ការរស់នៅដោយផ្លាស់ប្រែ៖ ឱបក្រសោបអត្តសញ្ញាណពិតរបស់អ្នកគំរូ
ឱបក្រសោបអត្តសញ្ញាណក្នុងអង្គព្រះគ្រីស្ទ
វាមានភាពខុសប្លែកពីគ្នារវាងការយល់ដឹងពីអ្វីដែលបានចែងនៅក្នុងព្រះគម្ពីរទល់នឹងការជឿយ៉ាងជាក់លើសេចក្ដីពិតនោះ រហូតដល់នាំឱ្យសេចក្ដីនោះ បំផ្លាស់បំប្រែរបៀបរស់នៅក្នុងជីវិតរបស់យើង។ ការឱបក្រសោបយ៉ាងពិតប្រាកដក្នុងអត្តសញ្ញាណរបស់យើងក្នុងអង្គព្រះគ្រីស្ទ នឹងផ្ដល់ឱ្យយើងនូវសមត្ថភាព ដើម្បីឱ្យយើងអាចប្រឈមចំពោះការល្បងលជាមួយនឹងភាពជឿជាក់ចំពោះខ្លួនឯង។ ការឱបក្រសោបនេះ ជួយបំពេញជីវិតយើងឱ្យមានអំណរ ភាពសុខសាន្ដ និងគោលបំណង។ វាអនុញ្ញាតឱ្យយើងរៀនស្រឡាញ់ខ្លួនឯង ដោយព្រោះតែ ព្រះ ស្រឡាញ់យើង។ ការយល់ដឹងថាខ្លួនយើងជានរណា និងថាយើងជាកម្មសិទ្ធិរបស់នរណា នឹងបំផ្លាស់បំប្រែអ្វីៗទាំងអស់ ប៉ុន្តែយើងត្រូវតែនៅបន្តចាំយាមជាប់ជានិច្ច។
ចាប់តាំងពីគ្រាដែលយើងជ្រើសរើសជឿថាយើងជាមនុស្សមានតម្លៃ ជាទីស្រឡាញ់ និងបានញែកឱ្យបរិសុទ្ធ សម្រាប់ព្រះ នោះមារសត្រូវ វានឹងព្យាយាមហែកយើងចេញ។ វាស្អប់នៅពេលណាដែលយើងដាក់យុថ្ការបស់យើងទៅក្នុងអត្តសញ្ញាណក្នុងព្រះគ្រីស្ទ ដោយសារតែទង្វើនេះ នឹងនាំឱ្យវាទៅជាគ្មានសិទ្ធិអំណាចក្នុងជីវិតរបស់យើង ហើយបង្កឱ្យមានផលដូចរលក ដែលនឹងបង្កើតឱ្យមានក្ដីសង្ឃឹមដល់មនុស្សដទៃផ្សេងទៀត។ យើងមិនត្រូវអនុញ្ញាតឱ្យមារសាតាំងរំឭកពីរឿងអតីតរបស់យើង ឬធ្វើឱ្យយើងយល់ស្រប ថាខ្លួនយើងពុំអាចផ្លាស់ប្រែនោះឡើយ។ ព្រះគម្ពីរចែងថានៅពេលណាដែលយើងទទួលស្គាល់ព្រះយេស៊ូវមកក្នុងដួងចិត្តរបស់យើង នោះយើងបានទទួលកំណើតមួយថ្មី។ ព្រះគុណរបស់ព្រះគ្របបាំងអំពើបាប ភាពអាម៉ាស់ និងរឿងអតីតរបស់យើង។ យើងត្រូវតែតោងសេចក្ដីពិតនេះឱ្យជាប់ ដោយជឿជាក់ប្រាកដថា យើងជាកម្មសិទ្ធិរបស់ព្រះអង្គ។
