ជំហានដំបូងរបស់អ្នកគំរូ
អធិស្ឋាន
ខ្ញុំធ្លាប់បានជ្រើសយកថ្នាក់គណិតមួយ ដែលយើងចាប់ផ្ដើមរៀនពី ក្បួនដោះស្រាយ ដោយប្រើទិន្នន័យ និងរៀនពីរបៀបសរសេរកូដ។ ប្រសិនបើអ្នកចង់សរសេរកូដ សម្រាប់ឱ្យកុំព្យូទ័រដើរ នោះអ្នកត្រូវតែរៀបចំទិន្នន័យឱ្យបានយ៉ាងលម្អិតនិងច្បាស់លាស់មែនទែន។ ដើម្បីជួយឱ្យយើងអាចយល់ នោះគ្រូណែនាំ បានឱ្យកូនសិស្ស ធ្វើការពិពណ៌នា ដោយឱ្យគេបរិយាយតាមដំណាក់កាល ពីរបៀបដែលគេធ្វើនំសាំងវិច ដែលមានដាក់ដំណាប់ផ្លែឈើ និងសណ្ដែកម៉ត់។
ដើម្បីឱ្យយើងអាចធ្វើវាបានដោយជោគជ័យ នោះយើងត្រូវតែប្រឹងកំណត់និងដាក់ព័ត៌មានយ៉ាងលម្អិត ហើយស៊ាំញ៉ាំទៅក្នុងការណែនាំនោះ. . .
បើកគម្របក្រឡដាក់សណ្ដែកម៉ត់។
ដាក់គម្របនៅលើតុ ក្បែរក្រឡសណ្ដែកម៉ត់។
លើកយកកាំបិតបៀកមក។
ពន្លិចកាំបិតទៅក្នុងក្រឡសណ្ដែកម៉ត់។
។ល។ ។ល។ ។ល។
គ្រាន់តែធ្វើនំសាំងវិចមួយ មិនគួរណាទៅលំបាកស៊ាំញ៉ាំដល់ថ្នាក់ហ្នឹងនោះទេ!
មានពេលខ្លះ យើងយកការអធិស្ឋាន ឱ្យក្លាយទៅជារឿងពិបាកស៊ាំញ៉ាំដូចគ្នា។ ប្រសិនបើអ្នកកំពុងតែដើរតាមព្រះយេស៊ូវ នោះការអធិស្ឋាននឹងត្រូវក្លាយទៅជាផ្នែកមួយជាប្រចាំនិងទៀងទាត់សម្រាប់ជីវិតរបស់អ្នក។ វាមិនមែនដោយសារតែវាជាកាតព្វកិច្ចខាងសាសនានោះទេ ប៉ុន្តែដោយសារតែការអធិស្ឋានគឺជាផ្នែកមួយនៃជីវិតថ្មីរបស់យើង។
សេចក្ដីអធិស្ឋានគឺជាការប្រាស្រ័យទាក់ទង។ វាជាពេលដែលអ្នកប្រើ ដើម្បីថ្លែងចេញពីអ្វីៗ (យ៉ាងទៀងត្រង់) ទៅព្រះជាម្ចាស់ ក្នុងបទពិសោធន៍ដែលអ្នកជួបប្រទះ។
សេចក្ដីអធិស្ឋានគឺជាការឆ្លុះបញ្ចាំង។ វាជាពេលអ្នកនៅស្ងប់ស្ងៀម ហើយយកចិត្តទុកដាក់ទៅលើរបៀបទាំងឡាយ ដែលព្រះកំពុងតែមានបន្ទូល និងកំពុងតែធ្វើការយ៉ាងសកម្មនៅក្នុងជីវិតរបស់អ្នក។
សេចក្ដីអធិស្ឋានគឺជាការថ្លែងអំណរគុណ។ វាជាពេលអ្នកត្រូវចេះដឹងគុណ ចំពោះជីវិតដែលព្រះបានប្រទានមកឱ្យដល់អ្នក។
សេចក្ដីអធិស្ឋានគឺជាការផ្ដោតចិត្ត។ វាជារបៀបដែលអ្នកអាចរៀបចំជីវិត ឱ្យដើរស្របនឹងបំណងហឫទ័យនៃព្រះ ដោយទាស់នឹងការប្រឹងដើរតាមចិត្តប៉ងប្រាថ្នារបស់ខ្លួន។
ចូរកុំប្រឹងធ្វើឱ្យពេលអធិស្ឋានពិបាកស៊ាំញ៉ាំពេក។ ចូរយកពេលនេះ ជាពេលអ្នកថ្លែងទៅព្រះ ដោយស្មោះត្រង់។ ការអធិស្ឋានមិនចាំបាច់ទាល់តែយូរនោះទេ។ ប៉ុន្តែកាលណាអ្នកបានហាត់អធិស្ឋានយ៉ាងទៀងទាត់ប៉ុណ្ណា នោះអ្នកក៏នឹងចង់ចំណាយពេលកាន់តែច្រើនជាមួយនឹងព្រះដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
អ្នកបានសម្រេចចិត្តថាដើរតាមព្រះយេស៊ូវ ចុះឥឡូវ តើនឹងមានរឿងអ្វីកើតឡើង? គម្រោងអាននេះ គឺជាបញ្ជីមួយចំនួនសម្រាប់គិតពិចារណា ទៅលើរាល់អ្វីៗដែលនឹងត្រូវកើតឡើង ជាមួយនឹងការសម្រេចចិត្តរបស់អ្នក។ ទោះជាបញ្ជីនេះ មិនមែនជាបញ្ជីសរុប ប៉ុន្តែ វាអាចជួយឱ្យអ្នកអាចបោះជំហានដើមដំបូង។
More