត់ចូលចិត្តរង់ចាំ ឬគេចវេះមិនចង់និយាយពីរឿងជំទាស់នោះទាល់តែសោះតែម្ដង។
រនាំងចំពោះការមានប្រាស្រ័យទាក់ទងល្អ
១. មិនចេះបង្កើតពេលវេលាសម្រាប់អ្វីមួយ ឬនិយាយតែមិនធ្វើ
ចូររៀបចំពេលវេលា សម្រាប់ការសន្ទនាដែលមានន័យ ហើយស៊ីជម្រៅឱ្យបានទៀងទាត់។
- ចូរដាក់ពេលនេះ ចូលទៅក្នុងផែនការនៃប្រតិទិនរបស់អ្នក (ការកំណត់នេះ មិនមែនចេះតែកើតឡើងដោយឯកឯងបាននោះទេ)
- ចូរការពារពេលវេលានេះ ពីការរំខាន និងការផ្អាកណាមួយ ជាពិសេស ដោយសារតែ ទូរស័ព្ទ និងឧបករណ៍ទំនើបនានា។
ចូរសម្គាល់មើល នៅពេលណាដែលអ្នកត្រូវការរៀនទម្លាក់ទុកអ្វីៗទាំងអស់ចោល រួចរៀនចេះស្ដាប់ចំពោះដៃគូរបស់អ្នក។
២. ការមិនចេះនិយាយប្រាប់ពីអារម្មណ៍របស់យើង
មានមនុស្សខ្លះ គាត់ត្រូវចេះរៀននិយាយអំពីអារម្មណ៍របស់ខ្លួន ដោយសារតែគាត់ប្រហែលជាមិនមាននរណាម្នាក់ ដែលជាគំរូ នៅពេលគាត់កំពុងតែរីកលូតលាស់ធំឡើង។
- អ្នកប្រហែលជាមានការពិបាកនៅក្នុងការនិយាយប្រាប់អំពីអារម្មណ៍របស់ខ្លួន ដោយសារតែគិតថាខ្លួនមិនគ្រប់គ្រាន់ ឬដោយគិតថាការនេះ ទង្វើនោះ វាទន់ខ្សោយ ឬមានភាពភ័យខ្លាច ពីដំណើរឆ្លើយតបរបស់អ្នកដែលបានស្ដាប់ដឹងឮពីខ្លួនហើយនោះ។
- ចូរហ៊ានទុកចិត្ដដល់ដៃគូរបស់អ្នកជាមួយនឹងអារម្មណ៍របស់អ្នក។
- ប្រសិនបើដៃគូរបស់អ្នកកំពុងតែមានការលំបាក ក្នុងការបញ្ចេញនូវអារម្មណ៍របស់គាត់ ចូររៀនចេះស្ដាប់ ដោយមិនមានចិត្ដវិនិច្ឆ័យ ឬទិតៀនចំពោះគាត់ នោះឡើយ។
ការចែករំលែកនូវចិត្ដគំនិតដ៏ជ្រៅ និងពីអារម្មណ៍នានា ពិតជាសំខាន់ណាស់ សម្រាប់ការកសាងនូវចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ។
៣. ការមិនចេះរៀនស្ដាប់ពីគ្នាទៅវិញទៅមក
ការចេះរៀនស្ដាប់ គឺជាសារៈសំខាន់ដ៏ធំ សម្រាប់ការកសាងនូវមូលដ្ឋានគ្រឹះនៃការយល់ចិត្ដគ្នា និងភាពស្និទ្ធស្នាល ដែលមាននៅក្នុងចំណងអាពាហ៍ពិពាហ៍។
ការមិនចេះស្ដាប់ពីគ្នា នៅពេលដៃគូប្រាប់អ្វីមួយ គឺជាឥរិយាបថ ដែលនាំឱ្យមានមហន្ដរាយខ្ពស់ទៅដល់ទំនាក់ទំនង។ ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់ ចេះស្ដាប់មកយើង នៅពេលយើងនិយាយពីអ្វីមួយ នោះយើងអាចមានអារម្មណ៍ថា៖