សេចក្ដីនេះបានរំឭកដល់ខ្ញុំពីដើមឈើមួយដើម នៅខាងក្រោយផ្ទះរបស់ខ្ញុំ។ នៅពេលដែលយើងបានដាក់ដាំវាជាលើកដំបូង ដើមឈើនោះត្រូវការបង្គោល និងឈើផ្អែក ដើម្បីជួយឱ្យវាឈរត្រង់ និងសម្រួលឱ្យវាមាំ។ រួចពេលវេលាចេះតែកន្លងទៅ ដើមនោះក៏បន្តលូតលាស់ធំជាងបង្គោល ដែលនាំឱ្យមានការពិបាកយកដែកចេញ។ ឥឡូវនេះ ដែកបានក្លាយទៅជាបំណែកនៃដើមឈើនោះ។ នៅក្នុងរបៀបដូចគ្នា សេចក្ដីពិតនៃព្រះពង្រឹងទាំងផ្ដល់កម្លាំងដល់យើង។ ប្រសិនបើយើងកាន់សេចក្ដីនេះឱ្យបានជាប់កាន់តែយូរ នោះជាចុងក្រោយ សេចក្ដីទាំងនេះ នឹងបានក្លាយជាផ្នែកមួយនៃអត្តសញ្ញាណ ដែលគ្មានអ្វីមួយអាចមកហែកសេចក្ដីទាំងនោះចេញពីយើងបានឡើយ។
ជំហានសកម្មភាព៖
ព្រះជាម្ចាស់បានចំណាយពេលក្នុងការបង្កើតរូបអ្នកដោយប្រុងប្រយ័ត្ននិងក្នុងភាពមួយយ៉ាងល្អិតល្អន់ ដើម្បីឱ្យអ្នកបានក្លាយទៅជាមនុស្ស ក្នុងនាមជារូបអ្នក (មិនមែនជានរណាផ្សេង)។ ព្រះអង្គទតមើលឃើញពីរូបពិតរបស់អ្នក ហើយព្រះអង្គស្រឡាញ់អ្នកដោយគ្មានលក្ខខណ្ឌ។ ចូរអនុញ្ញាតឱ្យសេចក្ដីពិតនេះជ្រាបចូលក្នុងដួងចិត្តរបស់អ្នក។ ចូរកុំរត់ពីសេចក្ដីពិតនេះ ឬលាក់ខ្លួន ឬព្យាយាមធ្វើជាមិនខ្វល់ខ្វាយពីសេចក្ដីពិតនេះឡើយ។ ចូរទូលសូមព្រះឱ្យជួយដល់អ្នក ដើម្បីឱ្យអ្នកជឿ និងយកសេចក្ដីពិតនេះធ្វើជាបំណែកដ៏រឹងមាំមួយក្នុងជីវិតរបស់អ្នក។ នៅពេលដែលអ្នកឱបក្រសោបអត្តសញ្ញាណក្នុងព្រះគ្រីស្ទយ៉ាងជាក់ពិតប្រាកដ នោះអ្នកនឹងស្វែងរកឃើញនូវសេរីភាពពីការកុហក ដែលបង្ខាំងអ្នក ហើយឱ្យអ្នកមានទំនុកចិត្ត ដើម្បីតទល់ប្រឈមរាល់វិបត្តិបញ្ហាដែលអ្នកនឹងជួបប្រទះវិញ។
ឱ ព្រះវរបិតាអើយ សូមអរគុណព្រះអង្គដែលបានដឹកនាំទូលបង្គំមកក្នុងគម្រោងអាននេះ និងដែលបានជួយដល់ទូលបង្គំឱ្យចាប់ផ្ដើមដំណើរមួយថ្មី ទៅកាន់ការដាក់អត្តសញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះអង្គ។ សូមជួយទូលបង្គំឱ្យសម្លឹងឃើញពីតែមនិងពាក្យសម្ដីដែលទូលបង្គំធ្លាប់យកមករស់នៅតាម។ សូមឱ្យទូលបង្គំបានមើលឃើញពីសេចក្ដីកុហកទាំងឡាយ ហើយជួយទូលបង្គំឱ្យយកសេចក្ដីពិតរបស់ព្រះអង្គយកមកដាក់ជំនួសវាវិញ។ សូមជួយដល់ទូលបង្គំឱ្យឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ហើយលែងអនុញ្ញាតយកភាសាអវិជ្ជមានទាំងឡាយមកកំណត់រូបរាងនិងការគិតពីខ្លួនរបស់ទូលបង្គំដែរ។ សូមប្រទានកែវភ្នែកឱ្យទូលបង្គំមើលឃើញពីខ្លួនឯង ដូចដែលព្រះអង្គទតសម្លឹងមើលឃើញពីទូលបង្គំ --ដែលជាមនុស្សគេចង់បាន គួរជាទីរាប់អាន គួរជាទីស្រឡាញ់ មានសមត្ថភាព មានអំណោយទានពិសេស និងបានបង្កើតមកយ៉ាងស្រស់សោភាវិញ។ ទូលបង្គំចង់បានការកំណត់បញ្ជាក់ពីព្រះអង្គតែមួយប៉ុណ្ណោះ... គ្មានអ្វីផ្សេងអាចមកបញ្ជាក់ពីទូលបង្គំបានឡើយ។ ទូលបង្គំថ្វាយសិទ្ធិអំណាចទៅដល់សេចក្ដីពិតរបស់ព្រះអង្គ ដើម្បីឱ្យត្រួសត្រាយលើជីវិតរបស់ទូលបង្គំ ហើយសូមព្រះអង្គបង្ហាញដល់ទូលបង្គំ ពីរបៀបដែលទូលបង្គំអាចប្រើរាល់អ្វីៗ ដែលព្រះអង្គបានប្រទានដល់ទូលបង្គំ ដើម្បីបានជាប្រយោជន៍ដល់ព្រះរាជ្យរបស់ព្រះអង្គ។ សូមអរគុណសម្រាប់ក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌរបស់ព្រះអង្គ ដែលព្រះអង្គពុំបានទុកឱ្យទូលបង្គំនៅជាប់គាំងក្នុងទីស្រពេចស្រពិល ប៉ុន្តែព្រះអង្គបាននាំទូលបង្គំឱ្យចូលមកកាន់តែជិតស្និទ្ធនឹងព្រះអង្គវិញ។ ទូលបង្គំស្រឡាញ់ព្រះអង្គ ហើយទូលបង្គំទុកចិត្តលើព្រះអង្គ។ ទូលបង្គំទូលសូមក្នុងព្រះនាមដ៏មានអំណាចចេស្ដារបស់ព្រះយេស៊ូវ។ អាមែន។
យើងខ្ញុំសូមអធិស្ឋាន ថាព្រះបានប្រើប្រាស់គម្រោងអាននេះ ដើម្បីជួយបម្រើដល់ដួងចិត្តរបស់អ្នក។
រុកស្វែងរកពីគម្រោងអានបន្ថែមក្រោមប្រធានបទ ជីវិតរស់នៅដែលផ្លាស់ប្រែ
ស្វែងយល់បន្ថែមពីព័ន្ធកិច្ចស្រ្តីផ្លាស់ប្រែ (Changed Women's Ministries)
អំពីគម្រោងអាននេះ
ដោយសារតែមានសំឡេងជាច្រើនប្រាប់ឱ្យយើង ធ្វើជាមនុស្សបែបនេះ មនុស្សបែបនោះ នោះវាមិនចម្លែកទេ ដែលយើងរងផលលំបាក ដោយមិនដឹងថាត្រូវដាក់អត្តសញ្ញាណរបស់ខ្លួននៅទីណាឱ្យពិតប្រាកដ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យឱ្យយើងកំណត់តម្លៃខ្លួន ដោយផ្អែកទៅលើមុខរបរការងារ ស្ថានភាពជីវិតគ្រួសារ ឬកំហុសរបស់យើងឡើយ។ ព្រះអង្គសព្វព្រះទ័យឱ្យគំនិតយោបល់ទ្រង់ចំពោះយើង បានក្លាយជាសិទ្ធិអំណាចធំជាងគេបង្អស់នៅក្នុងជីវិតរបស់យើងវិញ។ គម្រោងអានរយៈពេល ៦ ថ្ងៃនេះ នឹងជួយដល់អ្នកឱ្យស្វែងយល់យ៉ាងជាក់ក្នុងក្រអៅចិត្ត ទៅលើអ្វីដែលព្រះគម្ពីរមានបន្ទូល ថាអ្នកជានរណា ហើយនិងអាចឱ្យអ្នកឱបក្រសោបនូវអត្តសញ្ញាណពិតរបស់អ្នកនៅក្នុងអង្គព្រះគ្រីស្ទ។
More