- មានអ្នកយល់ចិត្ដ
- មានអ្នកឱ្យតម្លៃ
- មានអ្នកគាំទ្រ
- មានអ្នកស្រឡាញ់
មនុស្សយើងភាគច្រើន មានទម្លាប់មិនចេះស្ដាប់អ្នកដទៃ ហើយយើងត្រូវចេះរៀនគ្រប់គ្រង និងជម្នះ វាឱ្យបាន។ ទម្លាប់នោះ មានដូចជា៖
- នៅក្នុងគំនិតមិនស្ដាប់នៅពេលដែលដៃគូ គាត់កំពុងតែនិយាយមករកខ្លួន
- ស្ដាប់ហើយ តែបែរជាត្រឡប់ទៅនិយាយ ពីរឿងផ្ទាល់ខ្លួន ដែលមិនបង្ហាញពីអ្វីដែលខ្លួនបានស្ដាប់ហើយ
- ឱ្យប្រឹក្សាយោបល់ចេញពីខ្លួនភ្លាមៗ ទៅឱ្យអ្នកប្រាប់ ដោយទាំងមិនបានដាក់ចិត្ដ គំនិត និងអារម្មណ៍ យល់ពីអារម្មណ៍ ដែលដៃគូ គាត់កំពុងតែមាន
- មិនខ្វល់ពីភាពភ័យខ្លាច ឬចិត្ដគំនិតដែលបានបញ្ចេញ ដោយអារម្មណ៍អវិជ្ជមាន ទាំងព្យាយាម ប្រាប់អ្នកដែលតប់ប្រមល់ ថាមិនអីទេៗ ទៅវិញ
- បង្អាក់ដៃគូខ្លួន ដោយបញ្ចូលនូវទស្សនៈផ្ទាល់ខ្លួន ឬបញ្ចប់សេចក្ដីដែលខ្លួនគិត ជំនួសអ្វីដែលដៃគូ គាត់ចង់និយាយទៅវិញ
របៀបដែលយើងអាចចេះរៀនស្ដាប់
តម្រូវការចាំបាច់នោះគឺ ការអត់ធ្មត់ ដើម្បីឱ្យយើងអាចចេះរៀនស្ដាប់យ៉ាងមានប្រសិទ្ធភាព។ ការស្ដាប់យ៉ាងមានប្រសិទ្ធភាព នោះមានន័យថា៖
- អនុញ្ញាតឱ្យដៃគូខ្លួន គាត់បញ្ចប់នូវអ្វីដែលគាត់ចង់និយាយ
- ដាក់ដោយឡែកនូវដំណើរគិត និងការយល់ដឹងរបស់ខ្លួនមួយកន្លែង រួចព្យាយាមស្វែងយល់ និងសម្លឹងមើលពីទស្សនៈយល់ឃើញ តាមភ្នែករបស់ដៃគូរបស់ខ្លួន
- ប្រឹងប្រែងព្យាយាមយល់ពីគាត់ នៅពេលគាត់គិត ឬមានអារម្មណ៍ផ្សេងពីយើង
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
ចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំមួយ មិនមែនអភិវឌ្ឍទៅមុខបាន ដោយស្វ័យប្រវត្ដិនោះទេ។ ក្ដីសង្ឃឹមរបស់យើងនោះគឺថា អ្នកនឹងស្វែងរកឃើញនូវ ឥវិយាបថ គុណតម្លៃ និងទម្លាប់ ដែលចាំបាច់ត្រូវការ ដើម្បីកសាងនូវចំណងអាពាហ៍ពិពាហ៍មួយ ដែលរឹងមាំ និងមានសុខភាពល្អ ហើយអាចបន្តនៅស្ថិតស្ថេរអស់មួយជីវិតបាន។ គម្រោងអានរយៈពេល ៥ ថ្ងៃនេះ បានសម្រួលពីលំនាំនៃវគ្គសិក្សា ត្រៀមរៀបអាពាហ៍ពិពាហ៍ ដែលតាក់តែងឡើង ដោយលោក នីគី និង ស៊ីឡា លី (Nicky and Sila Lee) នៃសៀវភៅ «ចំណងអាពាហ៍ពិពាហ៍» (The Marriage Book)។
More